គ្រឿង​ញៀន​ជាង ​២​តោន​ នឹង​ត្រូវ​កម្ទេច​ចោល​ នៅ​ចំ​ទិវា​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​អន្តរជាតិ ២៦ មិថុនា​

ដោយ ម៉ៅ សុធានី
2019.06.25
គ្រឿងញៀន ៦១០ មេតំហ្វេតាមីន​គ្រាប់ (Methamphetamine) ចំនួន ២.០០០គ្រាប់ និង​មេតំហ្វេតាមីន​ម្សៅ កន្លះ​គី​ឡូ​ក្រាម ដែល​អាជ្ញាធរ​ខេត្ត​បាត់ដំបង​កម្ទេច​ចោល​នៅ​សួនច្បារ​សាធារណៈ​ក្នុង​ក្រុង​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA

ក្រសួងមហាផ្ទៃ​នឹង​ដុត​បំផ្លាញ​គ្រឿង​ជា​ច្រើន​ប្រភេទ សរុប​ជាង ២តោន នៅ​ថ្ងៃ​ទី២៦ មិថុនា ដែល​ត្រូវ​ជា​ទិវា​ប្រឆាំង​គ្រឿង​ញៀន​អន្តរជាតិ។

អគ្គ​លេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រ​យុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក​ មាស ​វិរិទ្ធ ប្រាប់​អាស៊ី​សេរី​ថា នៅ​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​សម្រាប់​ឆ្នាំ២០១៩ នឹង​ប្រារព្ធ​ធ្វើ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ប្រធាន​ជា​សកល​នៅ​ទូទាំង​ពិភព​លោក​គឺ «សុខភាព​ដើម្បី​យុត្តិធម៌ និង​យុត្តិធម៌​ដើម្បី​សុខភាព»។ ដោយឡែក​សម្រាប់​ប្រទេស​កម្ពុជា​ សម្រេច​រើស​យក​ប្រធានបទ «ចូល​រួម​ទាំង​អស់​គ្នា​ ដើម្បី​កូន​ចៅ​របស់​យើង ឃ្លាត​ឆ្ងាយ​ពី​បញ្ហា​គ្រឿង​ញៀន» «កម្ពុជា​យើង​បាន​ដាក់​ចេញ​នូវ​ប្រធាន​បទ​ស្រប​ទៅ​តាម​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​របស់​រដ្ឋាភិបាល ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទូទៅ មតិ​ជាតិ​និង​អន្តរជាតិ រួម​នឹង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​នានា ធ្វើ​ឲ្យ​យើង​ឈាន​ទៅ​ត្រួត​បាន ដោយ​សារ​យើង​ទទួល​ស្គាល់​បញ្ហា​គឺ​រីក​រាលដាល​ពី​ទីក្រុង​រហូត​ទៅ​ជនបទ​ដាច់​ស្រយាល​មួយ​ចំនួន។ ដោយ​ឡែក ការ​រៀប​ចំ​ពិធី​នេះ គឺ​យើង​មាន​សារ​របស់​រដ្ឋាភិបាល​សម្រាប់​ផ្ញើ​ជូន​ជន​រួម​ជាតិ។ នៅ​ក្នុង​នោះ​មាន​ការណែនាំ​ច្រើន​ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២៦ មិថុនា»

លោក មាស​ វិរិទ្ធ​ ឲ្យ​ដឹង​ទៀត​ថា សារធាតុ​ញៀន​សុទ្ធ​ដែល​ត្រូវ​ដុត​បំផ្លាញ​ចោល​មាន ៤២០គីឡូ​ក្រាម​ ក្រៅ​ពី​នោះ​គឺ​ជា​សារធាតុ​គីមី​ផ្សេងៗ ដែល​លាយ​ជាមួយ​សារធាតុ​ញៀន ​ដើម្បី​បង្កើន​បរិមាណ​ក្នុង​ការ​ជួញ​ដូរ​គ្រឿងញៀន។

ក្នុង​រយៈ​ពេល ៦ខែ​ នៃ​ឆ្នាំ២០១៩ អាជ្ញាធរ​បង្ក្រាប​បាន​បទ​ល្មើស​គ្រឿងញៀន បាន​ជិត ៤ពាន់​ករណី ឃាត់​ខ្លួន​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​រួម​ទាំង​ប្រើ​ប្រាស់​បាន ៨.៣៦៨នាក់ ក្នុង​នោះ​ស្រី ៦២៥នាក់ និង​ចាប់​បាន​សារធាតុ​ញៀន ជាង ៣៤០គីឡូ​ក្រាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។