អាជ្ញាធរ​កម្ពុជា​បន្ត​តាម​ប្រមាញ់​មេខ្លោង​ជួញដូរ​​គ្រឿង​ញៀន ដែល​សម្ងំ​លាក់​ខ្លួន​ទាំង​នៅ​ក្នុង និង​នៅ​ក្រៅ​ប្រទេស

ដោយ ហេង រស្មី
2019-06-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក ម៉ក់ ជីតូ (កណ្ដាល) ថ្លែង​ក្នុង​សន្និសីទ​បង្ហាញ​គ្រឿងញៀន នា​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ នៅ​ក​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​២០១៧។
អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក ម៉ក់ ជីតូ (កណ្ដាល) ថ្លែង​ក្នុង​សន្និសីទ​បង្ហាញ​គ្រឿងញៀន នា​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ នៅ​ក​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA

មន្ត្រី​ជាន់​ខ្ពស់​នៃ​របប​ក្រុង​ភ្នំពេញ​ប្រកាស​ថា សមត្ថកិច្ច​នៅ​តែ​បន្ត​តាម​ចាប់​ខ្លួន​មេ​ខ្លោង​ចែក​ចាយ​ និង​ជួញ​ដូរ​គ្រឿង​ញៀន​ ដែល​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​ស្រុក និង​រត់​គេច​ទៅ​នៅ​ក្រៅ​ប្រទេស។ ចំណែក ​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា​ ចំណាត់​ការ​ដែល​ដាក់​ចេញ​ ដើម្បី​បោស​សំអាត​មេខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​តាម​ក្លឹប​កម្សាន្ត​នានា​ ហាក់​នៅ​មាន​កម្រិត​ និង​មិន​អាច​ជឿ​ជាក់​បាន​នៅ​ឡើយ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា អាជ្ញាធរ​កម្ពុជា​ និង​បន្ត​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ ឬ​ហៅ​ថា អ៊ីនធើប៉ូល (Police Interpol) ដើម្បី​តាម​ចាប់​ខ្លួន​មេ​ខ្លោង​ជួញ​ដូរ និង​ចែកចាយ​គ្រឿង​ញៀន ដែល​រត់​គេច​ខ្លួន​ទៅ​នៅ​ក្រៅ​ប្រទេស ក្រោយ​ពី​កំណត់​អត្តសញ្ញាណ​បាន​ហើយ​នោះ។  ការ​ថ្លែង​ជា​សាធារណៈ​អំពី​ការ​តាម​ប្រមាញ់​ចាប់​ខ្លួន​មេ​ខ្លោង​ធំៗ ជួញដូរ​គ្រឿង​ញៀន​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី ១៦ មិថុនា៖ «អ្នក​មាន​យោបល់​ថា ឥឡូវ​ឃើញ​ចាប់​បាន​តែ​ក្រោមៗ អត់​បាន​មេ ។ មេ​ចាប់​មិន​ស្ទើរ​ទេ។ មេ យើង​បាន​មួយ​គំនរ ព្រោះ​អ៊ីចេះ ជួន​អី​មេ​វា​នៅ​ស្រុក​គេ​ហ្នឹង អា​មេ​ធំ។ អា​មេ​ល្មមៗ វា​នៅ​ស្រុក​យើង។ ឥលូវ​មាន​ដីកា​តាម​ចាប់​ក្នុង​ស្រុក​ផង។ ហើយ​អ្នក​រកស៊ី​គ្រឿង​ញៀន​ទៅ​រក​ស៊ី​នៅ​កន្លែង​ណា ក៏​មិន​សុខ​ដែរ ក៏​លាក់​មិន​ជិត​ដែរ។ ឧទាហរណ៍​ថា មាន​និវេទន៍​ក្រហម​ហើយ គេ​ស្វែង​រក​ចាប់​ កុំ​អាង​ថា​ ខ្ញុំ​នៅ​កម្ពុជា​មិន​បាន​ ខ្ញុំ​មាន​លុយ​ប៉ុន្មាន​រក​ស៊ី​បាន​ពី​គ្រឿង​ញៀន​ទៅ​ផ្ទេរ​ដាក់​ប្រទេស​នេះ​ឬ​នោះ កុំ​សង្ឃឹម​នុះ»

ក្រៅ​ពី​នេះ លោក ស ខេង ​ស្នើ​ដល់​ប្រជា​ពលរដ្ឋ​ និង​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ត្រូវ​សហការ​រួម​គ្នា​ និង​ផ្ដល់​ព័ត៌មាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​លុប​បំបាត់​និង​​ការ​ចែក​ចាយ​គ្រឿង​ញៀន៖ «វា​រសើប​ណាស់​រឿង​គ្រឿង​នេះ សម្រាប់​ប្រជា​ពលរដ្ឋ​គាត់​ភ័យ​បារម្ភ​។ គាត់​មាន​កូន​មាន​ចៅ។ គាត់​មិន​មាន​ឱកាស​ដើម្បី​តាម​កូន​ចៅ​រាល់​តែ​ពេល​ទេ។ គាត់​ពឹង​លើ​យើង​ដែរ។ តាម​ពិត យើង​មិន​អាច​ធ្វើ​បាន​អស់​ដែរ​ បើ​មិន​មាន​ការ​គាំទ្រ​ និង​ចូល​រួម​ពី​គាត់ ក៏ប៉ុន្តែ​គាត់​ក៏​ដូច​គ្នា​ដែរ គាត់​ក៏​មិន​អាច​គ្រប់គ្រង​កូន​គាត់​បាន​ដែរ បើ​សិន​ណា​ជា​គ្មាន​សមត្ថកិច្ច​ជួយ​គាត់។ បើ​យើង​បាន​ដោះស្រាយ​បញ្ហា​ហ្នឹង ប្រជាជន​គាំទ្រ​ហើយ​សប្បាយ​ចិត្ត»។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​មក​នេះ អាជ្ញាធរ​ក្រុង​ភ្នំពេញ​បើក​ប្រតិបត្តិ​ការ​ចុះ​បង្ក្រាប​គ្រឿង​ញៀន នៅ​តាម​ក្លឹប​កម្សាន្ត​ធំៗ ​ពីរ​កន្លែង​ មាន​ក្លឹប​កម្សាន្ត ​រ៉ុក និង​លុច្សស៊ើរី ហើយ​និង​រក​ឃើញ​ទី​តាំង​ផលិត​គ្រឿង​ញៀន​មួយ​កន្លែង​ នៅ​ចំកណ្ដាល​ទី​ក្រុង​ភ្នំពេញ។ ប៉ុន្តែ​គិត​មក​ពេល​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​ចាប់​ខ្លួន​បាន​មេ​ក្លោង​ជួញ​ដូរ​និង​ចែក​ចាយ​គ្រឿង​ញៀន នៅ​ក្នុង​ក្លឹប​កម្សាន្ត​ លុច្សស៊ើរី និង​អ្នក​ផលិត​គ្រឿង​ញៀន​ដែល​ស្គាល់​ថា​ជា​ជនជាតិ​ចិន​ បាន​នៅ​ឡើយ។ ដោយ​ឡែក សមត្ថកិច្ច​ក្រុង​ភ្នំពេញ​បាន​​ចាប់​ខ្លួន​ម្ចាស់​ក្លឹប​កម្សាន្ត​រ៉ុក ឧកញ៉ា គិត ធាង ត្រូវ​ជា​បង​ប្រុស​បង្កើត ឧកញ៉ា គិត ម៉េង ក្រោយ​ពី​ចុះ​ឆែក​ឆេរ​រក​ការ​ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ក្នុង​ក្លឹប​កម្សាន្ត​នោះ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុ​ជា លោក សន ជ័យ សង្កេត​ឃើញ​ថា​ ការ​អនុវត្ត​ច្បាប់​បង្ក្រាប​គ្រឿងញៀន​នេះ​ នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​ទេ ដោយសារ​តែ​វិធានការ​ឃាត់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿង​ញៀន ឬ​អ្នក​ទទួល​ខុស​ត្រូវ​​នៅ​​តាម​ក្លឹប​កម្សាន្ត​ នា​ពេល​ថ្មីៗ នេះ នៅ​មាន​ភាព​យឺតយ៉ាវ​ ក្រោយ​ពី​សមត្ថកិច្ច​ចុះ​បង្ក្រាប​រួច​មក។ លោក​យល់ថា ប្រសិនបើ​អាជ្ញាធរ​ចង់​កំណត់​អត្តសញ្ញាណ ឬ​ចង់​ឃាត់​ខ្លួន​អ្នក​ជួញដូរ​គ្រឿងញៀន ដែល​អាច​ជា​ម្ចាស់​ក្លឹប​កម្សាន្ត គឺ​មិន​ពិបាក​ឡើយ​ព្រោះថា ម្ចាស់​ក្លឹប​កម្សាន្ត​នីមួយៗ គឺជា​ប្រភេទ​នីតិបុគ្គល​​ដែល​តែងតែ​មាន​ការចុះបញ្ជី​ត្រឹមត្រូវ​រួចជាស្រេច​នៅ​ក្នុង​ដៃ​របស់​អាជ្ញាធរ។ លោក សន ជ័យ បន្ថែម​ថា ការ​បើក​ផ្លូវ​ឲ្យ​មេ​ខ្លោង​ជួញ​ដូរ​និង​ចែកចាយ​គ្រឿង​ញៀន ​រត់​គេច​ខ្លួន​បាន គឺ​អាច​មក​ពី​មាន​អំពើ​ពុករលួយ៖ «មហាជន​និង​ខ្ញុំ​ ក៏​មើល​ឃើញ​ថា​ វា​ជា​ទម្រង់​មួយ​នៃ​កម្សោយ​ក្នុង​ការ​បំពេញ​ការ​ងារ​របស់​ប៉ូលិស​ដែរ ដែល​ធ្វើ​ឲ្យ​មេខ្លោង​រត់​រួច ហើយ​ឆ្លើយ​ដោះ​សារ​ថា​មេខ្លោង​ហ្នឹង រត់​គេច​ទៅ​បរទេស​បាត់​ទៅ​ហើយ។ អ៊ីចឹង! បាន​ន័យ​ថា​មិន​ទាន់​មាន​បច្ចេកទេស ឬក៏​ជំនាញ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​អី​ឲ្យ​បាន​ស៊ី​ជម្រៅ​ទេ។ អាច​ថា​មេខ្លោង​ហ្នឹង មាន​ខ្នង​ក្រាស់​អី​ ហើយ​គេ​រក​មធ្យោបាយ​សម្រប​សម្រួល​ណាមួយ​ឲ្យ​មាន​ការ​រត់​គេច​អី​ជា​ដើម។ អ៊ីចឹង!​ទម្រាំ​តែ​សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​នោះ ពួក​ហ្នឹង​រត់​ដល់​ប្រទេស​ទី​ពីរ​ទី​បី​បាត់​ហើយ»

របាយការណ៍​សង្ខេប​របស់​គណៈ​កម្មការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួង​មហាផ្ទៃ​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​បី​ខែ​ដើម​ឆ្នាំ២០១៩ សមត្ថកិច្ច​បង្ក្រាប​បាន​បទ​ល្មើស​គ្រឿងញៀន​សរុប​ចំនួន ១.៧២៩​ករណី ដោយ​ឃាត់​ខ្លួន​មនុស្ស ៣.៧៧៧​នាក់ ក្នុង​នោះ​មាន​ជន​បរទេស​ជាង ១រយ​នាក់ ហើយ​រឹប​អូស​សារធាតុ​ញៀន​គ្រប់​ប្រភេទ​បាន ៧៣គីឡូក្រាម និង​កញ្ឆា​ក្រៀម ២៩.២៩៧​ដើម (29.297)

កាល​ពី​ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាង ៧ពាន់​ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជាង ១ម៉ឺន ៤ពាន់​នាក់ និង​រឹបអូស គ្រឿងញៀន​ជាង ៥រយ​គីឡូក្រាម។

ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ត្រង់​មាត្រា៤៥ ចែង​ថា ជន​ណា​ដែល​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​តាម​គ្រប់​រូបភាព ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ខែ​ទៅ ៦ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១សែន​រៀល​ដល់ ១លាន​រៀល។ ក្នុង​ករណី​មិន​រាងចាល ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦ខែ​ដល់ ១ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១លាន​រៀល​ទៅ ២លាន​រៀល។

ចំពោះ​ការ​រក្សា​ទុក ដឹក​ជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ជនល្មើស​នឹង​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២ឆ្នាំទៅ ៥ឆ្នាំ និង​អាច​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ៤លាន​រៀល​ទៅ ១០លាន​រៀល។ បើ​សិន​ជា​បទ​ល្មើស​មាន​លក្ខណៈ​ធ្ងន់ធ្ងរ អ្នក​ប្រព្រឹត្តិ អាច​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ឆ្នាំ​ដល់ ២០ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០លាន​រៀល​ដល់ ៤០លាន​រៀល អាស្រ័យ​ទៅ​តាម​ស្ថាន​ទម្ងន់​ទោស។

លោក​ ស ខេង បាន​ដាក់​ចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​បង្ក្រាប​គ្រឿងញៀន​ឲ្យ​អស់​នៅ​តាម​ក្លឹប​កម្សាន្ត ត្រឹម​ដំណាច់​ឆ្នាំ២០១៩ បន្ទាប់​ពី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចុះ​បង្ក្រាប​ក្លឹប​កម្សាន្ត រ៉ុក ហើយ​ក៏​បាន​រក​ឃើញ​ថា ក្លឹប​កម្សាន្ត និង​បារ​បារាំង ចំនួន​ជាង ១ពាន់​ ២រយ​កន្លែង មាន​ប្រើប្រាស់​គ្រឿង​ញៀន​ដែរ។ ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​ចាត់ការ​ម្ចាស់​កន្លែង​ទាំង​នេះ​តាម​ផ្លូវ​ច្បាប់​ទេ គឺ​គ្រាន់​តែ​ឱ្យ​ពួក​គាត់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ប្រើប្រាស់​គ្រឿង​ញៀន​តែ​ប៉ុណ្ណោះ។

ទោះ​បី​ជា​យ៉ាង​ណា​ក្ដី សង្គម​ស៊ីវិល​ស្នើ​ដល់​រដ្ឋាភិបាល​ ឱ្យ​ដាក់​បញ្ចូល​ការ​បង្ក្រាប​អំពើ​ពុក​រលួយ​ ទៅ​ក្នុង​យន្តការ​នៃ​ការ​បង្ក្រាប​គ្រឿងញៀន ដើម្បី​លុប​បំបាត់​ការផលិត​ និង​ការ​ចរាចរ​គ្រឿងញៀន​ឱ្យ​មាន​ប្រសិទ្ធភាព។ ក្រៅ​ពី​នេះ សង្គម​ស៊ីវិល​ក៏​ទាមទារ​ឱ្យ​អាជ្ញាធរ​តាម​វែក​មុខ​រក​ជន ដែល​នៅ​ពី​ក្រោយ​ការ​នាំ​ចូល​គ្រឿងញៀន​នេះ និង​ដាក់​ទោស​ទណ្ឌ​ឱ្យ​បាន​តឹងរ៉ឹង​បំផុត ទើប​អាច​កាត់​បន្ថយ​ករណី​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

Hun To and Hun Chea drug cartel VS bully police on the street

We guess that might be u knew well who's the hell that person?maybe your family,your co.worker connection,your ccp members,your illegal drug activity,or maybe from top govm't officials,especially from tmil Hun Sen's criminal conspiracy empire,Inc"Hun To+Hun Chea+others".

Jun 18, 2019 04:11 PM

Illegal drug cartel from Chinese mainland and rtying to take Cambodia as their sanctuary state...it remind us long times ago about China's opium drug war with the west

Oh c'mon man...if u know where's the hell are they now?,and why do u tell them....man?as police undercover unit to combatting drug or any crimes in human society u should be smart tactics and know how to be smart to fight against all these kind of predators+know where it comes from?who behind?+know route supply+know how they hidden+know how the drug kingpin techniques+know the drug networks+know how to recognize illegal drug activity+know how to intercept them+know how to trap or arrest them+know how to decoy them trap+know how to use drug techniques question+know how to foul drug dealer,or seller on the street+know how to undercover drug activity etc etc"keep all your police secret documents and know how to pursuit them".It's prove to be baseless,when u know or tell indirectly.or directly who's hell that person name?,and unknown exactly country where are they now?,maybe u guy try to says and make them fear u without a good happen and keep more drug activity flourish across the board"shame on all of u".

Jun 18, 2019 04:00 PM

គេហទំព័រ​ទាំងមូល