មន្ត្រី​ថា មាន​ជនរងគ្រោះ​ស្លាប់​ដោយសារ​រន្ទះបាញ់​ជិត​ ៦០​នាក់​ក្នុង​រយៈពេល​ ៦ខែ ឆ្នាំ​២០១៩

ដោយ ជាតិ ចំណាន
2019-06-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបភាព​រន្ទះ​បាញ់
រូបភាព​រន្ទះ​បាញ់
Photo courtesy of wikipedia.org

មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា យ៉ាងហោចណាស់​ក៏​មាន​ជនរងគ្រោះ​រន្ទះបាញ់ ចំនួន ៥៩​នាក់​ស្លាប់ និង​​សត្វ​​គោ​ក្របី​ ៨០​ក្បាល​​ងាប់ ​កើតឡើង​ក្នុង​រយៈពេល ​៦​ខែ​ដើម​​ឆ្នាំ២០១៩​នេះ។ អ្នកនាំពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី បាន​ប្រាប់​ការ​សែត​ក្នុងស្រុក​ថា គ្រោះ​ថ្នាក់​នេះ​ដោយសារតែ កសិករ​ចាប់ផ្ដើម​រៀបចំ​ភ្ជួរ​រាស់​ដី ដើម្បី​ដាំ​ដំណាំ​របស់​ពួកគាត់​នៅ​រដូវវស្សា។ លោក​បន្ថែម​ថា ការងារ​ដាំ​ដុះ​ក្នុង​ពេល​មាន​ភ្លៀង​ធ្លាក់​មាន​ហានិភ័យ​ខ្ពស់ ដែល​ងាយ​រងគ្រោះ​ដោយសារ​រន្ទះបាញ់។ មន្ត្រី​ធ្លាប់​ពន្យល់​ថា ដើម្បី​ជៀស​ផុត​ពី​បាតុភូត​រន្ទះ​នេះ កសិករ គប្បី​ចាក​ចេញពី​វាលស្រែ​ឱ្យ​ឆ្ងាយ​ពី​ប្រភព​ទឹក និង​កុំ​ជ្រក​ក្រោម​ដើមឈើ​ខ្ពស់ៗ។ នៅ​ពេល​ភ្លៀង​ធ្លាក់​កសិករ មិន​ត្រូវ​នៅ​ផ្គុំ​គ្នា​ច្រើន​ក្នុង​ទី​តែមួយ​ ត្រូវ​ចាកចេញ​ឱ្យ​ឆ្ងាយ​ពី​ឧបករណ៍​​ទាំង​ឡាយ ​ដែល​​មាន​​ជាតិ​​លោហៈ ឬ​ដែក ដូចជា កាំបិត ពូថៅ ញញួរ ចបជីក ចង្កូត​រថយន្ត​ ដែល​គ្មាន​កៅស៊ូ​ស្រោប​ពីលើ​ជាដើម។

មន្ត្រី​បន្ត​ថា នៅ​ពេល​មាន​ផ្លេកបន្ទោរ​ចាំង​មក​លើ​កន្លែង​យើង​កំពុង​នៅ​ក្នុង​នោះ ត្រូវ​រួសរាន់​ប្រញាប់​អង្គុយ​លុតជង្គង់​ចុះ​ភ្លាម ដាក់​ដងខ្លួន​បែប​ចំអើត​បន្តិច។ ពេល​អង្គុយ​នោះ ត្រូវ​យក​ចុង​ម្រាមជើង​ចុច​ដី ហើយ​យក​កែងជើង​ទាំង ២​ទល់​គ្នា ឯ​ដៃ​ខ្ទប់​ត្រចៀក។ ការ​អង្គុយ​ចុះ​បែបនេះ គឺ​បញ្ចៀស​បន្ទុក​អគ្គិសនី​របស់​រន្ទះ​នោះ​មិន​ឱ្យ​ឆ្លងកាត់​បេះដូង​មនុស្ស​បាន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល