BEEP កម្មវិធី​រៀន​តាម​អ៊ីនធឺណិត សម្រាប់​យុវជន​ដែល​រៀន​មិនទាន់​ចប់​ថ្នាក់​ទី៩

ដោយ សន ចាន់រដ្ឋា
2019-02-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
BEEP ឬ​កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន តាម​ប្រព័ន្ធ​អ៊ីនធឺណិត។
BEEP ឬ​កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន តាម​ប្រព័ន្ធ​អ៊ីនធឺណិត។
Screenshot

BEEP ឬ​កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន តាម​ប្រព័ន្ធ​អ៊ីនធឺណិត នឹង​ជួយ​ដល់​យុវជន​ដែល​បោះបង់ចោល​ការសិក្សា​ត្រឹម​កម្រិត​មូលដ្ឋាន ឱ្យ​មាន​លទ្ធភាព​រៀន​រហូតដល់​បញ្ចប់​ថ្នាក់​ទី៩ និង​អាច​បន្ត​ការ​សិក្សា​នៅ​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ។ កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ បង្កើត​ឡើង​ដោយ អង្គការ​យូណេស្កូ (UNESCO) ក្រសួង​អប់រំ យុវជន និង​កីឡា រួម​ជាមួយ​នឹង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។​កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន ឬ​ហៅ​ជា​ភាសា​អង់គ្លេស ដោយ​ខ្លី​ថា ប៊ី​ប (BEEP) គឺជា​កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ទៅដល់​យុវជន ដែល​បោះបង់ចោល​ការសិក្សា ត្រឹម​កម្រិត​មូលដ្ឋាន អាច​រៀន​ដោយ​ខ្លួនឯង​បាន តាមរយៈ​ទូរស័ព្ទ ថេបប្លែត (Tablet) ឬ​កុំព្យូទ័រ​បាន​ដោយ​ឥតគិតថ្លៃ​។ កម្មវិធី​ប៊ីប​នេះ បាន​ផ្តល់​លទ្ធភាព​ដល់ យុវជន​ដែល​បាន​ចុះឈ្មោះ ចូលរៀន អាច​បន្ត​ការសិក្សា​ពី ពី​គ្រប់​ទីកន្លែង ទោះ​នៅផ្ទះ ឬ​នៅ​កន្លែង​ណា​ក៏​ដោយ ដែល​អាច​ភ្ជាប់​អ៊ីនធឺណិត​បាន។

ក្រៅពី​រៀន​ដោយ​ខ្លួនឯង យុវជន​ដែល​បាន​ចុះឈ្មោះ និង​គ្មាន​សម្ភារៈ​សម្រាប់​រៀន​ក៏​អាច​ស្វែងរក​ជំនួយ​ផ្នែក​សម្របសម្រួល និង​សម្ភារៈ នៅ​តាម​មជ្ឈមណ្ឌល​សិក្សា​របស់​គម្រោង​ប៊ីប បាន​ផង​ដែរ។

កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន បានប្រកាស​ដាក់​ដំណើរការ​មជ្ឈមណ្ឌល​សិក្សា ប៊ី​ប ដំបូង​គេ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។​

មន្ត្រី​នាំពាក្យ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ឌី ខាំ​ប៉ូ​លី ថ្លែងប្រាប់​អាស៊ីសេរី​ថា គម្រោង​ប៊ី​ប​មាន​មជ្ឈមណ្ឌល​សិក្សា​ទាំងអស់​ចំនួន ១០ ក្នុងនោះ​មាននៅ​រាជធានី​ភ្នំពេញ​ចំនួន ៥ ចំណែក​មណ្ឌល​សិក្សា​ចំនួន ៥​ផ្សេងទៀត មាននៅ​ក្នុង​ខេត្តសៀមរាប​។ លោក ឌី ខាំ​ប៉ូ​លី ឱ្យដឹង​បន្ថែមថា កម្មវិធី​តាម​ប្រព័ន្ធ​អ៊ីនធឺណិត នេះ​មានមុខ​វិជ្ជា​បង្រៀន ស្របទៅនឹង​កម្មវិធី​ប​ង្រៀ​ន​ដែលមាន​នៅក្នុង​សាលា​រដ្ឋ ។​

“​មិន​ខុស​ឆ្ងាយ​ពីមុខ​វិជ្ជា​ដែល​រៀន​នៅ​សាលា​រដ្ឋ​ទេ​បាទ ! ព្រោះ​ដើម្បីឱ្យ​គាត់​មាន​មូលដ្ឋាន អញ្ចឹង​វា​! សមមូល​.. សមមូល​ទៅនឹង​ការសិក្សា​ក្នុង​សាលា​រដ្ឋ​ធម្មតា​។ គ្រាន់តែ​ដើម្បី​ជួយ​ដល់​សិ​ក្ស​ដែល​បោះបង់ចោល​ការសិក្សា ឱ្យ​គាត់​មានឱកាស​បាន​រៀន​ឡើងវិញ​។ កុំឱ្យ​អ្នក​ដែល​នៅក្រៅ​សាលា លែងមាន​ឱកាស​រហូត ទោះបី​អ្នកណា​ក៏ដោយ ក៏មាន​ឱកាស​ទទួលបាន​ការអប់រំ​ដែរ​”

មជ្ឈមណ្ឌល​សិក្សា​ប៊ី​ប​ទាំង ១០​កន្លែង ដែល​គ្រោង​នឹងដាក់​ដំណើការ​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​នេះ នឹងត្រូវ​បែងចែក ឱ្យ​ស្ថិតនៅក្រោម​ការងារ​គ្រប់គ្រង​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ៥​កន្លែង និង​៥​កន្លែង​ផ្សេងទៀត​គឺ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

អ្នកនាំពាក្យ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ឌី ខាំ​ប៉ូ​លី ឱ្យដឹង​បន្ថែមថា កម្មវិធី​រៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត នេះ​ជាការ​បំពេញបន្ថែម​ទៅលើ កម្មវិធី​អប់រំ​ក្រៅ​ប្រព័ន្ធ​របស់​ក្រសួង​អប់រំ​ដែលមាន​ស្រាប់​។ កម្មវិធី​អប់រំ​ក្រៅ​ប្រព័ន្ធ​នេះ ជាការ​ផ្តល់ឱកាស​ជាថ្មី​ដល់​ពលរដ្ឋ​កម្ពុជា ឱ្យមាន​ឱកាស​បាន​រៀន អាច​ប្រកបមុខរបរ​ចិញ្ចឹមជីវិត និង​ទទួលបាន​វិញ្ញាបនបត្រ ឬ​សញ្ញាបត្រ​ដែលមាន​តម្លៃ​ស្មើនឹង ការអប់រំ​ក្នុង​ប្រព័ន្ធ​។​

“​ក្រសួង​មានកម្ម​វិធី​អប់រំ​ក្រៅ​ប្រព័ន្ធ ឬ​ហៅថា Non formal education ដែល​សំដៅ​ដល់​អ្នក​ដែល​មិន​ស្ថិតក្រោម​ប្រព័ន្ធ​អប់រំ​។ ដើម្បី​ជួយ​ឱ្យ​គាត់​មានឱកាស​សិក្សា ទទួលបាន​ចំណេះដឹង​យ៉ាងហោច ចំណេះដឹង​កម្រិត​មូលដ្ឋាន និង​មាន​ជំនាញ​វិជ្ជាជីវៈ កម្រិត​មួយ​ដែល​អាចឱ្យ​គាត់​យកទៅ​បម្រើការ​ចិញ្ចឹមជីវិត និង​គ្រួសារ​របស់គាត់​បាន ”

កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន ឬ​ប៊ី​ប បានដាក់​បញ្ចូល​មុខវិជ្ជា​ចំនួន ១១​មុខ​។ មុខវិជ្ជា​ទាំងនោះ​រួមមាន​ភាសា​ខ្មែរ គណិតវិទ្យា​កម្រិត​១ និង​កម្រិត​២ គីមីវិទ្យា រូបវិទ្យា យេនឌ័រ មូលដ្ឋានគ្រឹះ​មុខរបរ ភាសា​អង់គ្លេស សហគ្រិនភាព ទេសចរណ៍ និង​បច្ចេកវិទ្យា​ព័ត៌មាន​។ ប៉ុន្តែ​អ្នកសិក្សា​ក៏​អាច រៀន​ត្រឹម​មុខវិជ្ជា​គោល និង​មុខវិជ្ជា​បច្ចេកទេស ដើម្បី​អាច​បន្ត​ការសិក្សា​នៅ​គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។​

យុវជន​ធ្លាប់​បោះបង់​ការសិក្សា ដែល​បាន​សិក្សា​រាល់​មុខវិជ្ជា​ទាំងអស់ និង​បាន​ឆ្លងកាត់​ការប្រលង​ក្នុង​កម្មវិធី​ប៊ី​ប នឹង​ទទួលបាន​សញ្ញាបត្រ​ដែល​មានតម្លៃ​ស្មើនឹង ការសិក្សា​ថ្នាក់​បឋមភូមិ (​បញ្ចប់​ថ្នាក់​ទី ៩)​។​

របាយការណ៍​ស្តីពី​ការអប់រំ​សាធារណៈ​របស់​ក្រសួង​អប់រំ បង្ហាញថា នៅ​ចន្លោះ​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០១៧ អត្រា​សិស្ស​ដែល​បាន​បោះបង់ចោល​ការសិក្សា​នៅ​កម្រិត​បឋមសិក្សា មាន​ប្រមាណ ៤ ភាគរយ (.) ; ចំណែក​សិក្សា​ដែល​បោះបង់ចោល​ការសិក្សា​នៅ​កម្រិត មធ្យមសិក្សា​បឋមភូមិ​មាន​ជាង ១៥ ភាគរយ (១៥.)​។​

បន្ទាប់ពី ដាក់​ដំណើការ មជ្ឈមណ្ឌល​សិក្សា​ទីមួយ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ក្រសួង​អប់រំ​យុវជន និង​កីឡា ក៏​គ្រោង​ដាក់​ដំណើការ​មជ្ឈមណ្ឌល​សិក្សា ប៊ី​ប មួយកន្លែង​ទៀត​នៅ​វិទ្យាល័យ​ចម្រើន​រ័ត្ន ក្នុង​រាជធានី​ភ្នំពេញ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល