ថវិកា​រដ្ឋ​ប្រមាណ​២០០​លាន​ដុល្លារ​ត្រូវ​បាន​ចំណាយ​លើ​ការ​ជួសជុល​ផ្លូវ​ក្នុង​១​ឆ្នាំៗ

ដោយ រាជ វិញ្ញូ
2017.07.30
ផ្លូវ​ជាតិ​លេខ​៦​អា ដែល​កំពុង​ធ្វើ​ឡើង​វិញ ៦២០ ផ្លូវ​ជាតិ​លេខ​៦​អា ដែល​កំពុង​ធ្វើ​ឡើង​វិញ។ រូបថត​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៥
RFA/Rann Samnang

ក្នុង​មួយ​ឆ្នាំៗ កម្ពុជា ត្រូវ​ខាតបង់​ទឹកប្រាក់​រដ្ឋ​ប្រមាណ ២០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​ចំណាយ​លើ​ការ​ជួសជុល​ផ្លូវ​ឡើង​វិញ។ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ បាន​អំពាវនាវ​ជា​ថ្មី​ឲ្យ​ម្ចាស់​យានយន្ត ចូលរួម​កុំ​ដឹក​ជញ្ជូន​លើស​ចំណុះ និង​បំពាន​ច្បាប់ ដើម្បី​ថែទាំ​ផ្លូវ។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ការ​អំពាវនាវ​មិន​ចប់​មិន​ចេះ​ហើយ​នេះ មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ។

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ក្រៅ​ពី​ការ​ដឹក​លើស​ទម្ងន់ គឺ​ការ​ស្ថាបនា​ផ្លូវ​គ្មាន​គុណភាព ដោយសារ​អំពើ​ពុក​រលួយ និង​ការ​ចាក់​ដី​ខ្ពស់​ជាង​ផ្លូវ​របស់​ពលរដ្ឋ​មួយ​ចំនួន ធ្វើ​ឲ្យ​មាន​ទឹក​ដក់​លើ​ផ្លូវ ក៏​ជា​បញ្ហា​នាំ​ឲ្យ​ផ្លូវ​ត្រូវ​រង​ភាព​រេចរឹល និង​ខូចខាត​ផង​ដែរ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ សង្កេត​ឃើញ​ថា មក​ដល់​ពេល​នេះ​ពុំ​ទាន់​មាន​យន្តការ​ណា​ថ្មី ដើម្បី​ដោះស្រាយ​បញ្ហា​ផ្លូវ​ត្រូវ​រង​ការ​ខូចខាត​នៅ​ឡើយ​ទេ ក្រៅ​តែ​ពី​ឮ​ការ​អំពាវនាវ​ជា​បន្តបន្ទាប់។ លោក​បន្ថែម​ថា ក្រសួង​ពាក់ព័ន្ធ​គួរ​តែ​បង្កើត​ក្រុម​អធិការកិច្ច​ឯករាជ្យ ដើម្បី​ត្រួត​ពិនិត្យ​ចំពោះ​មន្ត្រី​ដែល​អនុវត្ត​ផ្ទាល់​ថែទាំ​ផ្លូវ​ថ្នល់៖ «ធ្វើ​ការ​ពិនិត្យ​បន្ថែម​ទៅ​លើ​ក្រុម​ដែល​មាន​ស្រាប់​ហ្នឹង ប្រសិន​បើ​ជញ្ជីង​ពុករលួយ តើ​មាន​ក្រុម​ណា​មួយ​អាច​ត្រួត​ពិនិត្យ​ទៅ​លើ​អនុវត្ត​អ្នក​ដែល​ថ្នឹង​ជញ្ជីង​ហ្នឹង ហើយ​នេះ​គឺ​អ្វី​ដែល​យើង​ចង់​ឃើញ»

លោក​បន្ត​ថា រថយន្ត​ធុន​ធ្ងន់​ដែល​អាច​ដឹក​លើស​ទម្ងន់ នៅ​តែ​បើក​លើ​ដង​ផ្លូវ​នានា​នៅ​ទីប្រជុំ​នៅ​ពេល​យប់ និង​ជា​មន្ទិល​សង្ស័យ​ចំពោះ​ជញ្ជីង​ថ្លឹង​រថយន្ត ទាំង​ចល័ត និង​ដាក់​ពង្រាយ​តាម​ផ្លូវ​ជាតិ​មួយ​ចំនួន ដែល​ហាក់​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​បើក​ដៃ​ឲ្យ​រថយន្ត​ទាំងនោះ។

ផ្លូវ​ក្នុង​ភូមិ​​បឹងដូនប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដែល​ដក់​ទឹក​ក្នុង​ពេល​ធ្លាក់​ភ្លៀង​នៅ​រដូវ​វស្សា។ រូបថត​ថ្ងៃ​ទី​១ ខែ​មិថុនា ​ឆ្នាំ​២០១៧។
ផ្លូវ​ក្នុង​ភូមិ​​បឹងដូនប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដែល​ដក់​ទឹក​ក្នុង​ពេល​ធ្លាក់​ភ្លៀង​នៅ​រដូវ​វស្សា។ រូបថត​ថ្ងៃ​ទី​១ ខែ​មិថុនា ​ឆ្នាំ​២០១៧។
RFA

ការ​លើក​ឡើង​ពី​មន្ត្រី​សង្គម​ស៊ីវិល​នេះ បន្ទាប់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៨ កក្កដា ដោយ​ស្រង់​សម្ដី​របស់​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៧ ថា ក្នុង​មួយ​ឆ្នាំៗ រដ្ឋ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ២០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ទៅ​លើ​ការ​ជួសជុល​ផ្លូវ​ឡើង​វិញ។ ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ជា​ថ្មី​ទៅ​ម្ចាស់​យានយន្ត​ទាំងអស់ មិន​ត្រូវ​ដឹក​លើស​ចំណុះ​ខុស​ពី​ច្បាប់​កំណត់ ដើម្បី​កុំ​ឲ្យ​ផ្លូវ​ឆាប់​រេចរឹល និង​ខូចខាត​តទៅទៀត។

កាល​ពី​ចុង​ខែ​តុលា ឆ្នាំ​២០១៦ លោក ស៊ុន ចាន់ថុល ធ្លាប់​រិះគន់​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ជាតិ​លេខ​៦ ដែល​ទទួល​បាន​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​ចិន ថា​ធ្វើ​ឡើង​ខុស​បច្ចេកទេស និង​គ្មាន​គុណភាព បន្ទាប់​មក​លោក​ក៏​បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន​ទទួល​បន្ទុក​ធ្វើ​ផ្លូវ​នេះ ត្រូវ​ធ្វើ​ការ​ជួសជុល​ឡើង​វិញ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សន ជ័យ បញ្ជាក់​ថា ដោយសារ​ច្បាប់ និង​យន្តការ​ត្រួត​ពិនិត្យ​ដំណើរការ​កសាង​ផ្លូវ​កន្លង​ទៅ នៅ​មាន​ភាព​ខ្វះ​ចន្លោះ​ច្រើន បាន​ជា​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​សាងសង់ នៅ​តែ​អាច​លួច​កិបកេង​គុណភាព​ផ្លូវ។ សង្គម​ស៊ីវិល​រូប​នេះ​ចង់​ឲ្យ​បង្ហាញ​ព័ត៌មាន​ជា​សាធារណៈ អំពី​កិច្ចសន្យា​សាងសង់​ផ្លូវ​ទាំងអស់​នៅ​កម្ពុជា ដើម្បី​ឲ្យ​ពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​អាច​ចូលរួម​តាមដាន។ លើស​ពី​នេះ ក៏​គួរ​តែ​បើក​ចំហ​ជា​សាធារណៈ​ចំពោះ​ការ​ប្រកួត​ប្រជែង​ដេញ​ថ្លៃ​ឲ្យ​បាន​ប្រសើរ​ជាង​មុន ដើម្បី​ឲ្យ​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​សាងសង់​អាច​ធ្វើ​ការ​សាងសង់​ផ្លូវ​កាន់​តែ​មាន​គុណភាព​ជាង​ពេល​បច្ចុប្បន្ន​នេះ៖ «កន្លង​មក​យើង​តែង​ឃើញ​ហើយ​ថា ក្រុមហ៊ុន​ចិន ដែល​ធ្វើ​ផ្លូវ​នៅ​កម្ពុជា ប៉ុន្តែ​គុណភាព​អន់ ហើយ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ក៏​ធ្លាប់​លើក​ឡើង ដូចជា​ផ្លូវ​ជាតិ ៦A ចាក់​ស្ដើង​ស៊ី​ក្រាស់​ហ្នឹង​ដែរ»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ក៏​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា គួរ​តែ​កំណត់​ស្តង់ដារ​ជាតិ​រួម​មួយ​សម្រាប់​ការ​សាងសង់​ផ្លូវ​នៅ​កម្ពុជា បើ​ទោះ​ជា​ជំនួយ​ផ្លូវ​នោះ​ទទួល​បាន​ពី​ប្រទេស​ចិន ជប៉ុន និង​សហរដ្ឋ​អាមេរិក ក្ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។