អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ចាប់ខ្លួន​ជនជាតិ​ចិន​ពីរ​នាក់​ពី​បទ​ចាប់​ជំរិត​ចិន​គ្នា​ឯង

ដោយ ថន ថារ៉ូ
2019.01.12
ជនជាតិ​ចិន ប៉ោយប៉ែត ២០១៧ ៦២២ ជនជាតិ​ចិន ដែល​ត្រូវ​ប៉ូលិស​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សហការ​ជាមួយ​ប៉ូលិស​ចិន ឡោមព័ទ្ធ​ចាប់​នៅ​ក្នុង​អគារ​កាស៊ីណូ​ហ្គោលឌិន ក្រោន (Golden Grown) នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Hum Chamroeun

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១១ មករា បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ពីរ​នាក់ ពី​បទ​ចាប់ជំរិត​ប្រាក់​ជនរងគ្រោះ​ជា​អ្នក​វិនិយោគទុន​ជនជាតិ​ចិន។ សារព័ត៌មាន​ក្នុងស្រុក​ផ្សាយ​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំងពីរ​នាក់ បាន​ចូល​ទៅក្នុង​កាស៊ីណូ​សាន ស៊ានហូ ស្ថិត​ក្នុង​ក្រុង​ប៉ោយប៉ែត ដោយ​វាយ​ជនជាតិ​ចិន​ដូចគ្នា​បី​នាក់​អោយ​របួស ហើយ​ចាប់​ថៅកែ​កាស៊ីណូ​ជន​ជាតិ​ចិន​ម្នាក់ទៀត​ក្រៀក​ចូល​ឡាន និង​គំរាម​ឲ្យ​កូនចៅ​យក​ប្រាក់​ចំនួន ១​លាន​ដុល្លារ​អាមេរិក​មក​លោះ​ទើប​ដោះលែង​វិញ បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹង​សម្លាប់​ថៅកែ​នោះ​ចោល។

កង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ចាប់ខ្លួន​ល្មើស​ចិន​ទាំង​ពីរ​នាក់ ដែល​ម្នាក់​ឈ្មោះ ឡី មីង (Li Ming) អាយុ​២៨​ឆ្នាំ និង​ម្នាក់ទៀត ឈ្មោះ ប៉េង សូហ៊ូ (Peng Shuz Hou) បន្ទាប់​ពី​ទទួល​ពាក្យ​បណ្ដឹង​ពី​ជនជាតិ​ចិន​រងគ្រោះ​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ។

សង្គម​ស៊ីវិល​ធ្លាប់​លើកឡើង​ថា ចំនួន​ជនជាតិ​ចិន ដែល​ហូរ​ដោយ​គំហុក​ក្នុង​ប្រទេស​កម្ពុជា បាន​បង្ក​បញ្ហា​សន្តិសុខ​ជាច្រើន ដោយពេល​ខ្លះ​បាន​ចាប់ជំរិត​ជនជាតិ​ខ្លួនឯង​ដើម្បី​គំរាម​ទារ​ប្រាក់​ជាដើម។ កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៨ អាជ្ញាធរ​ខ្មែរ​បាន​ចាប់​ជនជាតិ​ជន​ជាង ២​រយ​នាក់ ដោយ​ពួកគេ​បាន​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​គំរាម​ទារ​ប្រាក់​ពី​ជនជាតិ​ចិន​ដូចគ្នា។ ចាប់ពី​ខែ​មករា រហូត​ដល់​ខែ​តុលា ឆ្នាំ​២០១៨ អាជ្ញាធរ​កម្ពុជា បាន​បញ្ជូន​ជនជាតិ​ចិន​ចេញពី​ប្រទេស​កម្ពុជា​ជិត ៤០០​នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​មក​ពី​បណ្ដា​ខេត្ត​ក្រុង​នានា ក្នុង​ប្រទេស​កម្ពុជា រួម​មាន​រាជធានី​ភ្នំពេញ ក្រុង​ព្រះសីហនុ ខេត្ត​តាកែវ និង​ខេត្ត​ស្វាយរៀង​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។