ករណីប៉ូលិសម្នាក់ដួលសន្លប់មុខឡានប្រធានសមាគមស្ថិតក្នុងការស៊ើបអង្កេត

ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ម៉ង់ ពុទ្ធី ត្រូវនគរបាលបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី២៣ ខែធ្នូ។ មន្ត្រីសិទ្ធិមនុស្សកំពុងស៊ើបអង្កេតករណីមន្ត្រីប៉ូលិសពាក់ស័ក្ដិបួនម្នាក់ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលដួលសន្លប់មុខឡានរបស់លោក ម៉ង់ ពុទ្ធី ដែលជាហេតុឈានដល់ការចាប់លោក ម៉ង់ ពុទ្ធី បញ្ជូនទៅតុលាការនេះ។
មន្ត្រីការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ និងសមាជិកសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ឲ្យដឹងថា នគរបាលព្រហ្មទណ្ឌបានបញ្ជូនលោក ម៉ង់ ពុទ្ធី តាមឡានទៅតុលាការ ក្រោមបទចោទប៉ុនប៉ងមនុស្សឃាតដោយចេតនា។ មន្ត្រីសិទ្ធិមនុស្សរកឃើញភាពមិនប្រក្រតីមួយចំនួនទាក់ទងនឹងករណីនេះ ក្រោយបានជួបសម្ភាសន៍សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ជាច្រើននាក់។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ថ្លែង ថា ក្រោយកើតហេតុលោកបានចុះអង្កេតករណីនេះដោយជួបសម្ភាសន៍អ្នករត់ម៉ូតូឌុប អ្នករុញរទេះ និងពលរដ្ឋដែលឃើញហេតុការណ៍នេះផ្ទាល់បញ្ជាក់ថា ឡានរបស់លោក ម៉ង់ ពុទ្ធី នៅស្ងៀមមិនបានបើកទៅបុកមន្ត្រីប៉ូលិសនោះទេ ស្រាប់តែប៉ូលិសរូបនោះ ដួលនៅខាងមុខឡាននោះតែម្ដង៖ «យើងមានការសង្ស័យជាច្រើន! អ៊ីចឹងអ្វីដែលយើងសំណូមពរទៅខាងតុលាការ ឬក៏មន្ដ្រីភ្នាក់ងារស្ថាប័នយុតិធម៌ សូមពិនិត្យឲ្យបានជាក់លាក់។ ដូចជាចំណុចប្រជាពលរដ្ឋសាក្សីបានបង្ហាញថា មនុស្សហ្នឹងដួលខ្លួនឯង កង់ឡានហ្នឹងមិនបានវិល ហើយបើសិនការដាក់បន្ទុកណាមួយដោយមិនបានសាកសួរ ឬស៊ើបអង្កេតឲ្យបានហ្មត់ចត់ វាប៉ះពាល់យ៉ាងខ្លាំងដល់សេចក្ដីថ្លៃថ្នូរបស់មនុស្ស និងសិទ្ធិរស់រានមានជីវិតដែលត្រូវការចិញ្ចឹមប្រពន្ធកូន»។
ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ម៉ង់ ពុទ្ធី ហៅ ឌិន ពុទ្ធី ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២២ ខែធ្នូ បន្ទាប់សមត្ថកិច្ចចោទថា លោកបានបើកឡានបុកនាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ម្នាក់ឈ្មោះ ឈាន ពិសិដ្ឋ បណ្ដាលឲ្យដួលបោកក្បាលទៅនឹងខឿនថ្មសន្លប់បាត់ស្មារតី កាលពីម៉ោងប្រមាណ១០ និង ៣០នាទី ព្រឹកថ្ងៃទី២២ ខែធ្នូ នៅក្បែរស្ពានមិត្តភាពកម្ពុជា-ថៃ ឋិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅគ្រាដែលកម្លាំងសមត្ថកិច្ចចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅច្រកទ្វារព្រំដែនកុំឲ្យមានការកកស្ទះចរាចរណ៍។
ស្នងការរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកព្រហ្មទណ្ឌ លោក សិទ្ធិ ឡោះ បានចុចផ្ដាច់ទូរស័ព្ទពេលអាស៊ីសេរី សាកសួរករណីបញ្ជូនលោក ម៉ង់ ពុទ្ធី ទៅតុលាការ នៅល្ងាចថ្ងៃទី២៣ ខែធ្នូ។ ប៉ុន្តែនៅមុនការបញ្ជូននេះ លោក សិទ្ធិ ឡោះ បញ្ជាក់ថា ជនសង្ស័យឈ្មោះ ម៉ង់ ពុទ្ធី អាចនឹងដោះលែង ឬត្រូវបញ្ជូនទៅតុលាការនៅថ្ងៃទី២៤ ខែធ្នូ បន្ទាប់ពីទទួលលទ្ធផលស៊ើបអង្កេតពីមន្ត្រីជំនាញដែលចុះដល់កន្លែងកើតហេតុ និងមន្ទីរពេទ្យដែលជនរងគ្រោះកំពុងសម្រាកព្យាបាលនៅខេត្តស្រះកែវ ប្រទេសថៃ៖ «អត់ទេបង! នីតិវិធីខ្ញុំស្រាវជ្រាវឃើញលទ្ធផលយ៉ាងម៉េចបានខ្ញុំអាចនិយាយបន្ដណា! បើសិនណាដំណាក់កាលនគរបាលខ្ញុំប្រើសិទ្ធិអំណាចក្នុងដំណាក់កាលនគរបាលទេ បើការស្រាវជ្រាវរបស់ខ្ញុំចេញលទ្ធផលថា ខ្ញុំអត់មានអីនឹងអញ្ជើញគាត់ទៅវិញ តែបើគាត់មានការចូលរួមធ្វើបទល្មើសយើងនឹងបញ្ជូនទៅកាន់ស្ថាប័នតុលាការ»។
ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ម៉ង់ ពុទ្ធី តែងតែចេញមុខតវ៉ា និងការពារអត្ថប្រយោជន៍របស់កម្មកររុញរទេះ និងអ្នករត់ម៉ូតូឌុបនៅក្រុងប៉ោយប៉ែត ហើយលោកធ្លាប់រងការចោទប្រកាន់ជាច្រើនករណីពីអាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តបន្ទាយមានជ័យ ទាក់ទងនឹងការតស៊ូមតិរបស់លោកកាលពីពេលកន្លងទៅ។
បើតាមវីដេអូឃ្លិបដែលគេបង្ហោះ និងចែកចាយតៗគ្នាតាមបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញថា នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឈ្មោះ ឈាន ពិសិដ្ឋ បានផ្ដួលខ្លួនឯងទៅមុខរថយន្តមួយគ្រឿងដោយក្នុងដៃកាន់អាយកូម និងកូនសោមិនព្រមលែងសោះពេលដួលសន្លប់នោះ។
អ្នកប្រើបណ្ដាញសង្គមភាគច្រើនបានបញ្ចេញសាររិះគន់ទាក់ទងនឹងទង្វើរបស់សមត្ថកិច្ចនេះ៕