កម្ពុជាថៃប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការតាមព្រំដែនរវាងកងទ័ពនៃប្រទេសទាំងពីរ
2018.12.02
ក្រសួងការពារជាតិបានអោយដឹងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារចម្រុះនៃគណៈកម្មាធិការព្រំដែនទូទៅ រវាងកម្ពុជានិងប្រទេសថៃ ដែលហៅកាត់ GBC ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងសៀមរាប។
កិច្ចប្រជុំគណៈកម្មាធិកាព្រំដែននេះ ផ្តោតលើបញ្ហាមួយចំនួនដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការតាមព្រំដែនរវាងកងទ័ពនៃប្រទេសទាំងពីរ ការពង្រឹងសន្តិសុខ ការបង្ក្រាបបទល្មើសនិងភេរវកម្មឆ្លងដែន និងសកម្មភាពខុសច្បាប់មួយចំនួនទៀតផងដែរ។ កិច្ចប្រជុំនេះក៏បានលើកឡើងផងដែរពីការការពារបរិស្ថាននៅតាមព្រំដែន និងវិធីផ្សេងៗដើម្បីការពារប្រជាពលរដ្ឋនៅពេលមានគ្រោះធម្មជាតិកើតឡើង។
គណៈកម្មាធិការព្រំដែននេះ ជួបប្រជុំជារឿងរាល់ឆ្នាំ ដើម្បីត្រួតពិនិត្យនិងដោះស្រាយបញ្ហាប្រឈមនៅតាមព្រំដែនរវាងកម្ពុជា និងប្រទេសថៃ៕