កម្ពុជា​-​ឡាវ​ព្រមព្រៀងគ្នា​ក្នុង​ការ​ទិញ​លក់​ថាមពល​អគ្គិសនី

ដោយ អាស៊ីសេរី
2018-12-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ប្រទេស​ឡាវ លោក ថងលួង ស៊ីស៊ូលីត (Thongloun Sisoulith) (ស្ដាំ) ក្នុង​ជំនួប​ផ្លូវការ នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៧ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo AFP
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ប្រទេស​ឡាវ លោក ថងលួង ស៊ីស៊ូលីត (Thongloun Sisoulith) (ស្ដាំ) ក្នុង​ជំនួប​ផ្លូវការ នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៧ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo AFP
Photo AFP

មេដឹកនាំ​នៃ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន សម្រេច​ទិញ​ថាមពល​អគ្គិសនី ពី​ស្ថានីយ​បាន​ហាត ប្រទេស​ឡាវ មក​ស្ថានីយ​ស្ទឹងត្រែង ប្រទេស​កម្ពុជា ក្នុង​តង់ស្យុង​ខ្ពស់ ២៣០​គីឡូវ៉ុល និង​៥០០​គីឡូវ៉ុល។

ក្រៅ​ពី​នេះ ប្រទេស​ទាំងពីរ​ក៏​ព្រមព្រៀងគ្នា លើ​ឯកសារ​សំខាន់ៗ​មួយ​ចំនួន​ទៀត រួមមាន ការ​ធ្វើ​បត្យាប័ន​ក្នុង​ការ​ដោះដូរ​អ្នកទោស កិច្ចព្រមព្រៀង​ស្ដីពី​វិស័យ​អប់រំ រយៈពេល ៥​ឆ្នាំ ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ២០២៤ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ និង​សិល្បៈ ឆ្នាំ​២០១៩-២០២១ និង​អនុស្សរណៈ​ស្ដីពី​ការខ្ចី​សត្វ​ដំរី សម្រាប់​ការ​បង្ហាញ​សិល្បៈ និង​ការផ្លាស់ប្ដូរ​វប្បធម៌ នៅ​សួន​សត្វ​សាហ្វារី ក្នុង​ក្រុងភ្នំពេញ។

ការ​ចុះ​ហត្ថលេខា​នេះ ធ្វើឡើង​ក្នុង​ពេល​លោក ហ៊ុន សែន និង​ក្រុម​មន្ត្រី​នៃ​របប​ក្រុងភ្នំពេញ បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ តាម​ការ​អញ្ជើញ​ពី​នាយករដ្ឋមន្ត្រី​ឡាវ លោក លោក ថង​លួន ស៊ីសូលីត។ បន្ទាប់​ពី​នេះ លោក ហ៊ុន សែន នឹង​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​វៀតណាម រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ទី​៨ ខែ​ធ្នូ តាម​ការ​អញ្ជើញ​ពី​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួនហ៊ុក (Nguyen Xuan Phuc)។ ក្នុង​កំឡុង​ពេល​នោះ លោក ហ៊ុន សែន នឹង​ជួប​ដាច់ឡែក​ជាមួយ ប្រធាន​រដ្ឋ​វៀតណាម លោក ង្វៀន ហ្វ៊ូ ជុង (Nguyen Phu Trong) និង​ប្រធានរដ្ឋសភា​វៀតណាម អ្នកស្រី ង្វៀន ធី គីម ងិន (Nguyen Thi Kim Ngan)

តាម​សេចក្ដីប្រកាស​ក្រសួងការបរទេស​កម្ពុ​ជា កាលពី​ថ្ងៃ​ទី​៤ ធ្នូ ឲ្យ​ដឹង​ថា ជំនួប​ទ្វេភាគី​រវាង​មេដឹកនាំ​កម្ពុជា និង​វៀតណាម នឹង​ពិភាក្សា​គ្នា​អំពី​បញ្ហា​ទ្វេភាគី តំបន់ និង​អន្តរជាតិ ដែល​មាន​ការ​យក​ចិត្ត​ទុកដាក់​និង​ព្រួយបារម្ភ​រួម ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​ប្រទេស​ទាំងពីរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល