សមត្ថកិច្ច​ថា ជនជាតិ​ចិន​ជួល​ផ្ទះ​ពលរដ្ឋ​ គ្រោង​លួច​ផលិត​គ្រឿង​ញៀន​នៅ​ភ្នំពេញ

ដោយ សុ ជីវី
2019.04.03
គ្រឿងញៀន 040219 ម្សៅ​ផលិត​គ្រឿង​ញៀន​សរុប​ប្រមាណ ២០០គីឡូក្រាម ម៉ាស៊ីន​លាយ​ថ្នាំ​ញៀន និង​ពុម្ព​គ្រាប់​ថ្នាំ​ញៀន​ជា​ច្រើន​ ដែល​ជនជាតិ​ចិន​គ្រោង​លួច​ផលិត​ថ្នាំ​ញៀន ហើយ​ត្រូវ​អាជ្ញាធរ​បង្ក្រាប​បាន នៅ​ភូមិ​អូរ​បែក​ក្អម សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ នៅ​ថ្ងៃ​ទី២ ខែ​មីនា ឆ្នាំ២០១៩។
រូប៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ

អគ្គស្នងការ​រង​នគរបាល​ជាតិ លោក ម៉ក់ ជីតូ ប្រាប់​អាស៊ី​សេរី​ថា ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ សមត្ថកិច្ច​ចាប់​បាន​ម្សៅ​ផលិត​គ្រឿង​ញៀន​សរុប​​​ប្រមាណ ២០០គីឡូក្រាម ម៉ាស៊ីន​លាយ​ថ្នាំ​ញៀន និង​ពុម្ព​គ្រាប់​ថ្នាំ​ញៀន​ជា​ច្រើន​ជា​របស់​ជន​ជាតិ​ចិន ដែល​បាន​មក​ជួល​ផ្ទះ​ពលរដ្ឋ នៅ​ភូមិ​អូរ​បែក​ក្អម សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ គ្រោង​លួច​ផលិត​ជា​ថ្នាំ​ញៀន។

លោក ម៉ក់ ជីតូ រៀប​រាប់​ថា នៅ​ព្រឹក​ថ្ងៃ​ទី២ មីនា ម្ចាស់​ផ្ទះ ដែល​ជួល​ផ្ទះ​ឲ្យ​ជនជាតិ​ចិន បាន​មក​ប្ដឹង​សមត្ថកិច្ច​ថា បាន​ធំ​ក្លិន​ស្អុយ ចេញ​ពី​កន្លែង​ជួល​របស់​ជន​ជាតិ​ចិន។ បន្ទាប់​មក​សមត្ថកិច្ច​ចម្រុះ និង​ព្រះរាជអាជ្ញា​បាន​ទៅ​ពិនិត្យ​មើល​ទីតាំង​នោះ ហើយ​រក​ឃើញ​ម្សៅ​សម្រាប់​ផលិត​ថ្នាំ​ញៀន​ប្រមាណ ២០០គីឡូ​ក្រាម។ ក្រោយ​ពេល​យក​ម្សៅ​នោះ​ទៅ​ដាក់​ក្នុង​ម៉ាស៊ីន​ពិសោធន៍ លទ្ធផល​បញ្ជាក់​ថា ជា​ម្សៅ​សម្រាប់​ផលិត​ថ្នាំ​ញៀន​ពិត​ប្រាកដ​មែន៖ «អ៊ីចឹង ដល់​យើង (ហិត) ក្លិន​មើល​ទៅ ម្សៅ​ហ្នឹង​វា អា​ពីឡូវ៉ាដេរ៉ូត (ប្រភេទ​ថ្នាំ​ញៀន) វា​មាន​រហូត​ដល់ ២០០គីឡូ ហើយ​និង​សារធាតុ​ផ្សំ ​ច្រើន​ទៀត បួន ប្រាំ​ ប្រាំមួយ​គីឡូ​ទៀត។ អ៊ីចឹង​បាន​យើង​សន្មត​ថា កន្លែង​ហ្នឹង ជា​កន្លែង​ដែល​គេ​រៀប​ចំ​ធ្វើ​ហើយ។ ក៏​ប៉ុន្តែ​វា​អត់​ទាន់​បោះ​ពុម្ព បោះ​អ្វី​ចេញ​ជា​គ្រាប់​ទេ។ បាន​ថា វា (ជនជាតិ​ចិន) ត្រៀម​បម្រុង​ផលិត​ហើយ តែ​វា​មិន​ទាន់​បាន​ធ្វើ ទើប​តែ​រៀបចំ។ អ៊ីចឹង​ក៏​បែក​ការ​ទៅ យើង​ចាប់​បង្ក្រាប​ទៅ។ តែ​ម្ចាស់​ទីតាំង​ហ្នឹង វា​គេច​ហើយ។ ជនជាតិ​ចិន ហ្នឹង​ណា ចាប់​អត់​បាន​ទេ។ អ៊ីចឹង យើង (សមត្ថកិច្ច) សន្និដ្ឋាន​ថា ដូច​តែ​លើក​មុន​អ៊ីចឹង គឺ​យក​កម្ពុជា ធ្វើ​កន្លែង​ផលិត (ថ្នាំញៀន

គេហទំព័រ​អគ្គ​ស្នងការ​នគរបាល​ជាតិ ចុះ​ផ្សាយ​ថា សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ទីតាំង​ផលិត​ថ្នាំ​ញៀន នៅ​ខណ្ឌ​សែនសុខ កាលពី​ថ្ងៃ​ទី២ មេសា​​ រក​ឃើញ​ថ្នាំញៀន​ប្រភេទ មេតំហ្វេតាមីន ១៨គីឡូក្រាម​ ថ្នាំ​ញៀន កេតាមីន (Ketamin) ៦០គីឡូក្រាម សារធាតុ​មិន​ច្បាស់លាស់​ចំនួន ៥០,២គីឡូ​ក្រាម ម្ស៉ៅ​ផលិត​ថ្នាំ​ញៀន​រូប​ពោត ៨០កេះ ម្ស៉ៅ​មិន​ច្បាស់លាស់ ៤៥គីឡូ​ក្រាម ម៉ាស៊ីន​លាយ​ថ្នាំ ៩គ្រឿង ជញ្ជីង​ថ្លឹង ២គ្រឿង ពុម្ព​គ្រាប់​ថ្នាំ​ញៀន ១៨០ដើម និង​សម្ភារៈ​ផ្សេងៗ មួយ​ចំនួន។

សមត្ថកិច្ច​បាន​រឹប​អូស​វត្ថុ​តាង និង​កំពុង​ស្រាវជ្រាវ​រក​ជនជាតិ​ចិន និង​ខ្សែ​បណ្ដាញ​ទាំង​នោះ។ លោក ម៉ក់ ជីតូ ឲ្យ​ដឹង​ថា ប្រភេទ​ម្សៅ​ផលិត​ថ្នាំ​ញៀន ដែល​រក​ឃើញ មិន​ធ្លាប់​មាន នៅ​កម្ពុជា​ពី​មុន​ទេ គឺ​ធ្លាប់​តែ​ឃើញ​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ។ សមត្ថកិច្ច ក៏​កំពុង​ទាក់ទង​ទៅ​រដ្ឋាភិបាល​ចិន ដើម្បី​សហការ​គ្នា​ក្នុង​ករណី​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។