សមាគម​គ្រូបង្រៀន​សង្ឃឹម​ថា អាជ្ញាធរ​នឹង​មិន​រឹតត្បិត​ពួកគេ​ក្នុង​ការ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ដូច​រាល់​ឆ្នាំ

សុ ជីវី
2018.09.22
ទិវា​គ្រូបង្រៀន​ពិភពលោក ២០១៦ ​៦២២ គ្រូបង្រៀន​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​លើក​ទី​៥០ និង​ទាមទារ​ដំឡើង​ប្រាក់​ខែ នា​ទីលាន​ប្រជាធិបតេយ្យ​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៦។
RFA

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ សង្ឃឹម​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​មិន​រឹតត្បិត​ពួកគេ ក្នុង​ការ​ប្រារព្ធ​ទិវា​គ្រូបង្រៀន ដូច​រាល់ៗ​ឆ្នាំ​ទេ។ ប្រធាន​សមាគម​នេះ អះអាង​ថា ទិវា​នេះ​ជា​ការ​រំលឹក​គុណ​គ្រូ និង​ស្នើសុំ​ឲ្យ​មានការ​ដំឡើង​ប្រាក់ខែ​គ្រូបង្រៀន មិនមែន​ជា​សកម្មភាព​បាតុកម្ម​ទេ។ អ្នកឃ្លាំមើល​សិទ្ធិមនុស្ស ថា សមាគម​គ្រូបង្រៀន មាន​សិទ្ធិ​ដោយ​គ្មាន​ការរារាំង ក្នុង​ជួប​ប្រជុំ​គ្នា ដើម្បី​សម្ដែង​ពី​សុខទុក្ខ​របស់​គ្រូបង្រៀន និង​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី អះអាង​ថា បាន​ដាក់​លិខិត​ជូន​ដំណឹង ស្ដីពី​ការ​ស្នើ​សុំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក ៥​តុលា ទៅ​សាលា​រាជធានី​ភ្នំពេញ​រួចរាល់​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២១ កញ្ញា។ អ្នកស្រី ថា មន្ត្រី​សាលាក្រុង​បាន​ទទួលយក​លិខិត​របស់​សមាគម​ហើយ ប៉ុន្តែ​មិនទាន់​ឆ្លើយតប​បែប​ណា​ទេ៖ «ទម្លាប់​គេ​ទាល់តែ​ជិត​ដល់​ថ្ងៃ សាលាក្រុង​មិនដែល អនុញ្ញាត​លិខិត​របស់​សមាគម​ទេ ចាស ក៏ប៉ុន្តែ​គោលជំហរ​សមាគម ទោះបី​មិន​អនុញ្ញាត​ក៏​នៅតែ​ធ្វើ ដែរ​ព្រោះ​អី​យើង​មិនមែន​បាន​ទៅ​បាតុកម្ម​ទៅ​អី​ណា យើង​គ្រាន់តែ​ទៅ​ទាមទារ​លក្ខខណ្ឌ​ការងារ និង ប្រាក់​បៀវត្សរ៍​សម្រាប់​តែ​លោកគ្រូ អ្នកគ្រូ​តែប៉ុណ្ណោះ»

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នឹង​រៀបចំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ​ថ្ងៃ​ទី​៥ តុលា នៅ​ទីតាំង​សួនច្បារ​វត្តភ្នំ ចាប់ពី​ម៉ោង​៨​ព្រឹក​តទៅ។

ប្រធាន​បទ នៅ​ឆ្នាំនេះ គឺ​ក្រុម​គ្រូបង្រៀន លើក​យក​ពី សិទ្ធិ​ទទួល​បាន​ការអប់រំ និង​សិទ្ធិ​ទទួល​បាន​គ្រូ​បង្រៀន​មាន​គុណភាព ហើយ​មានការ​ចូលរួម​ពី​សមាជិក សមាជិកា​នៃ​សមាគម លោកគ្រូ អ្នកគ្រូ យុវជន សិស្ស និស្សិត សហជីព អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ អាណាព្យាបាល​សិស្ស សរុប​យ៉ាងតិច ១៥០​នាក់។ ក្នុង​សេចក្ដី​ជូនដំណឹង សមាគម​គ្រូបង្រៀន បញ្ជាក់​ថា ក្នុង​ពិធី​អបអរសាទរ​ទិវា​គ្រូបង្រៀន​ពិភពលោក​ឆ្នាំនេះ នឹង​ដង្ហែ​ក្បួន​ចេញពី​សួនច្បារ​វត្តភ្នំ ដើម្បី​ដាក់​ញត្តិ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ខុទ្ទកាល័យ លោក ហ៊ុន សែន បន្ទាប់​មក​ពិធី​នេះ នឹង​ប្រកាស​បិទ​កម្មវិធី។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ពន្យល់​ថា គ្រូបង្រៀន​ត្រូវការ​ប្រាក់ខែ​ខ្ពស់​ជាង​នេះ ហើយ​សមាគម​ត្រូវការ​ប្រារព្ធ​ទិវា​នេះ នៅ​ទីតាំង​សាធារណៈ​ដែល​មាន​មនុស្ស​អ៊ូអរ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​សាធារណជន​បាន​ដឹង៖ «គេ​កំណត់​ស្អី​អី​ណា គីឡូ​លេខ​ប្រាំមួយ​អ៊ីចឹង​ណា ហើយ​បើ​ទៅ​គីឡូ​លេខ​ប្រាំមួយ​ស្រែក​ដដែល អ៊ីចឹង​សុខចិត្ត​ទៅ​វាលស្រែ កន្លែង​ណាមួយ ស្រែក ដោយ​មិន​ចាំបាច់​សុំច្បាប់​ស្រួល​ជាង យើង​ចង់​ស្រែក​ដើម្បី​ឲ្យ​ពលរដ្ឋ និង​សាធារណជន​គាត់ បាន ដឹង​បាន​លឺ បើ​ស្រែក​កន្លែង​ស្ងាត់​ដដែល​អញ្ចឹង​យើង​ស្រែក​ធ្វើ​អី»

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ តែងតែ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក ជា​រៀងរាល់​ឆ្នាំ​។ កាលពី​ថ្ងៃ​ទី​០៥ តុលា ឆ្នាំ​២០១៧ បាន​ប្រារព្ធ​ទិវា​គ្រូបង្រៀន នៅ​សួនច្បារ​វត្តភ្នំ តែ​បាន​បរាជ័យ​ក្នុង​ការ​ដង្ហែ​ក្បួន​ទាមទារ​របស់​ខ្លួន ដោយសារ​កងកម្លាំង និង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ រារាំង មិន​ឲ្យ​មាន​ការ​ដង្ហែ​ក្បួន​ដាក់​ញត្តិ​ទៅ​រដ្ឋសភា។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ជុំវិញ​រឿង​នេះ ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី បាន​ទេ នៅ​ថ្ងៃ​ទី​២១ កញ្ញា ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ។

អ្នកស្រី អ៊ុក ឆាយាវី បញ្ជាក់​ថា នៅ​ឆ្នាំនេះ សមាគម​គ្រូបង្រៀន​នៅតែ​ទាមទារ​ឲ្យ​ក្រសួង​អប់រំ ដំឡើង​ប្រាក់​បៀវត្សរ៍​គោល​គ្រូ​ឲ្យ​បាន​សមរម្យ គឺ​ចំនួន ២​លាន​រៀល ឬ​ស្មើនឹង​៥០០​ដុល្លារ ក្នុង​មួយ​ខែ ទើប​ធ្វើ​ឲ្យ​មាន​ជីវភាព​ថ្លៃថ្នូរ លែង​ឆ្លៀត​ទៅ​រក​មុខរបរ​ទី​២ ឬ លែង​ជំរិត​ទារ​លុយ​ពី​កូនសិស្ស។ អ្នកស្រី អ៊ុក ឆាយាវី បន្ដ​ថា ក្រៅពី​ប្រាក់ខែ​គោល​២​លាន​រៀល សមាគម ក៏​ស្នើ​ឲ្យ​ក្រសួង​អប់រំ រក្សា​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ដូចជា ប្រាក់​សម្រាប់​ប្រពន្ធ កូន ជូន​លោកគ្រូ អ្នកគ្រូ ដដែល។ អ្នកស្រី អ៊ុក ឆាយាវី មាន​ជំនឿ​ថា រដ្ឋមន្ត្រី​ក្រសួង​អប់រំ មានលទ្ធភាព​ដំឡើង​ប្រាក់ខែ​គោល ២​លាន​រៀល ឲ្យ​គ្រូបង្រៀន ព្រោះ​កន្លងមក ក្រសួង​អប់រំ ធ្លាប់​សល់​ប្រាក់​ជាច្រើន បង្វិល​ឲ្យ​រដ្ឋ​វិញ។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ពន្យល់​ថា យោង​តាម​ច្បាប់​បាតុកម្ម មុន​ធ្វើ​បាតុកម្ម ត្រូវ​ដាក់​ពាក្យ​ស្នើសុំ ប៉ុន្តែ​ដោយសារ ការ​ប្រារព្ធ​ទិវា​គ្រូបង្រៀន មិនមែន​ជា​គម្រោង​ធ្វើបាតុកម្ម ដូច្នេះ អាជ្ញាធរ​មិន​គូរ​រឹតត្បិត​ដល់​សកម្មភាព ដែល​គ្រូ​បង្រៀន​ទូទាំង​ពិភពលោក នាំគ្នា​ប្រារព្ធ​ឡើង ដើម្បី​គ្រាន់តែ​ចង់​បង្ហាញ​ពី​សុខទុក្ខ នៃ​វិស័យ​សិក្សា និង​ជីវភាព​របស់​គ្រូ​បង្រៀន៖ «ពិនិត្យមើល​ទៅ​កាន់​ប្រទេស​ដែល​មាន​ការ​ប្រកាន់​របប​សង្គមនិយម​លទ្ធិប្រជាធិបតេយ្យ​វិធី​ទាំងអស់​នេះ​វា​គួរតែ​ជា​វិធី​នៃ​ការ​លើកទឹកចិត្ត​ណាស់ ហើយ​វា​ក៏​ជា​វិធី​មួយ​ដែល​រាជរដ្ឋាភិបាល​និង​ចូលរួម​រៀបចំ​ផង​អោយ​បាន​សកម្ម ដើម្បី​លើកទឹកចិត្ត ដល់​គ្រូបង្រៀន​គួរណា​តែ​អនុញ្ញាត​ឲ្យ​ពួកគាត់​ជា​គ្រូបង្រៀន បាន​បញ្ចេញ​មតិ​ក្នុង​ឱកាស​ណុង​ទៅ ដើម្បី​យើង បាន​ដឹង​ថា តើ​គ្រូបង្រៀន​ដែល​ស្ថិត​ក្នុង​របប​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​សព្វថ្ងៃ​ជួប​នឹង​បញ្ហា​អ្វីខ្លះ រឹតត្បិត​សេរីភាព​នឹង​បាទ»

ទោះជា​យ៉ាងណា អ្នកស្រី អ៊ុក ឆាយាវី បញ្ជាក់​ថា បើ​ទោះ​ជា​រង​ការ​រឹតត្បិត​សេរីភាព​ដូច​ឆ្នាំ​មុនៗ ក៏​សមាគម​គ្រូបង្រៀន ប្ដេជ្ញា​ប្រារព្ធ​ទិវា​នេះ ឲ្យ​បាន​តាម​គោលដៅ របស់​ខ្លួន ព្រោះ​ជា​ការ​បម្រើ​ឲ្យ​ផល​ប្រយោជន៍​គ្រូបង្រៀន និង​សិស្សានុសិស្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។