រដ្ឋបាល​ខេត្ត​ព្រះសីហនុ​រៀបចំ​កម្មវិធី​កម្សាន្ត​ស្វាគមន៍​ទេសចរ​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល

ដោយ ដែន អយុធ្យា
2016.12.29
ឆ្នេរ​អូរឈើទាល ព្រះសីហនុ ២០១៦ ៨៥៥ ទិដ្ឋភាព​ត្រៀម​រៀបចំ​បុណ្យ​ឆ្លង​ឆ្នាំ​សកល នា​ឆ្នេរ​អូរឈើទាល ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Den Ayuthyea
RFA/Den Ayuthyea

រដ្ឋបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​សភា​ពាណិជ្ជកម្ម បាន​រៀបចំ​កម្មវិធី​កម្សាន្ត និង​តាំង​ពិព័រណ៍​ទំនិញ​ទាំង​ផលិត​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​រាប់​រយ​ស្តង់ ជូន​ភ្ញៀវ​ទេសចរ​ទស្សនា​កម្សាន្ត​នា​ឱកាស​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៦-២០១៧។

អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក សុខ ផន ដែល​ចូលរួម​ធ្វើ​ពិធី​ក្រុង​ពាលី​រៀបចំ​ពិធី​ស្វាគមន៍​បុណ្យ​ឆ្លង​ឆ្នាំ​សកល​នា​ឆ្នេរ​អូរឈើទាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ថា បន្ទាប់​ពី​ពិធី​បុណ្យ​សមុទ្រ​បាន​បញ្ចប់ រដ្ឋបាល​ខេត្ត និង​សភា​ពាណិជ្ជកម្ម​ខេត្ត​នេះ បាន​បន្ត​រៀបចំ​កម្មវិធី​កម្សាន្ត​ផ្សេងៗ មាន​ប្រគំ​តន្ត្រី និង​ដាក់​តាំង​ទំនិញ​ជាដើម ដើម្បី​ស្វាគមន៍​បុណ្យ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០១៦-២០១៧ ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​មក​កម្សាន្ត​ខេត្ត​នេះ​ឲ្យ​បាន​ច្រើន​ថែម​ទៀត។

លោក សុខ ផន ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ពី​គ្រប់​ទិសទី ឲ្យ​ចូល​មក​ទស្សនា​នៅ​តាម​តំបន់​ឆ្នេរ​នា​ឱកាស​ឆ្លង​ឆ្នាំ​សកល ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឲ្យ​បាន​ច្រើន​កុះករ ព្រោះ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​នេះ ព្រះមហាក្សត្រ​ព្រះ​បាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី នឹង​យាង​មក​ទត​ខេត្ត​ព្រះសីហនុ ផង​ដែរ៖ «ខេត្ត​បាន​រៀបចំ​ឲ្យ​មាន​ការ​តាំង​ពិព័រណ៍ និង​ការ​ប្រគំ​តន្ត្រី ដោយ​មាន​សិល្បករ​ល្បីៗ​មក​ពី​ព្រះរាជាណាចក្រ​កម្ពុជា យើង ដើម្បី​សម្ដែង​ជូន​ទស្សនា ហើយ​នៅ​ពេល​យប់​ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ នឹង​មាន​ពិធី​បាញ់​កាំជ្រួច ដើម្បី​កម្សាន្ត​សប្បាយ​ថែម​ទៀត»

ប្រធាន​សភា​ពាណិជ្ជកម្ម ខេត្ត​ព្រះសីហនុ លោក​ឧកញ៉ា ឡាវ កាំង ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​កម្សាន្ត​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​នេះ​មាន​ប្រសាសន៍​ថា គោល​បំណង​បង្កើត​កម្មវិធី​កម្សាន្ត​ដោយ​មាន​ប្រគំ​តន្ត្រី និង​តាំង​ពិព័រណ៍​ទំនិញ​គ្រប់​ប្រភេទ ព្រម​ទាំង​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀត ប្រយោជន៍​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​ឲ្យ​បាន​ច្រើន​ថែម​ទៀត។ លោក​ថា​នឹង​មាន​ភាព​សប្បាយ​រីករាយ​ទ្វេដង នៅ​ពេល​ភ្ញៀវ​ទេសចរ​ជ្រើស​យក​ខេត្ត​ព្រះសីហនុ សម្រាប់​ដំណើរ​កម្សាន្ត​ចុង​ឆ្នាំ​នេះ៖ «ការ​រៀបចំ​កម្មវិធី​កម្សាន្ត​បុណ្យ​ឆ្លង​ឆ្នាំ​សកល​នា​ឱកាស​នេះ គឺ​ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ប្លែក ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​កម្សាន្ត​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្រើន និង​ដើម្បី​បង្ហាញ​ពី​សក្ដានុពល​ទេសចរណ៍​នា​មូលដ្ឋាន​នេះ​ផង»

ទោះ​ជា​បែប​នេះ​ក្តី សាធារណជន​បាន​រិះគន់​ថា តម្លៃ​សេវា​ម្ហូប​អាហារ និង​សេវា​ស្នាក់នៅ​នៅ​ពេល​មាន​ពិធី​បុណ្យ​ជាតិ​ធំៗ និង​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ជាដើម គឺ​ត្រូវ​ប្រតិបត្តិករ​ទេសចរ ដំឡើង​តម្លៃ​ខ្ពស់​ហួស​ហេតុ​ពេក ជា​ហេតុ​នាំ​ឲ្យ​ភ្ញៀវ​ទេសចរ ឬ​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាប មិន​មាន​លទ្ធភាព​ធ្វើ​ដំណើរ​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ នោះ​ទេ។

ភ្ញៀវ​ទេសចរ​ភាគច្រើន បាន​រអ៊ូរទាំ​ថា ពួក​គេ​មាន​ការ​ខ្លាចរអា​ចំពោះ​ការ​ដំឡើង​តម្លៃ​សេវា​ស្នាក់នៅ ថ្លៃ​ជួល​ទីកន្លែង​អង្គុយ និង​តម្លៃ​ម្ហូប​អាហារ ដែល​ក្រុម​អាជីវករ​កំណត់​តម្លៃ​ខ្ពស់​ខុស​ពី​ថ្ងៃ​ធម្មតា​មួយ​ជា​ពីរ ឬ​ជា​ប្រាំ នៅ​ពេល​មាន​ពិធី​បុណ្យ​ជាតិ​ធំៗ ឬ​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ចូល​មក​ដល់​ម្តងៗ។

បញ្ហា​នេះ អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​មួយ​ចំនួន​ប្រចាំ​ខេត្ត​ព្រះសីហនុ ក៏​រិះគន់​ការ​ដំឡើង​តម្លៃ​សេវា​ទេសចរណ៍​នា​ពិធី​បុណ្យ​ជាតិ​ធំៗ និង​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ជា​រៀង​រាល់​ឆ្នាំ​នា​ខេត្ត​ទេសចរណ៍​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​ដែរ។ អ្នក​ឃ្លាំ​មើល​សង្គម​ទាំងនោះ ព្រួយ​បារម្ភ​ចំពោះ​ការ​ដំឡើង​តម្លៃ​សេវា​ទេសចរណ៍​របស់​ប្រតិបត្តិករ​ទេសចរ ខ្ពស់​ហួស​ហេតុ​ពេក ខ្លាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ ហើយ​ពួក​គេ​ខ្លាចរអា​ក្នុង​ការ​ធ្វើ​ដំណើរ​ចូល​មក​កម្សាន្ត​ខេត្ត​នេះ​នា​ថ្ងៃ​ខាង​មុខ​ទៀត។

ទោះ​ជា​បែប​នេះ​ក្តី ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៦-២០១៧ កម្លាំង​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន មាន​កម្លាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ជាដើម បាន​អះអាង​ថា បាន​ត្រៀម​កម្លាំង​ការពារ​សន្តិសុខ​ជូន​ភ្ញៀវ​ទេសចរ មិន​ធ្វេសប្រហែស​ទេ ជាពិសេស​នៅ​តាម​រមណីយដ្ឋាន​ធម្មជាតិ​តាម​តំបន់​ឆ្នេរ និង​ដី​កោះ​ជាដើម ដែល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​និយម​ចូល​ទៅ​កម្សាន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។