ទណ្ឌិត​៤​នាក់​ត្រូវ​បាន​ស្នើ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​​បុណ្យ​ចូលឆ្នាំ​ខ្មែរ

ដោយ អ៊ុង សេរីវុទ្ធ
2017-03-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ទោស​ដេក​រង់ចាំ​តុលាការ​បើក​សវនាការ​នៅ​សាលា​ដំបូង​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៥។
អ្នក​ទោស​ដេក​រង់ចាំ​តុលាការ​បើក​សវនាការ​នៅ​សាលា​ដំបូង​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Brach Chev

នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​​ខាង​មុខ​នេះ មាន​ទណ្ឌិត​​៤​នាក់​ ដែល​នឹង​ត្រូវ​ក្រសួង​យុត្តិធម៌​ស្នើ​ទៅ​ប្រមុខ​រដ្ឋាភិបាល​ពិនិត្យ​សម្រេច ដើម្បី​ស្នើ​ព្រះរាជទាន​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ ខណៈ​ជាង​៧០​នាក់​នឹងត្រូវ​ស្នើ​បន្ធូរបន្ថយ​ទោស។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី៣១ មីនា ថា ទណ្ឌិត​ជាង​៧០​នាក់ ដែល​ត្រូវ​ស្នើ​លើកលែង និង​បន្ធូរបន្ថយ​ទោស​នៅ​ពេល​នេះ ត្រូវ​បាន​គណៈកម្មការ​ជាតិ​សម្រេច​ជ្រើស​រើស​ចេញ​ពី​ទណ្ឌិត​ជិត​៤០០​នាក់ ដែល​ខាង​ពន្ធនាគារ​ស្នើ​សុំ​មក។

យ៉ាងណាក៏ដោយ លោក គឹម សន្តិភាព ឲ្យ​ដឹង​ថា ការ​ស្នើ​លើកលែង​ទោស​នេះ ពុំ​កំណត់​ថា​​អ្នក​នោះ​ជា​មន្ត្រី​សង្គម​ស៊ីវិល ឬ​មន្ត្រី​គណបក្ស​នយោបាយ​នោះ​ទេ។ ​លោក​បញ្ជាក់​ថា សំខាន់​អ្នក​ទោស​ទាំង​នោះ មាន​សាលក្រម​ស្ថាពរ និង​វាយ​តម្លៃ​ថា​បាន​អប់រំ​កែប្រែ ហើយ​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ចំនួន​ពីរ​ភាគ​បី​នៃ​ទោស៖ «ខ្ញុំ​មិន​បាន​ដឹង​សាវតា​ជាតិ​របស់​ទណ្ឌិត​ទាំង​នោះ​ទេ! ព្រោះ​គណៈកម្មការ​ពិនិត្យ​លើ​ប្រភេទ​នៃ​បទ​ល្មើស ហើយ​ខ្ញុំ​មិន​បាន​មើល​ថា​តើ​ក្នុង​នោះ​មាន​សង្គម​ស៊ីវិល ឬ​គ្មាន​ទេ។ យើង​យក​ទណ្ឌិត​មក​ទាំង​អស់​ហ្នឹង ជា​និន្នាការ​គណបក្ស​នយោបាយ​ៗណា ព្រោះ​គ្មាន​ការ​កំណត់​ក្នុង​សាលក្រម​និង​សាលដីកា​ទេ»។

ក្នុង​មួយ​ឆ្នាំ ​ព្រះមហាក្សត្រ​ព្រះរាជប្រទាន​លើកលែង​ទោសទណ្ឌិត​ចំនួន​​​៣​លើក គឺ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ បុណ្យ​វិសាខបូជា និង​ព្រះរាជ​ពិធី​បុណ្យអុំទូក។ ការ​ស្នើ​សុំ​លើក​លែង​ទោស​ត្រូវ​បាន​រឹត​បន្តឹង​ ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់​ការ​ដោះលែង​ទណ្ឌិត​ថា ភាគ​ច្រើន​នៃ​ជនល្មើស​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​បាន ជា​មុខ​សញ្ញា​ចាស់​ទើប​ចេញ​ពី​ពន្ធនាគារ​តាមរយៈ​ការ​លើកលែង​ទោស។

បច្ចុប្បន្ន​អ្នក​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​​ទូទាំង​ប្រទេស​មាន​ចំនួន​ជាង ២​ម៉ឺន ៤​ពាន់​នាក់ ​នៅ​ក្នុង​ពន្ធនាគារ​រាជធានី​ខេត្ត១៧ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល