វត្ត​២​នៅ​ភ្នំពេញ​ព្រម​ផ្ដល់​ទីកន្លែង​សម្រាប់​បុណ្យ​១០០​ថ្ងៃ​បណ្ឌិត កែម ឡី

ដោយ ម៉ម មុនីរតន៍
2016.09.29
ដង្ហែ​សព កែម ឡី ទៅ​តាកែវ ២០១៦ ៨៥៥ ពិធី​ដង្ហែ​សព​បណ្ឌិត កែម ឡី ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​របស់​លោក​នា​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
RFA/Chuop Sereyroth

គណៈកម្មការ​រៀបចំ​បុណ្យ​១០០​ថ្ងៃ​របស់​លោក​បណ្ឌិត កែម ឡី បាន​ទទួល​ការ​ឆ្លើយ​តប​ពី​ព្រះចៅ​អធិការ​​វត្ត​ចំនួន​២ នៅ​ក្នុង​រាជធានី​ភ្នំពេញ ថា​នឹង​ផ្ដល់​កន្លែង​សម្រាប់​​រៀបចំ​ពិធី​បុណ្យ ប៉ុន្តែ​ត្រូវ​រង់ចាំ​ការ​សម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ ជា​មុន​សិន។ សាលា​រាជធានី​ភ្នំពេញ វិញ ឲ្យ​ដឹង​ថា ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ​ចប់​សព្វគ្រប់ អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ធ្វើ​លិខិត​ជូន​ដំណឹង​ជា​ផ្លូវការ​ទៅ​គណៈកម្មការ​រៀបចំ​បុណ្យ​វិញ។

លោក សៅ កុសល អ្នក​នាំ​ពាក្យ និង​ជា​សមាជិក​គណៈកម្មការ​រៀបចំ​បុណ្យ​ខួប​គម្រប់ ១០០​ថ្ងៃ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ថា វត្ត​២ ដែល​បាន​ឆ្លើយ​តប​ឲ្យ​ប្រារព្ធ​ពិធី​បុណ្យ ១០០​ថ្ងៃ គឺ​មាន​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ និង​វត្ត​នន្ទមុនី ហៅ​វត្ត​ថាន់។ លោក​បញ្ជាក់​ថា វត្ត​ដែល​គណៈកម្មការ​បុណ្យ​ជ្រើសរើស​នោះ គឺ​សម្រេច​យក​វត្ត​ចាស់ ក្នុង​ការ​រៀបចំ​ពិធី ដោយសារ​វត្ត​នេះ​ប្រជាពលរដ្ឋ​ធ្លាប់ស្គាល់​រួច​មក​ហើយ៖ «គណៈកម្មការ​គិត​ថា ដោយសារ​វត្ត​ចាស់ ជា​កន្លែង​ធ្វើ​បុណ្យ​សព​លោក​បណ្ឌិត អ៊ីចឹង​យើង​សម្រេច​ថា សុំ​យក​វត្ត​ចាស់​វិញ ជា​កន្លែង​មួយ​ដែល​មហាជន​យើង​បាន​ដឹង​បាន​ស្គាល់​រួច​ហើយ។ អ៊ីចឹង​យើង​សម្រេច​យក​ទី​នោះ ហើយ​ឥឡូវ​នេះ​កំពុង​តែ​ពិចារណា​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ»

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា គណៈកម្មការ​រៀបចំ​បុណ្យ​ខួប​គម្រប់ ១០០​ថ្ងៃ លោក​បណ្ឌិត កែម ឡី បាន​អំពាវនាវ​រក​ទីតាំង​ធ្វើ​កម្មវិធី​ម្ដង​រួច​ហើយ បន្ទាប់​ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដាក់​បម្រាម​គ្រប់​វត្ត​មិន​អនុញ្ញាត​ឲ្យ​គណៈកម្មការ​បាន​រៀបចំ​ពិធី។

ឆ្លើយ​តប​រឿង​នេះ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាស ចាន់យ៉ាដា បញ្ជាក់​ថា ខាង​អាជ្ញាធរ​នឹង​ផ្ដល់​ដំណឹង​ជា​ផ្លូវ​ការ​ទៅ​គណៈកម្មការ​វិញ នៅ​ក្រោយ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ចប់។ ប៉ុន្តែ​លោក​នៅ​ពុំ​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ ព្រម​បើក​ភ្លើង​ខៀវ ឬ​យ៉ាង​ណា​នោះ​ទេ៖ «យើង​នឹង​ធ្វើ​លិខិត​ឆ្លើយ​តប​ជា​ផ្លូវការ​ទៅ​អ្នក​ដែល​ស្នើ​សុំ​មក​ហ្នឹង។ ប្រហែល​ជា​ភ្ជុំ​រួច​យើង​នឹង​ធ្វើ​លិខិត​ជា​ផ្លូវការ ឆ្លើយ​តប​ទៅ​វិញ»

គណៈកម្មការ​រៀបចំ​បុណ្យ​ខួប​គម្រប់ ១០០​ថ្ងៃ​លោក​បណ្ឌិត កែម ឡី ឲ្យ​ដឹង​ថា កម្មវិធី​បុណ្យ​នេះ​ចាប់​ផ្ដើម​រយៈពេល ២​ថ្ងៃ នៅ​ភ្នំពេញ គឺ​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៥ ខែ​តុលា។ នៅ​ថ្ងៃ​ទី​១៦ ចាប់​ផ្ដើម​ដង្ហែ​រូប​សំណាក​លោក​បណ្ឌិត កែម ឡី ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ទីតាំង​បញ្ចុះ​សព​នៅ​ខេត្ត​តាកែវ ហើយ​នៅ​ថ្ងៃ​ទី​១៧ គឺ​ជា​កិច្ច​បង្ហើយ​កម្មវិធី​បុណ្យ។ សេចក្ដី​ជូន​ដំណឹង​របស់​គណៈកម្មការ​ឲ្យ​ដឹង​ថា ពិធី​បុណ្យ​រយៈពេល ២​ថ្ងៃ​នៅ​ភ្នំពេញ​នេះ គឺ​មាន​តាំង​ពី​ពិព័រណ៍​រូបថត និង​ចាក់​ផ្សាយ​ឡើង​វិញ​នូវ​បទ​វិភាគ​បញ្ហា​សង្គម​របស់​លោក​បណ្ឌិត កែម ឡី។

លោក​បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា នៅ​ក្នុង​ហាង​ស្តារម៉ាត កាល់តិច (Caltex) ស្ដុប​បូកគោ។ គិត​ពី​ថ្ងៃ​បាញ់​ប្រហារ​​មក​ដល់​ពេល​នេះ ខាង​សមត្ថកិច្ច​បញ្ជាក់​ថា ពុំ​មាន​តម្រុយ​ណា​ថ្មី​ជាប់​ទាក់ទង​អំពើ​ឃាតកម្ម​នេះ​នៅ​ឡើយ​ទេ។ ម្យ៉ាង​វិញ​ទៀត ខាង​នគរបាល​ឲ្យ​ដឹង​ថា សំណុំ​រឿង​បទឧក្រិដ្ឋ​នេះ បាន​បញ្ជូន​ដល់​ដៃ​តុលាការ​រួច​ហើយ​ដែរ។

ជុំវិញ​អំពើ​ឃាតកម្ម​នេះ លោក ហ៊ុន សែន បាន​ឆ្លើយ​តប​ភ្លាមៗ​ដោយ​អះអាង​ថា ការ​ស្លាប់​លោក​បណ្ឌិត កែម ឡី អ្នក​ត្រូវ​ខាតបង់​គឺ​រដ្ឋាភិបាល។ ចំណែក​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) ដាក់​ការ​សង្ស័យ​ក្នុង​សំណុំ​រឿង​នេះ​ថា ពុំ​មែន​ជា​មនុស្ស​សាមញ្ញ​ឡើយ ដែល​ស្ថិត​នៅ​ពី​ក្រោយ​ករណី​នេះ។

លោក​បណ្ឌិត កែម ឡី មុន​ឃាតក​បាញ់​សម្លាប់​តែ​ប៉ុន្មាន​ថ្ងៃ បាន​រិះគន់​ខ្លាំងៗ តាម​រយៈ​របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ គ្លបល វីនេស ជុំវិញ​ជំនួញ​របស់​ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។