ធនាគារ​អភិវឌ្ឍន៍​អាស៊ី​មិន​បន្ត​ផ្តល់​ប្រាក់​កម្ចី​ដើម្បី​ជួសជុល​ផ្លូវ​ដែក​នៅ​កម្ពុជា

ដោយ កែវ និមល
2015-03-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ខ្សែ​រថភ្លើង​ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ស្រុក​ទូកមាស ខេត្ត​កំពត ក្នុង​ពេល​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១០។
ខ្សែ​រថភ្លើង​ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ស្រុក​ទូកមាស ខេត្ត​កំពត ក្នុង​ពេល​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១០។
RFA/Mom Sophon

ការ​ជួសជុល​ផ្លូវ​ដែក​នៅ​កម្ពុជា បាន​សម្រេច​តែ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ប៉ុណ្ណោះ ចំណែក​ផ្លូវ​ដែក​ភាគ​ខាង​ជើង​ប្រទេស មិន​ទាន់​ជួសជុល​បាន​សម្រេច​ទាំង​ស្រុង​នៅ​ឡើយ​ទេ។ កន្លង​មក ធនាគារ​អភិវឌ្ឍន៍​អាស៊ី អេឌីប៊ី (ADB) ជាមួយ​ក្រុមហ៊ុន​ផ្លូវ​ដែក​ប្រទេស​អូស្ត្រាលី បាន​រួម​គ្នា​ជួសជុល​ផ្លូវ​ដែក​នេះ តែ​មាន​បញ្ហា​ជាច្រើន​កើត​ឡើង ធ្វើ​ឲ្យ​ការ​ស្ដារ និង​ជួសជុល​ផ្លូវ​ដែក​នេះ មិន​ទទួល​បាន​ជោគជ័យ​ទាំង​ស្រុង​ទេ។

ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ប្រកាស​ថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី មិន​បន្ត​ផ្តល់​ប្រាក់​កម្ចី​ថ្មី​ដើម្បី​ជួសជុល​ផ្លូវ​ដែក​នៅ​កម្ពុជា ទេ។ កន្លង​មក ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ផ្តល់​ប្រាក់​កម្ចី​ប្រមាណ ១៤២​លាន​ដុល្លារ ដើម្បី​ជួសជុល​ផ្លូវ​ដែក​នៅ​កម្ពុជា។

ថ្លែង​នៅ​ក្នុង​ឱកាស​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ មីនា ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​កម្ពុជា និង​ក្រោយ​ពី​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់ ដូចជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាដើម​នោះ ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី លោក តាកិហិកូ ណាកៅ (Takehiko Nakao) មាន​ប្រសាសន៍​ថា កម្ពុជា បាន​ប្រើប្រាស់​ប្រាក់​កម្ចី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ក្នុង​ការ​ជួសជុល​ផ្លូវ​ដែក ហើយ​ផ្លូវ​ដែក​ភាគ​ខាង​ត្បូង​ប្រទេស​ពី​ទីក្រុង​ភ្នំពេញ ទៅ​កាន់​ខេត្ត​ព្រះសីហនុ បាន​ជួសជុល​រួច និង​ដំណើរ​ការ​ហើយ។ ចំណែក​ផ្លូវ​ដែក​ភាគ​ខាង​ជើង​ប្រទេស​ពី​ភ្នំពេញ ទៅ​កាន់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នោះ មិន​ទាន់​បាន​ជួសជុល​ហើយ​ទាំង​ស្រុង​ទេ។ គម្រោង​ជួសជុល​ផ្លូវ​ដែក​ភាគ​ខាង​ជើង​ប្រទេស​នេះ ត្រូវ​ការ​ប្រាក់​ប្រមាណ ៧៥​លាន​ដុល្លារ​បន្ថែម​ទៀត។

លោក​ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ប្រាប់​អ្នក​កាសែត​ឲ្យ​ដឹង​ថា ក្នុង​ពេល​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា គ្មាន​ការ​ពិភាក្សា​ណា​មួយ​ទាក់ទង​រឿង​ជួសជុល​ផ្លូវ​ដែក​ដែល​នៅ​សេសសល់​នោះ​ទេ ហើយ​លោក​មាន​ជំនឿ​ថា ប្រាក់​ដើម្បី​បន្ត​ការ​ជួសជុល​នោះ​មិន​មែន​ជា​ប្រាក់​មក​ពី​ខាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី នោះ​ទេ។

ទាក់ទង​គម្រោង​ជួសជុល​ផ្លូវ​ដែក​ដែល​មិន​ទាន់​សម្រេច​ទាំង​ស្រុង​នេះ លោក អៀង វុទ្ធី ប្រធាន​អង្គការ​សមធម៌ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ មីនា ថា នេះ​ជា​កំហុស​មួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ក្នុង​ការ​រួម​ចំណែក​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ហើយ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​អម​សង​ខាង​ផ្លូវ​ដែក​ជាច្រើន​ពាន់​នាក់។ លោក​មាន​ប្រសាសន៍​ថា អេឌីប៊ី ធ្វេសប្រហែស​មិន​បាន​សិក្សា​ស៊ី​ជម្រៅ មាន​ការ​ខ្វះ​ចន្លោះ។ គោល​នយោបាយ​ដែល​ដាក់​មក​ដោយ អេឌីប៊ី នេះ គឺ​មិន​សមស្រប។ យើង​បាន​ជួប​តំណាង អេឌីប៊ី តាំង​ពី​ឆ្នាំ​២០១០ បាន​ប្រាប់​គាត់​ថា គោល​នយោបាយ​របស់ អេឌីប៊ី នោះ បើ​យក​មក​អនុវត្ត គឺ​ប្រជាពលរដ្ឋ​នឹង​មាន​ការ​លំបាក ជួប​ការ​ខ្វះខាត ហើយ អេឌីប៊ី មិន​ស្តាប់​តាម​យើង​ទេ​ពេល​នោះ។ អ៊ីចឹង ដល់​ពេល​អនុវត្ត គឺ​ប្រជាពលរដ្ឋ​បាន​សំណង​តិច​មែន​ទែន មាន​ខ្លះ​បាន ៥០០​ដុល្លារ ខ្លះ​បាន​តិច​ជាង ១.០០០​ដុល្លារ។ ការ​សង​សំណង​បែប​នេះ​មិន​គ្រប់គ្រាន់​ទេ។

វិទ្យុ​អាស៊ីសេរី ទាក់ទង​សុំ​ការ​បកស្រាយ​ពី​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន អំពី​រឿង​ប្រើប្រាស់​ថវិកា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ជួសជុល​ផ្លូវ​ដែក​នេះ តែ លោក ផែង សុវិជ្ជានោ មាន​ប្រសាសន៍​ថា លោក​ជាប់​រវល់ មិន​ទាន់​អាច​បកស្រាយ​បាន​ទេ។

ប្រភព​មន្ត្រី​អង្គការ​សមធម៌ បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ជាច្រើន​ពាន់​នាក់​ទទួល​ផល​ប៉ះពាល់​ដោយសារ​គម្រោង​ជួសជុល​ផ្លូវ​ដែក​ទាំង​ភាគ​ខាង​ត្បូង និង​ភាគ​ខាង​ជើង​ប្រទេស។ ប្រជាពលរដ្ឋ​ជាង ១.០០០​គ្រួសារ ត្រូវ​ផ្លាស់​ទីលំនៅ និង​ជាង ៤.០០០​គ្រួសារ ត្រូវ​បាត់​បង់​ដី​យ៉ាង​តិច ៧​ម៉ែត្រ​អម​សង​ខាង​ផ្លូវ​ដែក​ទៅ​ភាគ​ខាង​ត្បូង និង​ខាង​ជើង​ប្រទេស។ ក្រៅ​ពី​នោះ មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ត្រូវ​បាត់​បង់​មុខ​របប​ចិញ្ចឹម​ជីវិត ជំពាក់​បំណុល​គេ និង​កូន​ចៅ​ត្រូវ​ខាន​រៀន​សូត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
Share

អ្នក​អាន​អនាមិក

ពី phnom penh

ប្រហែលជារដ្ឋាភិបាល ត្រូវសុំខ្ចីលុយចិន ឫ វៀតណាម មកបន្ថែមកង្វះ ៧៥ លានដុល្លារទៀតហើយ កម្ចីគ្មានលក្ខ័ណ្ឌសិទ្ធិមនុស្ស លិទ្ធប្រជាធិបតេយ្យ តើនរណាមិនចង់បាន?

Mar 12, 2015 04:35 AM

អ្នក​អាន​អនាមិក

កុំភ័យ បងប្អូន អ្នកក្រ ប្រើសេវ៉ា ផ្លូវរថភ្លើង តម្លៃថោក សំរាប់ បងប្អូន នឹងត្រូវ កសាងរួច នៅពេល ហ៊ុន សែន អស់អំណាច !

Mar 12, 2015 12:16 AM

អ្នក​អាន​អនាមិក

ផ្លូវរថភ្លើង ចេញ ពី ភ្នំពេញ ទៅ ប៉ោយប៉ែត ទាល់តែ ហ៊ុន សែន ស្លាប់ ទើប កសាង​ រួច !

Mar 11, 2015 11:01 AM

អ្នក​អាន​អនាមិក

កំហុស ការកសាងផ្លូវរថភ្លើងនេះ គឺមកពី ហ៊ុន សែន គឹតតែពីរឿង ក្តោបអំណាច បណ្តោយអោយ ប្រជាពលរដ្ឋរស់នៅ លើផ្លូវរថភ្លើង និងក្បែរផ្លូវរថភ្លើង ដោយខុសច្បាប់ !

Mar 11, 2015 10:54 AM

អ្នក​អាន​អនាមិក

លោកអើយលោក មិនមែនគេមិនបានសិក្សាឲ្តបានស៊ីជម្រៅនោះទេ មកពីគេឃើញថាប្រទេសកម្ពុជាពេលនេះ ក្រោមការដឹកនាំដ៏ឆ្នើមនែ​ប្រមុខ​ដឹកនាំដ៏មហាអស្ចារ្យ ឃើញថាកម្ពុជាមិនខ្វះលុយទេ សឹងតែថា​យកមកក្រាលធ្វើថ្នល់ក៏បានដែរ គ្រាន់តែអង្គរវត្តមួយ មួយខែៗបាន​លុយរាប់រយលានទៅហើយនោះ ចាំទៅខ្ចីគេធ្វើអី មិនអញ្ចឹង និងបើបូកភ្នំ បូកគោ មួយទៀតមិនដឹងខ្មែរយកលុយទៅណាអស់ទេ និងបើនិយាយដល់ត្រី ដល់ព្រៃឈើទៀត ខ្មែរសឹងតែជាសេដ្ឋីទាំង​អស់​បាត់​ទៅហើយ ទើបគេមិនឲ្យខ្ចី មិនអញ្ចឹង?

Mar 11, 2015 10:05 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល