កម្មករ​ជាង​ ១០០​នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ស្វាយ​រៀង ធ្វើ​កូដ​កម្ម​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​ទទួល​តំណាង​ពួកគេ​ ៣​នាក់​ចូល​ធ្វើ​ការ​វិញ​

ដោយ ថន ថារ៉ូ
2019-01-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​ជាង​ ១០០​នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ស្វាយ​ររៀង ធ្វើ​កូដ​កម្ម​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​ទទួល​តំណាង​ពួកគេ​ ៣​នាក់​ចូល​ធ្វើ​ការ​វិញ។
កម្មករ​ជាង​ ១០០​នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ស្វាយ​ររៀង ធ្វើ​កូដ​កម្ម​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​ទទួល​តំណាង​ពួកគេ​ ៣​នាក់​ចូល​ធ្វើ​ការ​វិញ។
រូបថត៖ សហជីព

កម្មករ​ក្រុមហ៊ុន​ផលិត​អំពូល​ភ្លើង បៃ​ហុង ខេមបូ (Bai Hong Cambo) ជាង​១០០​នាក់់​ធ្វើ​កូដ​កម្ម​ នៅ​ពី​មុខ​ក្រុមហ៊ុន ទាមទារ​ឲ្យ​ថៅកែ​ជន​ជាតិ​ចិន​តៃវ៉ាន់ ទទួល​យក​តំណាង​របស់​ពួកគេ​ឲ្យ​វិល​ចូល​ធ្វើ​ការ​វិញ​។ ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា យល់ថា​ ការ​បញ្ឈប់​តំណាង​កម្មករ​ពី​សំណាក់​ថៅកែ​ចិន ​ដោយ​គ្មាន​មូល​ហេតុ​នេះ​ ជា​ការ​រំលោភ​ច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា​។

តំណាង​កម្មករ​ម្នាក់​ក្នុងចំណោម​៣នាក់ ដែល​ត្រូវ​បាន​ភាគី​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ លោក ផុន មេសា​ ប្រាប់​អាស៊ី​សេរី​ថា ថៅកែ​ក្រុមហ៊ុន​បាន​បាន​ហៅ​ពួកគេ​ទៅ​ជួប​ ហើយ​សម្រេច​មិន​ផ្ដល់​កុងត្រា​ការងារ​ថ្មី​បន្ត​ទៀត ដោយ​គ្មាន​ប្រាប់​ពី​មូល​ហេតុ​ច្បាស់​លាស់​ណា​មួយ​ឡើយ។

តំណាង​កម្មករ​រូប​នេះ​រៀប​រាប់​ កាល​ពី​ពេល​កន្លង​មក​ ពួកគាត់​ដែល​ជា​តំណាង​កម្មករ តែង​ចេញ​មុខ​ការពារ​សិទ្ធិ​ និង​ទាមទារ​អត្ថប្រយោជន៍​ការងារ​ឲ្យ​កម្មករ​ជា​និច្ច​។ លោក ផុន មេសា លើកឡើង​ថា ថៅកែ​ក្រុមហ៊ុន​ ដែល​ជា​ជន​ជាតិ​ចិន​តៃវ៉ាន់​ តែ​ដាក់​កម្រិត​ការងារ​ឲ្យ​កម្មករ​ធ្វើ​ កាន់​តែ​ច្រើន​ឡើង​ៗ ដោយ​គ្មាន​គោរព​សិទ្ធិ​កម្មករ​នោះ​ទេ​ ហើយ​កម្មករ​មួយ​ចំនួន​ត្រូវ​បាន​ថៅកែ បញ្ឈប់​ពី​ការ​ងារ​ដោយ​ធ្វើ​មិន​បាន​តាម​ការ​កំណត់​របស់​ក្រុម​ហ៊ុន«បើ​តាម​ប្អូន​យល់​ឃើញ គឺ​គេ​មិន​ចង់​ឲ្យ​មាន​សហជីព​កើត​មាន​នៅ​ក្នុង​រោងចក្រ​ហ្នឹង​ទេ​។ ប្អូន​នៅ​មាន​បំណង​នៅ​ចង់​ធ្វើ​ការ នៅ​ហ្នឹង​ទៀ​ត​បង ពីព្រោះ​អី​ដើម្បី​កែ​ប្រែ​លក្ខខណ្ឌ​ ដែល​ក្រុមហ៊ុន​ដាក់​មក​មិន​សមស្រប​ ដូច​ជា​គេ​រំលោភ​សិទ្ធិ​កម្មករ បង្ខិត​បង្ខំ​ឲ្យ​ថែម​ម៉ោង​តទៅ​មុខ​ទៀត​។ អញ្ចឹង​បើ​មាន​ករណី​ហ្នឹង​ទៀត មានការ​កេង​ប្រវ័ញ្ច គិត​លុយ​ខុស​អី​ចឹង ប្អូន​នឹង​មាន​វិធានការ​តវ៉ា​បន្ត​ទៀត​។ »

អនុប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ លោក ហាស់ សំអាង ប្រាប់​ថា ប្រធាន​ក្រុមហ៊ុន​ បៃហុង ខេមបូ នឹង​បញ្ឈប់​កម្មករ​ ដែល​ចេញ​មក​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​តំណាង​ពួកគេ​ចូល​ធ្វើ​ការ​វិញ​។ លោក​ ហាស់​ សំអាង ថា ការ​ធ្វើ​កូដកម្ម​របស់​កម្មករ គឺ​គ្រាន់​តែ​ទាមទារ​ឲ្យ​ថៅកែ​ យក​តំណាង​ពួកគេ​ទៅ​ធ្វើ​ដូច​ដើម​វិញ​តែប៉ុណ្ណោះ៖ «ពី​មុន​ពេល​ចេញ​ម៉ោង​៤កន្លះ​ហ្នឹង​ គេ​ថា​អ្នក​ដែល​ចេញ​ម៉ោង​៤កន្លះ​ថ្ងៃ​ហ្នឹង​ គេ​បញ្ឈប់​ចោល​ទាំង​អស់​ នៅ​ថ្ងៃ​ទី​អង្គារ​។ មូលហេតុ​ដែល​ពួកខ្ញុំ​តវ៉ា​ហ្នឹង គឺ​ចង់​ឲ្យ​តំណាង​ដែល​ឡើង​ទៅ​តវ៉ា​នៅ​ខាង​លើ​ហ្នឹង​ ចង់​ឲ្យ​គាត់​មក​វិញ ធ្វើ​ការ​តាម​ធម្មតា»

កាល​ពី​ថ្ងៃ​ពី​អង្គារ​ទី​៨ មករា​ សហជីព​ចលនា​ចលនា​កម្មករ​ពី​ររូប ​ដែល​ជា​តំណាង​កម្មករ​នៅ​ក្នុង​រោង​ចក្រ​បៃហុង ខេមបូ (Bai Hong Cambo) ត្រូវ​បាន​នាយក​ក្រុមហ៊ុន​ផលិត​អំពូល​ភ្លើង បៃ​ហុង បញ្ឈប់តំណាង​កម្មករ​៣នាក់ ​ពី​ការងារ​ដោយ​មិនបញ្ជាក់​ពី​មូល​ហេតុ​​​ពិត​ប្រាកដ។ ក្រុមហ៊ុន​នេះ ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហ្គីហ្គា ក្នុង​ភូមិ​ដើម​ពោធិ៍ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្ត​ស្វាយ​រៀង

ទាក់​ទង​នឹង​រឿង​នេះ អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​ប្រធាន​ផ្នែក​រដ្ឋបាល​នៃ​ក្រុម​ហ៊ុន​នេះ លោក អ៊ិន សុភណ្ឌ បាន​នៅ​ឡើយ​ទេ​។ ចំណែក អ្នកនាំពាក្យ​ ក្រសួង​ការងារ លោក ហេង សួរ​ អាស៊ី​សេរី​មិន​អាច​ទាក់​ទង​បាន​ទេ ប៉ុន្តែ​អនុ​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ស្វាយរៀង លោក អ៊ូ​ សុឃឿន ​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ថា មន្ទីរ​ការងារ​ខេត្ត​បាន​បញ្ជូន​មន្រ្តី​ជំនាញ​ទៅ​សម្រប​សម្រួល​ដោះស្រាយ​បញ្ហា​នេះ​ហើយ ប៉ុន្តែ​មិន​ទាន់​ដឹង​ពី​លទ្ធផល​នៅ​ឡើយ​ទេ។

ចំពោះ​រឿង​ដែល​ក្រុម​ហ៊ុន​បញ្ឈប់​តំណាង​កម្មករ​នេះ ​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា សរសេរ​ក្នុង​គណនេយ្យ​ហ្វេសប៊ុក​របស់​លោក​ថា ស្ថានភាព បញ្ឈប់​មេដឹកនាំ​ និង​សកម្មជន​សហជីព​នៅ​ថ្នាក់​មូលដ្ឋាន ពី​សំណាក់​ភាគី​ក្រុមហ៊ុន កំពុង​កើត​ឡើង​ជា​បន្ត​បន្ទាប់ ​ទោះបីជា​ សិទ្ធិ​បង្កើត​សហជីព និង​ការ​ការពារ​សេរីភាព​សហជីព​ ត្រូវ​បាន​ធានា​ដោយ​ច្បាប់​ក៏​ដោយ ប៉ុន្តែ​ភាគី​ថៅកែ​រោងចក្រ ហាក់​មិន​ខ្វាយខ្វល់ ចំពោះ​ការ​អនុវត្ត​ច្បាប់​នោះ​ឡើយ​ ។ លោក​បន្ត​ថា បើ​សិន​មន្ត្រី​អនុវត្ត​ច្បាប់​គ្មាន​សមត្ថភាព បង្ខំ​ឬ​ដាក់​សំពាធ អោយ​ថៅកែ គោរព​ច្បាប់​ហើយ ​នោះ​មាន​ន័យ​ថា កម្មករ​កាន់​តែ​រង​ការ​រំលោភ​បំពាន​សិទ្ធិ​ធ្ងន់ធ្ងរ។

ក្រុម​កម្មករ​បញ្ជាក់​ជំហរ​ថា បើសិនជា​ថៅកែ​ក្រុម​ហ៊ុន មិន​ព្រម​ទទួល​តំណាង​ពួកគេ​ឲ្យ​ចូល​ធ្វើការ​ដូច​ដើម​វិញ​ទេ នោះ​ពួកគេ​នឹង​បន្ត​ធ្វើ​កូដកម្ម​មុខ​ក្រុមហ៊ុន លុះត្រាតែ​ភាគី​ក្រុមហ៊ុន​ទទួល​តំណាង​ពួក​គេ​វិញ​។ ក្រុម​កម្មករ​គ្រោង​នឹង​នាំគ្នា​ដើរ​ទៅ​សាលា​ខេត្ត​ស្វាយ​រៀង​ ដើម្បី​ស្នើ​សុំ​អភិបាល​ខេត្ត ​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​ក្នុង​រឿង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល