កវីនិពន្ធមកពី៦ប្រទេសទទួលជយលាភីស្នាដៃអក្សរសិល្ប៍លើកទី៥នៅកម្ពុជា
2014.03.31

ប្រទេសកម្ពុជា កំពុងប្រើវិធីបញ្ជ្រាបវប្បធម៌និងប្រពៃណីខ្មែរដើម្បីផ្សព្វផ្សាយទៅកាន់បណ្ដាប្រទេសតំបន់ទន្លេមេគង្គជាច្រើនតាមរយៈអក្សរសិល្ប៍ ដែលផុសចេញពីស្នាដៃអ្នកនិពន្ធ។
ក្នុងគោលបំណងនេះ ប្រទេសកម្ពុជា បានប្រឹងប្រែងធ្វើឱ្យអ្នកនិពន្ធនៃបណ្ដាប្រទេសតាមដងទន្លេមេគង្គ បានក្លាយទៅជាសមាគមអ្នកនិពន្ធរួមគ្នាតែមួយ និងមានគម្រោងផ្ដួចផ្ដើមឈានទៅរកការបង្កើតសមាគមអ្នកនិពន្ធនៃប្រទេសសមាជិកអាស៊ាន ឱ្យបាននៅពេលខាងមុខ។
ប្រទេសកម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទពានរង្វាន់អក្សរសិល្ប៍លើកទី៥ របស់បណ្ដាប្រទេសចំនួន ៦ ដែលរស់នៅតាមដងទន្លេមេគង្គ ដោយកំពុងជួបពិភាក្សារយៈពេល ៣ថ្ងៃ នៅក្នុងខេត្តសៀមរាប។
នៅព្រឹកថ្ងៃច័ន្ទ ទី៣១ ខែមីនា សមាគមអ្នកនិពន្ធមកពីប្រទេសតាមដងទន្លេមេគង្គ មានកម្ពុជា ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា ឬ ភូមា និងប្រទេសចិន បានដឹកនាំក្រុមអ្នកកវី និងអ្នកនិពន្ធ មកពីប្រទេសរៀងៗខ្លួនជាច្រើនរូប ដើម្បីទទួលយកជយលាភីពីស្នាដៃអក្សរសិល្ប៍លើកទី៥។
ប្រធានសមាគមអ្នកនិពន្ធខ្មែរ ដែលជាអ្នកដឹកនាំសន្និសីទ គឺលោកឧកញ៉ា ស៊ឹម វណ្ណា។ លោកបានមានប្រសាសន៍ថា បណ្ដាប្រទេសទាំង ៦ ដែលនៅតាមដងទន្លេមេគង្គ គឺរស់រានមានជីវិតបានដោយសារតែទឹកទន្លេមេគង្គតែមួយ។ វាប្រៀបដូចជាកូនចំនួន ៦នាក់ ដែលរស់រាននិងធំធាត់ពីម្តាយតែមួយដែរ ដូច្នេះសន្និសីទពានរង្វាន់អក្សរសិល្ប៍ ដែលធ្វើរួមគ្នារវាងបណ្ដាប្រទេសទាំង ៦ ពេលនេះ គោលបំណងគឺចង់ឱ្យអ្នកនិពន្ធមកពីប្រទេសទាំង ៦ បានស្គាល់គ្នា និងរឹតចំណងមិត្តភាព ព្រមទាំងចែករំលែកស្នាដៃនិពន្ធរបស់បណ្ដាប្រទេសរៀងខ្លួនដែរ។
លោកឧកញ៉ា ស៊ឹម វណ្ណា បានបញ្ជាក់ថា ជាច្រើនឆ្នាំកន្លងមកនេះ កម្ពុជាបានប្រឹងប្រែងតាម រយៈស្នាដៃនិពន្ធអក្សរសិល្ប៍ ដើម្បីបញ្ជ្រាបវប្បធម៌ និងប្រពៃណីខ្មែរទៅក្នុងបណ្ដាប្រទេសតាមដងទន្លេមេគង្គ៖ «ប្រទេសកម្ពុជា យើងបានបញ្ជូនជាសៀវភៅ រៀបរាប់អំពីវប្បធម៌ ប្រពៃណីរបស់យើង បើប្រទេសណាមួយក្នុងចំណោមប្រទេសទន្លេមេគង្គទទួលរៀបចំបោះពុម្ពជាសៀវភៅ គឺត្រូវធ្វើឡើងតែមួយភាសាដែរ។ ពេលដែលសៀវភៅហ្នឹងកើតឡើង ប្រជាជនអាចយល់ដឹងអំពីអ្វីដែលជាប្រពៃណីវប្បធម៌ អក្សរសិល្ប៍របស់ប្រទេសកម្ពុជា ហើយក៏អាចយល់ដឹងអំពីអ្វីដែលជាអក្សរសិល្ប៍ របស់ប្រទេសដទៃទៀត ដែលបានចូលរួមនៅក្នុងប្រទេសទន្លេមេគង្គនេះ»។
រដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ថា សង្គមដែលរីកចំរើនទៅបាន មិនមែនតែអាស្រ័យលើសេដ្ឋកិច្ចខ្លាំង ព្រមទាំងបច្ចេកវិទ្យាជឿនលឿនប៉ុណ្ណោះទេ គឺត្រូវពឹងផ្អែកទៅលើអក្សរសាស្ត្រ វប្បធម៌ ប្រពៃណី អក្សរសិល្ប៍ ដែលចេញពីស្នាដៃអ្នកនិពន្ធផងដែរ។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អ្នកស្រី ម៉ែន សំអន ថ្លែងថា ការតែងនិពន្ធនឹងមិនរីកចម្រើនទេ បើសិនជាមិនមានការគាំទ្រពីមហាជន ឬក៏គ្មានការលើកស្ទួយពីប្រជាពលរដ្ឋខ្លួនឯង។ អ្នកស្រី មែន សំអន បានជំរុញឱ្យក្រុមអ្នកនិពន្ធប្រើប្រាស់សិល្បវិធីតែងនិពន្ធយ៉ាងណា ដោយបណ្ដុះស្មារតីឱ្យប្រជាពលរដ្ឋចេះស្រឡាញ់អក្សរសាស្រ្ត វប្បធម៌ និងសិល្បៈ ហើយអ្នកនិពន្ធខ្លួនឯង ក៏ត្រូវខិតខំកសាងស្នាដៃថ្មីៗ ប្រកបដោយគុណភាពខ្ពស់ដែរ។
អ្នកស្រី ម៉ែន សំអន៖ «ខ្ញុំសូមយកឱកាសនេះអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមចូលរួមឱ្យបានសកម្ម ក្នុងការអនុវត្តច្បាប់ស្ដីពីការការពារសិទ្ធិអ្នកនិពន្ធ ដើម្បីធានាឱ្យបាននូវការការពារកម្មសិទ្ធិបញ្ញា ដែលជាកត្តាលើកទឹកចិត្តលើការងារសរសេររបស់អ្នកនិពន្ធ ដែលធ្វើឱ្យអក្សរសិល្ប៍មានលក្ខណៈកាន់តែសំបូរបែប»។
ជាច្រើនឆ្នាំមកនេះ សមាគមអ្នកនិពន្ធខ្មែរបានខិតខំប្រមូលផ្ដុំសមាគមអ្នកនិពន្ធនៅក្នុងប្រទេសចំនួន ៦ តាមដងទន្លេមេគង្គ ឱ្យក្លាយទៅជាសមាគមអ្នកនិពន្ធនៃបណ្ដាប្រទេសទន្លេមេគង្គ ហើយនៅពេលខាងមុខ សមាគមអ្នកនិពន្ធខ្មែរនិងកៀរគរក្រុមអ្នកនិពន្ធនៃប្រទេសសមាជិកអាស៊ាន ដើម្បីឈានទៅរកការបង្កើតសមាគមអ្នកនិពន្ធអាស៊ានឱ្យបាន៕