កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១៥០​ខាង​អំពើ​ពុករលួយ​សម្រាប់​ឆ្នាំ​២០១៥

ដោយ យ៉ង ចាន់តារា
2016.01.27
ឱក សេរីសោភក្ដិ៍ ព្រាព កុល ៨៥៥ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ឱក សេរីសោភក្តិ៍ (ឆ្វេង) និង​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ឆ្លើយ​សំណួរ​អ្នក​ចូល​រួម​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​សន្ទស្សន៍​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​ឆ្នាំ​២០១៥ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៦។
RFA/Yang Chandara

អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) រក​ឃើញ​ថា កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អំពើ​ពុករលួយ​កម្រិត​ខ្ពស់​នៅ​ឡើយ​នៅ​លើ​ពិភពលោក។ ការ​លើក​ឡើង​បែប​នេះ ផ្អែក​ទៅ​លើ​របាយការណ៍​សន្ទស្សន៍​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​ឆ្នាំ​២០១៥ ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មករា ឆ្នាំ​២០១៦ ដែល​បង្ហាញ​ថា កម្ពុជា​ស្ថិត​ក្នុង​លេខ​រៀង​ទី​១៥០ ក្នុង​ចំណោម​ប្រទេស ១៦៨។

​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ឱក សេរីសោភក្តិ៍ មាន​ប្រសាសន៍​ថា លទ្ធផល​ស្ដីពី​អំពើ​ពុករលួយ​ឆ្នាំ​២០១៥ នេះ បាន​ឆ្លុះបញ្ចាំង​ថា ការ​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​កំណែទម្រង់ និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។

​លោក ឱក សេរីសោភក្តិ៍ លើក​ឡើង​បែប​នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​សន្ទស្សន៍​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់ (Raffle Hotel Le Royal) ព្រឹក​ថ្ងៃ​ទី​២៧ មករា៖ «ខណៈ​ដែល​ការ​ធ្វើ​កំណែ​ទម្រង់​វិស័យ​មួយ​ចំនួន​ត្រូវ​បាន​កត់សម្គាល់ និង​ទទួល​បាន​ការ​ស្វាគមន៍ វា​ជា​ការ​ចាំបាច់​ណាស់​ដែល​រដ្ឋាភិបាល​ត្រូវ​បន្ត​ធ្វើ​កំណែទម្រង់​ទៅ​លើ​ស្ថាប័ន​សាធារណៈ​នានា ដោយ​ផ្តោត​ទៅ​លើ​ស្ថាប័ន​សំខាន់ៗ ដូចជា​ប្រព័ន្ធ​តុលាការ និង​ស្ថាប័ន​អនុវត្ត​ច្បាប់ ព្រម​ទាំង​ស្ថាប័ន​ដែល​ផ្ដល់​សេវា​សាធារណៈ»

​អំពើ​ពុករលួយ​មាន ៦​ទម្រង់ គឺ​ការ​ស៊ី​សំណូក ការ​កេងប្រវ័ញ្ច ការ​លួច​បន្លំ ការ​សម្លុត​គំរាម បញ្ហា​បក្សពួក ឬ​គ្រួសារ​និយម និង​អំពើ​ពុករលួយ​ផ្នែក​នយោបាយ។

របាយការណ៍​សន្ទស្សន៍​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​ឆ្នាំ​២០១៥ របស់​អង្គការ​តម្លាភាព​អន្តរជាតិ បង្ហាញ​ថា កម្ពុជា​ទទួល​បាន​ពិន្ទុ ២១ ស្ថិត​ក្នុង​លេខ​រៀង​ទី​១៥០ ក្នុង​ចំណោម​ប្រទេស ១៦៨។ ចំណាត់​ថ្នាក់​នេះ​បង្ហាញ​ថា កម្ពុជា​មាន​ស្ថានភាព​អំពើ​ពុករលួយ​ខ្លាំង​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍ គឺ​ស្ថិត​នៅ​ក្រោម​មីយ៉ាន់ម៉ា និង​ឡាវ ទៅ​ទៀត។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បញ្ជាក់​ថា ការ​ទទួល​បាន​ពិន្ទុ​តិច​នេះ គឺ​ដោយសារ​កម្ពុជា ទទួល​បាន​ពិន្ទុ​ទាប​នៅ​ក្នុង​សន្ទស្សន៍​នីតិរដ្ឋ​របស់​គម្រោង​យុត្តិធម៌​ពិភពលោក​ឆ្នាំ​២០១៥។ លោក ព្រាប កុល បន្ត​ទៀត​ថា កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ជា​រឿង​ដ៏​ចាំបាច់​បំផុត​ដែល​កម្ពុជា ត្រូវ​ធ្វើ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ។

ក្រៅ​ពី​នេះ លោក ព្រាប កុល មើល​ឃើញ​ថា ឯករាជភាព​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដាច់​ចេញ​ពី​រដ្ឋាភិបាល​ជា​រឿង​មួយ​ដែល​អង្គការ​តម្លាភាព​កម្ពុជា និង​ពលរដ្ឋ​ទូទៅ​ចង់​បាន៖ «ខ្ញុំ​ថា​ទម្រង់​ធំ​បំផុត​ដែល​ត្រូវ​ធ្វើ គឺ​កែទម្រង់​ជាតិ​សំខាន់ៗ ដូចជា​ប្រព័ន្ធ​តុលាការ អង្គភាព​ប្រឆាំង​អំពើពុករលួយ ស្ថាប័ន​រដ្ឋសភា ហើយ​រៀបចំ​ប្រព័ន្ធ​អភិបាលកិច្ច​ឱ្យ​មាន​គ្រប់​ស្ថាប័ន​ជាតិ​សំខាន់ៗ បូករួម​នឹង​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​ជា​យន្តការ​មួយ​សម្រាប់​ទ្រទ្រង់​ការ​បោះឆ្នោត និង​លទ្ធិប្រជាធិបតេយ្យ»

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ច្រាន​ចោល​របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ។  លោក ឱម យ៉ិនទៀង លើក​ឡើង​ថា របាយការណ៍​នេះ​ធ្វើ​ឡើង​ផ្អែក​លើ​ទស្សនៈ​មនុស្ស និង​ក្រុម​មនុស្ស​ដែល​ធ្វើ​ឱ្យ​លទ្ធផល​លម្អៀង និង​មិន​ត្រឹមត្រូវ តាម​បរិបទ និង​ការវិវឌ្ឍន៍​ជាក់ស្ដែង។

លោក ឱម យ៉ិនទៀង អះអាង​ទៀត​ថា ស្ថាប័ន​របស់​លោក​មាន​ភាពឯករាជ​ខាង​ប្រតិបត្តិការ មិន​គួរ​ណា​អង្គការ​តម្លាភាព​កម្ពុជា លើក​បញ្ហា​នេះ​ឡើង​នោះ​ឡើយ៖ «បើ​យើង​ពិនិត្យ​លើ​ភាព​ជាក់ស្ដែង ការ​ដាក់​ពិន្ទុ​របៀប​នេះ គ្មាន​អ្វី​ក្រៅ​ពី​របៀបវារៈ​នយោបាយ​ទេ ហើយ​មិន​លើក​ទឹក​ចិត្ត​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ទេ គឺ​គេ​តម្រូវ​តែ​នយោបាយ​របស់​គេ​ទេ។ ឧទាហរណ៍​ប្រទេស​ដែល​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ខ្លាំង បែរ​ជា​គេ​ដាក់​ពិន្ទុ​ឱ្យ​ទាប​តាម​តែ​ការ​នឹក​ឃើញ​របស់​គេ»

​កាល​ពី​ឆ្នាំ​២០១៤ កម្ពុជា​ក៏​ទទួល​បាន​ពិន្ទុ ២១ ដូច​គ្នា តែ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១៥៦ ក្នុង​ចំណោម​ប្រទេស ១៧៥។

សម្រាប់​ឆ្នាំ​២០១៥ នេះ អង្គការ​តម្លាភាព​អំពាវនាវ​ជា​ថ្មី​ម្ដង​ទៀត​ដល់​រដ្ឋាភិបាល​អនុវត្ត​អនុសាសន៍​ដែល​ធ្លាប់​បាន​លើក​ឡើង។ អនុសាសន៍​ទាំង​នោះ​រួម​មាន កំណែទម្រង់​ប្រព័ន្ធ​តុលាការ ការ​បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន វិសោធនកម្ម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ ច្បាប់​ការពារ​សាក្សី និង​អ្នក​រាយការណ៍ ព្រម​ទាំង​ដោះស្រាយ​បញ្ហា​បក្សពួកនិយម និង​ទំនាស់​ផលប្រយោជន៍​ក្នុង​ស្ថាប័នរដ្ឋ​ទាំង​អស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។