ពលរដ្ឋ​រិះគន់​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​ដែល​បិទ​សំណុំ​ករណី​ជនជាតិ​ចិន​បាញ់​បង្ក​របួស​ស្នាម

ដោយ សន ចាន់រដ្ឋា
2019-02-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​សន្តិសុខ​សណ្ឋាគារ​រារាំង​ប៉ូលិស​មិន​ឲ្យ​ឆែកឆេរ​រក​ជនជាតិ​ចិន​ស្នាក់នៅ ខុសច្បាប់​នៅ​សណ្ឋាគារ​ហ្គូត វើល (Good World) នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ​២០១៩។
ទិដ្ឋភាព​សន្តិសុខ​សណ្ឋាគារ​រារាំង​ប៉ូលិស​មិន​ឲ្យ​ឆែកឆេរ​រក​ជនជាតិ​ចិន​ស្នាក់នៅ ខុសច្បាប់​នៅ​សណ្ឋាគារ​ហ្គូត វើល (Good World) នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ​២០១៩។
Photo Provided

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត រិះគន់​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​ថា ហាក់​មាន​ការ​បិទបាំង​សំណុំរឿង​ជនជាតិ​ចិន​បាញ់​បោះ​បង្ក​របួស​ស្នាម នៅ​ក្នុង​ខារ៉ាអូខេ​មួយ​កន្លែង នៅ​ព្រំដែន​កម្ពុជា​ថៃ​កាលពី​យប់​ថ្ងៃ​ទី​១០ កុម្ភៈ។ ពលរដ្ឋ​លើកឡើង​ថា សមត្ថកិច្ច​ទំនង​បិទ​បញ្ចប់​សំណុំ​រឿង​នេះ​ដោយ​មិន​មាន​ការ​ចាប់​ជនល្មើស​យក​ទៅ​ផ្ដន្ទាទោស​នោះ​ទេ។ ប៉ុន្តែ​អធិការ​រង​នគរបាល​ក្រុង​ប៉ោយប៉ែត​ថា សមត្ថកិច្ច​ចាប់​បាន​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​បញ្ជូន​ទៅ​ដោះស្រាយ​តាមច្បាប់​រួចហើយ។

ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​ការពារ​សិទ្ធិមនុស្ស​នៅ​ខេត្ត​បន្ទាយមានជ័យ ទទូច​សុំ​ឱ្យ​សមត្ថកិច្ច​ចាត់​វិធានការណ៍​ទៅលើ​ជន​ប្រព្រឹត្ត​និង​អ្នក​ពាក់ព័ន្ធ​តាមច្បាប់​​ឱ្យ​បាន​តឹងរ៉ឹង ព្រោះ​សំណុំ​រឿង​នេះ បាន​ប៉ះពាល់​ដល់​សុវត្ថិភាព​ការរស់នៅ​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន។

ប្រជាពលរដ្ឋ​ម្នាក់​នៅ​ក្រុង​ប៉ោយប៉ែត លោក ចាន់ ស៊ីណូ ថ្លែងប្រាប់​អាស៊ីសេរី​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី១៣ កុម្ភៈ ថា សំណុំ​រឿង​នេះ​ទំនង​សមត្ថកិច្ច​មិនទាន់​ចាត់វិធានការ​ទៅលើ​ជន​ប្រព្រឹត្ត​ឱ្យ​បាន​តឹងរ៉ឹង​នៅឡើយ​ទេ ព្រោះ​ចាប់​តាំង​ពី​ជនជាតិ​ចិន​បាន​បាញ់​បង្ក​របួស​ស្នាម​រួម​មក សមត្ថកិច្ច​មិនបាន​បញ្ចេញ​របាយការណ៍​អំពី​ការ​ចាប់​ជនល្មើស​យក​ទៅ​ផ្ដន្ទាទោស​នៅឡើយ៖ «ខ្ញុំ​មានការ​សោកស្ដាយ​ខ្លាំង​ណាស់​ដែល​អាជ្ញាធរ​មិន​យកចិត្តទុកដាក់​ការអនុវត្ត​ច្បាប់​លើ​ជនជាតិ​ចិន ហើយ​ថ្មីៗ​នេះ​ឃើញ​មានការ​ដាក់​បង្កៃ​គ្រាប់បែក​អី​។​ខ្ញុំ​យល់ថា​ជា​រឿង​មួយ​ឆក​ល្វែង​ដែល​បណ្ដោយ​ឱ្យ​ជនជាតិ​ចិន​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត មិន​មាន​ការស្រាវជ្រាវ​មួយ​ចម្អិន​កំពឹស​រួច​ហើយក៏​ស្ងប់​ទៅវិញ​។​ខ្ញុំ​ក៏ដូចជា​ពលរដ្ឋ​នៅ​ក្នុង​ប៉ោយប៉ែត​ព្រួយបារម្ភ ព្រោះ​សមត្ថកិច្ច​គ្រាន់តែ​សម្ដែង​ឱ្យ​ប្រជាពលរដ្ឋ​បាន​ឃើញ​ហើយ​ស្ងប់​ទៅវិញ​ដូច្នេះ​នឹង​ធ្វើ​ឱ្យ​ចិន​កាន់តែ​បានដៃ​ទៀត»

លោក​បន្ត​ថា ជនជាតិ​ចិន​នៅ​ក្រុង​ប៉ោយប៉ែត​តែងតែ​បង្កជម្លោះ​គ្នាឯង ដូចជា​ការ​ដេញ​កាប់​គ្នា​តាម​ដង​ផ្លូវ​ជាច្រើន​លើក ហើយ​ថ្មីៗ​នេះ​រហូតដល់​មានការ​បាញ់​បោះ​បង្ក​របួស​ស្នាម ដែល​ធ្វើ​ឲ្យ​ពួកគាត់​មាន​ការ​ភ័យខ្លាច​ទៀត​ផង។

ពលរដ្ឋ​នៅ​សង្កាត់​ប៉ោយប៉ែត​ម្នាក់ទៀត លោក ប៊ុន សុទ្ធី មិន​ពេញ​ចិត្តនឹង​វិធានការ​របស់​សមត្ថ​កិច្ច​ដែល​បាន​អនុវត្ត​ច្បាប់​ទៅលើ​ជន​ជាតិ​ចិន​កន្លងមក​នោះ​ទេ ព្រោះ​សមត្ថកិច្ច​ដោះស្រាយ​ដោយ​ការ​សម្របសម្រួល​ហើយ​ដោះលែង​ជន​ប្រព្រឹត្តិ​វិញ ដែល​ធ្វើ​ឱ្យ​ពួកគេ​មិន​ខ្លាច​ច្បាប់ ហើយ​ចេះតែ​បន្ត​បង្ក​បញ្ហា​ក្នុង​សង្គម​កម្ពុជា៖ «ខ្ញុំ​មានការ​ព្រួយបារម្ភ​បញ្ហា​នេះ​បើ​ទោះ​បី​ជា​បាញ់​គ្នាឯង​ក៏ដោយ ក៏ប៉ុន្តែ​នៅ​ពេល​ណាមួយ​អាច​រះ​មក​ប៉ះពាល់​ពលរដ្ឋ​នៅ​ប៉ោយប៉ែត​ដែរ ឬក៏​ថ្ងៃ​ណាមួយ​ពួកគេ​អាង​តែ​មាន​ខ្សែ​មាន​បក្សពួក​យ៉ាង​មិន​មិច​មិន​ដឹង​ទេ គ្រាន់តែ​ថា​ថ្ងៃ​ណាមួយ​ប៉ះពាល់​ដល់​ពលរដ្ឋ​ទៅ​យើង​មិន​ដឹង​បាន​អី​យក​ទៅ​ទប់ស្កាត់​ជាមួយ​ទេ បើ​យើង​អត់​មាន​កាំភ្លើង​មិន​មាន​កាំបិត​ដាក់​ជាប់​ខ្លួន​ផង​នោះ»

កាលពី​យប់​ថ្ងៃ​ទី​១០ កុម្ភៈ ជនជាតិ​ចិន​ពីរ​ក្រុម​បាន​ឈ្លោះ​ទាស់ទែង​គ្នា ហើយ​ដក​កាំភ្លើងខ្លី​បាញ់​ចិន​គ្នាឯង នៅ​ក្នុង​ខារ៉ាអូខេ​ឈ្មោះ​ឡាហ្វីរ៉ា នៅ​ភូមិ​បាឡិលេយ្យ សង្កាត់​ប៉ោយប៉ែត បណ្ដាល​ឱ្យ​ជនជាតិ​ម្នាក់​របួស​ភ្លៅ​ខាងស្ដាំ។ ក្រោយមក​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ចុះ​ស្រាវជ្រាវ​លើ​បញ្ហា​នេះ​ដល់​ទី​កន្លែង។

អាស៊ីសេរី​មិន​អាច​ទាក់ទង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​លោក បោ ប៊ិន ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​ទី​១៣​កុម្ភៈ ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នកទទួល​។​

ប៉ុន្តែ​អធិការរង​នគរបាល​បាល​ក្រុង​ប៉ោយប៉ែត ទទួល​បន្ទុក​ផ្នែក​អន្តោប្រវេសន៍​លោក ហេង លីហួ មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា ជនជាតិ​ចិន​ម្នាក់​ដែល​រង​របួល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ក្នុង​ខេត្ត​បន្ទាយមានជ័យ មិនទាន់​ចេញទៅ​ផ្ទះ​នៅឡើយ​ទេ។ លោក​បន្ត​ថា មន្ត្រី​កងរាជអាវុធហត្ថ​ជា​អ្នកស្រាវជ្រាវ​លើ​សំណុំ​រឿង​នេះ ដោយ​បាន​ចាប់​ជនជាតិ​ដែល​ពាក់ព័ន្ធ​ប្រមាណ ៣​នាក់​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ដោះស្រាយ​តាមច្បាប់​រួចហើយ៖ «ដោយសារ​ថ្ងៃ​នោះ​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​ដល់​មុន ដូច្នេះ​ចាប់​បាន​ហើយក៏​បញ្ជូន​ទៅ​ខាង​តុលាការ ហើយ​ព័ត៌មាន​នេះ​កម្លាំង​អាវុធហត្ថ​បាន​សហការ​ចាត់ចែង​តាម​ផ្លូវ​ច្បាប់​ហើយ​ខ្ញុំ​ទៅ​ក្រោយ​ទេ។ និយាយ​រួម​ឱ្យ​តែ​ខុស​គឺ​យើង​អនុវត្ត​តាម​នីតិវិធី​ផ្លូវច្បាប់​យើង​អត់​មាន​ដោះលែង​ទេ ព្រោះ​យើង​អត់​មាន​ត្រូវ​បន្ធូរបន្ថយ​អី គឺ​ធ្វើ​យ៉ាង​មិច​ឱ្យ​គិត​តាមច្បាប់​របស់​កម្ពុជា»

ទោះជា​យ៉ាង​នេះ​ក្ដី​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)​ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទ​គា ហាក់​គ្មាន​ជំនឿ​ទៅលើ​វិធានការ​របស់​សមត្ថកិច្ច​ជុំវិញ​ការ​បាញ់​បង្ក​របួស​ស្នាម​របស់​ជន​ជាតិ​ចិន​នេះ​ទេ ព្រោះ​កន្លង​សមត្ថកិច្ច​ក៏បាន​ចុះ​ស្រាវជ្រាវ​ដូចគ្នា​នេះ​ដែរ ប៉ុន្តែ​ក្រោយមក​សម្របសម្រួល​បញ្ចប់​រឿង​វិញ ដោយ​មិនបាន​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​របស់​កម្ពុជា​នោះ​ឡើយ៖ «ទាំងអស់​នេះ​យើង​គិត​ថា​ដៃ​គួរ​ក្នុង​ការ​សហការ​ក្នុង​ជួយ​អភិវឌ្ឍន៍​កម្ពុជា​ឱ្យ​រីកចម្រើន ប៉ុន្តែ​បើសិនជា​ដៃគូ​កាច​យ៉ាង​នេះ គិត​មើល​តើ​រដ្ឋាភិបាល​គួរតែ​ពិចារណា​យ៉ាង​មិច ឬ​យក​មនុស្ស​កាចៗ​មក​បង្អើល​កម្ពុជា ទី​ការ​បាញ់​បោះ​គឺ​កើតមាន​ជា​ហូរហែ​កន្លងមក ដូច្នេះ​តើ​ត្រូវ​ទប់ស្កាត់​ឬ​ធ្វើ​ព្រងើយ ឬ​ទុក​ឱ្យ​កើតឡើង​ដដែល​បន្ត​ទៀត ឬក៏​អាជ្ញាធរ​មិន​ហ៊ាន​ចាត់ការ​ដោយសារ​ខ្លាច​អំណាច​ចិន រឿង​នេះ​ដែល​យើង​ត្រូវ​ឃ្លាំមើល​បន្ត​ទៀត»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ត​ថា សំណុំ​រឿង​នេះ មិនមែន​ចប់​ត្រឹម​ចាប់​ជនជាតិ​ចិន​ពីរ​បី​នាក់​បញ្ជូន​ទៅ​តុលាការ​នោះ​ទេ ដោយ​សមត្ថកិច្ច​ត្រូវ​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត ដែល​ជា​អ្នកផ្ដល់​អាវុធ​ឱ្យ​ពួកគេ​ប្រើប្រាស់​ក្នុង​ការ​បាញ់​បោះ​នោះ យក​ទៅ​ផ្ដន្ទាទោស​ដែរ ព្រោះ​ជនជាតិ​ចិន​ទាំងនោះ​មិន​អាច​នាំ​អាវុធ​ចូល​មក​កម្ពុជា​បានទេ ប្រសិនបើ​ពួកគេ​មិន​ត្រូវរ៉ូវ​ជាមួយ​សមត្ថកិច្ច​ខ្មែរ និង​អ្នក​មាន​អំណាច​ទេ​នោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល