មន្ត្រីជាន់ខ្ពស់អង្គការរបស់អូស្ត្រាលី (Australia) ឈ្មោះ អាកសិនអេត កម្ពុជា (Action Aid Cambodia) ប្រកាសបន្តផ្ដល់ជំនួយដល់អង្គការជួយសហគមន៍ក្រីក្រ បើទោះជារងពាក្យបណ្ដឹងករណីពុករលួយពីអង្គការដែលទទួលជំនួយពីខ្លួនក៏ដោយ។ អាកសិនអេត ឲ្យដឹងថា ខ្លួននឹងបើកចំហឯកសារ និងទិន្នន័យហិរញ្ញវត្ថុ ដែលត្រូវបានគេចោទប្រកាន់ទាំងឡាយ ប្រសិនបើមានសំណើសុំ។
នាយកប្រចាំប្រទេសនៃអង្គការអាកសិនអេត កម្ពុជា អ្នកស្រី ការ៉ូឡាញ ម៉ែកខូសលែន (Caroline McCausland) ថ្លែងថា អង្គការរបស់អ្នកស្រីនឹងនៅតែបន្តផ្ដល់ជំនួយហិរញ្ញវត្ថុដល់អង្គការក្នុងស្រុកនានា ដែលធ្វើការជួយប្រជាជននៅតាមមូលដ្ឋានឲ្យមានជីវិតប្រសើរឡើង។
អ្នកស្រី ការ៉ូឡាញ លើកឡើងបែបនេះក្រោយពីអង្គការអាកសិនអេត ទទួលរងពាក្យបណ្ដឹងពីអតីតអង្គការដៃគូក្នុងស្រុក ដែលធ្លាប់ទទួលបានជំនួយ និងការគាំទ្រពីអង្គការអាកសិនអេត ដោយចោទថា អង្គការអាកសិនអេត បានកេងប្រវ័ញ្ចទឹកប្រាក់ប្រមាណ ៣លានដុល្លារ៖ «ការចោទនេះវាប៉ះពាល់ដល់កិត្តិយសរបស់អង្គការយើង។ យើងមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។ តែទោះជាយ៉ាងណា យើងនឹងនៅបន្តធ្វើការជាមួយអង្គការជាដៃគូនៅតាមមូលដ្ឋាន។ អង្គការអាកសិនអេត អាចជួយពង្រឹងសង្គមស៊ីវិលនៅតាមមូលដ្ឋាន ដើម្បីធានាថា យើងអាចបំពេញសេចក្តីត្រូវការរបស់សហគមន៍នៅតាមមូលដ្ឋាន»។
អង្គការអភិវឌ្ឍន៍កុមារ បានដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ កាលពីចុងខែធ្នូ ឆ្នាំ២០១៥ ស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតអង្គការអាកសិនអេត លើករណីកិបកេង និងអំពើពុករលួយជាប្រព័ន្ធ។ អង្គការអភិវឌ្ឍន៍កុមារ បង្កើតឡើងតាំងពីឆ្នាំ២០០២ ធ្វើប្រតិបត្តិការនៅខេត្តចំនួនបី មានខេត្តសៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ។ អង្គការនេះ ធ្វើសកម្មភាពមួយចំនួន មានគម្រោងបម្រែបម្រួលអាកាសធាតុ ដូចជាគម្រោងឥណទានកាបោន និងគម្រោងរ៉េដ (REDD)។
នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍កុមារ លោក ជី បូរ៉េត បានបញ្ជាក់ថា អង្គការអាកសិនអេត បានកិបកេងប្រាក់របស់កុមារចំនួន ៦ពាន់នាក់ចន្លោះពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៥។ លោកបន្ថែមថា អង្គការរបស់លោកបានប្រមូលទិន្នន័យកុមារឲ្យអង្គការអាកសិនអេត ដើម្បីធ្វើការស្វែងរកជំនួយហិរញ្ញវត្ថុពីម្ចាស់ជំនួយ តាមរយៈកម្មវិធីឧបត្ថម្ភកុមារ (Children Sponsorship)។ លោកថា ម្ចាស់ជំនួយផ្តល់ប្រាក់ចំនួន ២៧ដុល្លារអាមេរិកក្នុងមួយខែសម្រាប់កុមារម្នាក់ៗ។
លោក បូរ៉េត បន្ថែមថា អង្គការអាកសិនអេត យកថវិកាដែលរៃអង្គាសបានតាមរយៈកម្មវិធីឧបត្ថម្ភកុមារ ទៅឧបត្ថម្ភក្រុមតស៊ូមតិ ក្រុមសិទ្ធិមនុស្ស ក្រុមបាតុករដីធ្លី ដោយមិនមានការចូលរួមពិគ្រោះយោបល់ពីអង្គការ និងសមាគមនៅមូលដ្ឋាន៖ «ការសង្ស័យរបស់យើង គឺគម្រោងសម្រាប់ក្មេងនៅខេត្តឧត្តរមានជ័យ ១ពាន់នាក់ជាង និងក្មេងនៅក្នុងប្រទេសខ្មែរ ដែលគម្រោង Child Message ធ្វើម៉េចឲ្យគាត់បង្ហាញពីតម្លាភាព និងគណនេយ្យភាពដល់អ្នកដែលទទួលផលពីគាត់។ មួយទៀត ដោយសារគាត់ (Action Aid) ជាអង្គការមួយដែលធ្វើការទៅតម្លាភាព និងភាពទទួលខុសត្រូវ តើគាត់អាចបង្ហាញបានទេរឿងខ្ទង់ចំណាយ នៅក្នុងកម្មវិធីរបស់ខ្លួនឲ្យសាធារណៈបានដឹងផងដែរ ឬអត់?»។
ពាក្យបណ្ដឹងរបស់អង្គការអភិវឌ្ឍន៍កុមារ កើតឡើងបន្ទាប់ពីអង្គការអាកសិនអេត បដិសេធមិនបន្តផ្ដល់ជំនួយហិរញ្ញវត្ថុដល់ខ្លួន។
អ្នកស្រី ការ៉ូឡាញ ពន្យល់ថា អង្គការអាកសិនអេត សម្រេចបញ្ឈប់ផ្ដល់ជំនួយដល់អង្គការអភិវឌ្ឍន៍កុមារ ត្រឹមខែកក្កដា ឆ្នាំ២០១៤ ក្រោយពីការធ្វើសវនកម្មរកឃើញថា អង្គការអភិវឌ្ឍន៍កុមារ បានប្រើប្រាស់លុយមិនមានតម្លាភាព៖ «យើងបានរកឃើញអំពើស៊ីសំណូកនៅក្នុងអង្គការអភិវឌ្ឍន៍កុមារ។ យើងមិនអាចបន្តសហការជាមួយស្ថាប័នមួយដែលមានរឿងបែបនេះទេ»។
លោក បូរ៉េត ទទួលស្គាល់ថា អង្គការអភិវឌ្ឍន៍កុមារ របស់លោកពិតជាបានប្រើប្រាស់ថវិកាខុសខ្ទង់មែន មានចំនួនជិត ២ពាន់ដុល្លារ (១.៧៦៣ដុល្លារ) តែអង្គការរបស់លោកបានសងត្រឡប់ទៅម្ចាស់មូលនិធិវិញ។
ពាក្យបណ្ដឹងនេះ ក៏បានចោទអង្គការអាកសិនអេត ពីបទបក្ខពួកនិយម ដោយដកប្រាក់ឧបត្ថម្ភពីសមាគមយកទៅឲ្យអង្គការផ្សេង ដែលជាមិត្តភ័ក្ដិជាមួយថ្នាក់ដឹកនាំរបស់អង្គការអាកសិនអេត។
នាយកប្រចាំប្រទេសនៃអង្គការអាកសិនអេត កម្ពុជា ប្រាប់ថា អង្គការរបស់អ្នកស្រីមិនអាចផ្ដល់ហិរញ្ញវត្ថុដល់អង្គការដែលរកឃើញថា មានកំហុសនោះទេ។
ទោះយ៉ាងណា អ្នកស្រីបញ្ជាក់ថា អាកសិនអេត រីករាយចែករំលែកឯកសារសវនកម្មដល់អង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នពាក់ព័ន្ធ តាមការស្នើសុំ ជុំវិញពាក្យបណ្ដឹងរបស់អង្គការអភិវឌ្ឍន៍កុមារ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បដិសេធមិនផ្តល់អត្ថាធិប្បាយជុំវិញដំណើរការពិនិត្យពាក្យបណ្ដឹង ដោយលោកលើកឡើងថា ការប្រាប់នេះវាផ្ទុយនឹងនីតិវិធីរបស់អង្គភាពរបស់លោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។