កម្មករ-កម្មការិនី ១៦នាក់​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្ត​កំពង់ស្ពឺ

ដោយ អាស៊ីសេរី
2019-06-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​ចំនួន ១៦នាក់ រង​របួស​ធ្ងន់ និង​ស្រាល ក្នុង​គ្រោះថ្នាក់​​រថយន្ត​​បុក​គ្នា​មួយ នៅ​ខេត្ត​កំពង់ស្ពឺ កាល​ពី​ម៉ោង ៦ និង ៣០នាទី​ព្រឹក ថ្ងៃ​ទី១១ មិថុនា។
កម្មករ​ចំនួន ១៦នាក់ រង​របួស​ធ្ងន់ និង​ស្រាល ក្នុង​គ្រោះថ្នាក់​​រថយន្ត​​បុក​គ្នា​មួយ នៅ​ខេត្ត​កំពង់ស្ពឺ កាល​ពី​ម៉ោង ៦ និង ៣០នាទី​ព្រឹក ថ្ងៃ​ទី១១ មិថុនា។
រូប៖ ហ្វេសប៊ុក​លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា

យ៉ាង​ហោច​ណាស់​កម្មករ​ចំនួន ១៦នាក់ រង​របួស​ធ្ងន់ និង​ស្រាល ក្នុង​គ្រោះថ្នាក់​​រថយន្ត​​បុក​គ្នា​មួយ នៅ​ខេត្ត​កំពង់ស្ពឺ កាល​ពី​ម៉ោង ៦ និង ៣០នាទី​ព្រឹក ថ្ងៃ​ទី១១ មិថុនា។

សហជីព​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​ស្នើសុំ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​ដោះ​ស្រាយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ជា​បន្ទាន់​ពី​ព្រោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​បន្ត​កើត​ឡើង។ សំណើ​នេះ ធ្វើ​ឡើង​ដោយសារ​តែ​កម្មការិនី​ចំនួន ១៦នាក់ រង​របួស​ធ្ងន់ និង​ស្រាល ក្នុង​គ្រោះថ្នាក់​​រថយន្ត​​​ដឹក​កម្មករ​បុក​រថយន្ត​សណ្ដោង​រ៉ឺម៉ក​ដឹក​ស៊ីម៉ងត៍ នៅ​ខេត្ត​កំពង់ស្ពឺ កាលពី ថ្ងៃ​ទី១១ មិថុនា។

អ្នក​សម្របសម្រួល​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស លោក ឃុន ថារ៉ូ សង្កេត​ឃើញ​ថា គ្មាន​ភាព​ប្រសើរ​ឡើង​ក្នុង​ការ​ទប់​ស្កាត់​ករណី​គ្រោះ​ថ្នាក់​រថយន្ត​ដឹក​កម្មករ​ទេ បើ​ទោះ​ករណី​នេះ ត្រូវ​បាន​ជជែក​ និង​ស្នើ​សុំ​ឲ្យ​មាន​គិតគូរ​ញយៗ ក៏​ដោយ។ លោក ឃុន ថារ៉ូ ថា រថយន្ត​ដឹក​កម្មករ​​នៅ​តែ​គ្មាន​ស្តង់ដារ ​បញ្ហា​​យានយន្ត បច្ចេកទេស​នៃ​ការ​បើកបរ ការ​គោរព​ច្បាប់ ហេដ្ឋារចនាសម្ព័ន្ធ​ នៅ​តែ​ជា​ហានិភ័យ​សម្រាប់​កម្មករ។

តំណាង​សង្គម​ស៊ីវិល​រូប​នេះ​ ទទូច​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ដឹក​ជញ្ជូន​កម្មករ ដើម្បី​​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​កម្មករ​ បើ​ពុំ​ដូច្នេះ​ទេ កម្មករ​នឹង​នៅ​តែ​បន្ត​គ្រោះ​ថ្នាក់​ ខាត​បង់​ធ្ងន់ធ្ងរ​ដល់​កម្មករ និង​គ្រួសារ ចំណែក​រដ្ឋ​ក៏​ត្រូវ​ខាត​បង់​កញ្ចប់​ថវិកា​ជាតិ​ដែរ។ លោក​ថា កំណែ​ទម្រង់​ត្រូវ​តែ​ឲ្យ​និយោជក ឬ​ថៅកែ​ជា​អ្នក​រ៉ាប់រង​ លើ​មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករ ដែល​មាន​ស្តង់ដារ៖ «ព្រោះ​កន្លង​មក​ក្រុមហ៊ុន​ព្យាយាម​គេច​វេះ (ទំនួល​ខុស​ត្រូវ) គឺ​គេ​ឲ្យ​អា​​បន្ទុក​ហ្នឹង​ទៅ​ខាង ប..ស ទទួល​ខុស​ត្រូវ​។ ជា​ហានិភ័យ​មួយ​ព្រោះ​ធម្មតា​កម្មករ​ធ្វើ​ការងារ​ឲ្យ​និយោជក គាត់​ត្រូវ​មាន​កាតព្វកិច្ច​មួយ​ ដើម្បី​ធានា​នូវ​សុវត្ថិភាព​ហ្នឹង។ គាត់ (និយោជក) មិន​អាច​ពឹង​ផ្អែក​ថា មាន​ធានារ៉ាប់រង​ហើយ បញ្ហា​ត្រូវ​បាន​ដោះស្រាយ​ទេ​។ អ៊ីចឹង​ គឺ​ការ​បង្ការ​កុំ​ឲ្យ​មាន​ការ​កើត​ឡើង»

ចំណែក​ប្រធាន​សម្ព័ន្ធ​សហជីព​​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា លើក​ឡើង​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ដំណើរ នៅ​តែ​ជា​បញ្ហា​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ចំពោះ​កម្មករ និង​ជា​ប្រធាន​បទ​ក្ដៅ ដែល​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​មាន​យន្តការ​ដោះ​ស្រាយ​ជា​បន្ទាន់។

អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់​អាស៊ី​សេរី​ ថា ក្នុង​គ្រោះ​ថ្នាក់ រវាង​​រថយន្ត​ដឹក​កម្មករ​ម៉ាក់​សាំយ៉ុង (Sangyon) បុក​គ្នា​ជា​មួយ​រថយន្ត​សណ្ដោង​រ៉ឺម៉ក​ដឹក​ស៊ីម៉ងត៍​ មាន​កម្មករ ១០នាក់ រង​របួស​ធ្ងន់ និង ៦នាក់​ទៀត​រង​របួស​ស្រាល។ ប៉ុន្តែ​គ្មាន​អ្នក​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទេ។ ភ្លាមៗ ក្រោយ​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ សមត្ថកិច្ច​បាន​បញ្ជូន​ជន​រង​គ្រោះ​ទាំង ១៦នាក់​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់។

លោក វ៉ី សំណាង ប្រាប់​ថា មិន​ទាន់​ដឹង​ថា កម្មករ​ទាំង​នោះ​ធ្វើការ​នៅ​រោងចក្រ​ណា​ទេ ប៉ុន្តែ​កម្មករ​ភាគ​ច្រើន នៅ​ក្នុង​ឡាន​ដែល​ជួប​គ្រោះ​ថ្នាក់​នោះ ជា​ពលរដ្ឋ​រស់​នៅ​ខេត្ត​តាកែវ ហើយ​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​រោងចក្រ​នៅ​ខេត្ត​កំពង់ស្ពឺ។ ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ កើត​ឡើង​នៅ​ម៉ោង ៦ និង ៣០នាទី​ព្រឹក​ថ្ងៃ​ទី១១ មិថុនា នៅ​ចំណុច​សេះ​ស ផ្លូវ​ជាតិ​លេខ៤១ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ៤០ និង ៤១ ស្ថិត​នៅ​ភូមិ​តា​ដែង ឃុំ​ពោធិ៍​ម្រាល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ៖ «យើង​កំពុង​ស្រាវជ្រាវ​នៅ​ហ្នុង​ យើង​អត់​ទាន់​ថា ខាង​ណា​ខុស​ទេ​ណា ព្រោះ​ត្រូវ​ធ្វើ​ម្ដេច​យើង​សង្គ្រោះ​មនុស្ស​សិន​ ហើយ​យើង​គូស​តាម​លក្ខណៈ​បច្ចេកទេស​នៃ​ការ​បើកបរ​។ យើង​មិន​ទាន់​សន្និដ្ឋាន​ថា អ្នក​ណា​ អ្នក​ណី​ទេ។ អ៊ីចឹង យើង​ធ្វើ​រឿង​បច្ចេកទេស​ទៅ សំខាន់​សង្គ្រោះ​មនុស្ស​។ គេ​អត់​បាន​បញ្ជាក់​ថា ធ្វើការ​នៅ​រោងចក្រ​ណា​ទេ ប៉ុន្តែ​ភាគច្រើន​សុទ្ធ​តែ​អ្នក​ខេត្ត​តាកែវ​ទាំងអស់​អូន។ គាត់​អ្នក​តាកែវ តែ​មក​ធ្វើការ​នៅ​កំពង់ស្ពឺ»

អាស៊ី​សេរី​ មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក ហេង សួគ៍ និង​ អ្នក​នាំ​ពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ លោក ជាវ ប៊ុនរិទ្ធិ បាន​ទេ នៅ​ថ្ងៃ​ទី១១ មិថុនា ដោយសារ​មិន​ទទួល​ទូរស័ព្ទ។ ចំណែក​គេហទំព័រ​ក្រសួង​ការងារ និង​ហ្វេសប៊ុក​របស់​ក្រសួង​ការងារ ក៏​មិន​ទាន់​បង្ហាញ ​ព័ត៌មាន​លំអិត នៃ​គ្រោះ​ថ្នាក់​កម្មករ​នេះ​ដែរ។ ចំណែក​ទំព័រ​ហ្វេសប៊ុក​របស់​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ សរសេរ​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើត​ឡើង​ រវាង​រថយន្ត​តួរីស​ដឹក​កម្មករ​រោងចក្រ ម៉ាក​សាំងយ៉ុង (Sangyong) និង​រថយន្ត​ធុន​ធំ​សម្រាប់​ដឹក​ស៊ីម៉ង់ត៍ ដែល​បើក​បញ្ច្រាស​ទិស​គ្នា។

គ្រោះថ្នាក់​រថយន្ត​ដឹក​កម្មករ​បុក​គ្នា​នៅ​ខេត្ត​កំពង់ស្ពឺ តែង​កើត​ឡើង​ញឹក​ញាប់។ នៅ​ស្រុក​ឧត្ដុង្គ កាល​ពី​ព្រឹក​ថ្ងៃ​ទី៤ ខែ​មេសា កម្មករ ៥នាក់​រង​របួស​ដាច់​ដៃ​ម្ខាង និង ៧នាក់ បាក់​ដៃ បែក​ក្បាល ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ ពេល​កម្មករ​ជិះ​រថយន្ត​ទៅ​ធ្វើការ​នៅ​ខេត្ត​កំពង់ឆ្នាំង។ កម្មករ ៥នាក់​ ដែល​ដាច់​ដៃ​ម្ខាង​ម្នាក់ គឺ​ដោយសារ​រថយន្ត​ដឹក​កម្មករ​កៀរ​គ្នា​ជាមួយ​រថយន្ត​ដឹក​ជី ពេល​ដែល​កម្មករ​ទាំង​នោះ​ជិះ​រថយន្ត​ឈរ ហើយ​ដាក់​ដៃ​ម្ខាង​តាម​ប្រឡោះ​ទ្រុង​រថយន្ត​តោង​ពី​ខាង​ក្រៅ។

កាល​ពី​ថ្ងៃ​ទី៣ ខែ​មិថុនា កម្មករ​រោងចក្រ យូលី ខេត្ត​ស្វាយរៀង ប្រមាណ ៦០នាក់ បាន​រង​របួស ធ្ងន់ និង​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដូច​គ្នា​ដែរ។

របាយការណ៍​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (..) នៃ​ក្រសួង​ការងារ បង្ហាញ​ថា កម្មករ​រង​ គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ២០១៨ មាន​ចំនួន​ជាង ១ពាន់ ៦រយ (.៦៩២) ករណី។ កម្មករ​រង​គ្រោះ ​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍ មាន​ចំនួន​ជិត ២ពាន់ (.៨៩៤) នាក់ ក្នុង​នោះ​ស្លាប់ ៤០នាក់ របួស​ធ្ងន់​ជាង ៣រយ (៣៤៩) នាក់ និង​របួស​ស្រាល​ជាង ១ពាន់ ៥រយ (.៥០៥) នាក់៕

 

រូប​ពី​ហ្វេសប៊ុក​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​​ចលនា​កម្មករ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល