គ្រោះថ្នាក់ចរាចរណ៍ ក្នុងពិធីបុណ្យចូលឆ្នាំចិន គិតត្រឹមថ្ងៃទី២៥ ដល់ថ្ងៃទី២៦ មករានេះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ២៣នាក់ និងរបួស ៣៤នាក់។
គ្រោះថ្នាក់ចរាចរណ៍រយៈពេលពីរថ្ងៃនេះ មានចំនួន ៣៥លើកនៅទូទាំងប្រទេស ហើយមូលហេតុ ដែលកើតឡើងច្រើនជាងគេនោះគឺ ដោយសារការបើកបរក្នុងល្បឿនលឿនលើសច្បាប់កំណត់ បើកបរមិនគោរពសិទ្ធិ មិនប្រកាន់ស្ដាំ បើកបរប្រជែង បត់ឆ្វេងស្ដាំ មិនប្រុងប្រយ័ត្ន និងបើកបរទាំងស្ថានភាពស្រវឹងជាដើម។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី២១ មករា ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅរាជធានីភ្នំពេញ ចាត់ទុកគ្រោះថ្នាក់ចរាចរណ៍ថា ដល់កម្រិតប្រកាសអាសន្នហើយ ពីព្រោះថា រយៈពេល ១ឆ្នាំចុងក្រោយនេះ អ្នកស្លាប់ និងរបួស បានកើនឡើងដល់ទៅ ៤១ភាគរយ។ លោក សរ ខេង បានបង្ហាញរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០១៩ កន្លងទៅ បណ្ដាលឲ្យមនុស្សជិត ២ពាន់ ១.៩៨១នាក់ ដែលចំនួននេះកើនឡើង ២២០នាក់ ស្មើនឹង ១២%។ រីឯអ្នករបួសវិញ មានជាង ៦ពាន់នាក់ ៦.១៤១ កើនឡើង ១.៣៧១នាក់ ស្មើ ២៩% បើធៀបនឹងឆ្នាំ២០១៨ កន្លងទៅ៖ « ខ្ញុំគិតថា តួលេខនេះជាតួលេខមួយ ដែលយើងទាំងអស់គ្នាត្រូវតែប្រកាសអាសន្ន ហើយសមត្ថកិច្ចពាក់ព័ន្ធទាំងអស់មិនថា ផ្នែកណាទេ ត្រូវតែប្រកាសអាសន្ន ហើយពេលហ្នឹង ព្រោះវាឡើងច្រើនពេក»។
ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីចូលឆ្នាំចិនកាលពីឆ្នាំ២០១៩ របាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានបង្ហាញថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិនរយៈពេល ៤ថ្ងៃ កាលពីឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងចំនួន៦៧លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៣៦នាក់ និងរបួស ៨៩នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។