អដ្ឋិធាតុ​ស្ថាបនិក​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​បាន​បញ្ចុះ​នៅ​ខេត្ត​សៀមរាប​តាម​បណ្ដាំ​រួចរាល់

2018-12-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបគំនូរបង្ហាញពីសកម្មភាពលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Dr. Beat Richner) ពិនិត្យជំងឺកុមារ ដែលគេបង្ហោះចែកចាយលើបណ្ដាញសង្គម កាលពីពេលកន្លងទៅ។
រូបគំនូរបង្ហាញពីសកម្មភាពលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Dr. Beat Richner) ពិនិត្យជំងឺកុមារ ដែលគេបង្ហោះចែកចាយលើបណ្ដាញសង្គម កាលពីពេលកន្លងទៅ។
Photo Screenshot

អដ្ឋិធាតុ​វេជ្ជបណ្ឌិត បេអាត រីច្នឺរ (Beat Richner) ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា ត្រូវ​បាន​ដង្ហែ​ទៅ​បញ្ចុះ​នៅ​ចេតិយ​នៅ​ខាង​មុខ​មន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី​៧ ក្នុង​ខេត្ត​សៀមរាប​តាម​បណ្ដាំ​របស់​លោក​រួចរាល់ ហើយ នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ។

អដ្ឋិធាតុ​របស់​អ្នកមានគុណ​លើ​ពលរដ្ឋ​ខ្មែរ​នេះ ត្រូវ​បាន​ដង្ហែ​តាម​ផ្លូវ​សំខាន់ៗ​នៅ​ក្នុង​ខេត្ត​សៀមរាប ដែល​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប ឆ្ពោះ​ទៅ​កាន់​មន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី៧ ដោយ មាន​ព្រះសង្ឃ មន្ត្រីរាជការ ក្រុម​គ្រូពេទ្យ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ជាច្រើន​ចូលរួម​ដង្ហែ និង​ឈរ​គោរព​តាម​ដង​ផ្លូវ។ ក្នុង​ពិធី​នោះ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស បាន​នាំគ្នា​កាន់​បដា ដែល​សរសេរ​ថា គុណធម៌​ដ៏​ឧត្តុង្គ​ឧត្ដម​របស់​វេជ្ជបណ្ឌិត បេអាត រីច្នឺរ នឹង​ស្ថិត​ក្នុង​បេះដូង​កូន​ខ្មែរ​គ្រប់​ជំនាន់ និង​ចាត់​ទុក លោក បេអាត រីច្នឺរ ជា​គ្រូពេទ្យ​ទេវតា និង​ជា​វីរបុរស​ដ៏​អស្ចារ្យ​ដែល​បាន​ជួយសង្គ្រោះ មាតា និង​កុមារ​កម្ពុជា​ឲ្យ​មានជីវិត។

ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហមុនី និង​សម្ដេច វររាជ​មាតា មុនីនាថ សីហនុ ក៏​បាន​យាង​ជា អធិបតី​ក្នុង​ពិធី និង​ប្រទាន​គ្រឿង​សក្ការបូជា នៅ​នឹង​ចេតិយ​ជាទី​តម្កល់​អដ្ឋិធាតុ​លោក​វេជ្ជបណ្ឌិត បេអាត រីច្នឺរ ដែរ។

រីឯ​អ្នកវិភាគ​ន​យោ​បាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា វេជ្ជបណ្ឌិត បេអាត រីច្នឺរ គឺ​មាន​គុណធម៌​ខ្ពស់​ប្រៀប​ដូចជា​តួអង្គ​ព្រះ​ពោធិសត្វ​ដែល​ពោរពេញ​ដោយ​កម្លាំង​សទ្ធា មេត្តា ករុណា បញ្ញា និង​ការ​ព្យាយាម​ដ៏​ខ្លាំងក្លា​ក្នុង​ការ​ជួយសង្គ្រោះ​ជីវិត​ស្ត្រី​និង​កុមារ​កម្ពុជា។ បណ្ឌិត ឡៅ ម៉ុង ហៃ យល់ថា អ្នកមាន​ទ្រព្យសម្បត្តិ និង​មានអំណាច​នៅ​ស្រុក​ខ្មែរ គួរតែ​ខំ​អនុវត្ត​និង​យក​គំរូ​ល្អ​របស់​វេជ្ជបណ្ឌិត បេអាត រីច្នឺរ ដើម្បី​ជួយ​សង្គម​កម្ពុជា ដូចជា​តាមរយៈ​ការ​បង្កើត​មូលនិធិ​(Foundation) ជាដើម៖ «ទៅ​អនាគត​នឹង​មាន​អ្នក​យក​គំរូ​​តាម​លោក​វេជ្ជបណ្ឌិត តែ​ក្នុង​ពេល​បច្ចុប្បន្ន​ឬ​ជំនាន់​នេះ មិន​ទាន់​មាន​ទេ។ ការ​យក​គំរូ​ល្អ​ហើយ​បង្កើត​ជា​មូលនិធិ​ជួយ​សង្គម​នេះ គឺ​ឆ្លុះបញ្ចាំង​ពី​វប្បធម៌​និង​សីលធម៌​ខ្មែរ គឺ​អ្នកមាន​រក្សា​ខ្សត់ ដូច្នេះ​គឺជា​និមិត្ត​យ៉ាង​ជាក់ស្ដែង»

ទោះយ៉ាងណា​ក្តី លោក​មិន​សង្ឃឹមថា អ្នកមាន​ទ្រ​ព​សម្បត្តិ​និង​មានអំណាច នៅ​ពេល​បច្ចុប្បន្ន​នេះ អាច​ធ្វើ​បាន​នោះ​ទេ ព្រោះ​ពួកគេ នៅ​មានការ​លោភលន់​ច្រើន រហូតដល់​លោភលន់​ហួស​កម្រិត​ច្បាប់ និង​សីលធម៌​ទៀត​ផង។

ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​លោក​វេជ្ជបណ្ឌិត Beat Richner បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ ៧១​ឆ្នាំ កាលពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា នៅ​ប្រទេស​ស្វីស​ដោយ​ជំងឺ។ លោក​គឺ​ត្រូវ​មជ្ឈដ្ឋាន​ទូទៅ​ចាត់ទុកថា ជា​បុគ្គល​ឆ្នើម ឬ​ជា​ពេទ្យ​ទេវតា​ក្នុង​ការ​ជួយសង្គ្រោះ​កុមារ​កម្ពុជា ចាប់​តាំ​ងពី​លោក​បាន​ដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា​កាលពី​ឆ្នាំ​១៩៩២ មក។

លោក​បាន​បង្កើត​ឲ្យ​មាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ចំនួន​៥ ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​ជំងឺ​កុមារ​កម្ពុជា។

ក្នុង​រយៈពេល​ប្រមាណ​ជាង ២៥​ឆ្នាំ​មកនេះ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​អស់ ជាង ៦៣២ លាន​ដុល្លារ ក្នុង​ការ​ផ្ដល់​សេវា​ព្យាបាល​ជំងឺ​ដល់​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដោយ​ឥតគិតថ្លៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល