មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​តាមដាន​ពលករ​ចំណាកស្រុក

ដោយ ទីន ហ្សាការីយ៉ា
2017-12-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលការិនី ៤​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ប្រទេស​ម៉ាឡេស៊ី មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៩ សីហា ឆ្នាំ​២០១៥។
ពលការិនី ៤​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ប្រទេស​ម៉ាឡេស៊ី មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៩ សីហា ឆ្នាំ​២០១៥។
Photo: RFA

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ប្រកាស​ថា ស្ថានទូត​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ស្ថាន​កុងស៊ុល​ខ្មែរ នៅ​ប្រទេស​ចិន បាន​រៀបចំ​បញ្ជូន​ពលករ​មក​កម្ពុជា វិញ​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧។ ប៉ុន្តែ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ទាក់ទង​នឹង​ពលករ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​នេះ បាន​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​កម្ពុជា បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ និង​បង្កើត​ប្រព័ន្ធ​តាមដាន​សុវត្ថិភាព​របស់​ពលករ​ទាំង​នោះ​នៅ​ក្រៅ​ប្រទេស ដើម្បី​ងាយ​ជួយសង្គ្រោះ​ទាន់​ពេល​វេលា។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ទាក់ទង​នឹង​ពលករ​ចំណាកស្រុក​បាន​ថ្លែង​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា គួរ​បង្កើត​ប្រព័ន្ធ​តាមដាន ឬ​មាន​គណៈកម្មការ​ចម្រុះ ដើម្បី​ត្រួតពិនិត្យ និង​តាមដាន​ពលករ​កម្ពុជា ដែល​ចេញទៅ​បំពេញការងារ​នៅ​ក្រៅ​ប្រទេស ដើម្បី​ជៀស​ផុត​ពី​គ្រោះថ្នាក់​ផ្សេងៗ។

លោក ឌី ថេហូយ៉ា មន្ត្រី​កម្មវិធី​ផ្នែក​សិទ្ធិ​ពលករ​ចំណាកស្រុក នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ធ្នូ ថា ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ជូន​ដល់​ពលករ​ដែល​ធ្វើ​ចំណាកស្រុក ទាំង​ទៅ​ប្រទេស​ចិន ឬ​ប្រទេស​ម៉ាឡេស៊ី ជាដើម​នោះ គឺ​នៅ​មាន​ភាព​ចន្លោះប្រហោង ដែល​ធ្វើ​ឲ្យ​ពលករ​ធ្វើ​ចំណាកស្រុក​ទាំងនោះ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​លើក​ការ​កេងប្រវ័ញ្ច និង​ការ​ជួញដូរ៖ «នៅ​ពេល​ដែល​មានការ​កេងប្រវ័ញ្ច ការ​ជួញដូរ​ហើយ​ហានិភ័យ ឬ​បញ្ហា​ប្រឈម​ដ៏​ធំធេង​មួយទៀត​នោះ​គឺថា យន្តការ​នៃ​ការ​ជួយ​សង្គ្រោះ​ពួកគាត់​នោះ​ពិបាក ហើយ​មិន​ងាយ​បាន​ចូល​ទៅ​ដល់​ជួប​ជនរងគ្រោះ មិន​ដឹង​ថា កាត់​នៅ​ទីតាំង​ណា មាន​ទំនាក់ទំនង​យ៉ាងណា​អ៊ីចឹង ដែល​នេះ​ជា​បញ្ហា​ដែល​យើង​មើល​ឃើញ​ថា មិន​ទាន់​បាន​ប្រសើរ​នៅឡើយ​ទេ»

អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក ជុំ សុន្ទរី បាន​ប្រកាស​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ថ្មីៗ​នេះ​ថា ស្ថានទូត​កម្ពុជា នៅ​ពីរ​ប្រទេស​បាន​អន្តរាគមន៍​ជួយ​ធ្វើ​មាតុភូមិនិវត្តន៍​ដល់​ស្ត្រី​ខ្មែរ ៣​នាក់​នៅ​ប្រទេស​ចិន និង​ពលករ​ខ្មែរ ២៧​នាក់​នៅ​ប្រទេស​ម៉ាឡេស៊ី។

ក្រសួងការបរទេស​បញ្ជាក់​ថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ម៉ាឡេស៊ី ដោះស្រាយ​បញ្ហា និង​រៀបចំ​បញ្ជូន​របស់​ពលករ-ពលការិនី​ខ្មែរ ចំនួន ២៧​នាក់​ដែល​មកដល់​កម្ពុជា ក្នុង​ចន្លោះ​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧។ ចំណែក​ឯ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​ក្វាងចូ​វ និង​ប្រចាំ​ទីក្រុង​សៀងហៃ ប្រទេស​ចិន បាន​សហការ​ជាមួយ​អាជ្ញាធរមាន​សមត្ថកិច្ច​ចិន ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ ៣​នាក់ ដែល​ចាញ់បោក​មេខ្យល់​នាំទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន ហើយ​បាន​រៀបចំ​មាតុភូមិនិវត្តន៍​មកដល់​កម្ពុជា វិញ​នៅ​ថ្ងៃ​ទី​០៨ និង​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៧។

ពលការិនី​ម្នាក់​ដែល​បាន​ធ្វើ​មាតុភូមិនិវត្តន៍​កាលពី​ឆ្នាំ​២០១៦ កញ្ញា ថុនា មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ចាម បាន​ថ្លែង​ឲ្យ​ដឹង​ថា នាង​បាន​ទៅ​ធ្វើ​ការ​ជា​អ្នកបម្រើ​តាម​ផ្ទះ​តាមរយៈ​ក្រុមហ៊ុន​ឯកជន​មួយ​អស់​រយៈពេល​ប្រមាណ ១​ឆ្នាំ​កន្លះ ប៉ុន្តែ​នាង​មិន​ទទួល​បាន​កម្រៃ ឬ​ប្រាក់ខែ​ត្រឡប់មកវិញ​ឡើយ។ នាង​បាន​រត់​មក​រក​អង្គការ និង​ស្ថានទូត​ខ្មែរ នៅ​ទី​នោះ​បាន​ត្រឡប់មកវិញ​ដោយ​ខ្លួន​ទទេ​នេះ៖ «ការងារ​នៅ​តាម​ផ្ទះ​លំបាក​ដោយសារតែ​ប្រើប្រាស់​កម្លាំង​យើង​ខ្លាំង យើង​ក្រោក​ម៉ោង​៥ ហើយ​យក​ទៅ​ធ្វើការ​ចាប់ពី​ម៉ោង ៦​ព្រឹក រហូតដល់​ម៉ោង​៩​យប់ ពេលខ្លះ​ដល់​ម៉ោង ១២​យប់​ក៏​មាន។ ការងារ​នាង​ខ្ញុំ​ធ្វើ គឺ​ការងារ​ផ្ទះ បោក​ខោអាវ អ៊ុត​ខោអាវ បោស​ជូត​ផ្ទះ និង​លាង​បន្ទប់ទឹក​ជាដើម​ហ្នឹង»

នាង​បាន​ថ្លែង​ថា នាង​រាងចាល និង​ទទួល​បាន​បទពិសោធន៍​យ៉ាង​ជូរចត់​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស ដោយសារតែ​ចាញ់បោក​ក្រុមហ៊ុន​ឯកជន​ឃោសនា​ថា ទទួល​បាន​ប្រាក់ខែ ៣​រយ​ដុល្លារ​ក្នុង​មួយ​ខែ ប៉ុន្តែ​ក្រៅពី​ក្រុមហ៊ុន​កាត់​ប្រាក់ខែ​នាង​អស់ ៥​ខែ គឺ​នាង​មិនបាន​ទទួល​មួយ​រៀល​ត្រឡប់មកវិញ​ឡើយ។

លោក ឌី ថេហូយ៉ា បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា រដ្ឋាភិបាល​គួរតែ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​ពលរដ្ឋ​កម្ពុជា អំពី​សុវត្ថិភាព​នៃ​ការ​ធ្វើ​ចំណាកស្រុក​ដូច​នៅ​ប្រទេស​ចិន ជាដើម​ថា រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​មិន​ទាន់​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ពី​ការ​បញ្ជូន​ពលករ​នៅឡើយ​ទេ។ ដូច្នេះ​ហើយ​តើ​ពលរដ្ឋ​គួរ​សម្រេច​ចិត្ត​ថា គួរ​ចំណាកស្រុក​ទៅ​ប្រទេស​នោះ ឬ​មិន​គួរ ឬ​ត្រៀមលក្ខណៈ​សម្បត្តិ​អ្វីខ្លះ​ដើម្បី​ធ្វើ​ចំណាកស្រុក។

លោក​កត់សម្គាល់​ឃើញ​ថា ពលករ​ចំណាកស្រុក ឬ​រៀបការ​ទៅ​ប្រទេស​ចិន បាន​ធ្វើ​ឡើង ឬ​ឆ្លងកាត់​តាម​ប្រទេស​វៀតណាម ចំណែក​ឯ​ពលករ​ដែល​ទៅ​ប្រទេស​ម៉ាឡេស៊ី វិញ​គឺ​ឆ្លងកាត់​តាម​ប្រទេស​ថៃ ទាំង​ពលករ​ធ្វើការ​នៅផ្ទះ ឬ​ពលករ​ផ្សេងៗ​ទៀត ហើយ​បញ្ហា​នេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​គួរ​មាន​វិធានការ​តឹងរ៉ឹង៖ «ស្ថាប័នរដ្ឋ​គួរតែ​ចាត់វិធានការ​ចំពោះ​មេខ្យល់​ក្ដី ឬ​ក្រុមហ៊ុន​ទុច្ចរិត​ទាំងឡាយ​ណា​ដែល​បញ្ជូន​ពលករ​ទៅ​ក្រៅ​ប្រទេស​ដោយ​មិនបាន​គោរព​សិទ្ធិ​ការងារ ឬ​មិនបាន​គោរព​សិទ្ធិមនុស្ស​ជាដើម ត្រូវ​តាមដាន ហើយ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់ ហើយ​កុំ​បណ្ដោយ​ឲ្យ​មេខ្យល់ ឬ​ជន​ទុច្ចរិត ក៏ដូចជា​ក្រុមហ៊ុន​មួយ​ចំនួន​នោះ ចេះតែ​បញ្ជូន​ទៅ​ដោយ​មិនបាន​ធានា​ដល់​សុវត្ថិភាព​ដល់​ពលករ ពល​ការិនី​កម្ពុជា​យើង​នោះ»

លោក​ថ្លែង​ទៀត​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ធ្វើ​ប្រព័ន្ធ​ទិន្នន័យ​ដើម្បី​គ្រប់គ្រង​ពលករ​ចំណាកស្រុក ហើយ​មាន​ប្រព័ន្ធ ឬ​របៀប​ការងារ​ដើម្បី​តាមដាន​មើល​ស្ថានភាព​ពលករ និង​ជួយសង្គ្រោះ​ពេល​ពលករ​ត្រូវការ​ជំនួយ​សង្គ្រោះបន្ទាន់​ណាមួយ​នោះ ហើយ​ពលករ​មិន​គួរ​ត្រូវ​បាន​ម្ចាស់​ឈ្នួល ឬ​ក្រុមហ៊ុន​ដកហូត​ឯកសារ​ផ្ទាល់ខ្លួន​ណាមួយ​ទេ។

លោក​អង្កេត​ឃើញ​ដែរ​ថា ពលករ​ដែល​ធ្វើ​ចំណាកស្រុក​រក​ការងារ​នៅ​ក្រៅ​ប្រទេស​គួរ​ទទួល​ការ​បណ្ដុះបណ្ដាល​ជា​មុន​សិន ដូចជា​ភាសា​ប្រទេស​ដែល​គ្រោង​ធ្វើ​ចំណាកស្រុក​ទៅ វប្បធម៌​របៀប ប្រពៃណី រស់នៅ​របស់​ប្រទេស​នោះ​ជាដើម ព្រោះថា ស្ត្រី​ដែល​រង​ការ​ធ្វើ​បាប ឬ​រំលោភបំពាន​ពី​ថៅកែ ភាគច្រើន​មិន​ចេះ​ភាសា​របស់​ប្រទេស​នោះ​ទេ។

សេចក្ដីជូនដំណឹង​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចេញផ្សាយ​កាល​ដើម​ឆ្នាំ​២០១៧ បាន​បង្ហាញ​ថា គិត​ពី​ថ្ងៃ​ទី​១ ខែ​មករា ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ក្នុង​ឆ្នាំ​២០១៦ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ មាន​ស្ថានទូត និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​នៅ​ក្រៅ​ប្រទេស​បាន​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ពលករ​-​ពល​ការិនី និង​ស្ត្រី​ខ្មែរ ដែល​រងគ្រោះ​ដោយ​ការ​ធ្វើ​បាប​ពី​ថៅកែ ការ​ជួញដូរ និង​ផល​លំបាក​ក្នុង​ការងារ ឲ្យ​បាន​ត្រលប់​មកកាន់​គេហដ្ឋាន​ពួកគេ​វិញ បាន​ចំនួន ៨១៦​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល