សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងវិស័យកសិកម្ម លើកឡើងថា យុទ្ធនាការសកម្មភាពសកល ១៦ថ្ងៃស្ដីពីដី និងធនធាន គឺជាយុទ្ធនាការលើកស្ទួយស្ត្រីក្នុងវិស័យកសិកម្ម ដើម្បីធានាដល់ការផលិតតាមគោលការណ៍ធម្មជាតិ ធានាការផ្គត់ផ្គង់ស្បៀងប្រកបដោយសុខភាពល្អដល់ប្រជាជនកម្ពុជា។
សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងវិស័យកសិកម្ម ចាត់ទុកស្ត្រីជនបទថារួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍជនបទ និងធានាសុវត្ថិភាពស្បៀងអាហារកម្ពុជា។
ការលើកឡើងនេះ នាឱកាសបិទបញ្ចប់យុទ្ធនាការសកម្មភាពសកល ១៦ថ្ងៃស្ដីពីដី និងធនធាន ចំពេលទិវាស្ត្រីជនបទនៅថ្ងៃទី១៥ ខែតុលា។
អ្នកគ្រប់គ្រងកម្មវិធីនៃអង្គការសេដាក (CEDAC) អ្នកស្រី តុង ចាន់ធាង ឲ្យដឹងថា យុទ្ធនាការសកម្មភាពសកល ១៦ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែតុលា មានការចូលរួមពីបណ្ដាប្រទេសចំនួន២០ នៅលើពិភពលោក។ អ្នកស្រីថា យុទ្ធនាការនេះផ្ដោតសំខាន់ទៅលើស្ត្រីជនបទ ឲ្យចេះផលិតស្បៀងដែលមានសុវត្ថិភាពតាមគោលការណ៍ធម្មជាតិ រួមចំណែកដល់ការកាត់បន្ថយបញ្ហាបម្រែបម្រួលអាកាសធាតុ និងមិនប៉ះពាល់ដល់សុខភាព៖ « គាត់នឹងយល់ដឹងថា ការផលិត ឬការធ្វើការកសិកម្មមានគោលការណ៍យ៉ាងណាម៉េចខ្លះ និងមានគុណតម្លៃយ៉ាងម៉េច ចឹងខ្ញុំសង្ឃឹមថា គាត់នឹងគាំទ្រ។ ដូច្នេះគាត់កាន់តែមានទឹកចិត្តផលិតកាន់តែច្រើន » ។
អ្នកគ្រប់គ្រងកម្មវិធីនៃអង្គការសេដាករូបនេះបញ្ជាក់ដែរថា យុទ្ធនាការសកម្មភាពសកល ១៦ថ្ងៃស្ដីពីដី និងធនធាន ផ្ដោតសំខាន់ទៅខេត្តចំនួន៣ ដែលមានបញ្ហាប្រឈមខ្លាំងជាងគេនៅកម្ពុជា ក្នុងនោះមានខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង និងខេត្តកំពង់ឆ្នាំង។ សកម្មភាពសំខាន់ក្នុងយុទ្ធនាការនេះ ផ្ដោតសំខាន់លើសិក្ខាសាលាផ្សព្វផ្សាយការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងរកទីផ្សារជូនកសិករស្ត្រី។
ជាប្រធានក្រុមបន្លែនៅខេត្តកំពង់ស្ពឺ និងតំណាងឲ្យកសិករស្ត្រីឆ្នើមក្នុងវិស័យកសិកម្ម លោកស្រី សែម ចន្ថា លើកឡើងថា យុទ្ធនាការនេះមានសារសំខាន់ណាស់សម្រាប់ស្ត្រីជនបទ ព្រោះជួយកសាងសមត្ថភាពបន្ថែមដល់ស្ត្រីជនបទឲ្យចេះធ្វើកសិកម្ម ដែលមិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ លោកស្រីក៏ជំរុញឲ្យរដ្ឋាភិបាល ត្រូវផ្ដោតការអភិវឌ្ឍស្ត្រីជនបទ ព្រោះស្ត្រីជនបទដើរតួនាទីដ៏សំខាន់ក្នុងការប្រែក្លាយផលិតផលកសិកម្ម ឲ្យទៅជាសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា៖ « ខ្ញុំចង់ឲ្យមានការគាំទ្រស្ត្រីជនបទឲ្យបានច្រើន និងគាំទ្រឲ្យបានរាល់ឆ្នាំ ព្រោះស្ត្រីជនបទគាត់មិនសូវមានគេយកចិត្តទុកដាក់ និងមិនសូវយល់ដឹងបានច្រើន។ ហេតុនេះបើសិនជាមានការគិតគូរ ខ្ញុំជឿថា នឹងឲ្យគាត់ផលិតផលិតផលកសិកម្មកាន់តែច្រើន » ។
ទន្ទឹមគ្នានេះ នាយិកាផ្សារសហគមន៍កសិផលធម្មជាតិ អ្នកស្រី នូ សុជាតិ លើកឡើងដែរថា បច្ចុប្បន្នមានការប្រែប្រួលខ្លាំងលើកម្លាំងពលកម្មក្នុងវិស័យកសិកម្ម ព្រោះកម្លាំងយុវជន ពិសេសបុរសដែលជាមេគ្រួសារ បានហក់ចាប់យកការងារផ្សេងក្រៅពីកសិកម្ម។ ការប្រែប្រួលនេះ បានក្លាយជាបន្ទុកការងារដល់ស្ត្រីក្នុងវិស័យកសិកម្ម។ ហេតុនេះ ស្ត្រីកាន់តែមានការពាក់ព័ន្ធជិតស្និទ្ធដល់ដំណើរការផលិតកម្មកសិកម្ម។ អ្នកស្រីក៏រំពឹងថា យុទ្ធនាការនេះនឹងកាន់តែធ្វើឲ្យស្ត្រីជនបទក្លាយជាស្ត្រីឆ្នើមក្នុងវិស័យកសិកម្ម៖ « ការដែលយើងនាំគ្នាគិតគូរ និងឲ្យតម្លៃ និងផ្តល់ឱកាសដល់ស្ត្រី វានឹងជួយឲ្យសង្គមគ្រួសារ ប្រទេសជាតិរីកចម្រើនទៅមុខ » ។
មន្ត្រីអង្គការសេដាក ឲ្យដឹងថា វិស័យកសិកម្មបានបង្កើតនូវផលិតផលក្នុងស្រុកសរុប ៣២ភាគរយ និងបានផ្តល់ការងារប្រហែល ៨០ភាគរយនៃកម្លាំងពលកម្មរបស់ប្រទេស។ វិស័យនេះជាប្រភពយ៉ាងសំខាន់ក្នុងការផ្តល់ការងារដល់បុរស និងស្ត្រីជាង ៧០% ដែលពាក់ព័ន្ធជាចម្បងក្នុងផលិតកម្មកសិកម្ម។ ជាងនេះទៀត នៅកម្ពុជា មានគ្រួសារកសិករចំនួន ២,៣លានគ្រួសារ ដែលភាគច្រើនមានស្ត្រីជាមេគ្រួសារ។
ហេតុនេះ សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងវិស័យកសិកម្ម អះអាងថា នឹងរៀបចំយុទ្ធនាការនេះជារៀងរាល់ឆ្នាំ ព្រមទាំងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញឲ្យស្ត្រីជនបទមានសិទ្ធិអំណាចពេញលេញ ឲ្យឈានទៅធានាស្បៀងអាហារ កាត់បន្ថយភាពអត់ឃ្លាន ព្រមទាំងកាត់បន្ថយភាពក្រីក្រ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមជនបទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។