សមត្ថកិច្ច​បញ្ជូន​ចិន​ ៦៣​នាក់​ទៅ​ប្រទេស​វិញ​ករណី​រស់​នៅ​ខុសច្បាប់​និង​ប្រព្រឹត្តិ​បទល្មើស​បច្ចេកវិទ្យា

ដោយ ទីន ហ្សាការីយ៉ា
2019.06.26
ចិន ជាប់​ជំរិត តាម​អនឡាញ ២០១៥ ៦២២ ជនជាតិ​ចិន ដែល​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​សង្ស័យ​ពី​បទ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប នា​កន្លែង​ស្នាក់នៅ ស្ថិត​ក្នុង​សង្កាត់៣ ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៥។
Photo: RFA

សមត្ថកិច្ច ចាប់ខ្លួន​ជនជាតិ​ចិន ចំនួន​៦៣​នាក់ ស្នាក់នៅ​ខេត្ត​ព្រះសីហនុ ខុសច្បាប់ និង​ប្រព្រឹត្តិ​បទល្មើស​ឆបោក តាម​ប្រព័ន្ធ​បច្ចេកវិទ្យា បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ​។ សង្គម​ស៊ីវិល​គាំទ្រ​ចំណាត់ការ​នេះ តែ​ជំរុញ​ឱ្យ​អនុវត្ត​ច្បាប់​ឱ្យ​តឹងរ៉ឹង លើ​ជនបរទេស ដើម្បី​ស្ដារ​ស្ថានភាព​ខេត្ត​ព្រះសីហនុ ដែល​កំពុង​រង​ការ​រិះគន់​ថា មាន​ភាព​អនាធិបតេយ្យ​ដោយសារ​ជនជាតិ​ចិន។

សមត្ថកិច្ច បាន​បញ្ជូន​ជនជាតិ​ចិន ចំនួន​៦៣​នាក់ ចេញពី​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី២៦ មិថុនា តាម​ច្រក​ព្រលាន​យន្តហោះ​ខេត្ត​ព្រះសីហនុ។ ជនជាតិ​ចិន​ទាំង​៦៣​នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​ថា ពាក់ព័ន្ធ​បទល្មើស ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ ឬ​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) ពី​ប្រទេស​កម្ពុជា។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ បដិសេធ​ផ្ដល់​បទសម្ភាសន៍ ដោយ​ប្រាប់​ថា ជា​ការងារ​ខាង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ គឺ​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក កែវ វណ្ណថន និង​អនុប្រធាន​នាយកដ្ឋាន​រដ្ឋបាល លោក អាត់ បូនី បានទេ ដោយសារ មិន​លើក​ទូរស័ព្ទ។

ទោះយ៉ាង​ណា អនុប្រធាន​ទីស្នាក់ការ​ត្រៀម​បណ្ដេញ​ចេញ​ប្រចាំ​ខេត្ត​ព្រះសីហនុ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឆាយ ប៊ុណ្ណា ប្រាប់​សារព័ត៌មាន​ក្នុងស្រុក (​ទូរទស្សន៍ PNN) ថា ជនជាតិ​ចិន​ទាំង​៦៣​នាក់ ដែល​ត្រូវ​បណ្ដេញ​ចេញ មាន​ប្រុស ៥០នាក់ ស្រី ១៣នាក់​។ ពួកគេ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ដោយសារ​សង្ស័យ បាន​ប្រព្រឹត្តិ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ពី​ប្រទេស​កម្ពុជា ហើយ​បាន​ឆបោក​ជនជាតិ​ចិន នៅ​ប្រទេស​ចិន។ លោក​ប្រាប់​ថា សមត្ថកិច្ច​បាន​សហការ​ជាមួយ​ប៉ូលិស​ចិន ដើម្បី​ចាប់ខ្លួន​ជនជាតិ​ចិន​ទាំងនេះ ហើយ​កាលពី​ថ្ងៃ​ទី​២៥ មិថុនា សមត្ថកិច្ច បាន​បញ្ជូន​ជនជាតិ​ចិន ៥​នាក់ នៅ​ខេត្ត​ព្រះសីហនុ ចេញពី​កម្ពុជា ក្នុង​ករណី​សង្ស័យ​បទ​ចោទ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដូចគ្នា​។ ដូច្នេះ សម្រាប់​ការ​ចាប់ខ្លួន​ជនជាតិ​ចិន បណ្ដេញ​ចេញពី​ខេត្ត​ព្រះសីហនុ ក្នុង​រយៈពេល​២​ថ្ងៃ មាន​ចំនួន ៦៨​នាក់។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​ព្រះសីហនុ លោក ស្រេង វ៉ាន់លី យល់ថា ជា ការ​ល្អ​ដែល​អាជ្ញាធរ​រក​ឃើញ​ជនជាតិ​ចិន ប្រព្រឹត្តិ​បទល្មើស និង​ចាប់ខ្លួន​ជន​ជាតិ​ចិន​ទាំងនោះ​។ ប៉ុន្តែ លោក​ចង់​ឱ្យ​ជនល្មើស​ទាំងនោះ​អនុវត្ត​ទោស​នៅ​កម្ពុជា​សិន មុន​នឹង​ចាប់​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ។

លោក​សង្កេត​ឃើញ​ថា អាជ្ញាធរ​តែង​ចាប់​បាន​ក្រុម​ជនជាតិ​ទាំង​ក្រុមៗ ច្រើន​លើក​ច្រើន​សា ហើយ​នៅ​ខេត្ត​ព្រះសីហនុ ហើយ​បញ្ជូន​ទៅ​អនុវត្ត​ទោស​នៅ​ប្រទេស​ចិន ប៉ុន្តែ​ករណី​នេះ ហាក់​មិន​ថមថយ និង​មាន​ជនជាតិ​ចិន​កាន់តែ​ច្រើន​ឡើង បាន​មក​ប្រព្រឹត្តិ​បទល្មើស​នៅ​ខេត្ត​ព្រះសីហនុ។

តំណាង​សង្គម​ស៊ីវិល​រូប​នេះ យល់ថា ដើម្បី​កាត់បន្ថយ​ស្ថានភាព​បទល្មើស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះសីហនុ សមត្ថកិច្ច ត្រូវ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​ទីតាំង​ជនជាតិ​ចិន កំពុង​ធ្វើ​សកម្មភាព​រកស៊ី ឬ​បើក​បន​ល្បែង កាស៊ីណូ សណ្ឋាគារ ឱ្យ​បាន​ញឹកញាប់ និង​ត្រូវ​កាត់បន្ថយ​លំហូរ​ចូល នៃ​ជន​ជាតិ​ចិន​ណា ដែល​ចូល​មក​កម្ពុជា ក្នុង​លក្ខណៈ​មិន​ច្បាស់លាស់ ឬ​ក្នុង​បំណង​មក​ដណ្ដើម​ការងារ​ពលរដ្ឋ ឬ​អុកឡុក ខេត្ត​ព្រះសីហនុ៖ «ពីព្រោះ​យើង​ឃើញ​ថា រាល់​ការប្រព្រឹត្តិ​បទល្មើស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ច្រើន​ករណី នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ច្រើន គឺជា​រក​ឃើញ​ដោយ​ប៉ូលិស​របស់​ចិន ដែល​គាត់​បាន​រក​ឃើញ ហើយ​គាត់​សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា ដើម្បី​ធ្វើ​ការ​ចុះ​ឃាត់ខ្លួន ចាប់ខ្លួន និង​បញ្ជូន​ទៅ​ប្រទេស​ចិន ច្រើន​លើក​មក​ហើយ នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ»

របាយការណ៍​របស់​សមត្ថកិច្ច បង្ហាញ​ថា ជនជាតិ​ចិន គឺជា​ជនបរទេស ដែល​បង្ក​បទល្មើស​ច្រើន​ជាងគេ នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​នៅ​ខេត្ត​ព្រះសីហនុ​។ ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០១៩ គិត​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ ២០១៨ ដល់​ថ្ងៃ​ទី​១៩ ខែ មីនា ឆ្នាំ ២០១៩ សមត្ថកិច្ច ចាប់​បាន​ជនជាតិ​ចិន​ចំនួន ២៤១ នាក់ ក្រោម​បទល្មើស​ផ្សេងៗ ខណៈ​ជនជាតិ​វៀតណាម ចាប់ខ្លួន ចំនួន ៤៩​នាក់។

បទឧក្រិដ្ឋ ដែល​ជនជាតិ​ចិន ប្រព្រឹត្តិ​នៅ​ខេត្ត​ព្រះសីហនុ ក្នុង​ឆ្នាំ​២០១៩ មាន​ទ្រង់ទ្រាយ​ធ្ងន់ធ្ងរ ដូចជា ការ​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត បើកឡាន ដេញ​បុក​គ្នា​ពេលយប់ បើក​កន្លែង​ពេស្យាចារ និង​ការ​ប្រមូល​គ្នា ជា​ក្រុម ដេញ​វាយ ដេញ​កាប់​គ្នា តាម​ផ្លូវ​ក្នុង​ក្រុងព្រះសីហនុ ជាដើម​។ បទឧក្រិដ្ឋ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ គឺ​កាល​ពី​ដើម​ខែ​ឧសភា ជនជាតិ​ចិន បាន ប្រើ​កាំភ្លើងខ្លី បាញ់សម្លាប់ ជន​ជាតិ​ចិន​ដូចគ្នា នៅ​ខេត្ត​ព្រះសីហនុ ហើយ​គេច​ខ្លួន​បាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។