សារព័ត៌មាន​តៃវ៉ាន់​ថា ​ចិន​អាច​បម្លែង​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​តារា​សាគរ​​ទៅ​ជា​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​ចិន​ក្នុង​ពេល​ដ៏​ខ្លី​

ដោយ មាន ឫទ្ធិ
2019.07.03
TaiwanNews គេហទំព័រ​សារព័ត៌មានតៃវ៉ាន (Taiwan News)។
Screenshot

កំណើន​ភ្ញៀវ​ទេសចរ​ចិន​មកកាន់​កម្ពុជា​ ជាពិសេស​នៅ​តំបន់​ជាប់​ឆ្នេរសមុទ្រ​រួមមាន​ខេត្ត​ព្រះសីហនុ​ និង​ខេត្តកោះកុង​ នា​រយៈពេល​ចុងក្រោយ​នេះ​ អាច​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ចិន​ដើម្បី​បង្ហាញថា​ កម្ពុជា​ពិតជា​ត្រូវការ​នូវ​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខ្នាត​យក្ស​នៅ​ភូមិភាគ​និរតី​នៃ​ប្រទេស​នេះ​។ ក៏ប៉ុន្តែ​ មហាយក្ស​ចិន​អាច​ប្រើ​ឱកាស​នេះ​ដើម្បី​បម្លែង​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ឱ្យ​ក្លាយទៅជា​មូលដ្ឋាន​កងទ័ពជើងទឹក​របស់​ខ្លួន​ក្នុងរយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​។

សារព័ត៌មាន​តៃវ៉ាន់​ជា​ភាសាអង់គ្លេស​ឈ្មោះ​ តៃវ៉ាន់​ ញ៉ូវស៍​ (Taiwan​ News​) រាយការណ៍​ថា​ មហាយក្ស​ចិន​អាច​បម្លែង​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ តារា​សាគរ​ នៅ​ខេត្តកោះកុង​ ដែល​បច្ចុប្បន្ន​កំពុង​វិនិយោគ​ និង​អភិវឌ្ឍន៍​ដោយក្រុម​ហ៊ុន​ចិន​ឈ្មោះ​ Union​ Development​ Group​ (UDG​) ឱ្យ​ក្លាយទៅជា​មូលដ្ឋាន​កងទ័ពជើងទឹក​ចិន​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។ ក្នុង​អត្ថបទ​ចេញផ្សាយ​កាលពី​ថ្ងៃទី០២​ កក្កដា​ ដាក់​ចំណងជើង​ថា​ «រមណីយដ្ឋាន​ទេសចរណ៍​អភិវឌ្ឍន៍​ដោយ​ចិន​នៅ​កម្ពុជា​ អាច​ក្លាយជា​មូលដ្ឋាន​កងទ័ពជើងទឹក​ចិន​ នា​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​» សារព័ត៌មាន​នេះ​ សរសេរ​ដោយ​ស្រង់​ប្រភព​ពី​មន្ត្រី​យោធា​ឥណ្ឌា​ចូល​និវត្ត​មួយ​រូប​ដែល​បាន​សន្និដ្ឋាន​ថា​ ភ្ញៀវ​ទេសចរ​ចិន​ ទំនងជា​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ឱ្យ​មក​ធ្វើ​ទេសចរណ៍​នៅ​កម្ពុជា​ ពីសំណាក់​រដ្ឋបាល​ទេសចរណ៍​ជាតិចិន​ ឬ CNTA​ ដើម្បី​ជា​ការ​បំប៉ោង​តួលេខ​ចំនួន​ភ្ញៀវ​ទេសចរ​របស់​ខ្លួន​នៅ​កម្ពុជា​ ក្នុង​គោលដៅ​ធ្វើ​ឱ្យ​សមស្រប​ទៅ​នឹង​គម្រោងការ​សាងសង់​ដ៏​សម្បើម​នៅ​តំបន់​រមណីយដ្ឋាន​តារា​សាគរ​ ខេត្តកោះកុង​ ដែល​កំពុងតែ​អភិវឌ្ឍន៍​ដោយក្រុម​ហ៊ុន​ចិន​នេះ​។ មន្ត្រី​យោធា​ឥណ្ឌា​ចូលនិវត្តន៍​ដែល​ត្រូវ​សារព័ត៌មាន​នេះ​បាន​ដកស្រង់​ប្រសាសន៍​នោះ​ ឈ្មោះ​ វីណា​យ៉ា​ក់់​ ផាត​ (Vinayak​ Bhat​) ធ្លាប់​មាន​ឋាន្តរ​សក្តិ​ជាវ​រៈ​សេនីយ៍​ឯក​។ មន្ត្រី​យោធា​ឥណ្ឌា​រូប​នេះ​ បាន​ផ្តល់​អំណះអំណាង​ថា​ ពលរដ្ឋខ្មែរ​នៅ​តាម​មូលដ្ឋាន​ ត្រូវ​បាន​វិនិយោគិន​ចិន​ផាត់ចោល​ ​; ដោយសារតែ​សណ្ឋាគារ​ និង​កាស៊ីណូ​របស់​ចិន​ទាំងអស់​ ជ្រើសរើស​និយោជិត​ និង​កម្មករ​សុទ្ធតែ​ជា​ជនជាតិ​ចិន​ និង​អ្នក​ដែល​ចេះនិយាយ​ភាសា​ចិន​ស្ទាត់ជំនាញ​ឱ្យ​ចូល​ធ្វើការ​ឱ្យ​ពួកគេ​តែប៉ុណ្ណោះ​។

គម្រោង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​តារា​សាគរ​នេះ​ ក៏​រួមមាន​កំពង់ផែ​ទឹកជ្រៅ​ និង​ព្រលា​នយន្តហោះ​អន្តរជាតិ​ និង​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ដទៃទៀត​ ព្រមទាំង​ទីក្រុង​រណប​ ឬហៅ​ថា​ «ទីក្រុង​មិត្តភាព​កម្ពុជា​-ចិន​» ជាផ្នែក​មួយ​ដែល​គ្រប​ដណ្តប់​លើ​ផ្ទៃដី​វិនិយោគ​សរុប​ ៤ម៉ឺន៥ពាន់​ហិ​កតា​ ស្ថិត​ក្នុង​ស្រុក​បុទុមសាគរ​ និង​ស្រុក​ថ្មបាំង​ ខេត្តកោះកុង​។ គម្រោង​នេះ​អភិវឌ្ឍន៍​ដោយក្រុម​ហ៊ុន​ចិន​ឈ្មោះ​ Union​ Development​ Group​ (UDG​) ក្នុងទឹក​ប្រាក់​ជិត​ ៤ពាន់​លាន​ដុល្លារ​ ឬ៤ប៊ី​លាន​ដុល្លារ​អាម៉េរិក​ (,៨ប៊ី​លាន​ដុល្លារ​អាម៉េរិក​) ក្រោម​រូបភាព​ជា​ដីសម្បទាន​សេដ្ឋកិច្ច​ ជួល​ពី​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​រយៈពេល​វែង​ដល់ទៅ​ ៤០​ ឆ្នាំ​ ក្នុង​តម្លៃ​ជួល១ឆ្នាំ​ ១លាន​ដុល្លារ​អាម៉េរិក​។ តាមរយៈ​គម្រោង​អភិវឌ្ឍន៍​នេះ​ ចិន​អាច​គ្រប់គ្រង​តំបន់ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​ រហូតដល់​ទៅ​ ២០ភាគរយ​។

សារព័ត៌មាន​តៃវ៉ាន់​ដដែល​នេះ​ បាន​ស្រង់​ប្រសាសន៍​មន្ត្រី​យោធា​ឥណ្ឌា​រូប​នោះ​ថា​ កំពង់ផែ​ទឹកជ្រៅ​ថ្មី​នោះ​ ទំនងជា​មាន​ស្ពាន​លយ​តភ្ជាប់​ទៅ​កំពង់ផែ​ប្រវែង៥០០ម៉ែត្រ​ ច្រកចូល​ផែ​ពី​សមុទ្រ​ប្រវែង​ប្រមាណ៩០០​ ម៉ែត្រ​ ដែល​លោក​ថា​ អាច​អនុញ្ញាត​ឱ្យ​កប៉ាល់​គ្រប់​ប្រភេទ​ចូល​ចត​បាន​។ ដោយឡែក​សម្រាប់​ គម្រោ​ងព្រលា​នយន្តហោះ​អន្តរជាតិ​កោះកុង​ឯណោះ​វិញ​ មានផ្លូវ​យន្តហោះ​រត់​ប្រវែង​ជាង៣ពាន់​ម៉ែត្រ​ និង​ទំហំ​ទទឹង៥០ម៉ែត្រ​។ លោក​ថា​ ផ្លូវ​យន្តហោះ​រត់​នេះ​ អាច​អនុញ្ញាត​ឱ្យ​យន្តហោះ​យោធា​ធន់​ធំ​ចុះ​បាន​។ មន្ត្រី​យោធា​ឥណ្ឌា​រូប​នោះ​ បាន​សន្និដ្ឋាន​ថា​ ផ្លូវ​យន្តហោះ​រត់​នេះ​ ស្ថិតនៅ​ចម្ងាយ​ប្រមាណ​តែ១០​ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ពី​តំបន់​រមណីយដ្ឋាន​តារា​សាគរ​នេះ​ ដែល​លោក​ថា​ អាច​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ ឬទីបញ្ជាការ​ដ្ឋាន​យោធា​ ក្នុងករណី​ដែល​រមណីយដ្ឋាន​តារា​សាគរ​នេះ​ ត្រូវ​បាន​គេ​បម្លែង​ឱ្យ​ក្លាយទៅជា​បរិវេណ​យោធា​។​

អាស៊ី​សេរី​នៅ​មិនទាន់​អាច​ទាក់ទង​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការផ្សាយ​របស់​សារព័ត៌មាន​តៃវ៉ាន់​នេះ​បាន​នៅឡើយ​ទេ​ គិត​ត្រឹម​យប់​ថ្ងៃទី០៣​ កក្កដា​។ ក៏ប៉ុន្តែ​កន្លងមក​ មន្ត្រី​ជាន់ខ្ពស់​គ្រប់​ជាន់ថ្នាក់​នៃ​របប​លោក​ ហ៊ុន​ សែន​ រួម​ទាំង​លោក​ ហ៊ុន​ សែន​ ខ្លួនឯង​ផង​ តែង​ចេញមុខ​បដិសេធ​ជា​ស្វ័យប្រវត្តិ​អំពី​ព័ត៌មាន​សង្ស័យ​ថា​កម្ពុជា​អនុញ្ញាត​ឱ្យ​ចិន​ដាក់មូលដ្ឋាន​យោធា​ ឬកងទ័ពជើងទឹក​នៅ​ខេត្តកោះកុង​នេះ​ ដោយ​ចាត់ទុកថា​ជា​ព័ត៌មាន​ក្លែងក្លាយ​ ជា​ពាក្យ​ចចាមអារ៉ាម​ និង​យុទ្ធនាការ​របស់​ក្រុម​ប្រទេស​លោកខាងលិច​ ប្រឆាំង​នឹង​របប​របស់​លោក​ ក្រោយ​របប​នេះ​បាន​ងាក​ទៅ​ឱបក្រសោប​មហាយក្ស​ចិន​កាន់តែ​ច្បាស់​ ក្រោយ​រម្លាយ​បក្ស​ប្រឆាំង​ និង​រៀបចំ​ការបោះឆ្នោត​«ក្លែងក្លាយ​»រួចមក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ លោក​ ហ៊ុន​ សែន​ ថែមទាំង​ថ្លែង​ការពារ​ចិន​ និង​ចិន​មិនបាន​មក​ដាក់​អាណានិគម​ ឬធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់ខ្លួន​ផុង​ចូល​ ក្នុង​អន្ទាក់​បំណុល​នោះ​ទេ​។

«ខ្ញុំ​បញ្ជាក់​មុខ​អគ្គរដ្ឋទូត​ចិន​ បញ្ជាក់​ចំពោះ​មុខ​សាធារណៈ​ និង​ជា​សារ​សម្រាប់​ប្រជាជន​ទូទាំង​ប្រទេស និង​ទៅ​កាន់​ពិភពលោក​ ថា​ខ្ញុំ​មិន​យល់​ព្រម​ឲ្យ​ចិន​ត្រួត​ត្រា​ទេ​ ហើយ​ខ្ញុំ​ស្គាល់​ច្បាស់​នយោបាយ​របស់​ចិន​ ក៏​មិន​ចង់​ត្រួត​ត្រា​អ្នកណា​ទាំង​អស់​ ត្រួតត្រា​អ្នកណា​ទាំង​អស់»

បញ្ហា​នៃ​ការសង្ស័យ​ ឬការ​ប៉ាន់ស្មាន​កាន់តែ​ខ្លាំង​ឡើង​ៗអំពី​លទ្ធភាព​ដែល​កម្ពុជា​អាច​អនុញ្ញាត​ឱ្យ​ចិន​ដាក់មូលដ្ឋាន​នៅ​ខេត្តកោះកុង​ និង​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ នៅ​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ កំពុង​ក្លាយជា​ប្រធានបទ​ក្តៅ​នៅ​កម្ពុជា​ ស្រប​ពេល​ដែល​ចុងក្រោយ​នេះ​ សហរដ្ឋ​អាម៉េរិក​ទាមទារ​ឱ្យ​កម្ពុជា​បកស្រាយ​អំពី​មូលដ្ឋាន​ហេតុ​ដែល​ខ្លួន​លែង​ចង់​ឱ្យ​អាម៉េរិក​ជួយ​ជួសជុល​តំបន់​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ ក្រោម​លេស​ថា​ ផ្លាស់​ប្តូរ​ទីតាំង​ទៅ​កន្លែង​ថ្មី​។ សហរដ្ឋ​អាម៉េរិក​ បាន​ជំរុញ​ឱ្យ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ រក្សា​ឱ្យ​បាន​ដូច​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ ដូចដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ អំពី​ឯករាជ្យ​ភាព​នៃ​ គោលនយោបាយ​ការបរទេស​របស់​កម្ពុជា​ និង​ព្រមាន​ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ បើ​កម្ពុជា​អនុញ្ញាត​ឱ្យ​ចិន​ដាក់មូលដ្ឋាន​យោធា​ខ្លួន​នៅ​កម្ពុជា​មែន​។​

បណ្ឌិត​ ប៉ូល​ ឆែម​ប័រ​ (Paul​ Chambers​) សាស្ត្រា​ចារ្យ​ផ្នែក​កិច្ចការ​អន្តរជាតិ​ នៃ​សាកល​វិទ្យាល័យ​ Naresuan​ University​ នៃ​ប្រទេស​ថៃ​ ប្រាប់​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិក​ កាលពី​ថ្ងៃទី០២​ កក្កដា​ ថា​ កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ងាយ​នឹង​បាត់បង់​អធិបតេយ្យ​របស់​ខ្លួន​ ហើយ​ក្លាយជា​កូនអុក​របស់​មហាយក្ស​ចិន​យ៉ាង​ពិតប្រាកដ​ ប្រសិនបើ​អនុញ្ញាត​ឱ្យ​ចិន​ដាក់មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​កម្ពុជា​មែន​នោះ​។ លោក​ព្រមាន​ថា​ ជាថ្មី​ម្តង​ទៀត​ កម្ពុជា​ នឹង​ក្លាយជា​ឧបករណ៍​ ដែល​ចិន​ និង​សហរដ្ឋ​អាម៉េរិក​ កំពុង​ប្រជែង​គ្នា​ដើម្បី​អត្ថ​ប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។