អតីត​អ្នក​បើកបរ​ឡាន​កាពីតូល​តវ៉ា​ធ្វើ​យុទ្ធនាការ​ឲ្យ​ពលរដ្ឋ​ផ្អាក​ប្រើ​សេវា​ឡាន​ក្រុង​នេះ

ដោយ ឡេង ម៉ាលី
2015-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អតីត​អ្នក​បើកបរ​រថយន្ត​ឱ្យ​ក្រុមហ៊ុន​រថយន្ត​ក្រុង​កាពីតូល ប្រមាណ ៥០​នាក់ នាំ​គ្នា​បន្ត​ការ​តវ៉ា​នៅ​រាជធានី​ភ្នំពេញ ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ធ្នូ។

អតីត​អ្នក​បើកបរ​រថយន្ត​ទាំង​នោះ ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​ចែក​ខិត្តប័ណ្ណ និង​ស្រែក​អំពាវនាវ​ដល់​សាធារណជន ឱ្យ​ធ្វើ​ពហិការ​នឹង​ក្រុមហ៊ុន ដោយ​ការ​ផ្អាក​ប្រើប្រាស់​សេវា ឬ​ជិះ​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​កាពីតូល៖ «យើង​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ធ្វើ​ពហិការ​ផ្អាក​ជិះ​រថយន្ត​ក្រុង​ក្រុមហ៊ុន​កាពីតូល ពី​ព្រោះ​ក្រុមហ៊ុន កាពីតូល រំលោភ​សិទ្ធិ​ការងារ រំលោភ​កម្មករ។ ដូច្នេះ​ហើយ​សូម​ឱ្យ​បង​ប្អូន​ធ្វើ​ពហិការ​ឈប់​ជិះ​រថយន្ត​កាពីតូល លុះត្រា​ណា​ក្រុមហ៊ុន​រក​ដំណោះស្រាយ​ឱ្យ​កម្មករ ឱ្យ​អ្នក​បើកបរ​ទាំង​អស់។ សូម​មេត្តា​លោក​អភិបាល​ក្រុង​ជួយ​រក​យុត្តិធម៌​ដល់​ពួក​យើង​ខ្ញុំ​ផង។ អយុត្តិធម៌​ណាស់!»

ការ​តវ៉ា​របស់​អតីត​អ្នក​បើកបរ​រថយន្ត​ទាំង​នោះ មាន​ភាព​តានតឹង​បន្តិចបន្តួច​ដោយ​ការ​រុញ​ច្រាន​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​៧មករា នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ធ្នូ គឺ​ពេល​ដែល​នគរបាល​ដក​ហូត​បដា និង​ឧបករណ៍​បំពង​សំឡេង ឬ​មេក្រូហ្វូន​របស់​អ្នក​តវ៉ា នៅ​ជិត​ផ្សារ​អូរឫស្សី។ ពួក​គាត់​នាំ​គ្នា​ដើរ​ទៅ​បន្ត​ការ​តវ៉ា និង​រក​អន្តរាគមន៍​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ។ ក្រោយ​ជំនួប​ខ្លី​មួយ តំណាង​ក្រុម​អ្នក​តវ៉ា​ឱ្យ​ដឹង​ថា មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​សន្យា​ប្រគល់​សម្ភារៈ ដែល​បាន​ដក​ហូត​ដល់​អ្នក​តវ៉ា​វិញ ប៉ុន្តែ​មិន​បាន​សន្យា​ដោះស្រាយ​ទេ។

ដោយ​ឡែក​ខាង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ថ្លែង​ថា បញ្ហា​ក្រុមហ៊ុន​រថយន្ត​ក្រុង​នេះ គឺ​ឋិត​នៅ​ក្រោម​សមត្ថកិច្ច​របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ឡើយ។

អគ្គលេខាធិការ​នៃ​សហព័ន្ធ​សហជីព​កម្មករ​វិស័យ​ដឹក​ជញ្ជូន​កម្ពុជា លោក អ៊ាន គឹមហ៊ុន បញ្ជាក់​ថា ក្រុម​លោក​នឹង​តវ៉ា​បន្ត​ទៀត ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ក្រុមហ៊ុន​កាពីតូល ព្រម​ចរចា និង​ទទួល​យក​ពួកគាត់​ចូល​ធ្វើ​ការ​វិញ។ ទាំង​ភាគី​អតីត​បុគ្គលិក និង​ភាគី​ក្រុមហ៊ុន ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ការ​រំលោភ​ច្បាប់​ស្ដីពី​ការងារ។ ភាគី​ប្រធាន​ក្រុមហ៊ុន​កាពីតូល លោក ផាន់ សុភាព បញ្ជាក់​ជំហរ​ថា មិន​ចរចា​ទេ ព្រោះ​អ្នក​បើកបរ​រថយន្ត​ទាំង​នេះ​ខុស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

បើ តវ៉ា ខ្សោយ គេធ្វើ មិនដឹង !
បើ តវ៉ា តស៊ូ អហឹង្សា រយះពេលវែង អាចមានដំណោះស្រាយ !

Dec 31, 2015 06:12 AM

អ្នក​អាន​អនាមិក

I think Total Bus Owner should come out ans talk to them. asking them what they need so we can know the result.

Dec 31, 2015 05:56 AM

គេហទំព័រ​ទាំងមូល