សាច់ញាតិជនរងគ្រោះស្លាប់ក្នុងហេតុការណ៍ ផ្ទុះកាំជ្រួចខុសបច្ចេកទេសទាមទារឲ្យរាជរដ្ឋាភិបាល ផ្ដល់សំណងសមរម្យដល់ពួកគេ។ ពិធីបាញ់កាំជ្រួចនៃរាត្រីថ្ងៃទី ២៩ តុលា ក្នុងព្រះរាជពិធីគ្រងរាជសម្បត្តិ គម្រប់ខួប១០ឆ្នាំព្រះមហាក្សត្រ បានបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ នៅនឹងកន្លែង អ្នករបួស០៦នាក់ ក្នុងនោះម្នាក់កំពុងទទួលការការវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ហេតុការណ៍បាញ់កាំជ្រួចខុសក្បួនកាលពីយប់មិញ បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសនៅត្រើយម្ខាង ដងទន្លេទល់មុខព្រះបរមរាជវាំង ស្ថិតក្នុងសង្កាត់ ខណ្ឌជ្រោយចង្វា នៅក្បែរអគារសណ្ឋាគារសុខា។ សាក្សីនៅកន្លែងកើតហេតុនិយាយថា សំឡេងផ្ទុះកាំជ្រួចដែលបង្កគ្រោះថ្នាក់ ឮស្នូរខ្លាំងកក្រើកដី។
សាកសពយុវជន ណាគ្រី ដារ៉ូ ដែលដេកស្លាប់ក្នុងថ្លុកឈាមបែកធ្លាយពោះមួយចំហៀងដល់ឆ្អឹងជំនី នៅចម្ងាយប្រមាណ២០០ម៉ែត្រ ពីកន្លែងបាញ់កាំជ្រួចបានធ្វើឲ្យអ្នកស្រី ញឹម ម៉ាច ជាអ៊ំស្រីបង្កើតយំខ្សឹបខ្សួល និងទាមទារសំណងពីរដ្ឋាភិបាល។ ប៉ុន្តែអ្នកស្រីមិនទាន់បញ្ជាក់ថា សំណងនោះជាអ្វី និងប្រាក់ប៉ុន្មាននោះទេ។ អ្នកស្រី ញឹម ម៉ាច មានប្រសាសន៍ថាក្មួយរបស់អ្នកស្រី បានមកស្នាក់នៅផ្ទះប្អូនថ្លៃអ្នកស្រីនៅភ្នំពេញ។ មុនកើតហេតុយុវជន ណាគ្រី ដារ៉ូ សុំមកដើរលេង៖ «អូនអើយអាណិតគ្នាណាស់កូនហ្នឹងរៀនពូកែ រៀនចប់ថ្នាក់ហើយមិនគួរចឹងសោះ ឲ្យរដ្ឋាភិបាលជួយគិតគូទៅ ព្រោះអីគាត់មានតែគាត់កូនតែមួយហ្នឹងទេអូន។ ខ្ញុំស្ដាយមិនដឹងធ្វើម៉េចបើវាស្លាប់បាត់ហើយ មិនអាចរស់វិញបានទេណា»។
យុវជនបាត់បងជីវិត ឈ្មោះ ណាគ្រី ដារ៉ូ អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល ទើបរៀនចប់មានការងារធ្វើនៅក្រុមហ៊ុនឯកជនមួយនៅភ្នំពេញ និងជាកូនប្រុសទោលក្នុងគ្រួសារ។ ក្នុងហេតុការណ៍ផ្ទុះកាំជ្រួចខុសបច្ចេកទេស នេះបណ្ដាលឲ្យមនុស្ស០៦ផ្សេងទៀតរងបួស ក្នុងនោះបុរសម្នាក់របួសធ្ងន់ បានទទួលការវះកាត់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ។ តាមការឲ្យដឹងពីសន្តិសុខយាមមន្ទីរពេទ្យ បុរសដែលត្រូវវះកាត់នោះ ត្រូវបួសត្រង់ភ្លៅ។
ចំណែកកុមារម្នាក់ទៀត ត្រូវរបួសត្រង់កំភួនជើង កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យឯកជនមួយក្បែរកន្លែងកើតហេតុ។ យុវជន ពុធ ដាណេ រងរបួសត្រង់ជើងឆ្វេងក្រោយទទួលការព្យាបាល និយាយថាលោកបានទៅមើលគេដុតកាំជ្រួចនៅជិតនឹងកន្លែងតែម្ដង។ លោកថានៅមុនកើតហេតុ លោកបានឃើញអ្នកដុតកាំជ្រួចគ្រាន់តែដុតរួចភ្លាម ក៏រត់ចេញពីកន្លែងដុតភ្លាម ឃើញដូចនោះ លោកក៏រត់ចេញដែរតែអកុសល បំណែកគ្រាប់ផ្ទុះបានខ្ទាតមកត្រូវជើងលោក៖ «គេដុតបានច្រើនដែរ ប្រហែលជាជាគ្រាប់ចុងក្រោយរបស់គេ ហើយគ្រាប់ចុងក្រោយ គេបាញ់កាណុងធំជាង គាត់យកភ្លើងធូបអុជហើយ គាត់រត់ចូលអគារសុខា។ ខ្ញុំណេះក៏ភ័យដែរ ព្រោះអានោះវាអត់ទាន់ផ្ទុះ ដល់អ៊ីចឹងក៏រត់មកក្រោយ ពេលអ៊ីចឹងដល់ទៅពេលខ្ញុំរត់បានប្រហែលជាពីរបីជំហានទៅ វាផ្ទុះទាំងរង្គើដី»។
សមត្ថកិច្ចអះអាងថា កន្លែងកើតហេតុដែលបណ្ដាលឲ្យយុវជន ណាគ្រី ដារ៉ូ ស្លាប់នោះ ជាកន្លែងហាមឃាត់ ប៉ុន្តែនៅទីនោះមិនមានដាក់បារាសរាំងអ្នកធ្វើដំណើរឡើយ ហើយថែមទាំងមានអ្នកលក់ដូរគ្រឿងហូបចុកនៅទីនោះផង។
បុរសម្នាក់សុំមិនបង្ហាញឈ្មោះ ជាអ្នកក្រុមការងារដុតកាំជ្រួច និយាយថាគ្រាប់ផ្ទុះដែល ធ្វើឲ្យមានបញ្ហានោះ ជាប្រភេទគ្រាប់ស្អុយ ឬគ្រាប់បែកប្រេះ ប៉ុន្តែគេមិនអាចដឹងមុនបានទេ នៅពេលដុតទើបដឹង។ លោកថាគ្រាប់កាំជ្រួចដែលមានបញ្ហានោះ ជាប្រភេទគ្រាប់ធុនធំ៖ «គ្រាប់វាបែកអត់ដឹងគ្រាប់វាបែកទេ ដល់ដាក់ទៅវាផ្ទុះបែកតែម្ដង អ្នកដុតគេដាក់បែរទៅនោះ វាលួចខ្លួន វាបែរទៅនោះវាពាក់កណ្ដាល»។
អនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃក្រសួងមហាផ្ទៃ លោក ហង្ស វ៉ាចរ៉ា បញ្ជាក់នៅក្នុងកន្លែងកើតហេតុថា ករណីនេះបណ្ដាលមកពីការផ្ទុះកាំជ្រួចខុសបច្ចេកទេស។ ប៉ុន្តែ លោកបដិសេធមិននិយាយលំអិតរឿងនេះទេ ហើយលោកក៏មិនទាន់បញ្ជាក់ថា តើអាជ្ញាធរនឹងផ្ដល់សំណងយ៉ាងណាជូនជនរងគ្រោះឡើយ។
លោក ឡុង ឌីម៉ង់ អ្នកនៃពាក្យសាលារាជធានីភ្នំពេញដែលទៅមើលអ្នករបួសនៅមន្ទីរពេទ្យ បានសំដែងការសោកស្ដាយចំពោះហេតុការណ៍នេះ។ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ទៀតថា ការដោះស្រាយផ្ដល់សំណងមិនមែនជាសមត្ថកិច្ចរបស់ សាលារាជធានីភ្នំពេញទេ ហើយលោកក៏មិនទាន់បញ្ជាក់ថា តើភាគីខាងណាទទួលខុសត្រូវផ្ដល់សំណងដល់ជនរងគ្រោះ។ ប៉ុន្តែលោកថា កម្មវិធីដុតកាំជ្រួចនេះ ជាការរៀបចំរបស់គណៈកម្មាធិការបុណ្យជាតិ និងទីចាត់ការហ្វឹកហ្វឺន ក្រសួងការពារជាតិជាអ្នកធ្វើ៖ «យើងមានការសោកស្ដាយណាស់ចំពោះបញ្ហាបច្ចេកទេស កើតឡើងដោយអត់មានអ្នកណាចង់ឲ្យវាកើតទេ។ ប៉ុន្តែ អ្វីដែលសំខាន់ថាតើ ប្រជាពលរដ្ឋដែលមកចូលរួមកម្សាន្ត នៅជិតតំបន់ដែលគេហាមឃាត់។ អ៊ីចឹងទេយើងគួរតែលើកក្រោយ ចង់ឲ្យប្រជាពលរដ្ឋលោកយល់ដែរ ថាអ្វីដែលសមត្ថកិច្ចហាមឃាត់ហើយសុំកុំបំភាន់អី»។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺពីមន្ត្រីរដ្ឋាភិបាល ពីការទាមទារសំណង របស់សាច់ញាតិជនរងគ្រោះបាននៅឡើយទេ នៅរាត្រីថ្ងៃទី២៩ ខែតុលា។ កន្លងមកមានហេតុការណ៍មនុស្សជាន់គ្នាស្លាប់នៅស្ពានកោះពេជ្រ ក្នុងពិធីបុណ្យអ៊ុំទូក កាលពីឆ្នាំ២០១០។ ពេលនោះ រាជរដ្ឋាភិបាលបានផ្ដល់សំណាងជាទឹកប្រាក់ទឹករាប់ម៉ឺនដុល្លារដល់ជនរងគ្រោះ។ គេនៅមិនទាន់ដឹងទេថា តើហេតុការណ៍បាញ់កាំជ្រួច ក្នុងបំណងអបអរសាទរការគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រខ្មែរ បែរជាបង្កអោយមានទុក្ខសោកនៅក្នុងគ្រួសារពលរដ្ឋខ្មែរខ្លះទៅវិញនេះ នឹងទទួលបានប្រាក់សំណងដែរឬទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។