សាលាក្រុងភ្នំពេញនឹងពង្រាយកម្លាំងចម្រុះជាង១ម៉ឺននាក់នៅថ្ងៃបុណ្យព្រះបរមសព
2013.01.04
នៅក្នុងឱកាសនោះដែរ ស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ គ្រោងដាក់ពង្រាយកម្លាំងនគរបាលចម្រុះចំនួនជាង ១ម៉ឺននាក់ ដើម្បីការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈនៅទីក្រុងភ្នំពេញ នៅគ្រាដែលពិធីសំខាន់នោះនឹងប្រព្រឹត្តទៅរយៈពេល ១សប្ដាហ៍។
អភិបាលក្រុងភ្នំពេញ លោក កែប ជុតិមា និងជាអនុប្រធាននៃក្រុមការងារគ្រប់គ្រងព័ត៌មាន និងផ្សព្វផ្សាយពីព្រះរាជពិធីបុណ្យព្រះបរមសព បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា ផ្លូវថ្នល់មួយចំនួននៅទីក្រុងភ្នំពេញ និងទូរទស្សន៍ទាំងអស់ នឹងផ្សាយបន្តផ្ទាល់អំពីពិធីនេះ។
លោក កែប ជុតិមា៖ «ក្បួនហែទាំងមន្ត្រីរាជការ ទាំងសមាសភាពស្រទាប់ប្រជាជនទាំងអស់ វាចូលដល់ថ្នាក់ម៉ឺនហើយ អីចឹងប្រជាពលរដ្ឋចូលរួមនេះ និងមានលក្ខណៈច្រើន។ ជាទូទៅ យើងមានផែនការបង្វែងចរាចរណ៍សម្រាប់រថយន្ត ហើយផ្លូវហែនោះដូចបានដឹងហើយថា គឺយើងត្រូវបិទទាំងស្រុងហើយ គឺផ្លូវសុធារស ផ្លូវនរោត្តម ហើយនិងជុំវិញវិមានឯករាជ្យ ផ្លូវសុរាមរិត យើងត្រូវបិទទាំងស្រុង។ ប៉ុន្តែបញ្ហាសំខាន់ គឺថ្ងៃហែជាថ្ងៃធំ គឺថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ ដែលយើងត្រូវធ្វើការបិទបង្វែងរថយន្តផ្សេងៗចូលក្រុង។ ហើយបន្ទាប់មកទៀត នៅថ្ងៃទី២ ទី៣ និងទី៤ ជាថ្ងៃតម្កល់ព្រះបរមសព យើងគិតថា យើងនឹងរៀបចំផែនការនេះឲ្យបានស្រួលបួលនៅតំបន់ សំខាន់នៅតំបន់ព្រះបរមរាជវាំង និងតំបន់ព្រះមេរុ»។
នៅមុនការឈានដល់ថ្ងៃប្រារព្ធបុណ្យព្រះបរមសព និងពិធីថ្វាយព្រះភ្លើងនោះ រដ្ឋមន្ត្រីនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន និងជាឧបនាយករដ្ឋមន្ត្រី បានចុះហត្ថលេខាលើប្រកាសសេចក្តីសម្រេចមួយចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅនេះ បង្កើតក្រុមការងារមួយដើម្បីគ្រប់គ្រងព័ត៌មាន និងផ្សព្វផ្សាយព្រះបរមសពនៃព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ដែលមានលោក ស្វាយ ស៊ីថា ជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិកចំនួនសរុបជិត ២០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។