ប៉ូលិស​ម៉ាឡេស៊ី នឹង​សម្ភាសន៍​ជនរងគ្រោះ​៤៧​នាក់​ដែល​រង​ការ​ជាប់​ឃុំ​នៅ​កម្ពុជា

ដោយ ម៉ៅ សុធានី
2019-02-22
Share
ជនជាតិ ម៉ាឡេស៊ី ល្បែង​អនឡាញ ៦២២ ជនជាតិ​ម៉ាឡេស៊ី​ជួបជុំគ្នា​ថតរូប​នៅ​មុខ​ពន្ធនាគារ​ក្រោយពី​ចេញ​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ ឆ្នាំ​២០១៩។
Photo courtesy of Malaysia Embassy in Phnom Penh

ប៉ូលិស​ម៉ាឡេស៊ី នឹង​សម្ភាស​ផ្ទាល់​ជាមួយ​ជនរងគ្រោះ​ជនជាតិ​របស់​ខ្លួន​ចំនួន ៤៧​នាក់ បន្ទាប់ពី​បាន​ដោះលែង​ចេញពី​មន្ទីរ​ឃុំឃាំង ក្នុង​ប្រទេស​កម្ពុជា។

អគ្គនាយករង​នៃ​ការិយាល័យ​ស៊ើបអង្កេត​ប៉ូលិស​ម៉ាឡេស៊ី លោក តាន់ ស្រីនរ រ៉ាស៊ីដ អ៊ីប្រាហាម (Tan Sri Noor Rashid Ibrahim) ត្រូវ​បាន​ប្រភព​ព័ត៌មាន​អ៊ីនធឺណិត ឈ្មោះ The Star ដកស្រង់​សម្ដី​ថា ប៉ូលិស​ទុក​ពេល​ឱ្យ​ពួកគេ​បាន​សម្រាក​ជួបជុំ​ក្រុម​គ្រួសារ​បន្តិច​សិន ហើយ​បន្ទាប់មក​នឹង​ជួប​សាកសួរ​ពួកគេ​ផ្ទាល់​អំពី​ថា តើ​ហេតុអ្វី​បាន​ជា​ធ្វើដំណើរ ទៅ​ប្រទេស​កម្ពុជា ហើយ​ពួកគេ​ទទួល​បាន​ការ​សន្យា​អ្វីខ្លះ?

កាលពី​ថ្ងៃទី១៩ ខែ​កុម្ភៈ នាយកដ្ឋាន​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ម៉ាឡេស៊ី បាន​ឱ្យ​អ្នកសារព័ត៌មាន​ដឹងថា ស្ថាប័ន​មួយ​នេះ​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ ពាក់ព័ន្ធ​នឹង​ការ​បោក​បញ្ឆោត​ជនជាតិ​ម៉ាឡេស៊ី​៤៧​នាក់ ទៅ​ធ្វើ​ការ​នៅ​កម្ពុជា​នោះ​ហើយ។ បច្ចុប្បន្ន​ស្ថាប័ន​នេះ​ក៏​កំពុង​ស្វែងរក​ចាប់ខ្លួន​ជនជាប់សង្ស័យ​រូប​នោះ។

ជនជាតិ​ម៉ាឡេស៊ី​ទាំង ៤៧​នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា ឃាត់ខ្លួន​នៅ​ប៉ោយប៉ែត កាលពី​ថ្ងៃ​ទី ១១ ខែ​ធ្នូ ឆ្នាំ ២០១៨ ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ល្បែងភ្នាល់ តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក សិទ្ធ ឡោះ ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​២០​កុម្ភៈ​ថា ជនជាតិ​ម៉ាឡេស៊ី​ទាំងនោះ បាន​លួច​បើក​បន​ល្បែងស៊ីសង តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ខុសច្បាប់ នៅ​ក្រុង​ប៉ោយប៉ែត ហើយ​ក្នុង​នោះ​មាន​ប្រមាណ​៦​នាក់ បាន​ចូល​មក​ធ្វើការ​ងារ​នៅ​កម្ពុជា​គ្មាន​លិខិតឆ្លងដែន។ ក៏ប៉ុន្តែ​សមត្ថកិច្ច​ម៉ាឡេស៊ី អះអាង​ថា ពួកគេ​អាច​ជា​ជនរងគ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស​ដោយ​សន្យា​ថា នឹង​ទទួល​បាន​ប្រាក់ខែ​ខ្ពស់។ ចំណែក​សមត្ថកិច្ច​កម្ពុជា​ក៏​រង់ចាំ​ព័ត៌មាន​ពី​សមត្ថកិច្ច​ម៉ាឡេស៊ី ដើម្បី​ស៊ើបអង្កេត​ករណី​ជនជាតិ​ម៉ាឡេស៊ី​ទាំង ៤៧​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល