សិស្ស​ថ្នាក់​អនុ​បណ្ឌិត​នៅ​ខេត្ត​បាត់ដំបង​សរសើរ​បណ្ឌិត កែម ឡី ថា​ជា​គ្រូបង្រៀន​ល្អ

ដោយ ហ៊ុំ ចំរើន
2016.10.19
រូប​សំណាក កែម ឡី ២០១៦ ៨៥៥ រូប​សំណាក​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​យក​ទៅ​តម្កល់​នៅ​ផ្ទះ​របស់​លោក ឋិត​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Morm Moniroth
RFA/Morm Moniroth

និស្សិត និង​ព្រះសង្ឃ​ដែល​ជា​សិស្ស​របស់​បណ្ឌិត កែម ឡី និង​សាស្ត្រាចារ្យ​មួយ​ចំនួន​នៅ​សាកលវិទ្យាល័យ​មួយ​នា​ខេត្ត​បាត់ដំបង សរសើរ​លោក​បណ្ឌិត កែម ឡី ថា​ជា​គ្រូបង្រៀន​ល្អ​ម្នាក់​មិន​ងាយ​រក​បាន​នៅ​ក្នុង​សង្គម​ខ្មែរ។ ពួក​គាត់​បញ្ជាក់​ថា លោក​បណ្ឌិត​ជា​គ្រូបង្រៀន​មាន​អាកប្បកិរិយា​សាមញ្ញ ហើយ​បង្រៀន​កូន​ខ្មែរ​ឲ្យ​យល់​ដឹង​អំពី​បញ្ហា​សង្គម ហើយ​មិន​ពាក់ព័ន្ធ​នឹង​ការងារ​គណបក្ស​នយោបាយ​នោះ​ទេ។ ទាំង​ព្រះសង្ឃ និង​និស្សិត សោកស្ដាយ​ចំពោះ​ការ​ស្លាប់​លោក​បណ្ឌិត ថា​ជា​ការ​បាត់បង់​ធនធាន​មនុស្ស​ដ៏​កម្រ​នៅ​កម្ពុជា។

នៅ​សាកលវិទ្យាល័យ អន្តរជាតិ ឌូវី ខេត្ត​បាត់ដំបង មាន​និស្សិត​រៀន​ថ្នាក់​អនុបណ្ឌិត​ជាមួយ​បណ្ឌិត កែម ឡី ចំនួន ៣០​នាក់ ក្នុង​នោះ​មាន​ព្រះសង្ឃ​ចំនួន ២​អង្គ។ ទាំង​ព្រះសង្ឃ និង​និស្សិត​នៅ​សាកលវិទ្យាល័យ​មួយ​នេះ លើក​ឡើង​ថា នៅ​ពេល​ទទួល​ដំណឹង​ថា ឃាតក​បាន​បាញ់​សម្លាប់​សាស្ត្រាចារ្យ​របស់​ខ្លួន​ទាំង​កណ្ដាល​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ កក្កដា នោះ គឺ​មាន​អារម្មណ៍​ក្ដុកក្ដួល​ក្នុង​ចិត្ត​ជា​ខ្លាំង ហើយ​ស្ទើរ​តែ​មិន​ជឿ​ថា នេះ​គឺ​ជា​រឿង​ពិត​នោះ​ទេ។

ព្រះតេជព្រះគុណ ស៊ិន ស៊ីន មាន​ថេរ​ដីកា​នៅ​ខាង​មុខ​ថ្នាក់​រៀន​អគារ​ជាន់​ទី​៤ នៃ​សាកលវិទ្យាល័យ ឌូវី ក្រុង​បាត់ដំបង ថា ព្រះអង្គ​បាន​រៀន​ជាមួយ​បណ្ឌិត កែម ឡី ចំនួន ៣​មុខវិជ្ជា ប្រហែល​ជាង ១​ឆ្នាំ នៅ​ក្នុង​សាកលវិទ្យាល័យ​មួយ​នេះ។ ព្រះតេជព្រះគុណ​បន្ថែម​ថា មុខវិជ្ជា​ដែល​បណ្ឌិត កែម ឡី បង្រៀន​ទាំង ៣​មុខវិជ្ជា​កន្លង​ទៅ​នោះ សុទ្ធសឹងតែ​ជា​មុខវិជ្ជា​ដែល​ពាក់ព័ន្ធ​នឹង​ការ​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​នៅ​ក្នុង​សង្គម។ ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​ទៀត​ថា សាស្ត្រាចារ្យ​រូប​នេះ​មាន​ទេពកោសល្យ​ខ្ពស់​ក្នុង​ការ​ពន្យល់​សិស្ស ដូចជា​ការ​ប្រើ​ពាក្យ​សាមញ្ញ និង​ទន់ភ្លន់​ងាយ​យល់​បាន​ឆាប់​រហ័ស៖ «ថ្ងៃ​នោះ​អាត្មា​កំពុង​ប្រជុំ​នៅ​ក្នុង​ថ្នាក់ គ្រាន់​តែ​ឮ​ដំណឹង​លោក​បណ្ឌិត​ស្លាប់​ភ្លាម នៅ​ក្នុង​ខ្លួន​ដូចជា​បាត់​អស់​ព្រលឹង រក​ធ្វើ​អី​មិន​ត្រូវ។ អាត្មា​មាន​តែ​ការ​សោកស្ដាយ ហើយ​យើង​ខិតខំ​ប្រឹង​បន្ត​ទៀត​ក្នុង​នាម​ជា​សិស្ស ដែល​គាត់​បាន​ខំ​បណ្ដុះបណ្ដាល​មក»

រហូត​មក​ទល់​ពេល​នេះ ឃាតក​បាន​បាញ់​សម្លាប់​បណ្ឌិត កែម ឡី មាន​រយៈពេល​ជាង ៣​ខែ​ហើយ គឺ​សមត្ថកិច្ច​នៅ​ពុំ​ទាន់​ចាប់​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ក្រៅ​ពី​ឃាតក​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដើម្បី​យក​ទៅ​ផ្ដន្ទាទោស​បាន​នៅ​ឡើយ។

ស្រដៀង​គ្នា​នេះ​ដែរ និស្សិត​រៀន​ជាមួយ​បណ្ឌិត កែម ឡី ម្នាក់​ទៀត​ពាក់​អាវ​ឆ្នូត​ក្រឡា​ដៃ​វែង រាង​ស្គម សម្បុរ​ស្រអែម លោក ប៉ុន វុត្ថា ថ្លែង​ថា លោក​ស្រឡាញ់​អាកប្បកិរិយា និង​ការ​បង្រៀន​របស់​បណ្ឌិត កែម ឡី ណាស់ ពីព្រោះ​សាស្ត្រាចារ្យ​រូប​នេះ​ជា​មនុស្ស​ដំបូង​ដែល​បង្រៀន​ឲ្យ​លោក​ចេះ​ផ្លាស់ប្ដូរ​ចិត្ត​គំនិត ជាពិសេស​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ និង​ឲ្យ​ចេះ​តាមដាន​បញ្ហា​នៅ​ក្នុង​សង្គម​បាន​ច្រើន​ទៀត​ផង។ បុរស​វ័យ​ជិត ៣០​ឆ្នាំ​រូប​នេះ​បន្ថែម​ថា នៅ​ពេល​បង្រៀន​សិស្ស​ក្នុង​ថ្នាក់​រៀន លោក​បណ្ឌិត តែង​តែ​ផ្ដល់​ដំបូន្មាន​ដែល​ជា​ក្រម​សីលធម៌​ល្អ​ដល់​សិស្ស ឲ្យ​មាន​គតិបណ្ឌិត​ចេះ​ស្រឡាញ់ និង​រួម​គ្នា​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​បាន​រីក​ចម្រើន​ទៅ​មុខ៖ «អ្វី​ដែល​យើង​ទទួល​បាន​ប្រយោជន៍​ពី​លោក​បណ្ឌិត គឺ​ជា​ចំណេះ​ដឹង​ថ្មី​មួយ​ដែល​សាលា​នៅ​ខេត្ត​បាត់ដំបង មិន​ទាន់​មាន​ពី​មុន​មក។ ហើយ​តាម​ដឹង មុខវិជ្ជា​នេះ​ជា​គំនិត​ផ្ដួចផ្ដើម​របស់​បណ្ឌិត កែម ឡី ផ្ទាល់ ហើយ​ខ្ញុំ​ជឿ​ថា បើ​សិន​ជា​លោក​នៅ​រស់​នោះ លោក​បណ្ឌិត​នឹង​មាន​គំនិត​ផ្ដួចផ្ដើម​អ្វី​ផ្សេង​ទៀត​ជា​ពុំ​ខាន»

ក្រៅ​អំពី​និស្សិត​ដែល​រៀន​ជាមួយ​បណ្ឌិត កែម ឡី ហើយ នៅ​មាន​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ អន្តរជាតិ ឌូវី ខេត្ត​បាត់ដំបង ជាច្រើន​នាក់​ទៀត ក៏​ស្ងើច​សរសើរ​ពី​ការ​ប៉ិនប្រសប់​របស់​បណ្ឌិត កែម ឡី នេះ​ដូច​គ្នា។

នាយក​រង និង​ជា​ប្រធាន​ការិយាល័យ​សិក្សា​នៃ​សាកលវិទ្យាល័យ អន្តរជាតិ ឌូវី លោក ភន ម៉ុច មាន​ប្រសាសន៍​ថា បណ្ឌិត កែម ឡី មក​បង្រៀន​និស្សិត​ថ្នាក់​អនុបណ្ឌិត​ជំនាញ​ផ្នែក​ការ​ត្រួត​ពិនិត្យ តាមដាន និង​ការ​ស្រាវជ្រាវ នៅ​សាកលវិទ្យាល័យ​នេះ​ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០១៥ រហូត​ដល់​ខែ​មិថុនា ឆ្នាំ​២០១៦។ លោក​អះអាង​ថា លោក​បណ្ឌិត​មក​បង្រៀន​សិស្ស​តែ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ចំនួន ១១​ម៉ោង ហើយ​វិល​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​នៅ​រសៀល​ថ្ងៃ​អាទិត្យ ក្រោយ​ពី​លោក​បង្រៀន​ចប់៖ «ការ​បង្រៀន​របស់​លោក គឺ​លោក​បង្រៀន​ទាំង​ទ្រឹស្ដី និង​ការ​ចុះ​អនុវត្ត​ផ្ទាល់​នៅ​តាម​សហគមន៍​នានា។ ហើយ​លោក​បាន​ដាក់​លំហាត់​ឲ្យ​និស្សិត​ចុះ​ទៅ​ស្រង់ និង​រក​ទិន្នន័យ​ផ្សេងៗ ដើម្បី​សរសេរ​ជា​របាយការណ៍»

លោក ភន ម៉ុច បញ្ជាក់​ថា បណ្ឌិត កែម ឡី បង្រៀន​សិស្ស​នៅ​ក្នុង​ថ្នាក់​រៀន​ដោយ​ពុំ​មាន​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ឡើយ។ លោក ភន ម៉ុច ហៅ​ការ​ស្លាប់​របស់​បណ្ឌិត កែម ឡី ថា​ជា​ការ​បាត់បង់​ធនធាន​មនុស្ស​ដ៏​កម្រ ហើយ​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់ និង​មាន​អាកប្បកិរិយា​ល្អ​មិន​ងាយ​រក​បាន៖ «ហើយ​ជាពិសេស​នោះ ដោយសារ​តែ​និស្សិត​របស់​យើង​បាន​សិក្សា​នូវ​មុខ​ជំនាញ​នោះ គឺ​និស្សិត​របស់​យើង​បាន​មាន​សមត្ថភាព​ក្នុង​ការ​បង្កើត​មូលនិធិ​រវាង​និស្សិត និង​និស្សិត ដើម្បី​ធ្វើ​ការ​សន្សំ​លុយ ហើយ​ក៏​បង្កើត​បាន​អង្គការ​មួយ​ឈ្មោះ វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ាន។ ហើយ​ក្រុម​និស្សិត​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​មហាផ្ទៃ»

លោក ភន ម៉ុច បន្ថែម​ថា មុខវិជ្ជា​ទាំង ៣​មុខ​ដែល​បណ្ឌិត កែម ឡី បាន​បង្រៀន​នោះ គឺ​ចប់​សព្វគ្រប់​អស់​ទៅ​ហើយ។

និស្សិត និង​ព្រះសង្ឃ​នៃ​សាកលវិទ្យាល័យ អន្តរជាតិ ឌូវី គ្រោង​ប្រារព្ធ​ពិធី​បុណ្យ​ខួប​គម្រប់ ១០០​ថ្ងៃ ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​នៅ​ចុង​ខែ​តុលា ឆ្នាំ​២០១៦។ ទោះ​ជា​យ៉ាង​ណា អ្នក​ផ្ដួចផ្ដើម​ពុំ​ទាន់​បញ្ជាក់​អំពី​ទីកន្លែង​ដែល​ត្រូវ​ធ្វើ​ពិធី​បុណ្យ​នៅ​វត្ត​ណា​ឲ្យ​បាន​ច្បាស់លាស់​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។