សង្គមស៊ីវិលមិនសូវមានជំនឿទៅលើសមត្ថកិច្ចក្នុងការស្វែងរកយុត្តិធម៌ជូនលោក កែម ឡី
2016.09.10
ក្រុមអង្គការមិនមែនរដ្ឋាភិបាលដែលតាមដានអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី យល់ឃើញថា គេហាក់មានជំនឿតិចតួចលើការស៊ើបអង្កេតរបស់សមត្ថកិច្ច ហើយរហូតមកដល់ពេលនេះ ពន្លឺយុត្តិធម៌នៅតែកប់បាត់សូន្យនៅឡើយ។ ជុំវិញសំណុំរឿងនេះ មន្ត្រីនគរបាលធ្លាប់បដិសេធថា ពុំមានតម្រុយណាមួយថ្មីទៀតនៅឡើយទេ ចំពោះឃាតកម្មលើលោកបណ្ឌិត កែម ឡី នេះ។
គិតត្រឹមថ្ងៃទី១០ ខែកញ្ញា គឺមានរយៈពេល ២ខែគត់ដែលឃាតកឆក់យកជីវិតអ្នកវិភាគសង្គម និងនយោបាយដ៏ល្បីល្បាញ ខណៈពេលដែលលោក កែម ឡី កំពុងអង្គុយរង់ចាំកាហ្វេដែលជាទម្លាប់របស់លោកតែងទៅរកទិញកាហ្វេនៅស្តារម៉ាត (Star Mart) នេះជាញឹកញាប់។
លោកបណ្ឌិត កែម ឡី បានលាចាកលោកទៅត្រឹមគ្រាប់កាំភ្លើង ២គ្រាប់ កាលពីថ្ងៃទី១០ ខែកក្កដា ដោយពុំបាននិយាយលាសាច់ញាតិ និងប្រពន្ធកូនអ្វីសូម្បីមួយមាត់ឡើយ។ ចាប់តាំងពីមានអំពើឃាតកម្ម គឺមានតែជនជាប់ចោទតែម្នាក់គត់ ដែលរកឃើញថា មានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋនេះ។
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងជាសមាជិករបស់គណៈកម្មការរៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី យល់ឃើញថា តួនាទីការស្វែងរកយុត្តិធម៌នេះ វាគឺជាការទទួលខុសត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ច។ លោកបន្តថា គេហាក់ពុំមានជំនឿទាល់តែសោះទៅលើឆន្ទៈរបស់នគរបាលថា អាចផ្ដល់ភាពត្រឹមត្រូវ និងស្វែងរកឃាតកពិត ជាពិសេសនោះ អ្នកបញ្ជាក្នុងអំពើឃាតកម្មនេះបាន៖ «តួនាទីអាជ្ញាធររឿងបទល្មើសព្រហ្មទណ្ឌ ឬឃាតកម្មបែបនេះ ទោះបីជាមានការប្តឹង ឬមិនប្ដឹងពីក្រុមគ្រួសារ ក៏អាជ្ញាធរត្រូវធ្វើការស៊ើបអង្កេតដែរ និងត្រូវចាត់វិធានការគ្រប់យ៉ាង ឬយ៉ាងហោចណាស់ដើម្បីរក្សាសណ្ដាប់ធ្នាប់សន្តិសុខនៅក្នុងសង្គមដែរ។ ចំណុចដែលគាត់ថា អត់មានការសហការពីក្រុមគ្រួសារ កាលណាគាត់ចេះនិយាយអត់មានមូលដ្ឋាន ឬចេះតែថាៗ ឲ្យតែរួចពីមាត់បែបនេះ វាបង្ហាញនូវអសីលធម៌»។
ក្រោយបាញ់ប្រហារលោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ភ្លាមគឺមានមនុស្សម្នាក់គត់ដែលអះអាងថា ខ្លួនឈ្មោះ ជួប សម្លាប់ មានជាប់ពាក់ព័ន្ធនឹងសំណុំរឿងនៃបទឧក្រិដ្ឋនេះ។ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បញ្ជាក់ហើយថា ពុំមានជនសង្ស័យថ្មីណាមួយដែលកំណត់មុខសញ្ញាបានថា មានជាប់ទាក់ទងរឿងក្ដីនេះនៅឡើយទេ។ ដោយឡែកពីខាងអគ្គស្នងការនគរបាលជាតិវិញ ក៏ពុំទាន់បានបង្ហាញពីការស៊ើបអង្កេតថ្មីជុំវិញអំពើឃាតកម្មនេះនៅឡើយដែរ។
ចាប់ពីថ្ងៃកើតហេតុរួច ទាំងក្រុមគ្រួសារ និងមជ្ឈដ្ឋាននានា ទាមទារឲ្យសមត្ថកិច្ចបញ្ចេញរូបភាពវីដេអូនៅក្នុងកាមេរ៉ាសុវត្ថិភាព នៅស្តារម៉ាត កាល់តិច ស្ដុបបូកគោ។ ប៉ុន្តែមន្ត្រីនគរបាលនៃក្រសួងមហាផ្ទៃ បានអះអាងថា ភស្តុតាងនេះបានរុញចូលដល់ដៃតុលាការរួចទៅហើយ។
ពាក់ព័ន្ធអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី នេះក្រុមអ្នកឃ្លាំមើលបញ្ហាសង្គមយល់ឃើញថា មានមន្ទិលសង្ស័យជាច្រើនបានដាក់បន្ទុកលើមន្ត្រីនគរបាលយុត្តិធម៌ ពីភាពយឺតយ៉ាវដែលមិនបញ្ចេញរូបភាពនៃអំពើឃាតកម្មនេះ។
ផ្ទុយពីនេះវិញ មានការបាញ់ប្រហារក្នុងទម្រង់ប្រហាក់ប្រហែលគ្នា ដូចជាឃាតកម្មលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ ឃាតកម្មលើប្អូនតារាចម្រៀងខារ៉ាអូខេ ខៀវ សុខារ៉ាវី នៅក្នុងហាងលក់ទំនិញមួយកន្លែង ក្នុងទីក្រុងភ្នំពេញ និងចុងក្រោយមានព្រឹត្តិការណ៍គប់គ្រាប់បែកចំកណ្ដាលទីក្រុងភ្នំពេញដែរ ហើយបណ្ដាលឲ្យមានអ្នករបួស និងខូចខាតរថយន្តមួយចំនួនផង។ ប៉ុន្តែព្រឹត្តិការណ៍ទាំងនោះ មិនចាំបាច់ចាប់បង្ខំឡើយ គឺរូបភាពដែលថតបានពីកាមេរ៉ាសុវត្ថិភាពត្រូវបានផ្សព្វផ្សាយភ្លាមៗតែម្ដង។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលយល់ឃើញថា អំពើឃាតកម្មទាក់ទងនឹងសំណុំរឿងលោកបណ្ឌិត កែម ឡី នេះ ជារួមមានជាប់ពាក់ព័ន្ធជាមួយអ្នកនយោបាយ និងហេតុផលផ្សេងទៀត ដូចជាអាចទាក់ទងផលប្រយោជន៍បុគ្គល ឬប៉ះពាល់ជំនួញរបស់កូនមន្ត្រីធំៗនៅក្នុងរដ្ឋាភិបាលជាដើម។
លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) ចាត់ទុកថា អំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី នេះប្រហែលពន្លឺយុត្តិធម៌មិនខុសពីសំណុំរឿងលោក ជា វិជ្ជា លោក ឈុត វុទ្ធី និងសកម្មជនដទៃទៀតប៉ុន្មាននោះឡើយ។ លោកបន្តថា ហេតុផលមួយក្នុងចំណោមហេតុផលផ្សេងទៀតដែលមិនអាចបើកផ្លូវឲ្យមានការស៊ើបអង្កេតប្រកបដោយយុត្តិធម៌បាននោះ ប្រាកដណាស់រឿងក្ដីនេះអាចជាប់ទាក់ទងរឿងនយោបាយ ឬសាច់ញាតិជនណាមួយនៅក្នុងជួរបក្សកាន់អំណាច។ស្ថិតក្រោមហេតុផលនេះហើយដែលនាំឲ្យសំណុំរឿងនៃបទឧក្រិដ្ឋនេះ ត្រូវកប់ចោលដោយមិនអើពើអ្វីទាំងអស់៖ «អ្វីដែលលោកបណ្ឌិតធ្វើកន្លងមកហ្នឹងប្រហែលមិនធ្វើឲ្យអ្នកកាន់អំណាចហ្នឹងសប្បាយចិត្តទេ ហើយគួបនៅពេលនៃការសម្លាប់ហើយ ហើយយើងមើលឃើញចេតនារបស់រដ្ឋាភិបាលហ្នឹងហាក់ដូចជាមិនមានចេតនាពិតប្រាកដក្នុងការស្វែងរកឃាតកពិត។ សម្រាប់ខ្ញុំ ខ្ញុំយល់ឃើញថា កាន់តែធ្វើឲ្យមហាជនលោកមានការសង្ស័យកាន់តែខ្លាំងឡើងៗថា តើមានពាក់ព័ន្ធអីជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល។ ហេតុអ្វីក៏មិនព្រមបញ្ចេញខ្សែអាត់វីដេអូនៅក្នុងស្តារម៉ាត?»។
បញ្ហានេះ ទាំងមន្ត្រីក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ អាស៊ីសេរីពុំអាចសុំការបំភ្លឺបានទេនៅថ្ងៃទី១០ ខែកញ្ញា ដោយទូរស័ព្ទហៅមិនចូល។
យោងរបាយការណ៍របស់អង្គការមិនមែនរដ្ឋាភិបាល រកឃើញថា គិតចាប់តាំងពីឆ្នាំ១៩៩៣ យ៉ាងហោចណាស់មានមនុស្សជាង ១០០នាក់ហើយ ដែលត្រូវគេធ្វើឃាតដោយសារការបំពេញមុខងាររបស់ខ្លួន និងការបញ្ចេញមតិ។ អ្នកទាំងនោះរួមមានអ្នកសារព័ត៌មាន សកម្មជនគណបក្សនយោបាយ សកម្មជនបរិស្ថាន សកម្មជនការពារដីធ្លី សិល្បករ សហជីព កម្មកររោងចក្រ និងចុងក្រោយគឺអ្នកវិភាគបញ្ហាសង្គម និងនយោបាយ៕