រដ្ឋាភិបាលកម្ពុជា ប្រកាសបើកប្រាក់បៀវត្សរ៍ឲ្យមន្ត្រីរាជការស៊ីវិលឲ្យបានមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ រដ្ឋាភិបាលក៏នឹងផ្តល់ប្រាក់ឧបត្ថម្ភឲ្យមន្ត្រីរាជការម្នាក់ ៤ម៉ឺនរៀលផងដែរបន្ថែមទៅលើបៀវត្សប្រចាំខែរបស់ពួកគេ សម្រាប់ពិធីបុណ្យចូលឆ្នាំ។
មន្ត្រីរាជការនៅទូទាំងប្រទេសកម្ពុជា នឹងទទួលបានប្រាក់បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភយ៉ាងយូរបំផុតត្រឹមថ្ងៃទី១០ ខែមេសា ពោលគឺ ៤ថ្ងៃមុនពិធីបុណ្យចូលឆ្នាំ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខ។
សារាចររបស់រដ្ឋាភិបាលដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែមីនា បានណែនាំឲ្យគ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា រៀបចំកែសម្រួលតារាងសន្ទស្សន៍បៀវត្សរ៍ និងប្រាក់បំណាច់ ព្រមទាំងត្រូវរៀបចំគម្រោងស្នើសុំឥណទានសម្រាប់ប្រាក់ឧបត្ថម្ភទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យបានរួចរាល់ត្រឹមដំណាច់ខែមីនា នេះ។
មន្ត្រីរាជការដែលនឹងទទួលបានប្រាក់ឧបត្ថម្ភ ៤ម៉ឺនរៀលពីរដ្ឋាភិបាលក្នុងពិធីបុណ្យចូលឆ្នាំរួមមាន មន្ត្រីរាជការស៊ីវិលកំពុងបម្រើការក្នុងអង្គការនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីនគរបាលជាតិ យោធិននៃកងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សារាជធានី ខេត្តក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកបណ្ដែតដែលកំពុងបម្រើការងារនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងនិវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ ជនបាត់បង់សមត្ថភាពការងារ ជនពិការដែលជាអតីតមន្ត្រីរាជការស៊ីវិល អតីតយោធិន និងអតីតមន្ត្រីនគរបាលជាតិ។
កន្លងមកមានមន្ត្រីរាជការនៅតាមតំបន់ និងស្ថាប័នមួយចំនួន បានរអ៊ូរទាំពីភាពយឺតយ៉ាវនៃការទទួលប្រាក់បៀវត្សរ៍របស់ពួកគេ ប៉ុន្តែការប្រកាសរបស់រដ្ឋាភិបាលនៅពេលនេះ ត្រូវបានសង្គមស៊ីវិលអបអរសាទរ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា លោករីករាយបានដឹងការប្រកាសរបស់រដ្ឋាភិបាលដូច្នេះ។ ចំពោះប្រាក់ឧបត្ថម្ភសម្រាប់ពិធីបុណ្យចូលឆ្នាំវិញ លោក រ៉ុង ឈុន កត់សម្គាល់ថា មន្ត្រីរាជការខកខានមិនបានទទួលជាយូរមកហើយ។ លោកបញ្ជាក់ថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានទាមទារជាហូរហែឲ្យរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភក្នុងថ្ងៃបុណ្យ ឲ្យមន្ត្រីរាជការឲ្យបានម្នាក់ ១៥ម៉ឺនរៀល។ យ៉ាងណាក៏ដោយ លោកថាបើទោះជានៅពេលនេះបានតែ ៤ម៉ឺនរៀលក្តី ក៏វាជាការប្រសើរដែរ។
លោក រ៉ុង ឈុន បន្តថា «វាជាការល្អប្រសើរដែរដែលផ្តល់ឱកាសឲ្យមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ មានប្រាក់កាសចូលរួមអបអរសាទរ។ អ្នកខ្លះក៏ទៅស្រុកកំណើតជួបដូនតា មកទល់ពេលនេះ ការផ្តល់បៀវត្សតាមប្រព័ន្ធធនាគារឃើញមានលក្ខណៈល្អប្រសើរច្រើន ឃើញមានយឺតដែរ ប៉ុន្តែនៅមានតិចតួចប៉ុណ្ណោះ»។
កម្ពុជា មានមន្ត្រីរាជការស៊ីវិលប្រមាណ ១៨ម៉ឺននាក់ ក្នុងនោះគ្រូបង្រៀនមានប្រហែល ១១ម៉ឺននាក់ និងមន្ត្រីពេទ្យមានជាង ៣ម៉ឺននាក់។ សព្វថ្ងៃ មន្ត្រីរាជការដែលទទួលបានប្រាក់បៀវត្សរ៍ទាបបំផុត គឺ ៤២ម៉ឺនរៀល។ ដោយឡែកបៀវត្សរ៍ទាបបំផុតសម្រាប់គ្រូបង្រៀន និងមន្ត្រីពេទ្យ គឺ ៥៥ម៉ឺនរៀល។ រដ្ឋាភិបាលបានប្រកាសថា នឹងដំឡើងប្រាក់បៀវត្សរ៍ឲ្យមន្ត្រីរាជការចាប់ពីខែមេសា ឆ្នាំ២០១៥ តទៅ ហើយថានៅឆ្នាំ២០១៨ ប្រាក់បៀវត្សរ៍ទាបបំផុតសម្រាប់មន្ត្រីរាជការ អាចដំឡើងដល់ ១លានរៀល។
យ៉ាងណាក៏ដោយ លោក រ៉ុង ឈុន បញ្ជាក់ថា រដ្ឋាភិបាលគួរផ្តល់ប្រាក់បៀវត្សរ៍ទាបបំផុតឲ្យមន្ត្រីរាជការក្នុងឆ្នាំ២០១៥ នេះ គឺមិនគួរអូសបន្លាយដល់ឆ្នាំ២០១៨ នោះទេ ព្រោះថា ប្រាក់ខែរបស់មន្ត្រីរាជការបច្ចុប្បន្ន មិនអាចឆ្លើយតបទៅនឹងតម្លៃទំនិញនៅលើទីផ្សារបានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។