បេក្ខជន​ជិត​ ១២​ម៉ឺន​នាក់​ ប្រឡង​បាក់​ឌុប​នៅ​ថ្ងៃ​ទី២០ សីហា​

ជី វិតា
2018-08-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិស្ស​ចូល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​បាក់​ឌុប​នៅ​ថ្ងៃ​ទី​១ នា​មណ្ឌល​ព្រះស៊ីសុវត្ថិ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥។
សិស្ស​ចូល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​បាក់​ឌុប​នៅ​ថ្ងៃ​ទី​១ នា​មណ្ឌល​ព្រះស៊ីសុវត្ថិ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥។
Photo: RFA

ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅថា​បាក់​ឌុប​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​២០១៨​នេះ មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២០ ដល់ ថ្ងៃ​ទី​២១ សីហា​។ រដ្ឋមន្ត្រី​ក្រសួង​ការអប់រំ​អះអាង​ថា គ្រោះ​ទឹកជំនន់​ជា​បញ្ហា​មួយ​ក្នុង​ការ​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ ប៉ុន្តែ​ក្រសួង​អប់រំ​អះអាង​ថា បាន​ដោះស្រាយ​រួច​អស់ហើយ។

ការ​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​មាន​បេក្ខជន​ទូទាំង​ប្រទេស​ជិត​ ១២​ម៉ឺន​នាក់ ទាំង​មុខ​វិជ្ជា​វិទ្យា​ស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម។ មុន​មួយថ្ងៃ​នៃ​ការ​ប្រឡង​នេះ បេក្ខជន​នាំគ្នា​ទៅ​មើល​ឈ្មោះ លេខ​តុ លេខ​បន្ទប់ និង​មណ្ឌល​ប្រឡង​ដែល​ក្រសួង​អប់រំ​បាន​បិទ​នៅ​គ្រប់​មណ្ឌល​ប្រឡង​ទូទាំង ​២៥​រាជធានី​-​ខេត្ត នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៩ សីហា​នេះ។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន ឲ្យ​ដឹង​ថា ដោយ​បញ្ហា​ទឹកជំនន់​ក្រសួង​បាន​ប្ដូរ​ទីតាំង​មណ្ឌល​ប្រឡង​មួយ​ពី​កន្លែង​ទឹក​លិច​ទៅ​ទីតាំង​ផ្សេងទៀត​ ដើម្បី​ធានា​ឲ្យ​ការ​ប្រឡង​មានដំណើរ​ការ​រលូន។ លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ទៅ​បេក្ខជន​ទាំងអស់​កុំ​ឲ្យ​យក​សំណៅ​ឯកសារ​ចូល​ក្នុង​មណ្ឌល​ប្រឡង និង​ទទូច​ដល់​អនុរក្ស​ទាំងអស់​ត្រូវ​បំពេញ​ការងារ​របស់​ខ្លួន​ឲ្យ​បាន​ល្អ៖ «សូម​គោរព​ទៅ​តាម​បទបញ្ជា​របស់​ក្រសួង​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ការ​ប្រឡង​នេះ​ទទួល​បាន​ជោគជ័យ​ដើម្បី​ឲ្យ​ក្រសួង​អាច​បន្ត​អនុវត្ត​នូវ​ដំណើរ​នៃ​ការ​កំណែទម្រង់​អប់រំ​ដើម្បី​ឲ្យ​យុវជន​កម្ពុជា​ក្លាយ​ជា​ពលរដ្ឋ​ល្អ​មាន​ចំណេះដឹង​ខ្ពស់​មាន​បំណិន»

ការ​ប្រឡង​បាក់​ឌុប​បច្ចុប្បន្ន​ត្រូវ​បាន​គេ​មើលឃើញ​ថា មានការ​រឹត​បន្តឹង​ខ្លាំង​ពី​ខាង​ក្រសួង​អប់រំ ដោយ​ក្រសួង​បាន​ចេញ​នូវ​វិធានការ​ថា ចំពោះ​បេក្ខជន​ដែល​ឲ្យ​គេ​ប្រឡង​ជំនួស​ត្រូវ​បាន​កំណត់​ឲ្យ​ធ្លាក់ ​និង​ផ្អាក​មិន​ឲ្យ​ប្រឡង​រយៈពេល​ពីរ​ឆ្នាំ​បន្តបន្ទាប់។ ដោយឡែក បេក្ខជន​ដែល​ប្រឡង​ជំនួស​គេ​នឹង​ត្រូវ​បញ្ជូន​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន។

ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន និយាយ​ថា ការ​ប្រឡង​ឆ្នាំនេះ ក្រសួង​មានការ​រឹតត្បិត​ច្រើន។ លោក​បន្ត​ទៀត​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​គ្រូបង្រៀន មួយ​ចំនួន​បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះ​ក្រុម​យុវជន​ស្ម័គ្រ​ដែល​មកពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​មក​បង្គាប់​បញ្ជា​លើ​ក្រុម​គ្រូបង្រៀន​ទាំងនោះ៖ «ដល់​តែ​ថែម​យុវជន​ទៅលើ​ហ្នឹង​ទៀត ឃើញ​ថា មិន​ផ្ដល់​កិត្តិយស និង​សេចក្ដីទុកចិត្ត​ទៅលើ​មេ​ប្រយោគ»

ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨​នេះ គឺជា​ឆ្នាំ​ទី​៥​ហើយ ដែល​ក្រសួង​អប់រំ​បាន​ធ្វើ​ការ​រឹត​បន្តឹង ​ហើយ​ក្រសួង​បាន​អនុវត្ត​នូវ​ពាក្យស្លោក​ដដែល​ថា "​អ្នកចេះ ​គឺជាប់​" ។ វិធានការ​នេះ អាច​ជា​កត្តា​ជំរុញ​ឲ្យ​បេក្ខជន​ទាំងនោះ​អាច​ត្រៀមលក្ខណៈ​គ្រប់គ្រាន់ និង​ទទួល​បាន​មូលដ្ឋាន​រឹងមាំ​នូវ​មុខវិជ្ជា​នីមួយៗ​។ ប៉ុន្តែ​ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន យល់ថា ដើម្បី​លើក​កម្ពស់​វិស័យ​អប់រំ​ឲ្យ​មាន​ប្រសិទ្ធភាព​ពិតប្រាកដ​គឺ​ក្រសួង​អប់រំ​មិន​ត្រូវ​រឹត​បន្តឹង​តែ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នៃ​ការ​ប្រឡង​បាក់​ឌុប​នេះ​ទេ គឺ​ត្រូវតែ​ពង្រឹង​ពី​ថ្នាក់​បឋម​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល