របប​ក្រុង​ភ្នំពេញ​បញ្ជាក់​ថា ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​មិន​ស្ថិត​ក្នុង​ស្ថានភាព​​ទាសករ​ឡើយ

ដោយ សេក បណ្ឌិត
2019-05-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។
RFA

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ពលករ​ចំណាកស្រុក ទទួល​ស្គាល់​ការ​ចាក​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​ព្រាត់​ប្រាស់​ឪពុកម្ដាយ ឆ្ងាយ​ពី​ស្រុកកំណើត​របស់​ពួកគេ​នោះ គឺ​ដើម្បី​ជីវភាព​គ្រួសារ ដែល​ជា​ជម្រើស​ចុងក្រោយ។

ពីព្រោះ​ពួកគេ រក​ការងារ​ក្នុងស្រុក​ធ្វើ​មិន​បាន ឬ​មាន​ការងារ​ធ្វើ​ដែរ តែ​ទទួល​ប្រាក់កម្រៃ​តិចតួច ដែល​មិន​អាច​ផ្គត់​ផ្គង​នឹង​ការ​ចំណាយ​ប្រចាំថ្ងៃ​ក្នុង​គ្រួសារ​បាន​ឡើយ។

ការ​លើកឡើង​របស់​ពួកគេ​នេះ ស្រប​ពេល​ដែល របប​ក្រុងភ្នំពេញ​បញ្ជាក់​ថា ពលករ​ខ្មែរ ដែល​ធ្វើការ​នៅ​ក្រៅ​ប្រទេស គឺ​មិន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជា​ទាសករ ដូច​សម័យ​កាល​ដែល ប្រទេស​អភិវឌ្ឍ​មួយ​ចំនួន​បាន​ជួញដូរ​មនុស្ស ដើម្បី​បំពេញ​ការ​ខ្វះខាត​កម្លាំង​ពលកម្ម​នោះ​ទេ។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គភាព​អ្នកនាំពាក្យ រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​០៩ ខែ​ឧសភា បញ្ជាក់​ទៀត​ថា និន្នាការ​ចំណាកស្រុក ទៅ​ក្រៅ​ប្រទេស គឺ​ដើម្បី​ការងារ និង​ជីវភាព​រស់នៅ រួម​ជា​នឹង​បទពិសោធន៍​ផង។

សេចក្ដី​ថ្លែងការណ៍ ដដែល ក៏បាន​បង្ហាញ អំពី​ការវាយតម្លៃ និង​គោលការណ៍​ពាក់ព័ន្ធ​ទៅ​នឹង​ពលករ​ខ្មែរ ដែល​កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​នោះ​ដែរ​ថា រដ្ឋាភិបាល​មាន​គោលនយោបាយ​យ៉ាង​ច្បាស់​លាស់ និង​បាន​ត្រៀម​ទុកជាមុន​ទៅតាម​ដំណាក់កាល​នៃ​ការ​អភិវឌ្ឍ​នីមួយៗ ឆ្លើយតប​ទៅ​នឹង​ដំណើរ​ការ​វិវត្ត​នៃ​សកលភាវូបនីយកម្ម​ក្នុង​ល្បឿន​យ៉ាង​លឿន និង​ការ​រីកចម្រើន​ឥត​ឈប់ឈរ នៃ​វិស័យ​ពាណិជ្ជកម្ម សេវាកម្ម កសិឧស្សាហកម្ម ព្រមទាំង​ជា​វិស័យ​ផ្សេងៗ ដែល​ស្ថិតនៅ​ក្នុង​ទិសដៅ​បដិវត្ត​ឧស្សាហកម្ម​ជំនាន់​ទី​៤ នេះ។

ក៏ប៉ុន្តែ ពលករ លន់ សំណាង បាន​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ពី​ប្រទេស​ថៃ​ថា មូលហេតុ​ផល​ដែល​គេ​សុខចិត្ត​រស់នៅ​ព្រាត់ប្រាស​ពី​ឪពុក​ម្ដាយ និង​បងប្អូន​រាប់​សិប​ឆ្នាំ​មកនេះ គឺ​ដោយសារ​ជីវភាព​ទីទាល់​ក្រ គ្មាន​ការងារ​ធ្វើ​ក្នុងស្រុក បើ​សិន​ពួកគេ​មានការ​ងារ​ធ្វើ​ក្នុងស្រុក​ត្រឹមត្រូវ មាន​ប្រាក់ខែ​សមរម្យ​នោះ ពួកគេ​មិន​ជ្រើស​យក​ចំណាកស្រុក​ឡើយ។

ស្ថិតិ​ក្រសួង​ការងារ​បង្ហាញ​ថា បច្ចុប្បន្ន ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស មាន​ចំនួន​ជាង​១ លាន​២ សែន​នាក់ ប៉ុន្តែ​តាម​ការ​ប៉ាន់ប្រមាណ​របស់​អង្គការ​សង្គម​ស៊ីវិល​វិញ ពលករ​ចំណាកស្រុក​ខ្មែរ​នៅ​បរទេស យ៉ាងហោចណាស់​ក៏​មាន​ជាង​២ លាន​នាក់​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល