ក្រុម​កម្មករ​សហជីព​ទាមទារ​ឲ្យ​លុប​ច្បាប់​គ្រប់គ្រង​អង្គការ​សមាគម​និង​សហជីព

ដោយ សិរី មុនី
2015-05-01
Share

នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ដែល​ជា​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១២៩ កម្មករ​សហជីព​រាប់​ពាន់​នាក់​មក​ពី​សហព័ន្ធ​សជីព សម្ព័ន្ធ​សហជីព និង​សមាគម​ចំនួន ៣​ក្រុម​ធំៗ ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ដាច់​ដោយ​ឡែក​ពី​គ្នា។

ក្រុម​សហជីព​មួយ​ចំនួន បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខ្លះ​ទៀត ​ដាក់​ញត្តិ​ទៅ​រដ្ឋសភា ទៅ​គណបក្ស​នយោបាយ និង​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន។ ពួក​គេ​ស្នើ​ដល់​រដ្ឋាភិបាល លុប​ច្បាប់​គ្រប់គ្រង​អង្គការ​សមាគម និង​សហជីព រួម​ទាំង​សុំ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ ១៧៧​ដុល្លារ និង​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត។

នៅ​ខាង​មុខ​ក្រសួង​ការងារ កម្មករ​រាប់​ពាន់​នាក់​បាន​នាំ​គ្នា​ស្រែក​ទាមទារ​លក្ខខណ្ឌ​ការងារ។ កម្មករ​ទាំងអស់​នោះ​ខ្លះ​ដើរ ខ្លះ​អង្គុយ ខ្លះ​ជិះ​លើ​រ៉ឺម៉ក​កង់​បី ហើយ​ថែម​ទាំង​មាន​បដា​ក្នុង​ដៃ ដែល​សរសេរ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សមាគម។ កម្មករ​ទាំង​នោះ ស្រែក​សុំ​ដំឡើង​ប្រាក់​ខែ​គោល ១៧៧​ដុល្លារ បង្កើន​ការងារ​សម្រាប់​យុវជន បង្កើន​ការ​ការពារ​សុវត្ថិភាព​ដល់​ពលករ​ចំណាក​ស្រុក និង​ត្រូវ​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​កសិកម្ម​ដល់​កសិករ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ មាន​ប្រសាសន៍​ថា ការ​ដាក់​ញត្តិ​នេះ គឺ​ជំរុញ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន និង​ប្រធាន​គណបក្ស​សំឡេង​ភាគ​តិច​ក្នុង​សភា លោក សម រង្ស៊ី ពិភាក្សា​គ្នា​ស្វែងរក​ដំណោះស្រាយ​ជូន​កម្មករ និង​កសិករ។ លោក​អះអាង​ថា ក្នុង​រយៈពេល ៣​ខែ​ទៀត បើ​សិន​ក្រសួង​ការងារ មិន​ដោះស្រាយ​ជូន​នូវ​សំណើ​របស់​កម្មករ​នោះ​ទេ លោក​នឹង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម៖ «យើង​បាន​និយាយ​ជាមួយ​នឹង​ក្រសួង​ការងារ ហើយ​ថា បើ​សិន​រយៈពេល ៣​ខែ​មិន​មាន​ការ​ឆ្លើយ​តប​ទៀត យើង​នឹង​ធ្វើ​មហា​បាតុកម្ម​មួយ​ទៀត ដើម្បី​តាម​ដាន​លទ្ធផល​នៃ​ការ​ដាក់​ញត្តិ​របស់​យើង»

លោក​បន្ត​ទៀត​ថា អ្វី​ដែល​សំខាន់ រដ្ឋាភិបាល​ត្រូវ​តែ​លុប​ចោល​នូវ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​សហជីព ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ការ​ដំឡើង​ប្រាក់​ខែ​គោល ១៧៧​ដុល្លារ​ដល់​កម្មករ បង្កើន​ការងារ​សម្រាប់​យុវជន និង​ត្រូវ​បង្កើន​ការ​ការពារ​ដល់​ពលករ​ចំណាក​ស្រុក និង​បង្កើន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចុះ​បញ្ជិកា​របស់​សហជីព។

ស្រប​គ្នា​នេះ មាន​ក្រុម​សហជីព​ធំៗ​ចំនួន ២​ទៀត បាន​ប្រារព្ធ​ទិវា​នេះ​ដែរ។ ក្រុម​សហជីព​ដែល​ដឹក​នាំ​ដោយ​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ជួប​ជុំ​ក្រុម​កម្មករ​ប្រមាណ​ជិត ២០០​នាក់​នៅ​ខាង​មុខ​រដ្ឋសភា។ ក្រុម​នេះ​ដាក់​ញត្តិ​ទាមទារ​ទៅ​រដ្ឋសភា គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​ទៅ​រដ្ឋាភិបាល។ ចំណែក​មួយ​ក្រុម​ទៀត ដែល​មាន​អ្នក​ចូលរួម​ប្រហែល ១​ពាន់ ដឹក​នាំ​ដោយ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ធ្វើ​ពិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ។ ក្រុម​នេះ​នាំ​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា ស្ថានទូត​សហរដ្ឋ​អាមេរិក និង​ការិយាល័យ​សហភាព​អឺរ៉ុប នៅ​កម្ពុជា។ ការ​ទាមទារ​ចម្បងៗ​របស់​ពួក​គេ គឺ​ការ​ធានា​សិទ្ធិ​សេរីភាព​កម្មករ​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ និង​ការ​ដំឡើង​ប្រាក់​ឈ្នួល​គោល។

កម្មការិនី លោកស្រី អ៊ុក ស៊ីមន មក​ពី​ខេត្ត​តាកែវ និយាយ​ថា មក​ថ្ងៃ​នេះ គឺ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​គោល ១៧៧​ដុល្លារ គោរព​ច្បាប់​ការងារ និង​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ។

ជុំវិញ​ការ​ទាមទារ​នេះ កម្មករ​រោងចក្រ​ម្នាក់​ទៀត លោក សុខ នីន និយាយ​ថា មិន​ដឹង​ថា​បាន​សម្រេច​ដូច​ក្តី​ប្រាថ្នា​ឬ​អត់​ទេ។ លោក​បន្ត​ថា សព្វថ្ងៃ​ការងារ​ពិបាក ប្រាក់​ខែ​តិច ផ្ទះ​ជួល​ថ្លៃ ទឹក​ភ្លើង​ថ្លៃ ថៅកែ​មិន​សូវ​គោរព​សិទ្ធិ​កម្មករ និង​ទំនិញ​ឡើង​ថ្លៃ​កប់​ពពក៖ «ចង់​បាន​ប្រាក់​ខែ​សមរម្យ ដើម្បី​ផ្គត់ផ្គង់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ព្រោះ​អ្វីៗ​ថ្លៃ​ណាស់»

នារី​រោងចក្រ​ម្នាក់​ដែល​បាន​មក​ចូលរួម​ការ​ដង្ហែ​ក្បួន​ដែរ​នោះ និយាយ​ថា ធ្វើ​ការ​រាល់​ថ្ងៃ​ការ​ចាយវាយ​មិន​គ្រប់​ទេ ផ្ទះ ម្ហូប​អាហារ ទំនិញ​គ្រប់​យ៉ាង​ថ្លៃ និង​ម្យ៉ាង​កម្មករ​ត្រូវ​បាន​ថៅកែ​បិទ​សិទ្ធិ​សេរីភាព ហើយ​លក្ខខណ្ឌ​ការងារ​ក៏​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​ទេ។ កញ្ញា​បន្ត​ថា ក្រសួង​ការងារ ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុវត្ថិភាព សុខុមាលភាព និង​អនាម័យ​របស់​កម្មករ តាម​រយៈ​ការ​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​តាម​បណ្ដា​រោងចក្រ​ផ្សេង៖ «ប្រាប់​ដំណឹង​ដល់​ក្រុមហ៊ុន​មុន​អ៊ីចឹង ក្រុមហ៊ុន​គេ​រៀបចំ​ទុក​មុន​ឲ្យ​ស្អាត មិន​ឲ្យ​ខ្វះ​អនាម័យ​កន្លែង​ណា​មួយ​នោះ​ទេ តែ​ដល់​ពេល​ខាង​អធិការកិច្ច​ត្រឡប់​មក​វិញ ពី​បី​ថ្ងៃ​ក្រោយ ខាង​អនាម័យ​ឧបករណ៍ ទឹក​ហូប ទឹក​ប្រើប្រាស់ ក្នុង​បន្ទប់​ទឹក​ប្ដូរផ្លាស់​វិញ​ហើយ។ លែង​មាន​សាប៊ូ លែង​មាន​ឧបករណ៍​ទៀត​ហើយ ក្នុង​នាម​ខ្ញុំ​ជា​កម្មករ សុំ​សំណូមពរ​ដល់​ក្រសួង​ឲ្យ​ចុះ​ទៅ​បន្ទាន់ ហើយ​ជួប​ជាមួយ​នឹង​កម្មករ​ផ្ទាល់។ ជួប​ហើយ​កុំ​ធ្វើ​ឲ្យ​កម្មករ​ភ័យ ព្រោះ​ជួន​កាល​ពេល​ក្រសួង​ត្រឡប់​មក​វិញ ខាង​ក្រុមហ៊ុន​គេ​រក​រឿង​កម្មករ»

លោក ថេង សាវឿន អ្នក​សម្រប​សម្រួល​សម្ព័ន្ធ​សង្គម​កសិករ​កម្ពុជា និយាយ​ថា រដ្ឋាភិបាល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កសិករ តាម​រយៈ​ការ​បណ្តុះបណ្តាល​កសិករ​នូវ​ចំណេះ​ដឹង​ផ្នែក​កសិកម្ម​បែប​ទំនើប ព្រោះ​ថា កសិករ​ជាច្រើន​បាន​ធ្វើ​ចំណាក​ស្រុក។

ទាក់ទង​នឹង​ការ​ដាក់​ញត្តិ​របស់​កម្មករ​នេះ មន្ត្រី​ក្រសួង​ការងារ បាន​ចេញ​មក​ទទួល​យក​ញត្តិ​របស់​កម្មករ ប៉ុន្តែ​មិន​បាន​ផ្តល់​កិច្ច​សម្ភាស​សម្រាប់​អ្នក​កាសែត​ទេ បើ​ទោះ​បី​បើ​វិទ្យុ​អាស៊ីសេរី រត់​ដេញ​តាម​សម្ភាស​ដល់​ទីធ្លា​ក្រសួង​ការងារ ក៏ដោយ។ យ៉ាង​ណា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​ប្រារព្ធ​ទិវា​នេះ​ដែរ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​ឧសភា។

ម្យ៉ាង​វិញ​ទៀត នៅ​ឆ្នាំ​នេះ ការ​ហែ​ក្បួន​របស់​កម្មករ​សហជីព​ដើម្បី​អបអរ​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ មិន​មាន​ការ​រឹតត្បិត ឬ​រារាំង​ពី​អាជ្ញាធរ​ទេ។ សមត្ថកិច្ច​ក៏​បាន​ចូលរួម​ការពារ​ក្បួន​ដង្ហែ​នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល