សមត្ថកិច្ចខេត្តកែបរកឃើញសាកសពកម្មករសំណង់ ៧នាក់ ក្នុងចំណោមជនរងគ្រោះ ២៥នាក់ ពីសំណង់សណ្ឋាគារ កម្ពស់ ៧ជាន់ ដែលបាក់រលំ នៅល្ងាចថ្ងៃទី៣ ខែមករានេះ។ នេះបើតាមរបាយការណ៍ គិតត្រឹមម៉ោង ៥ព្រឹក ថ្ងៃទី៤ ខែមករា។
អភិបាលខេត្តកែប លោក កែន សុត្ថា បានប្រាប់អាស៊ីសេរីពីយប់ថ្ងៃទី៣ មករាថា សមត្ថកិច្ច កំពុងជួយសង្គ្រោះជនរងគ្រោះ ចេញពីគំនរបាក់បែក។ ប៉ុន្តែបដិសេធមិនធ្វើអត្ថាធិបាយលម្អិតពីការបាក់អគារ៧ជាន់នេះទេ ព្រោះលោកប្រាប់ថាជាប់រវល់ ចាត់ចែងក្នុងការសង្រ្គោះជនរងគ្រោះបន្តទៀត។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំនៅខេត្តកែប លោក យន់ ផល្លី ដែលមានវត្តមាននៅកន្លែងកើតហេតុ បាននិយាយថា អគារនេះទើបតែបន្តសង់ជាន់ទី៧ ផ្ទុយនឹងច្បាប់អនុញ្ញាត និងមានកម្មករធ្វើការប្រហែល ៤០នាក់។ លោកបន្តថា ម្ចាស់សណ្ឋគារ ជាអនិកជន ប៉ុន្តែមិនទាន់ដឹងពីសញ្ជាតិពិតប្រាកដនៅឡើយ។
នេះជាករណីបាក់អគារលើកទីបីហើយ ដែលបានសម្លាប់មនុស្ស។ កាលពីដើមខែធ្នូ កម្មករបីនាក់ស្លាប់ក្នុងករណីបាក់កុដិ និងបណ្ដាលឱ្យកម្មករច្រើននាក់រងរបួស នៅខេត្ត សៀមរាប។ កាលពីដើមឆ្នាំ២០១៩ អគារវិនិយោគរបស់ជនជាតិចិនកម្ពស់ ៧ជាន់ ដែលកំពុងសាងសង់ គ្មានច្បាប់អនុញ្ញាតនៅខេត្តព្រះសីហនុ បានបាក់រលំបណ្ដាលឱ្យ កម្មករសំណង់ស្លាប់ ២៨នាក់ និងរបួស ២៦នាក់។ ក្រោយហេតុការណ៍បាក់រលំអគារនេះ តុលាការខេត្តព្រះសីហនុ បានសម្រេចឃុំខ្លួនជនជាតិចិន ៤នាក់ ដែលជាម្ចាស់អគារនោះ ព្រមទាំងម្ចាស់ក្រុមហ៊ុនម៉ៅការសាងសង់ អ្នកមើលការខុសត្រូវការដ្ឋានសាងសង់ និងមេជាងសំណង់ផងដែរ។
អាស៊ីសេរីនឹងមានសេចក្ដីរាយការណ៍ពិស្ដារបន្ថែមទៀត ជុំវិញការដួលរំលំបាក់អគារនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
