សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ស៊ើប​អង្កេត​រឿង​ពុក​រលួយ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ ស្នើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី និង​អំពើ​ពុក​រលួយ​ដែល​កើត​មាន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ។ ការ​ស្នើ​នេះ បន្ទាប់​ពី​មាន​ពាក្យ​បណ្ដឹង​ដែល​ចេញ​ពី​មន្ត្រី​នគរបាល​ខេត្ត​កំពង់ធំ ដោយ​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដក​តំណែង​ស្នងការ និង​ស្នងការ​រង​ពីរ​នាក់ ពីព្រោះ​មាន​ភាព​អសកម្ម​ក្នុង​ការងារ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យ៉ាង​ធ្ងន់ធ្ងរ។ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ទទួល​លិខិត​របស់​មន្ត្រី​នគរបាល​ទាំងនោះ​ហើយ។

ព័ត៌មាន​ស្ដីពី​អំពើ​ពុក​រលួយ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ត្រូវ​បាន​បញ្ចេញ​ជា​លើក​ទី​ពីរ ប៉ុន្តែ​លើក​ទី​ពីរ​នេះ គឺ​ធ្ងន់ធ្ងរ​ជាង​លើក​ទី​មួយ​ដែល​កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៤ ទៅ​ទៀត។

ភាព​ធ្ងន់ធ្ងរ​នោះ ដោយសារ​មាន​ពាក្យ​បណ្ដឹង​ពី​សំណាក់​តំណាង​មន្ត្រី​នគរបាល​ខេត្ត​មួយ​ចំនួន ប្ដឹង​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ តែ​ម្តង ដោយ​ស្នើសុំ​ដក​ស្នងការ​ខេត្ត គឺ​លោក ជូ សំអាន និង​ស្នងការ​រង​ពីរ​នាក់​ផ្សេង​ទៀត រួម​មាន​លោក អ៊ិត គឹមស្រ៊ុន និង​លោក ខៀវ ចាននី ចេញ​ពី​មុខ​តំណែង។ ការ​ស្នើ​នេះ ដោយ​មន្ត្រី​នគរបាល​លើក​ឡើង​ក្នុង​លិខិត​ថា ស្នងការ​ខេត្ត និង​ស្នងការ​រង​ទាំងនេះ បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

ករណី​នេះ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា​ក្រសួង​មហាផ្ទៃ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​មាន​វិធានការ​ជា​បន្ទាន់ ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ដល់​មន្ត្រី​ដែល​ស្អាតស្អំ៖ « អា​ហ្នឹង​ធ្វើ​ឲ្យ​មាន​ភាព​អសកម្ម​ដល់​ជួរ​មន្ត្រី​នគរបាល​ជាតិ។ ហេតុ​អី ? ដូចជា​ការ​ដំឡើង​ឋានៈ ការ​ចូល​ក្របខ័ណ្ឌ​ហ្នឹង ជា​ថ្នូរ​នឹង​ការ​សូកប៉ាន់​ហ្នឹង។ ពេល​ហ្នឹង​ហើយ​វា​ជា​ការ​សម្លាប់​មនសិការ​មន្ត្រី​ដែល​គេ​ស្អាតស្អំ »

កាល​ពី​ថ្ងៃ​ទី​៣ កុម្ភៈ ពាក្យ​បណ្ដឹង​មួយ​ច្បាប់​ដែល​មាន​ឈ្មោះ និង​ស្នាម​មេដៃ​ដែល​អះអាង​ថា​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​នៅ​ខេត្ត​កំពង់ធំ ចំនួន ៦​រូប ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដោយ​រៀបរាប់​ពី​ភាព​អសកម្ម​របស់​ស្នងការ​នគរបាល​ខេត្ត លោក ជូ សំអាន ដូចជា​ដឹកនាំ​គ្មាន​គោល​ជំហរ និង​ជំនាញ​ច្បាស់លាស់។ លើស​ពី​នេះ ដឹកនាំ​បែប​អត្តនោម័តិ និង​បក្ខពួក​និយម ហើយ​ឃុបឃិត​គ្នា​ជាមួយ​ស្នងការ​រង​ទទួល​ផែន​ធនធាន​មនុស្ស គឺ​លោក អ៊ិត គឹមស្រ៊ុន និង​ស្នងការ​រង​ម្នាក់​ទៀត​ទទួល​ផែន​សន្តិសុខ គឺ​លោក ខៀវ ចាននី ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ អំពើ​ពុក​រលួយ​ទាំងនោះ​ដូចជា​ករណី​យក​ប្រាក់​ពី​ការ​តែងតាំង​មន្ត្រី និង​រើស​បញ្ចូល​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ថ្មី ដោយ​ក្នុង​បុគ្គល​ម្នាក់​ចំនួន ៥​ពាន់​ដុល្លារ​ទៅ ៧​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​មាន​ពលរដ្ឋ​ខ្លះ​មិន​ជាប់​ជា​មន្ត្រី​នគរបាល​ផង ប៉ុន្តែ​ប្រាក់​ទាំងនោះ​ក៏​ត្រូវ​ស៊ី​ដាច់​ថែម​ទៀត។

លិខិត​ដដែល​បញ្ជាក់​ថា ការ​តែងតាំង​មន្ត្រី​វិញ គឺ​ត្រូវ​បង់​ប្រាក់​ចំនួន ២​លាន​រៀល​ទៅ​ជាង ១០​លាន​រៀល ឬ​ស្មើ​ប្រមាណ​ពី ៥០០​ដុល្លារ​ទៅ ៣​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មន្ត្រី​ម្នាក់ ចំពោះ​ការ​ទទួល​បាន​តំណែង​ដូចជា​មេ​ប៉ុស្តិ៍ នាយ​រង​ផ្នែក នាយ​ផ្នែក និង​អធិការ​រង​ស្រុក ជាដើម។

លិខិត​ដដែល​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ផ្លាស់ប្ដូរ​មន្ត្រី​ទាំង​បី​នាក់​ចេញ​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ពីព្រោះ​ជា​បញ្ហា​ធ្ងន់ធ្ងរ​មិន​អាច​ដឹកនាំ និង​ធ្វើ​ការងារ​រួម​គ្នា​បន្ត​ទៀត​បាន។

លោក សន ជ័យ បន្ថែម​ទៀត​ថា អំពើ​ពុក​រលួយ​ក្នុង​ការ​តែងតាំង​មន្ត្រី ព្រម​ទាំង​ជ្រើសរើស​មន្ត្រី​ចូល​ក្របខ័ណ្ឌ​ទាំងនេះ នឹង​ធ្វើ​ឲ្យ​មាន​ភាព​អសកម្ម​ក្នុង​ការងារ​បម្រើ​ប្រជាពលរដ្ឋ ម្យ៉ាង​ធ្វើ​ឲ្យ​មន្ត្រី​ទាំងនោះ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ចំពោះ​ប្រជាពលរដ្ឋ​ជាដើម៖ « យើង​បារម្ភ​ខ្លាច​មន្ត្រី​ដែល​បាន​តំណែង​ដោយ​អំពើ​ពុក​រលួយ គេ​យក​កន្លែង គេ​យក​មុខ​តំណែង​គេ​ហ្នឹង​ទៅ​ស្រង់​ដើម »

ទាក់ទង​បញ្ហា​នេះ អាស៊ីសេរី មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ លោក ជូ សំអាន និង​ស្នងការ​រង​ទទួល​ផែន​ធនធាន​មនុស្ស លោក អ៊ិត គឹមស្រ៊ុន បាន​ទេ​នៅ​ថ្ងៃ​ទី​២១ កុម្ភៈ។

ដោយឡែក​ស្នងការ​រង​ទទួល​ផែន​សន្តិសុខ លោក ខៀវ ចាននី មាន​ប្រសាសន៍​ថា គាត់​មិន​បាន​ដឹង​ថា​គេ​ប្ដឹង​រូប​លោក​ទេ ហើយ​រុញ​ឲ្យ​សួរ​ទៅ​ស្នងការ​ខេត្ត និង​ស្នងការ​រង​ខេត្ត​ម្នាក់​ទៀត។ យ៉ាង​នេះ​ក្តី លោក​អះអាង​ថា មិន​បាន​ពាក់ព័ន្ធ​ករណី​អំពើ​ពុក​រលួយ​ដូច​ការ​ចោទ​ប្រកាន់​ឡើយ៖ « ចំពោះ​ខ្ញុំ​វិញ​ក៏​ខ្ញុំ​មិន​បាន​ទទួល​សំណូក​ពី​បង​ប្អូន​ប្រជាពលរដ្ឋ ឬ​មន្ត្រី​ដែល​នៅ​ក្នុង​អង្គភាព​ចូល​ជ្រើសរើស​ថ្មី​ដែរ »

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ពាក្យ​បណ្ដឹង​នេះ លោក ស ខេង បាន​ទទួល​ហើយ និង​ពិនិត្យ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ប៉ុន្តែ​វិធានការ​យ៉ាង​ណា​នោះ លោក​មិន​ទាន់​អាច​ជម្រាប​ជូន​បាន​ទេ៖ « សម្ដេច​ក្រឡាហោម​លោក​បាន​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នូវ​ពាក្យ​បណ្ដឹង​ហ្នឹង »

កាល​ពី​ឆ្នាំ​២០១៤ ករណី​អំពើ​ពុក​រលួយ គឺ​កើត​មាន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ពាក់ព័ន្ធ​រឿង​បាត់​ប្រាក់​រំឭក​មុខងារ និង​ប្រាក់​ឋានន្តរស័ក្ដិ​របស់​មន្ត្រី​នគរបាល​ជិត ៤០០​នាក់ ដែល​មាន​ទំហំ​ទឹកប្រាក់​រាប់​សិប​លាន​រៀល។ កាលណោះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សម្រេច​ផ្ទេរ​តំណែង​អនុប្រធាន​ការិយាល័យ​ទទួល​ផែន​ហិរញ្ញវត្ថុ​ម្នាក់ គឺ​លោក ជឹម លក្ខិណា ចេញ​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ទៅ​កាន់​ស្ថាប័ន​ក្រសួង​វិញ ដើម្បី​ត្រួត​ពិនិត្យ​ចំពោះ​ភាព​មិន​ប្រក្រតី​របស់​ខ្លួន។ ក្រៅ​ពី​នេះ មន្ត្រី​គណបក្ស​ប្រឆាំង​ខេត្ត​កំពង់ធំ រក​ឃើញ​ថា មាន​ករណី​ពុក​រលួយ​ក្នុង​ការ​ជ្រើសរើស​មន្ត្រី​ចូល​ក្របខ័ណ្ឌ​នគរបាល​ថ្មី​កាលណោះ​ថែម​ទៀត​ផង ប៉ុន្តែ​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ លោក ជូ សំអាន ទាត់​ចោល​ពេល​នោះ​ដែរ។

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុន ចន្ធី យល់​ថា ករណី​ពុក​រលួយ​ពេល​នេះ គឺ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​បញ្ហា​កើត​មាន​កាល​ពី​ឆ្នាំ​២០១៤ ប៉ុន្តែ​ស្ថាប័ន​ពាក់ព័ន្ធ​មិន​បាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​មន្ត្រី​ទាំងនោះ​ឡើយ ក្រៅ​តែ​ពី​មន្ត្រី​ផ្នែក​ហិរញ្ញវត្ថុ​ម្នាក់​ដែល​គ្រាន់​តែ​ជា​ពិន័យ​ផ្នែក​រដ្ឋបាល​ប៉ុណ្ណោះ។ ចំណែក​ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​ពេល​នេះ លោក​ថា​អាច​ធ្វើ​ឡើង​ជា​ប្រព័ន្ធ ដែល​ទាមទារ​ឲ្យ​ក្រសួង​មហាផ្ទៃ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ស៊ើប​អង្កេត ព្រម​ទាំង​ផ្ដន្ទាទោស​មន្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ​តាម​ច្បាប់ ជា​ជាង​គ្រាន់​តែ​ពិន័យ​រដ្ឋបាល​នោះ៖ « វា​ច្បាស់​ណាស់ គឺ​ត្រូវ​តែ​មាន​ការ​ផ្ដន្ទាទោស​ផ្នែក​ព្រហ្មទណ្ឌ ព្រោះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ធ្លាប់​បាន​ផ្ដន្ទាទោស​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​កំពុង​ជាប់​ពន្ធនាគារ​រាល់​ថ្ងៃ​ហ្នឹង ដោយសារ​រឿង​ទឹកប្រាក់​តិចតួច​ទេ »

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​រូប​នេះ​បន្ថែម​ថា ប្រសិន​បើ​ក្រសួង​មហាផ្ទៃ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចាត់​វិធានការ​លើ​មន្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​ទាំងនេះ ហើយ​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់​នោះ គឺ​បង្ហាញ​ដល់​មតិ​សាធារណជន​ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា មាន​ស្តង់ដារ​តែ​មួយ និង​ផ្តល់​ភាព​យុត្តិធម៌​ដល់​មន្ត្រី​ថ្នាក់​ក្រោម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។