ពលរដ្ឋ​មួយ​ចំនួន​មិន​ពេញ​ចិត្ត​នឹង​ការ​ធ្វើ​បុណ្យ​នៅ​ក្រៅ​វត្ត​ក្នុង​ស្រុក​ព្រៃកប្បាស​ខេត្ត​តាកែវ

ដោយ សាន សែល
2017.04.16
ផែនទី​ខេត្ត​តាកែវ ៦២០ ផែនទី​ខេត្ត​តាកែវ
Photo: RFA

ប្រជាពលរដ្ឋ​ខ្លះ​នៅ​ឃុំ​ព្រៃផ្ដៅ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ មិន​ពេញ​ចិត្ត​នៅ​ពេល​ពុទ្ធបរិស័ទ​មួយ​ចំនួន​មិន​ទៅ​ធ្វើ​បុណ្យ​ទាន​នៅ​ក្នុង​វត្ត​អារាម តែ​បែរ​ជា​ទៅ​ធ្វើ​បុណ្យ​នៅ​សាលា​សំណាក់​ទៅ​វិញ។ ពលរដ្ឋ​ដែល​មិន​ពេញ​ចិត្ត​ទាំងនេះ​លើក​ឡើង​ថា ការ​ធ្វើ​បែប​នេះ​អាប់ឱន​ដល់​សាសនា ក៏ប៉ុន្តែ​ព្រះសង្ឃ​ពន្យល់​ថា ពុទ្ធបរិស័ទ​អាច​ទៅ​ធ្វើ​បុណ្យ​នៅ​ទីណា​ក៏​បាន មិន​បាច់​តែ​នៅ​ទី​អារាម​ទេ ហើយ​អាជ្ញាធរ​បញ្ជាក់​ថា វា​ជា​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​ជ្រើសរើស​ទីតាំង​សម្រាប់​ធ្វើ​បុណ្យ។

អ្នក​ភូមិ​គោកទ្រា គឺ​លោក សៀក រ៉ាន់ ថ្លែង​នៅ​ថ្ងៃ​ទី​១៦ មេសា ថា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ដែល​ប្រជាពលរដ្ឋ​យក​ទី​សាលា​សំណាក់​នៅ​ខាង​មុខ​វត្ត​ព្រៃផ្ដៅ ធ្វើ​ជា​ទីតាំង​រៀបចំ​បុណ្យ​ទាន និង​សុំ​សីល។

ទី​សាលា​សំណាក់​នេះ ស្ថិត​នៅ​លើ​ដំបូក​ខាង​មុខ​ខ្លោងទ្វារ​វត្ត។

លោក សៀក រ៉ាន់ អះអាង​ថា ការណ៍​ដែល​ពុទ្ធបរិស័ទ​មិន​ទៅ​រៀបចំ​បុណ្យ​ទាន​នៅ​ក្នុង​ទី​អារាម ធ្វើ​ឲ្យ​អាប់ឱន​សាសនា៖ «ខ្ញុំ​ព្រួយ​បារម្ភ​ថា វា​អាប់ឱន​ដល់​ព្រះពុទ្ធ​សាសនា ការ​កសាង​មិន​រីក​ចម្រើន។ ធ្វើ​ឲ្យ​មនុស្ស​លែង​ចេះ​គោរព លែង​ដឹង​ខុស​ត្រូវ គុណ​ស្រ័យ ស្រេច​តែ​គំនិត​ខ្លួន ចង់​ធ្វើ​អី​ស្រេច​តែ​ខ្លួន​ឯង។ ខ្ញុំ​យល់​ថា វា​ខុស​ឆ្គង។ ខុស​ឆ្គង​នឹង​គន្លង​ព្រះពុទ្ធ​សាសនា។ ធ្វើ​បុណ្យ​មាន​តែ​នៅ​វត្ត​អារាម​ទេ ដែល​ស្រប​តាម​រដ្ឋធម្មនុញ្ញ ស្រប​នឹង​ច្បាប់​របស់​ក្រសួង​ធម្មការ។ មាន​វត្ត មាន​ព្រះសង្ឃ មាន​គណៈកម្មការ មាន​វិហារ។ ដល់​ពេល​នាំ​គ្នា​ទៅ​ធ្វើ​នៅ​ក្រៅ​វត្ត​តាម​ចិត្ត​ឯង​ចឹង មិន​ត្រូវ»

អ្នក​ភូមិ​មួយ​រូប​ទៀត លោក ជា ប៉េង យល់​ថា ការ​និមន្ត​ព្រះសង្ឃ​ពី​វត្ត​ផ្សេង​មក​រៀបចំ​បុណ្យ​នៅ​សាលា​សំណាក់ ជា​ការ​មិន​សូវ​សមរម្យ​នោះ​ទេ៖ «មិន​សូវ​សម ដោយសារ​វត្ត​នៅ​ជិត​បង្កើយ។ អ្នក​ភូមិ​ភាគច្រើន​ទៅ​ធ្វើ​បុណ្យ​ក្នុង​វត្ត ហើយ​មួយ​ក្តាប់​តូច​ទៅ​ធ្វើ​នៅ​សាលា​សំណាក់ នៅ​កៀក​វត្ត​ប្រហែល ២០០​ម៉ែត្រ​ពី​ខ្លោងទ្វារ​វត្ត។ វា​អត់​សូវ​សម​ចឹង»

ព្រះតេជព្រះគុណ សោម សុខ ដែល​គង់​នៅ​វត្ត​ព្រៃផ្ដៅ មាន​ថេរ​ដីកា​ថា រឿងរ៉ាវ​បែងចែក​កន្លែង​ធ្វើ​បុណ្យ​នៅ​ក្នុង​ភូមិ​នេះ មាន​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ៖ «ទំនាស់​ពី​មុន​មក​រវាង​ព្រះចៅ​អធិការ និង​គណៈកម្មការ​វត្ត។ មាន​រឿង​បាត់​លុយ ហើយ​លោក (ព្រះចៅ​អធិការ) បាន​សួរ​ដេញដោល​ក៏​មាន​បញ្ហា រហូត​ប្ដឹង​ផ្តល់​ដល់​តុលាការ​ខេត្ត។ គណៈកម្មការ​ក៏​បែក​គំនិត​បង្កើត​សាលា​សំណាក់​ធ្វើ​ដោយ​សម្រាប់​រៀបចំ​បុណ្យ​ដោយ​ខ្លួន​ឯង​ទៅ»

ព្រះតេជព្រះគុណ​ពន្យល់​ថា ការ​រៀបចំ​បុណ្យ​មិន​ប្រកាន់​ទីកន្លែង​នោះ​ទេ មិន​ចាំបាច់​តែ​ក្នុង​ទី​វត្ត​អារាម​ទេ តែ​សំខាន់​លើ​ទឹក​ចិត្ត​ជ្រះ​ថ្លា​របស់​សាមី​ខ្លួន។ ក៏ប៉ុន្តែ​ព្រះអង្គ​ក៏​ចង់​ឃើញ​ការ​សាមគ្គី​គ្នា​រវាង​អ្នក​ភូមិ ដោយ​ព្រះអង្គ​មាន​ថេរ​ដីកា​ថា ប្រសិន​បើ​ក្នុង​ភូមិ​មាន​វត្ត​អារាម​ហើយ គួរ​ស្រុះស្រួល​គ្នា​ធ្វើ​ពិធី​បុណ្យ​ទាន​នៅ​កន្លែង​ជាមួយ​គ្នា។

លោក សៀក រ៉ាន់ ដែល​ជា​អ្នក​ភូមិ លើក​ឡើង​ថា ការ​រៀបចំ​បុណ្យ​នៅ​កន្លែង​ផ្សេង​គ្នា​ក្នុង​ភូមិ ដោយ​អ្នក​ខ្លះ​ទៅ​ធ្វើ​នៅ​វត្ត ហើយ​ខ្លះ​ទៀត​ទៅ​ធ្វើ​នៅ​លើ​ដំបូក​សាលា​សំណាក់ វា​បង្ក​ឲ្យ​មាន​ការ​សង្ស័យ​មិន​ទុក​ចិត្ត​គ្នា បាត់បង់​សាមគ្គី​ភាព​ក្នុង​សហគមន៍។

មេ​ឃុំ​ព្រៃផ្ដៅ លោក មុត សូ ឲ្យ​ដឹង​ថា នៅ​ក្នុង​ឃុំ​លោក​មាន​វត្ត​ចំនួន​៣ រួម​ទាំង​វត្ត​ព្រៃផ្ដៅ​ផង ដែល​លោក​ថា​ចំនួន​នេះ​គ្រប់គ្រាន់​សម្រាប់​ឲ្យ​ពុទ្ធសាសនិក​ប្រតិបត្តិ​សាសនា។ លោក​មេ​ឃុំ​ប្រាប់​ថា ពលរដ្ឋ​កំពុង​ទៅ​សុំ​សីល ស្រោច​ទឹក ឬ​រៀបចំ​បុណ្យ​នានា​នៅ​សាលា​សំណាក់ ដោយសារ​ទីនោះ​មាន​ដំបូក​ដែល​អ្នក​ភូមិ​ជឿ​ថា​មាន​បារមី​ស័ក្តិសិទ្ធិ៖ «ជា​ទួល​មួយ​សម្រាប់​អ្នក​ស្រុក​អ្នក​ភូមិ​គោរព​បូជា។ មាន​អ្នកតា ជា​សាលា​សំណាក់​ប្រចាំ​ភូមិ នៅ​ក្នុង​ឃុំ​ខ្ញុំ​ហ្នឹង។ ចាស់ៗ​តែងតែ​ធ្វើ​ពិធី​បុណ្យ​ឡើង​លាន​នៅ​រដូវ​ច្រូត​កាត់​ហើយ។ រឿង​នេះ​មិន​មាន​បញ្ហា​អី​ទេ។ វា​ជា​សាលា​សំណាក់ មិន​មែន​ជា​វត្ត​អារាម​អី​ទេ»

ទោះ​បី​ជា​យ៉ាង​ណា លោក​មិន​បារម្ភ​ពី​ការ​បែក​បាក់​សាមគ្គី​ភាព​រវាង​អ្នក​ភូមិ​នោះ​ទេ ហើយ​លោក​ចាត់​ទុក​ការ​ប្រតិបត្តិ​នេះ ជា​សេរីភាព​ខាង​ជំនឿ​របស់​ពលរដ្ឋ។

បើ​តាម​ព្រះសង្ឃ និង​លោក​មេ​ឃុំ រហូត​មក​ដល់​ពេល​នេះ បញ្ហា​ប្រតិបត្តិ​សាសនា​នៅ​ទីតាំង​ផ្សេង​គ្នា​នេះ​មិន​មាន​បង្ក​ជម្លោះ​ណា​មួយ​រវាង​អ្នក​ភូមិ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។