ព្រះសង្ឃ ប៊ុត ប៊ុនតិញ គ្រោង​បង្កើត​យុទ្ធនាការ​១​ដុល្លារ​ដើម្បី​ជួយ​គ្រួសារ​បណ្ឌិត កែម ឡី

ដោយ វ៉ែន សុមេធ
2018.02.21
ប៊ុត ប៊ុនតិញ ៦២២ អតីត​ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ នៅ​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ​២០១៦។
RFA

អតីត​ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ និង​ប្រជាពលរដ្ឋ​ដែល​គោរព​ស្រលាញ់​លោក​បណ្ឌិត កែម ឡី រស់​នៅ​ប្រទេស​អូស្ត្រាលី គ្រោង​បង្កើត​យុទ្ធនាការ ១​ដុល្លារ​ដើម្បី​ជួយ​ដល់​គ្រួសារ​លោក​បណ្ឌិត កែម ឡី ដែល​ទើប​តែ​បាន​ទៅ​តាំង​ទី​លំនៅ​ថ្មី​ឯ​ប្រទេស​អូស្ត្រាលី។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ថា ព្រះអង្គ​បាន​ពិភាក្សា​ជាមួយ​ឥស្សរជន​សំខាន់ៗ​មួយ​ចំនួន​នៅ​ប្រទេស​អូស្ត្រាលី គឺ​បាន​កំណត់​យក​ការ​ប្រារព្ធ​ខួប​ពីរ​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដើម្បី​ប្រកាស​យុទ្ធនាការ ១​ដុល្លារ ដើម្បី​រក្សា​កេរមរតក កែម ឡី។ ព្រះអង្គ​មាន​ថេរដីកា​បន្ថែម​ថា ដើម្បី​ធានា​អោយ​បាន​នូវ​គណនីយភាព និង​តម្លាភាព គណៈកម្មការ​មួយ​នឹង​ត្រូវ​បង្កើត​ឡើង​ដើម្បី​ប្រមូល​ប្រាក់ និង​ទុក​ដាក់​ប្រាក់​សម្រាប់​ជួយ​ដល់​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី និង​ជួយ​បន្ត​កិច្ចការ​មួយ​ចំនួន​ទៀត ដូចជា​កសាង​ចេតិយ ដី និង​បណ្ណាល័យ កែម ឡី ជាដើម៖ «អាត្មា​ថា​ពេល​វេលា​ដែល​សមរម្យ គឺ​ពេល​វេលា​ដែល​យើង​ធ្វើ​បុណ្យ ២​ឆ្នាំ ហើយ​យើង​ចាប់​ផ្ដើម​ប្រកាស​បង្កើត​គណៈកម្មការ​នៅ​ថ្ងៃ​បុណ្យ​២​ឆ្នាំ ហើយ​គណៈកម្មការ​ហ្នឹង មាន​អនុ​គណៈកម្មការ។ ដោយសារ​យើង​មាន​បទពិសោធន៍​ពី​អតីតកាល​យើង​មិន​កាន់​ប្រាក់ ដល់​គេ​សួរ​រក​ប្រាក់ យើង​អត់​មាន ដល់​អត់​មាន​គេ​ចោទ​ថា​យើង​លួច។ ដើម្បី​ចៀសវាង​ការ​លួច​ប្រាក់ ១​ដុល្លារ យើង​ត្រូវ​ធានា​ថា ការ​គ្រប់គ្រង​គឺ​យើង​មាន​អ្នក​ទទួល​ខុស​ត្រូវ​ច្បាស់​លាស់...»

​ខួប​ពីរ​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៨ នេះ ក៏ប៉ុន្តែ​កាលបរិច្ឆេទ​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ខួប និង​ការ​ប្រកាស​បង្កើត​យុទ្ធនាការ ១​ដុល្លារ​នោះ នៅ​មិន​ទាន់​កំណត់​ថ្ងៃ​ច្បាស់លាស់​នៅ​ឡើយ​ទេ។

​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ក៏​មាន​ថេរដីកា​ដែរ​ថា ព្រះអង្គ​នឹង​មិន​ភ្លេច​ទេ​ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌​ជូន​សព​លោក​បណ្ឌិត កែម ឡី។ ព្រះអង្គ​មាន​ថេរដីកា​​បន្ថែម​ទៀត​ថា តុលាការ​របស់​លោក ហ៊ុន សែន ជា​តុលាការ​អត់​មាត្រា ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត។ ព្រះអង្គ​បាន​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ទាំង​អស់ ត្រូវ​បង្វិល​សេចក្ដី​ស្រលាញ់ និង​ការ​គោរព​ដ៏​ធំធេង​របស់​លោក​បណ្ឌិត កែម ឡី ឲ្យ​ទៅ​ជា​ចលនា ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​មួយ​ត្រឹមត្រូវ​ពិត​ប្រាកដ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។