ក្រុម​អ្នក​ឃ្លាំ​មើល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាប់​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​បណ្ឌិត កែម ឡី

ដោយ ម៉ម មុនីរតន៍
2017.05.10
ដង្ហែ​សព កែម ឡី ទៅ​តាកែវ ២០១៦ ៨៥៥ ពិធី​ដង្ហែ​សព​បណ្ឌិត កែម ឡី ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​នា​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Rann Samnang
RFA/Rann Samnang

គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​ឧសភា នេះ គឺ​ជា​ខួប ១០​ខែ​គត់​នៃ​ឃាតកម្ម​លើ​អ្នក​វិភាគ​សង្គម និង​នយោបាយ​ដ៏​មាន​ប្រជាប្រិយ គឺ​លោក​បណ្ឌិត កែម ឡី។ ក្នុង​សំណុំ​រឿង​នៃ​បទឧក្រិដ្ឋ​នេះ គឺ​មាន​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ក្រោយ​ពេល​សាលក្រម​ត្រូវ​គេ​ប្រកាស​ជា​សាធារណៈ​ភ្លាម មាន​អង្គការ និង​សមាគម​ប្រមាណ ៦០​ស្ថាប័ន បាន​ទាមទារ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ បើក​ការ​ស៊ើប​អង្កេត និង​ជំនុំ​ជម្រះ​ឡើង​វិញ​ដែរ។

ថ្វី​បើ​សាលក្រម​បាន​ចូល​ជា​ស្ថាពរ និង​បើក​ផ្លូវ​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​សេចក្ដី​សម្រេច​នេះ​ក៏ដោយ​ចុះ សំណុំ​រឿង​នេះ ទាំង​ក្រុម​គ្រួសារ និង​អ្នក​ឃ្លាំ​មើល​សង្គម យល់​ឃើញ​ថា ពន្លឺ​នៃ​យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី អស់​ពេល ១០​ខែ​មក​ហើយ​នេះ គឺ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ។

សមាជិក​គណៈកម្មការ​រៀបចំ​ចេតិយ​សម្រាប់​តម្កល់​សព​លោក​បណ្ឌិត កែម ឡី គឺ​លោក សៅ កុសល ឲ្យ​ដឹង​ថា ការ​ផ្ដន្ទាទោស​ត្រឹម​ទណ្ឌិត អឿត អាង ហៅ ជួប សម្លាប់ នេះ គឺ​មិន​ទាន់​អាច​ផ្ដល់​យុត្តិធម៌​ពេញលេញ និង​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​សម្រាប់​ក្រុម​គ្រួសារ​ជន​រងគ្រោះ។ លោក​បន្ត​ថា រឿង​ក្ដី​នេះ លោក​ជឿ​ថា​នៅ​មាន​អ្នក​ពាក់ព័ន្ធ និង​អ្នក​ប្រព្រឹត្តិ​ផ្ទាល់ ដែល​តុលាការ​មិន​ទាន់​អាច​បើក​ផ្លូវ​កាត់​ទោស​បាន​នៅ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ ករណី​លោក​បណ្ឌិត កែម ឡី នេះ ទំនង​មិន​ខុស​ពី​ឃាតកម្ម​លើ​សកម្មជន​មុនៗ​ដទៃ​ទៀត​ប៉ុន្មាន​នោះ​ឡើយ។ លោក​បន្ត​ថា «នេះ​យើង​មាន​ឧទាហរណ៍​ជាក់ស្ដែង​មួយ​ចំនួន​រួច​ហើយ ដូចជា​ករណី​លោក ជា វិជ្ជា ប្រធាន​សហជីព​កម្មករ កន្លង​មក​ឃើញ​ថា​យក​អ្នក​នេះ​យក​អ្នក​នោះ​ធ្វើ​ឃាតក​ដាក់​គុក ប៉ុន្តែ​ធាតុ​ពិត វា​មិន​មែន​ជា​ឃាតក​ពិត​ប្រាកដ»

នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ដែល​ជា​ខួប ១០​ខែ​នៃ​ឃាតកម្ម​នេះ គឺ​ពុំ​មាន​ឃើញ​ក្រុម​អង្គការ សមាគម ឬ​ក្រុម​គ្រួសារ ប្រារព្ធ​ពិធី​រំឭក​ខួប​នៃ​ការ​បាញ់​សម្លាប់​នៅ​តាម​ទីតាំង​សំខាន់ៗ ដូចជា​ទីតាំង​ដែល​ឃាតក​បាញ់​ប្រហារ កន្លែង​តម្កល់​សព និង​ទីតាំង​បញ្ចុះ​សព​នៅ​ស្រុក​កំណើត​របស់​លោក​បណ្ឌិត កែម ឡី ទេ។

បច្ចុប្បន្ន រឿង​ក្ដី​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​នៃ​ចៅក្រម​ស៊ើបសួរ គឺ​លោក សេង លាង នៅ​ឡើយ ក្រោយ​ពី​រឿង​ក្តី​នេះ ត្រូវ​បាន​តុលាការ​បំបែក​ជា​ពីរ ក្រោយ​ប្រកាស​សាលក្រម​រួច​កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា។

មន្ត្រី​នាំ​ពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ លោក លី សុផាណា ធ្លាប់​អះអាង​ថា តុលាការ​កំពុង​បន្ត​សាកសួរ​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ដែល​តុលាការ​បាន​បំបែក​សំណុំ​រឿង​នេះ​ហើយ។ ប៉ុន្តែ​តុលាការ​ស្នើសុំ​រក្សា​ការ​សម្ងាត់ ព្រោះ​នាំ​ឲ្យ​ប៉ះពាល់​ចំពោះ​ការ​ស៊ើប​អង្កេត​របស់​តុលាការ។

បើ​ទោះ​ជា​រឿង​នេះ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់ និង​ដាក់​រឿង​ក្តី​នេះ​ឲ្យ​ស្ថិត​ក្រោម​យុត្តាធិការ​របស់​តុលាការ​ក៏ដោយ​ចុះ ស្រប​ពេល​ខួប ១០​ខែ​គត់​នៅ​ថ្ងៃ​នេះ​នៃ​ឃាតកម្ម​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ លោកស្រី ប៊ូ រចនា បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (facebook) របស់​លោកស្រី ក្រៅ​ពី​រៀបរាប់​ទុក្ខ​សោក និង​ការ​ឈឺ​ចាប់​ហើយ បន្ថែម​ពី​លើ​នេះ លោកស្រី​បាន​ចោទ​ជា​សំណួរ​ថា តើ​លោក​បណ្ឌិត កែម ឡី បាន​ធ្វើ​អ្វី​ខុស​លើ​គ្រួសារ​ឃាតក?

ដោយឡែក​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​វិញ ក៏​នៅ​មិន​ទាន់​ស្ងប់​ចិត្ត​នៅ​ពេល​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ទណ្ឌិត អឿត អាង នេះ​នៅ​ឡើយ​ដែរ ហើយ​ក្រុម​ស្ថាប័ន​មិន​មែន​រដ្ឋាភិបាល​ទាំងនេះ បាន​ទាមទារ​ឲ្យ​តុលាការ​សើរើ​រឿង​ក្តី​នេះ​ឡើង​វិញ។

យ៉ាង​នេះ​ក្ដី អ្នក​នាំ​ពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ លោក លី សុផាណា អះអាង​កាល​ពី​ថ្ងៃ​ទី​៤ ឧសភា ថា សំណុំ​រឿង​នៃ​បទឧក្រិដ្ឋ​នេះ តុលាការ​បាន​បំបែក និង​បន្ត​ស៊ើប​អង្កេត​ទៀត ហើយ​មិន​ទាន់​បិទ​បញ្ចប់​នៅ​ឡើយ​ទេ។ នៅ​ពេល​សាលក្រម​ផ្ដន្ទាទោស ជួប សម្លាប់ ចូល​ជា​ស្ថាពរ​កាល​ពី​ថ្ងៃ​ទី​២០ មេសា មេធាវី​ការពារ​ក្ដី​ឲ្យ​ទណ្ឌិត​រូប​នេះ គឺ​លោក យុង ផានិត បាន​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​សេចក្ដី​របស់​តុលាការ​ក្រុង​ភ្នំពេញ។ ប៉ុន្តែ​មេធាវី​រូប​នេះ នៅ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ​ថា តើ​លោក​នៅ​អាច​មាន​សិទ្ធិ​ការពារ​ក្តី​ឲ្យ ជួប សម្លាប់ ក្នុង​ដំណាក់​ឧទ្ធរណ៍​ទៀត​ដែរ​ឬ​យ៉ាង​ណា​នោះ​ឡើយ ព្រោះ​ការ​តែងតាំង​ជា​មេធាវី​ដោយ​គណៈមេធាវី បាន​បញ្ចប់​អាណត្តិ​ត្រឹម​សវនាការ​លើ​អង្គ​សេចក្ដី​រួច​ទៅ​ហើយ។ លោក​បន្ត​ថា «ខ្ញុំ​ការពារ​គាត់​តាម​នីតិវិធី​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ហើយ​នីតិវិធី​ហ្នឹង​ចប់​តួនាទី ឬ​ចប់​បេសកកម្ម​របស់​ខ្ញុំ​ត្រឹម​ដាក់​បណ្ដឹង​ឧទ្ធរណ៍។ នៅ​ពេល​ដែល​ដំណើរការ​នីតិវិធី​បន្ត​សាលា​ឧទ្ធរណ៍ ជន​ត្រូវ​ចោទ ឬ​សាលា​ឧទ្ធរណ៍ ត្រូវ​សុំ​មេធាវី​ទៅ​គណៈមេធាវី​ម្ដង​ទៀត។ ហើយ​គណៈមេធាវី​ដែល​មាន​ប្រធាន​គណៈមេធាវី គាត់​ត្រូវ​ជ្រើសរើស​មេធាវី​ម្នាក់​ដើម្បី​ការពារ»

អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ​ពី​គណៈមេធាវី​បាន​ភ្លាមៗ​ទេ នៅ​ថ្ងៃ​ទី​១០ ឧសភា។

ពេល​នេះ ទិដ្ឋភាព​នៅ​ទីតាំង​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី ត្រង់​ហាង​ស្តារ​ម៉ាត (Star Mart) ស្តុប​បូកគោ​កាល់តិច (Caltex) គឺ​មាន​សភាព​ធម្មតា។ សង្កេត​ឃើញ​ថា មាន​ពលរដ្ឋ​ចេញ​ចូល​ទិញ​ទំនិញ និង​សម្ភារ​ប្រើប្រាស់​ជា​ហូរហែ​ដូច​មុន​ថ្ងៃ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដែរ។ ដោយឡែក​ចេតិយ​សម្រាប់​តម្កល់​សព​លោក​បណ្ឌិត កែម ឡី ដែល​គ្រោង​នឹង​បុក​គ្រឹះ​សាងសង់​នៅ​ដើម​ខែ​ឧសភា នេះ ត្រូវ​ពន្យារ​ពេល​ទៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា វិញ។

ទាក់ទិន​រឿង​នេះ លោក សៅ កុសល បញ្ជាក់​ថា មូលហេតុ​ដែល​ចេតិយ​មិន​ទាន់​ធ្វើ​តាម​ផែនការ​នេះ ដោយសារ​ថ្ងៃ​ទី​១ ខែ​ឧសភា ជា​ថ្ងៃ​មិន​ល្អ ហើយ​ម្យ៉ាង​ទៀត ការ​ជ្រើសរើស​យក​ថ្ងៃ​ទី​១០ ខែ​កក្កដា គឺ​ចង់​ធ្វើ​ឲ្យ​ចំ​ថ្ងៃ​ដែល​ឃាតក​បាញ់​សម្លាប់​អ្នក​វិភាគ​សង្គម និង​នយោបាយ​ដ៏​មាន​ប្រជាប្រិយ​នេះ​តែ​ម្ដង។ អំពើ​ឃាតកម្ម​នៅ​ចំ​កណ្ដាល​ទីក្រុង​ភ្នំពេញ​ទាំង​ព្រឹក​ព្រលឹម​នេះ បាន​ជំរុញ​ឲ្យ​កូនៗ និង​ប្រពន្ធ​លោក​បណ្ឌិត កែម ឡី ត្រូវ​ភៀស​ខ្លួន​សុំ​សិទ្ធិ​ជ្រកកោន​ទៅ​ប្រទេស​ទី​បី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។