ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​ពីរ​នាក់​ស្លាប់ និង​បី​នាក់​រង​របួស​ដោយ​សារ​រន្ទះបាញ់

ដោយ សន ចាន់រដ្ឋា
2019-05-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
RFA
RFA
RFA

ពលរដ្ឋ​នៅ​ខេត្ត​ពោធិ៍សាត់ ២នាក់​បាន​ស្លាប់ និង​ ៣​នាក់​ផ្សេងទៀត​រង​របួស ដោយសារ​រន្ទះបាញ់ នៅ​ពេល​ដែល​ពួកគេ​ត្រឡប់​មកពី​រក​ផ្សិត​នៅ​តាម​ជើងភ្នំ កាលពី​រសៀល​ថ្ងៃទី១៤ ខែ​ឧសភា នៅ​ខេត្ត​ពោធិ៍សាត់។

អ្នក​ស្លាប់​ ២​នាក់​នោះ​ គឺជា​ប្ដី​ប្រពន្ធ ជនជាតិ​ខ្មែរ ចំណែក ៣​នាក់​ផ្សេងទៀត​ជា​ជនជាតិ​ចាម។ សព​ជនរងគ្រោះ​បាន​បញ្ជូន​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ជនរងគ្រោះ​ ៣​នាក់​ផ្សេងទៀត ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក។

អាស៊ីសេរី​បាន​ទាក់ទង​ទៅ​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​មហន្តរាយ លោក ញឹម វណ្ណដា ដើម្បី​សាកសួរ​អំពី​ទិន្នន័យ​លម្អិត​ជុំវិញ​ការខូចខាត និង​គ្រោះ​មហន្តរាយ​ដែល​កើតឡើង​ដោយសារ​រន្ទះបាញ់ ប៉ុន្តែ​លោក ញឹម វណ្ណដា បញ្ជាក់​ថា លោក​មិនទាន់​អាច​ផ្ដល់​ព័ត៌មាន​បាន​នៅ​ពេល​នេះ​ទេ ដោយសារ​លោក​កំពុង​បំពេញបេសកកម្ម​នៅ​តាម​ខេត្ត។

ចំណែក​គេហទំព័រ និង​បណ្ដាញ​សង្គម​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​មហន្តរាយ ក៏​មិនបាន​ផ្សព្វផ្សាយ​ទិន្នន័យ​នេះ ទៅដល់​សាធារណជន​នោះ​ទេ។

ឯកសារ​ស្ដីពី​វិធី​ការពារ​រន្ទះ ដែល​ចងក្រង​ដោយ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម សហការ​ជាមួយ​នឹង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន បាន​លើកឡើង​អំពី​ប្រការ​គួរ​ចៀសវាង​នៅ​ពេល​មាន​ផ្លេកបន្ទោរ ឬ​ផ្គរ រន្ទះ ដូចជា​មិន​ត្រូវ​ជិះ​ម៉ូតូ ឬ​កង់ មិន​ត្រូវ​និយាយ​ទូរស័ព្ទ មិន​ត្រូវ​ជ្រក​ក្រោម​តង់ ឬ​ដើមឈើ​នោះ​ទេ។

ដោយឡែក​អ្វី​ដែល​គួរ​ធ្វើ​នៅ​ពេល​មាន​ផ្លេកបន្ទោរ ផ្គរ​រន្ទះ គឺ​ការ​ចាក​ចេញ​ពី​ទឹក ឬ​វាលស្រែ ត្រូវ​ចូល​ទៅ​ជ្រក​ក្នុង​ផ្ទះ ដក​ឌុយ​ភ្លើង ឬ​ឌុយ​ទូរស័ព្ទ ទុក​ចម្ងាយ​យ៉ាងហោចណាស់ មួយ​ម៉ែត្រ​ពី​កន្លែង​ដោត​ភ្លើង។ ចំណែក​អ្នក​នៅ​ក្នុង​រថយន្ត មិន​ត្រូវ​ប៉ះ​ចង្កូត ឬ​ទ្វា​រថយន្ត​នោះ​ទេ ចំណែក​អ្នក​នៅ​ខាងក្រៅ​ផ្ទះ ឬ​ស្ថិត​នៅ​ក្រោម​បង្គោល​ភ្លើង ត្រូវ​អង្គុយ​ចុះ​ដោយ​បញ្ឈរជង្គង់​ទាំងពីរ​ឱ្យ​ជិត​គ្នា និង​យកដៃ​ខ្ទប់​ត្រចៀក​ទាំង​សង្ខាង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល