ពលរដ្ឋ​ថា​នៅ​តែ​នឹក​បណ្ឌិត កែម ឡី ទោះ​បី​ជា​ពន្លឺ​យុត្តិធម៌​ហាក់​នៅ​ឆ្ងាយ

ដោយ យាង សុជាមេត្តា
2016.11.10
ម្ដាយ កែម ឡី ២០១៦ ៦២២ ម្ដាយ​របស់​បណ្ឌិត កែម ឡី លោកស្រី ភោគ សេ ជជែក​ជាមួយ​លោក ឃួន សេរីវុធ ដែល​មក​គោរព​វិញ្ញាណក្ខន្ធ​កូន​ប្រុស​របស់​គាត់​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២៧ កញ្ញា ឆ្នាំ​២០១៦។
RFA

គិត​មក​ទល់​នឹង​ថ្ងៃ​ទី​១០ វិច្ឆិកា គឺ​មាន​រយៈពេល ៤​ខែ​គត់​ដែល​បណ្ឌិត កែម ឡី អ្នក​វិភាគ​ដ៏​ល្បីល្បាញ​ត្រូវ​បាន​ឃាតក​បាញ់​ប្រហារ​យ៉ាង​ឃោរឃៅ​នៅ​ចំ​កណ្ដាល​រាជធានី​ភ្នំពេញ។ ក្នុង​រយៈពេល ៤​ខែ​នេះ ពលរដ្ឋ​នៅ​តែ​នឹក​ដល់​លោក បើ​ទោះ​ជា​ពន្លឺ​នៃ​យុត្តិធម៌​សម្រាប់​បណ្ឌិត កែម ឡី ហាក់​នៅ​ឆ្ងាយ​ក្តី។

នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា ចំ​ថ្ងៃ​ដែល​បណ្ឌិត កែម ឡី ដែល​កាល​ពី ៤​ខែ​មុន​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់ ពលរដ្ឋ​ដែល​គោរព​ស្រឡាញ់​លោក នៅ​តែ​បន្ត​បង្ហោះ​រូបភាព​លោក​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ពួក​គេ ខ្លះ​សរសេរ​បញ្ចេញ​មតិ ហើយ​ខ្លះ​តែង​កំណាព្យ​ដង្ហោយ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី និង​ក្រុម​គ្រួសារ​របស់​លោក។

ចំណែក​ពលរដ្ឋ​មួយ​ចំនួន​ដែល​ប្រកប​របរ​រក​ស៊ី​នៅ​ក្បែរ​ហាង​ស្ដារ​ម៉ាត​កាល់តិច (Caltex) ក្បែរ​ស្តុប​បូកគោ ទី​ដែល​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នោះ និយាយ​ថា ពួក​គេ​នៅ​តែ​ចងចាំ​បណ្ឌិត កែម ឡី។ ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​ទាំងនោះ​មិន​ហ៊ាន​ឲ្យ​អាស៊ីសេរី សម្ភាស ថត​សំឡេង ឬ​បញ្ចេញ​ឈ្មោះ​ឡើយ ដោយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន និង​ការ​លាប​ពណ៌​ពី​អ្នក​ដទៃ។

បុរស​រត់​ម៉ូតូ​កង់​បី​ម្នាក់​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា ថា កាល​ពី​ពេល​បណ្ឌិត កែម ឡី នៅ​មាន​ជីវិត លោក​តែង​ឃើញ​បណ្ឌិត កែម ឡី ដើរ​កាត់​កន្លែង​លោក​ពី​ផ្ទះ​របស់​គាត់​នៅ​ផ្សារ​បឹងកេងកង មក​កាន់​ហាង​លក់​ទំនិញ​ស្ដារ​ម៉ាត​កាល់តិច នៅ​ស្តុប​បូកគោ។ លោក​ថា ពេល​ខ្លះ​លោក​ថែម​ទាំង​បាន​និយាយ​លេង​ជាមួយ​បណ្ឌិត កែម ឡី ទៀត​ផង។ លោក​ថា លោក​មិន​ភ្លេច​បណ្ឌិត កែម ឡី ឡើយ។

នៅ​ពេល​សួរ​ពី​យុត្តិធម៌​សម្រាប់​បណ្ឌិត កែម ឡី វិញ បុរស​រូប​នេះ​និយាយ​ថា លោក​ហាក់​មិន​សង្ឃឹម​ឡើយ។ ទោះ​ជា​យ៉ាង​ណា លោក​ថា​សម្រាប់​បុគ្គល​ដែល​ប្រព្រឹត្ត​ទង្វើ​អាក្រក់​លើ​មនុស្ស​ល្អ​ដូច​បណ្ឌិត កែម ឡី លោក​មាន​ជំនឿ​ថា នៅ​ទី​បញ្ចប់ ព្រហ្ម​លិខិត​នឹង​ដាក់​ទោស​ទណ្ឌ​ពួក​គេ​ជា​មិន​ខាន​ឡើយ។

លោក​បន្ត​ថា តាម​ចិត្ត​លោក លោក​ចង់​ឲ្យ​គេ​ធ្វើ​កន្លែង​បូជា​មួយ​សម្រាប់​បណ្ឌិត កែម ឡី នៅ​ក្បែរ​កន្លែង​ដែល​គាត់​ត្រូវ​បាន​បាញ់​ប្រហារ​នោះ ដើម្បី​ឲ្យ​ពលរដ្ឋ​ចូល​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី និង​ដើម្បី​ឲ្យ​ពលរដ្ឋ​ចងចាំ​ថា គឺ​នៅ​ទីនោះ​ហើយ​ដែល​បណ្ឌិត កែម ឡី ត្រូវ​បាន​គេ​ផ្តាច់​ផ្តិល​ជីវិត។

ដោយឡែក​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឈ្មោះ Chorvy Khat បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​អម​ដោយ​រូបភាព​បណ្ឌិត កែម ឡី ដែល​កំពុង​អង្គុយ​ញញឹម​ថា ខ្ញុំ​នឹក​លោក​បណ្ឌិត ទោះ​ដឹង​ថា​យុត្តិធម៌​ឆ្ងាយ​ដូច​ជើង​មេឃ​ក៏​នៅ​តែ​ចាំ។ ចំណែក​ម្ចាស់​ហ្វេសប៊ុក​មួយ​រូប​ទៀត​ឈ្មោះ អ្នក​ឃ្លាំ​មើល​អាណាចក្រ កមេ បាន​បង្ហោះ​រូបភាព​បណ្ឌិត កែម ឡី ដែល​កំពុង​អង្គុយ​ជាមួយ​ភរិយា​លោក គឺ​លោកស្រី ប៊ូ រចនា ហើយ​សរសេរ​ថា ដើម្បី​រក​យុត្តិធម៌​ឲ្យ​បណ្ឌិត កែម ឡី ២០​ឆ្នាំ​ទៀត ក៏​មិន​ហួស​ដែរ។

ជុំវិញ​រឿង​ស្វែងរក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី នេះ គ្រួសារ​បណ្ឌិត កែម ឡី និង​អ្នក​គោរព​ស្រឡាញ់​លោក គ្រោង​ហែ​ញត្តិ​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​នៅ​ពេល​ខាង​មុខ ដើម្បី​ជំរុញ​ឲ្យ​ស្ថាប័ន​ទាំងនោះ ជួយ​ស្វែងរក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី។ ស្ថាប័ន​ទាំងនោះ​មាន​ដូចជា សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្រសួង​យុត្តិធម៌ និង​ស្ថានទូត​បរទេស​នានា។

គ្រួសារ​បណ្ឌិត កែម ឡី ឲ្យ​អាស៊ីសេរី ដឹង​ថា ពួក​គាត់​ពុំ​អាច​អត់ទ្រាំ​រង់ចាំ​យុត្តិធម៌ ដែល​កប់​បាត់​អស់​ពេល​ជាច្រើន​ខែ​មក​ហើយ​នេះ​បាន​ត​ទៅ​ទៀត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។