សង្គម​ស៊ីវិល​ចង់​ឃើញ​របប​ភ្នំពេញ​បង្ហាញ​ភស្តុតាង​ករណី​នាំ​ចូល​មាស ១៥​ពាន់​លាន​ដុល្លារ​ពី​សិង្ហបុរី

ដោយ មាន ឫទ្ធិ
2018.10.12
អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ៦២២ ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន
Photo​ courtesy of Mother Nature

មន្ត្រី​សង្គម​ស៊ីវិល​ចង់​ឃើញ​របប​ក្រុងភ្នំពេញ បង្ហាញ​ភស្តុតាង​លម្អិត និង​បើក​ការស៊ើបអង្កេត​ជុំវិញ​ករណី​ភាព​មិន​ប្រក្រតី នៃ​ការ​នាំ​ចូល​មាស​សុទ្ធ​តម្លៃ​ដល់​ទៅ ១៥ ពាន់​លាន​ដុល្លារ​អាមេរិក ពី​សិង្ហបុរី ដែល​អង្គការ​មាតា​ធម្មជាតិ​ទើបបាន​រក​ឃើញ។ ពួកគេ​យល់ថា ចំណាត់​ការ​នេះ គឺ​ដើម្បី​ជម្រះ​នូវ​មន្ទិលសង្ស័យ​របស់​ពល​រដ្ឋ​កម្ពុ​ជាទូទៅ និង​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​របប​ក្រុងភ្នំពេញ ក្នុង​ការ​ពង្រឹង​នូវ​ប្រព័ន្ធ​គ្រប់គ្រង​មួយ​ប្រកបដោយ​តម្លាភាព។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​របប​ក្រុងភ្នំពេញ បង្ហាញ​ភស្តុតាង​ពាក់ព័ន្ធ​នឹង​ករណី​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំចូល​មាស​សុទ្ធ​ចំនួន ៣៧០តោន ឬ​ជាង ៣ សែន ៧ ម៉ឺន ពី​ប្រទេស​សិង្ហបុរី ក្នុង​ចន្លោះ​ពី​ឆ្នាំ២០១២ ដល់​ឆ្នាំ២០១៧ នេះ។ លោក​ថា ប្រសិនបើ​របប​ក្រុងភ្នំពេញ មិន​ខ្ចី​រវីរវល់​ទៅ​នឹង​ការ​រក​ឃើញ​នេះ​ទេ នោះ​អាច​នឹង​នាំ​ឲ្យ​មានការ​ខាតបង់​ផលប្រយោជន៍​ជាតិ ជាពិសេស ខាង​ផ្នែក​ពន្ធគយ​តែម្ដង៖ «សម្រាប់​ខ្ញុំ ខ្ញុំ​នៅតែ​យល់ថា ការ​រក​ឃើញ​របស់​ប​គ្គល​ណាមួយ វា​នៅ​តែ​មាន​សារៈសំខាន់​សម្រាប់​កម្ពុជា ហើយ​ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​មានការ​បង្ហាញ​ភស្តុតាង​លម្អិត​នេះ​ដែរ មកដល់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​របាយការណ៍​នេះ ឬ​ការ​រក​ឃើញ​នៅ​ក្នុង​របាយការណ៍​នេះ វា​មាន​ភាព​គ្រប់​ជ្រុងជ្រោយ សម្រាប់​ការ​ពិនិត្យ​មើល ការពិចារណា ដើម្បី​ពង្រឹង​នូវ​ការគ្រប់គ្រង​នូវ​ការនាំចេញ ឬ​នាំចូល​ផ្សេងៗ មិន​ត្រឹមតែ​រឿង​មាស​ទេ សូម្បីតែ​រឿង​ផ្សេងៗ​ទៀត ដែល​គេ​ស្ទើរ​តែ​ភ្លេច​ទៅ​ហើយ ដូចជា​រឿង​ខ្សាច់​អី​ជាដើម ដែល​នាំទៅ​សិង្ហ​បុរី ដែល​មាន​តួលេខ​ខុសគ្នា​នោះ សុទ្ធតែ​ជា​អ្វីមួយ​ដែល​គេ​ហៅថា សម្រាប់​យក​មក​ពង្រឹង​នូវ​ប្រព័ន្ធ​គ្រប់គ្រង​មួយ ដើម្បី​ឈាន​ទៅ​ដល់​ការគ្រប់គ្រង​ដែល​មាន​តម្លាភាព ឬ​មាន​និរន្ត​ភាព»

មិន​ខុស​ពី​ការយល់ឃើញ​របស់​លោក សន ជ័យ នេះ លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា ចង់​ឃើញ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​របប​ក្រុងភ្នំពេញ រួមមាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស្ថាប័ន​ផ្នែក​ស៊ើបអង្កេត​ហិរញ្ញវត្ថុ និង​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើការ​ស៊ើបអង្កេត និង​ពិនិត្យមើល ថា​តើ​តួលេខ​ដែល​អង្គការ​មាតា​ធម្មជាតិ​រក​ឃើញ​នេះ ជា​រឿង​ត្រឹមត្រូវ​ដែរ​ឬ​ទេ។ លោក​បន្ត​ថា នេះ គឺជា​ភារកិច្ច​ដែល​សមត្ថកិច្ច គួរតែ​អនុវត្ត​ការស៊ើបអង្កេត​ជាបឋម ប្រកប​ដោយ​ភាព​ហ្មត់ចត់​ជាទីបំផុត៖ «ជា​ធម្មតា​កាលណា​មាន​ព័ត៌មាន​បែប​ហ្នឹង ហើយ​ជា​ព័ត៌មាន​មួយ​ដែល​មាន​អំណះអំណាង យោង​ទៅ​លើ​របាយការណ៍​ដែល​អាជ្ញាធរ ឬក៏​ស្ថាប័ន​នៃ​ប្រទេស​សិង្ហបុរី​ដែល​គេ​ផ្ដល់​ឲ្យ​ជា​ព័ត៌មាន​ដែល​យើង​គិត​ថា មាន​តម្លៃ​គ្រប់គ្រាន់​សម្រាប់​ការស៊ើបអង្កេត ដើម្បី​ឲ្យ​ដឹង ថា​តើ​ចំនួន​មាស​ហ្នឹង​ពិតជា​បាន​ឆ្លងកាត់​មក​កម្ពុជា ហើយ​បើ​ឆ្លងកាត់​មក ថា​តើ​ជា​គោលដៅ​ដែល​បាន​នាំមក​កម្ពុជា​តែម្ដង ឬ​គ្រាន់តែ​ជាទី​កន្លែង​សម្រាប់​ឆ្លងកាត់ ហើយ​បើ​ឆ្លងកាត់ តើ​មានការ​ពាក់ព័ន្ធ ជាមួយ​នឹង​ការ​បង់​ពន្ធ ឬ​ការ​គេច​ពន្ធ ឬ​ការ​ពាក់ព័ន្ធ​នឹង​លាង​លុយ ឬ​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​ដែរ​ឬ​អត់ របស់​អាជ្ញាធរ​ពាក់ព័ន្ធ»

ការសិក្សា​ស្រាវជ្រាវ​បែប​ស៊ើបអង្កេត និង​ប្រៀបធៀប​មួយ ដោយ​ស្ថាបនិក​របស់​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez - Davidson) ដែល​បាន​រក​ឃើញ​ថា កម្ពុជា​បាន​នាំចូល​មាស​សុទ្ធ​ពី​សិង្ហបុរី ក្នុង​បរិមាណ ៣៧០តោន ឬ​ជាង ៣ សែន ៧ ម៉ឺន​គីឡូក្រាម ស្មើនឹង​ទឹកប្រាក់ ១៥ ពាន់​លាន​ដុល្លារ​អាមេរិក ចាប់ពី​ឆ្នាំ២០១២ ដល់​ឆ្នាំ​២០១៧ ក៏ប៉ុន្តែ​មិន​បាន​កត់ត្រា​ចំនួន​តួលេខ​នាំចូល​មាស​នេះ​ពិតប្រាកដ​នោះ​ឡើយ។ ភាព​មិន​ប្រក្រតី​នេះ នាំ​ឲ្យ​មានការ​សង្ស័យ​ថា របប​ក្រុងភ្នំពេញ អាច​នឹង​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​ជា​ប្រព័ន្ធ​ដ៏​មហាសាល​មួយ​នៅ​កម្ពុជា ដែល​ក្នុង​នោះ រួមមាន​ដូចជា ករណី​គេច​ពន្ធ ក្លែងបន្លំ​ឯកសារ អំពើ​លាង​លុយ​កខ្វក់ និង​បញ្ហា​ពុករលួយ​ផ្សេងៗ​។ ភ្លាមៗ​ក្រោយ​ការ​រក​ឃើញ​នេះ ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិច ស្នើ​ឲ្យ​របប​ក្រុងភ្នំពេញ ចេញមុខ​បកស្រាយ និង​ផ្តល់​នូវ​ចម្លើយ​ដែល​អាច​ទទួល​យក​បាន ជូន​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​រយៈពេល ២ សប្ដាហ៍​គិត​ចាប់ពី​ថ្ងៃ​ទី១ តុលា តទៅ ហើយ​បើ​ពុំនោះសោត​ទេ លោក​នឹង​ដាក់​​ពាក្យ​បណ្ដឹង​ទៅកាន់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​របស់​ប្រ​ទេ​សិង្ហ​បុរី ឲ្យ​បើក​ការស៊ើបអង្កេត​អំពី​ករណី​នេះ៖ «ឥឡូវ​ហ្នឹង បន្ទាប់ពី​យើង​បាន​បញ្ចេញ​ព័ត៌មាន បាន​ចេញ​វីដេអូ​ហ្នឹង យើង​កំពុងតែ ទាមទារ​ឲ្យ​គេ​បកស្រាយ ហើយ​បន្ទាប់ពី​បកស្រាយ ក៏​ប្រហែលជា​ទាមទារ​ឲ្យ​គេ​ស៊ើបអង្កេត​។ ព្រោះ​អា​រឿង​ហ្នឹង បើសិនជា​កើតមានឡើង​នៅ​អេស្ប៉ាញ ដូច​ប្រទេស ដែល​ខ្ញុំ​រស់នៅ​រាល់ថ្ងៃ ឬក៏​កើតឡើង​នៅ​អាមេរិក ឬ​កើតឡើង​នៅ​អឺរ៉ុប​។ រឿង​នេះ ជា​រឿង​ធំ​មែនទែន ដែល​ជា​រឿង​មួយ​ដែល​ប្រាកដ ១០០ ភាគរយ​ថា មិនមែន​ត្រឹម​ភ្ញាក់ផ្អើល​សាធារណជន​ទេ គឺ​នាយកដ្ឋាន​ពាក់ព័ន្ធ គឺ​អាច​នឹង​មាន​ប៉ូលិស​ផង អាច​នឹង​មាន​ព្រះរាជអាជ្ញា គេ​នឹង​យក​រឿង​ហ្នឹង​ទៅ​ស៊ើបអង្កេត​។ ព្រោះ​ជា​រឿង​ស្អុយ អាច​នឹង​ពាក់ព័ន្ធ​ជាមួយ​នឹង​បទល្មើស​ធំ​មែនទែន។ អ៊ីចឹង​យើង​នឹង​តម្រូវ​ឲ្យ​គេ​បកស្រាយ បើសិនជា​គេ​បកស្រាយ​បែប​ឡប់ឡែ ឬក៏​មិន​និយាយ មិន​ឆ្លើយតប យើង​នឹង​ជំរុញ​ឲ្យ​គេ​ស៊ើបអង្កេត​តែម្ដង ព្រោះ​រឿង​នេះ​វា​មិនធម្មតា​ទេ»

គិត​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ជាក់លាក់​ណាមួយ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​របស់​របប​លោក ហ៊ុន សែន នៅឡើយ​ទេ ជុំវិញ​ករណី​នេះ ជាពិសេស​ពី​ខាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បើ​ទោះ​ជា​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​សុំ​ការ​ពន្យល់ និង​ឆ្លើយ​បំភ្លឺ​ជាច្រើនលើក​ច្រើន​សា​យ៉ាង​ណា​ក្តី ទាំង​តាម​សារ​អេឡិចត្រូនិក និង​តាម​ទូរស័ព្ទ។ អាស៊ីសេរី ក៏​បាន​ព្យាយាម​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​ខាង​ភាគី​ស្ថានទូត​សិង្ហ​បុរី​នៅ​កម្ពុជា និង​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​សិង្ហ​បុរី ប៉ុន្តែ​មិនទាន់​ទទួល​បាន​ការ​ឆ្លើយ​បំភ្លឺ​ណាមួយ​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ​។​

មន្ត្រី​នាំ​ពាក្យ​​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៃ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ី​ផាន គូស​បញ្ជាក់​ថា របប​របស់​លោក នឹង​មិន​មាន​ចំណាត់ការ​​ជាក់ស្ដែង​ណាមួយ​ឡើយ​លើ​ករណី​នេះ​ទេ ព្រោះ​លោក​ថា ការ​រកឃើញ​របស់​អង្គការ​មាតា​ធម្មជាតិ​នេះ គឺ​គ្រាន់តែ​ជា​ការ​ចោទប្រកាន់​មួយ​តែប៉ុណ្ណោះ​ទៅលើ​ការដឹកនាំ​របស់​របប​ក្រុងភ្នំពេញ៖ «យើង​អត់​មាន​ចំណាត់​ការ​អី​ទេ ហើយ​អង្គការ​នោះ ក៏​យើង​មិន​ទទួលស្គាល់​។ អ្វីៗ​ដែល​មាន​កំណត់ត្រា​ក្នុង​បញ្ជី​ជា​ផ្លូវការ នោះ​ចាត់ទុកជា​ផ្លូវការ​ហើយ។ មិនមែន​ជា​ការ​រត់ពន្ធ ឬ​ការ​លាង​លុយ​អ្វី​ទេ។ មិនមែន​ដូច្នេះ​ទេ​។ អ៊ីចឹង​ទេ នេះ​គ្រាន់តែ​ជា​ការ​វាយប្រហារ ប្រមាថ​មក​លើ​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ។ ... មិន​មាន​សារប្រយោជន៍​អ្វី​នឹង​បកស្រាយ​ទេ ព្រោះ​អ្វី​ដែល​ជា​ធម្មជាតិ​របស់​ក្រុម​អង្គការ​ហ្នឹង គឺ​មាន​គំនិត​អវិជ្ជមាន ស្វែងរក​គ្រប់​បែបយ៉ាង​ដើម្បី​វាយប្រហារ​មក​លើ​រាជរដ្ឋាភិបាល។ យើង​មិន​ឲ្យ​តម្លៃ យើង​មិន​និយាយ​រកតែ​ប៉ុណ្ណឹង បាទ​! នេះ​ជា Allegation មួយ ជា​ការ​ចោទប្រកាន់​មួយ យើង​មិន​ឲ្យ​តម្លៃ។ គាត់​ចង់​ថា​អី​ថា​ទៅ»

យ៉ាងណាក៏ដោយ អង្គភាព​ទំនាក់ទំនង​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា គ្រាន់តែ​ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​យ៉ាង​ខ្លី​ថា ស្ថាប័ន​ខ្លួន​ចាំបាច់​ត្រូវ​ធ្វើ​ការស៊ើបអង្កេត​បន្ថែ​ម​ទៀត​ក្នុង​ករណី​នេះ ដោយសារតែ​ភាព​ខុសប្លែក​គ្នា​ច្រើន​ពេក​នៃ​ទិន្នន័យ​ដែល​ខាង​ធនាគារ​មាន ប្រៀបធៀប​នឹង​ទិន្នន័យ​ដែល​អង្គការ​របស់​លោក អា​ឡិច ទើបនឹង​រក​ឃើញ​នេះ។

មន្ត្រី​នាំ​ពាក្យ​ក្រសួងពាណិជ្ជកម្ម លោក សៀង ថៃ បដិសេធ​ឆ្លើយ​បំភ្លឺ​ករណី​នេះ ដោយ​សម្អាង​ថា មិនមែន​ជា​សមត្ថកិច្ច​របស់​ក្រសួងពាណិជ្ជកម្ម និង​ជំរុញ​ឲ្យ​ទៅ​សួរ​ស្ថាប័ន​គយ និង​រដ្ឋាករ​វិញ ព្រោះ​លោក​ថា តួលេខ​របស់​ក្រសួងពាណិជ្ជកម្ម គឺ​ទទួល​បាន​មក​ពី​ស្ថាប័ន​គយ និង​រដ្ឋាករ។ លោក សៀង ថៃ គ្រាន់តែ​ផ្ដល់​ការ​កត់សម្គាល់​ថា បរិមាណ​ដ៏​ច្រើន​នៃ​តួលេខ​រក​ឃើញ​នេះ អាច​បណ្តាល​មក​ពី​ការនាំចេញ​បន្ត​ទៅ​កាន់​ប្រទេស​ទី​បី៖ «ដូច​ខ្ញុំ​បាន​ជម្រាប​អ៊ីចឹង បើ​ព័ត៌មាន​លម្អិត​ទាល់តែ​យកចេញ ឬ​ទៅ​សួរ​គយ បាន​ដឹង។ ក៏ប៉ុន្តែ ខ្ញុំ​មាន​ចំណុច​មួយ​ដែល​ខ្ញុំ អាច​គ្រាន់តែ​ជា​ការ​ពិចារណា។ ខ្ញុំ​ឧទាហរណ៍​មួយ។ កសិផល​កម្ពុជា​យើង ដែល​យើង​ដាំ​ដុះ​បាន​នៅ​ជាយដែន​ទាំងអស់​ហ្នឹង ហើយ​យើង​នាំ​ចេញទៅ​ប្រទេស​ថៃ​។ ឧទាហរណ៍​ដំឡូង​មី​ដែល​យើង​ដាំ​បាន យើង​នាំទៅ​រាប់​ម៉ឺន​រាប់​សែន​តោន បើ​យើង​មើល​លេខ គឺ​យើង​នាំទៅ​ប្រទេស​ថៃ​។ ក៏ប៉ុន្តែ ប្រទេស​ថៃ​គាត់​ដាំ​ដំឡូង​ដែរ គាត់​អត់​មាន​ត្រូវការ​ដំឡូង​នោះ​ទេ គាត់​នាំចេញ​បន្ត​ទៅ​ប្រទេស​ចិន​ឯណោះ​ទេ។ ដូច្នេះ ខ្ញុំ​លើក​ករណី​នេះ គឺជា​ឧទាហរណ៍ ដំឡូង​យើង​នាំទៅ​ថៃ តែ​មិនមែន​យក​ទៅ​ប្រើប្រាស់​នៅ​ថៃ​ទេ។ គឺ​យក​តទៅ​ប្រទេស​ទី​បី​មួយទៀត។ អ៊ីចឹង​យើង​ត្រូវ​ពិចារណា​លើ​ចំណុច នាំចេញ​បន្ត។ ប៉ុន្តែ​កិច្ចការ​អស់នេះ សួរ​ទៅ​គយ និង​ធនាគារ បាន​អាច​បំភ្លឺ​រឿង​ហ្នឹង​បាន»

ធនាគារ​ជាតិ​នៃ​កម្ពុជា មិនបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​ចំនួន​អាជ្ញាប័ណ្ណ​សរុប​ដែល​ស្ថាប័ន​នេះ បាន​ចេញ និង​ផ្ដល់​ឲ្យ​ដល់​ក្រុមហ៊ុន​ពាណិជ្ជកម្ម សម្រាប់​ប្រកប​អាជីវកម្ម​នាំចេញ នាំចូល​លោហធាតុ និង​ត្បូងថ្ម​មានតម្លៃ​នៅ​កម្ពុជា ហើយក៏​មិនបាន​លាតត្រដាង​អំពី​ចំណូល​សរុប​ដែល​ខ្លួន​ប្រមូល​បាន​មក​ពី​វិស័យ​នេះ​នោះ​ទេ។ យោង​តាម សេចក្ដីជូនដំណឹង​រប​ស់​​ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី ១៣ កុម្ភៈ ឆ្នាំ​២០១៨ ធនាគារ​ជាតិ បាន​ដកហូត​អាជ្ញាប័ណ្ណ​អាជីវកម្ម​នាំចេញ​-​នាំចូល​លោហធាតុ និង​ត្បូងថ្ម​មានតម្លៃ​របស់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ចំនួន ១០ ដែល​រកស៊ី​ក្នុង​វិស័យ​នេះ ក្នុង​នោះ​រួមមាន​ក្រុមហ៊ុន Liberty Gold ក្រុមហ៊ុន First State Gold Investment ក្រុមហ៊ុន Vimean Seila ក្រុមហ៊ុន Royal Gold Cambodia Investment ក្រុមហ៊ុន Askap Gold Investment ក្រុមហ៊ុន Fugi Gold ក្រុមហ៊ុន JPA Associates ក្រុមហ៊ុន Khmer Gold & Silver Coins Investment ក្រុមហ៊ុន Gold Guest និង​ក្រុមហ៊ុន LCH Sky Precious Metals ដោយ​សម្អាង​ថា ក្រុមហ៊ុន​ទាំងនោះ​មិន​មាន​សកម្មភាព​នាំចេញ​-​នាំចូល​មាស​ក្នុង​រយៈពេល ៤ ឆ្នាំ​ចុងក្រោយ។

ពាក់ព័ន្ធ​នឹង​ការ​នាំ​មាស​ចូល​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ប្រទេស​សិង្ហ​បុរី មកកាន់​កម្ពុជា​នេះ ស្ថាបនិក​អង្គការ មាតា​ធម្មជាតិ ដាក់​ការ​សង្ស័យ​ថា អាច​មាន​ពាក់ព័ន្ធ​នឹង​ហេតុផល​ចម្បង​បី​យ៉ាង។ ហេតុផល​ទី១ គឺ​អាច​មាន​ពាក់ព័ន្ធ​នឹង​ក្រុម​មន្ត្រី​អ្នកមាន​លុយ​មានអំណាច​នៅ​កម្ពុជា ក្រៅពី​យក​លុយ​ដែល​បាន​មកពី​អំពើពុករលួយ កឹប ឬ​កេងប្រវ័ញ្ច​ថវិកាជាតិ យក​ទៅ​ទិញ​ដី ទិញ​ផ្ទះ ឬ​វិនិយោគ​អ្វីមួយ​នោះ ពួកគេ​ក៏​អាច​យក​លុយ​ដែល​បាន​មក​ដោយ​អំពើ​ទុច្ចរិត​នេះ ទៅ​ទិញ​មាស​សុទ្ធ​ទុក​នៅផ្ទះ ដើម្បី​ជា​ការ​វិនិយោគ​បន្ត ជាជាង​ការ​រក្សាទុក​សាច់ប្រាក់ នៅ​ធនាគារ ដែល​នាំ​ឲ្យ​គេ​អាច​ស៊ើបអង្កេត​នា​ពេល​អនាគត ដឹង​ថា​ខ្លួន​មាន​លុយ​ដោយ​ខុសច្បាប់​នោះ​។ ហេតុផល​ទី ២ គឺ​ការប្រើប្រាស់​ប្រទេស​កម្ពុជា​ជា​កន្លែង​លាង​លុយ​កខ្វក់ ដែល​អាច​ជា​បទល្មើស​ក្នុង​តំបន់។ លោក​ថា ករណី​នេះ មិនមែន​មានតែ​មនុស្ស​ខ្មែរ​ទេ ដែល​លាង​លុយ​កខ្វក់​តាមរយៈ​មាស​នេះ តែ​គឺ​អាច​មាន​មនុស្ស​មកពី​ចិន មកពី​ប្រទេស​ផ្សេងៗ ទៀត ក្នុង​តំបន់ ដែល​មាន​លុយ​កខ្វក់​ក្នុង​ដៃ ហើយ​ចង់​លាង​លុយ​កខ្វក់​នេះ តាមរយៈ​មាស ក្រៅពី​សកម្មភាព​លាង​លុយ​កខ្វក់​តាមរយៈ​វិធីសាស្ត្រ​ផ្សេងៗ​ទៀត ដូចជា កាស៊ីណូ ការ​វិនិយោគ​លើ​វិស័យ​សំណង់ សណ្ឋាគារ ធនាគារ​ជាដើម ដែល​ករណី​នេះ​មាន​លក្ខណៈ​ស្មុគស្មាញ​ពិបាក​តាមដាន​ដឹង។ និង​ហេតុផល​មួយទៀត គឺ​ការ​មិន​កត់ត្រា​បរិមាណ​មាស​នាំចូល​កម្ពុជា​ទាំងនេះ ដើម្បី​នឹង​នាំ​មាស​ចេញ​បន្ត​ដោយ​ខុសច្បាប់ ទៅកាន់​ប្រទេស​វៀតណាម ឬ​ចិន​ជា​បន្ត​ទៀត ដែល​អាច​ក្លាយ​ជា​ករណី​គេច​ពន្ធ​មួយ ដោយសារតែ​នៅ​ប្រទេស​វៀតណាម​ការ​នាំ​ចូល​មាស​ពី​សិង្ហ​បុរី តម្រូវ​ឲ្យ​បង់ពន្ធ​ថ្លៃ ខណៈ​ដែល​នៅ​កម្ពុជា​គ្រាន់​តែ​មាន​អាជ្ញាប័ណ្ណ​ជា​ការ​ស្រេច។

លោក ផៃ ស៊ីផាន បដិសេធ​ការសង្ស័យ​ទាំងនេះ ដោយ​ថ្លែង​ការពារ​ថា របប​ក្រុងភ្នំពេញ តែង​មាន​វិធានការណ៍​ត្រឹមត្រូវ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​លាង​លុយ​កខ្វក់ ដោយមាន​ការ​សហការ​​ជាមួយ​ភាគី​បរទេស៖ «យើង​មាន​កិច្ចព្រមព្រៀង​ជាមួយ​នឹង​អូស្ត្រាលី ក្នុង​ការ​រក​វិធានការណ៍​គ្រប់​បែបយ៉ាង​ដើម្បី​ប្រឆាំង​នឹង​ការ​លាង​លុយ​នេះឯង។ យើង​មាន​ភ្នាក់ងារ​អន្តរជាតិ​អង្គុយ​នៅ​ធនាគារ​កណ្ដាល​របស់​កម្ពុជា ក្នុង​ការ​តាមដាន​ការ​លាង​លុយ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា អត់​មានគំនិត ឬ​វិធាន​ទាំងឡាយ​ណា​ដែល​ទៅ​លើកទឹកចិត្ត​ពួក​លាង​លុយ​ទេ​។ យើង​មិន​រកស៊ី​ជាមួយ​ពួក​លាង​លុយ​ទេ»

ផ្ទុយ​ពី​ការ​អះអាង​របស់​លោក ផៃ ស៊ីផាន នេះ សន្ទស្សន៍​ប្រឆាំង​អំពើ​លាង​លុយ​កខ្វក់​របស់​វិទ្យាស្ថាន​បា​សែល ប្រទេស​ស្វីស ឆ្នាំ២០១៧ បាន​ដាក់​ប្រទេស​កម្ពុជា ជាប់​លេខ ៩ ក្នុងចំណោម ១៤៦ ប្រទេស​នៅ​លើ​ពិភពលោក ដែល​មាន​ហានិភ័យ​ខ្ពស់​បំផុត​សម្រាប់​អំពើ​លាង​លុយ​កខ្វក់ ឬ​ការ​ផ្តល់​ហិរញ្ញប្បទាន​ភេរវកម្ម ឬ​ក្នុង​ន័យ​ម្យ៉ាងទៀត អាច​ថា​ជា​ឋាន​សួរ​នៃ​អំពើ​លាង​លុយ​កខ្វក់។

បន្ថែម​ពីលើ​នេះ របាយការណ៍​យុទ្ធសាស្ត្រ​គ្រប់គ្រង​គ្រឿងញៀន​អន្តរជាតិ ស្តីពី​ការ​លាង​លុយកខ្វក់ របស់​ក្រសួងការបរទេស​អាមេរិក ( International Narcotics Control Strategy Report , Volume II : Money Laundering ) ចេញផ្សាយ​កាលពី​ខែ​មីនា ឆ្នាំ២០១៨ រក​ឃើញ​ថា ភាព​ងាយ​រងគ្រោះ​ពី​អំពើ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា គឺ​បណ្ដាល​មក​ពី​កម្សោយ​នៃ​ប្រព័ន្ធ​ប្រឆាំង​អំពើ​លាង​លុយ​កខ្វក់ សេដ្ឋកិច្ច​កម្ពុជា​ពឹងផ្អែក​មួយ​ភាគ​ធំ​ទៅលើ​រូបិយប័ណ្ណ​ដុល្លារ និង​ផ្អែកលើ​ចរាចរណ៍​ជា​សាច់ប្រាក់ ភាព​ងាយស្រួល​អាច​ជ្រៀតចូល​បាន​នៃ​ព្រំដែន​កម្ពុជា អាជីវកម្ម​កាស៊ីណូ​ដែល​មាន​ការគ្រប់គ្រង​ធូរ​លុង និង​សមត្ថភាព​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​នៅ​មាន​កម្រិត​នៅឡើយ ក្នុង​ការ​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ ដែល​មាន​ការលូតលាស់​យ៉ាង​ឆាប់រហ័ស។ របាយការណ៍​ដដែល បន្ត​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​មាន​លក្ខណៈ​ទន់ខ្សោយ និង​ទទួលរង​ឥទ្ធិពល​ពី​ប្រព័ន្ធ​នយោបាយ​យ៉ាង​ខ្លាំង ក៏​រួមចំណែក​រឹតត្បិត​ដល់​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព នោះ​ដែរ។

យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ឆ្នាំ ២០១៣ - ២០១៧ ទទួលស្គាល់​នូវ​បញ្ហា​ប្រឈម​ទាំងនេះ ដោយ​គូស​បញ្ជាក់​ថា កង្វះខាត​ក្រប​ខណ្ឌ​ច្បាប់​ទូលំទូលាយ​សម្រាប់​គ្រប់គ្រង​ប្រតិបត្តិការ​អចលនទ្រព្យ វត្តមាន​នៃ​អាជីវកម្ម​ផ្ទេរ​ប្រាក់​ក្រៅផ្លូវការ និង​ប្រតិបត្តិការ​កាស៊ីណូ បាន​បង្ក​ឱកាស​សម្រាប់​ឧក្រិដ្ឋជន រំលោភ​ប្រព័ន្ធ​នេះ ដើម្បី​បម្រើ​ឲ្យ​សកម្មភាព​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម។

ទីប្រឹក្សា​ផ្នែក​ប្រឆាំង​នឹង​អំពើ​លាង​លុយកខ្វក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម របស់​ការិយាល័យ​អង្គការសហប្រជាជាតិ​ស្ដីពី​គ្រឿងញៀន និង​បទឧក្រិដ្ឋ ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​តំបន់​មេគង្គ លោក គ្រីសស្តូហ្វឺ ប័ត (Christopher Batt) ពន្យល់​ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​ថា តាមរយៈ​ការវាយតម្លៃ​ចុងក្រោយ​របស់​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​លាង​លុយ​កខ្វក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​របស់​កម្ពុជា នា​រយៈពេល​ចុងក្រោយ​នេះ ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​ស្តីពី​ការ​លាង​លុយ​កខ្វក់ ឬ​ហៅថា (Asia Pacific Group on Money Laundering) រក​ឃើញ​ថា កម្ពុជា​នៅ​មាន​ចន្លោះប្រហោង ឬ​កង្វះខាត​ជាច្រើន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​លាង​លុយ​កខ្វក់ ផ្អែក​តាម​អនុសាសន៍​គន្លឹះ​ចំនួន ៤០ ដាក់​ចេញ​ដោយ ក្រុមការងារ​ហិរញ្ញវត្ថុ (Financial Action Task Force FATF) ដែល​ជា​ស្ថាប័ន​អន្តររដ្ឋាភិបាល​បង្កើត​ឡើង​កាលពី​ឆ្នាំ១៩៨៩ ដើម្បី​កំណត់​បទដ្ឋាន​អន្តរជាតិ ប្រឆាំង​នឹង​អំពើ​លាង​លុយកខ្វក់ ហិរញ្ញប្បទាន​ភេរវកម្ម និង​ការ​គំរាមកំហែង​នានា ទៅលើ​សុចរិត​ភាព​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​។ លោក គ្រីសស្តូហ្វឺ ប័ត បន្ត​ថា ប្រសិនបើ​កម្ពុជា​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កង្វះខាត​ទាំងនេះ កម្ពុជា អាច​នឹង​ត្រូវ​គេ​ដាក់បញ្ចូល​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ប្រទេស​ដែល​មាន​កង្វះខាត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​លាង​លុយកខ្វក់ ឬ​ហិរញ្ញប្បទាន​ភេរវកម្ម ហើយ​ក្នុង​សេនា​រីយោ​អាក្រក់​បំផុត អាច​បណ្ដាល​ឲ្យ​ក្រុមការងារ​ហិរញ្ញវត្ថុ FATF នេះ ដាក់បញ្ចូល​កម្ពុជា​ទៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​ខ្លួន ដែល​នឹង​បណ្ដាល​ឲ្យ​ប្រទេស​នេះ ពុំ​មាន​សមត្ថភាព​ក្នុង​ការផ្ទេរ​សាច់ប្រាក់​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​អាច​បណ្ដាល​ឲ្យ​មានការ​រាំង​ខ្ទប់​មូលនិធិ ដែល​នាំ​ឲ្យ​មានការ​កាត់បន្ថយ​ការ​វិនិយោគ​ពី​បរទេស និង​អាច​ធ្វើ​ឲ្យ​ខូចខាត​កិត្តិសព្ទ​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ។

គិត​មក​ពេលនេះ នៅ​ពុំ​ទាន់​មានការ​ប៉ាន់ស្មាន​ពី​តួលេខ ឬ​ទិន្នន័យ​ជាក់លាក់​ប្រចាំ​ឆ្នាំ អំពី​សកម្មភាព​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម នៅ​កម្ពុជា​នៅឡើយ​ទេ។ ក៏ប៉ុន្តែ តាម​ការ​ប៉ាន់ស្មាន​របស់​ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​ត្រួតពិនិត្យ​គ្រឿងញៀន និង​បទឧក្រិដ្ឋ (UNODC) ចំនួន​លុយ​កខ្វក់​ប៉ាន់ស្មាន ដែល​ត្រូវ​បាន​លាង ឬ​សម្អាត ក្នុង​មួយឆ្នាំៗ​នៅ​ទូទាំង​សាកលលោក មាន​ប្រមាណ​ពី ២ ទៅ ៥ ភាគរយ នៃ​ផលិតផល​សរុប ( GDP ) របស់​ពិភពលោក ឬ​ស្មើនឹង​ប្រមាណ​ពី ៨០០ ប៊ី​លាន ទៅ ២ ទ្រី​លាន​ដុល្លារ​អាមេរិក​។ ទិន្នន័យ​របស់​ក្រុមប្រឹក្សា​ពិភពលោក​ស្ដីពី​មាស ( World Gold Council ) ឲ្យ​ដឹង​ថា កម្ពុជា រក្សាទុក​ទុន​បម្រុង​ជា​មាស សរុប​ចំនួន ១២,៤ តោន ឬ​ស្មើនឹង​ជាង ៥០០លាន​ដុល្លារ​អាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។