ក្រុមហ៊ុន​ហ្វេសប៊ុក​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​ទំព័រ និង​មុខងារ​ថ្មី​ចំនួន​ពីរ​បន្ថែម​ទៀត

សន ចាន់រដ្ឋា
2018-08-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
និមិត្ត​សញ្ញា​របស់​បណ្ដាញសង្គម​ហ្វេសប៊ុក (Facebook)។
និមិត្ត​សញ្ញា​របស់​បណ្ដាញសង្គម​ហ្វេសប៊ុក (Facebook)។
screenshot

ក្រុមហ៊ុន​នាំ​មុខ​គេ​ខាង​ផ្នែក​បណ្ដាញ​សង្គម គឺ​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) នៅតែ​បន្ត​កែសម្រួល និង​អភិវឌ្ឍ​នូវ​មុខងារ​ថ្មីៗ​ បន្ថែម​ទៀត សម្រាប់​អ្នកប្រើប្រាស់ និង​បន្ថែម​ទៅលើ​កម្មវិធី​​ទាំង​ឡាយ​​របស់​​ខ្លួន ​រួម​មាន ហ្វេសប៊ុក អ៊ីនស្តាក្រាម (Instagram) និង​វ៉តសាប់ (WhatsApp)។ នៅ​ពេល​ថ្មីៗ ​ក្រុមហ៊ុន​នេះ​ក៏​បាន​ប្រកាស​នូវ​ការ​ដាក់​ចេញ​ឱ្យ​ប្រើ​ប្រាស់​នូវ​ទំព័រ និង​មុខងារ​ថ្មី​ចំនួន​ពីរ​បន្ថែម​ទៀត។

តើ​ទំព័រ និង​មុខងារ​ថ្មី​នេះ​គឺជា​អ្វី និង​មាន​ប្រយោជន៍​បែប​ណាខ្លះ​ដល់​អ្នកប្រើប្រាស់?

ក្រុមហ៊ុន​ហ្វេសប៊ុក​ទើបតែ​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​នូវ ទំព័រ​បណ្ណាល័យ​ចំណេះដឹង​ផ្នែក​ប្រព័ន្ធ​ឌីជីថល (Digital) និង​គ្រោង​បញ្ចេញ​មុខងារ​ថ្មី​មួយទៀត​សម្រាប់​កម្មវិធី Facebook និង Instagram គឺ​ទាក់ទង​នឹង​មុខងារ​កំណត់​ពេលវេលា​ដែល​បាន​ចំណាយ​លើ Facebook និង Instagram

មុខងារ​សម្រាប់​កំណត់ពេល​វេលា​ដែល​បាន​ចំណាយ​លើ​ហ្វេសប៊ុក និង​អ៊ីនស្តាក្រាម ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ប្រកាស​កាលពី​ថ្ងៃទី១ ខែ​សីហា​ថា នឹង​បង្ហាញ​ពី​ពេលវេលា​ដែល​អ្នកប្រើប្រាស់​បាន​ចំណាយ​ជា​មធ្យម និង​មុខងារ​គ្រប់គ្រង​ពេលវេលា តាមរយៈ​ការកំណត់​ម៉ោង​សម្រាប់​ខ្លួនឯង និង​កំណត់​សារ​ជូនដំណឹង​ចេញ​ពី​កម្មវិធី ទាំង Facebook និង Instagram

អ្នកប្រើប្រាស់​កម្មវិធី​ហ្វេសប៊ុក និង​អ៊ីនស្តា​ក្រាម​នឹង​បាន​ឃើញ​មុខងារ​ថ្មី​នេះ នៅ​ក្នុង​“Settings” របស់​កម្មវិធី​ទាំងពីរ​នេះ​។ សម្រាប់​កម្មវិធី​អ៊ីនស្តាក្រាម នឹង​បង្ហាញ​នូវ​ពាក្យ​មួយ​ឃ្លា​ថា “Your Activity” ចំណែក​ក្នុង​កម្មវិធី​ហ្វេសប៊ុក នឹង​បង្ហាញ​នូវ​ពាក្យ​មួយ​ឃ្លា​ថា “Your time on Facebook”​

ក្នុង​ផ្ទាំង​មុខងារ​ថ្មី​នេះ អ្នកប្រើប្រាស់​កម្មវិធី​ទាំងពីរ​អាច​ធ្វើ​ការកំណត់​ពេលវេលា​ជាក់លាក់​ណាមួយ ដើម្បី​ឱ្យ​កម្មវិធី​រំឭក​អ្នក​ប្រើប្រាស់​​ថា ​ដល់​​ម៉ោង​​ត្រូវ​​ឈប់​​ហើយ និង​​កំណត់​​ចំនួន​​ម៉ោង ដែល​​កម្មវិធី​ត្រូវ​​បិទ​​រាល់​​ការ​​ជូន​ដំណឹង​​ទាំង​ឡាយ ដែល​បាន​ផ្ញើ​មក រហូតដល់​ពេលវេលា​ដែល​អ្នក​បាន​កំណត់។

បើទោះបីជា​អ្នកប្រើប្រាស់​បាន​បិទ​ការ​ជូន​ដំណឹង​ទាំងនោះ​ក្តី ក៏ប៉ុន្តែ​ការ​ជូនដំណឹង​ទាំងនោះ​នៅតែ​រក្សាទុក​នៅ​ដដែល​នៅ​ត្រង់​ចំណុច Notification

ក្រុមហ៊ុន​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​ឱ្យ​ដឹង​តាមរយៈ​ការ​ចេញ​ផ្សាយ​របស់​ខ្លួន កាល​ពី​ថ្ងៃទី ១ ខែ សីហា ថា​ការ​បង្កើត​មុខងារ​ថ្មី ដើម្បី​ជួយ​អោយ​អ្នកប្រើប្រាស់​ចេះ​គ្រប់គ្រង​ពេលវេលា​របស់​ខ្លួន ដែល​ចំណាយ​នៅ​លើ​ហ្វេសប៊ុក និង​អ៊ីនស្តាក្រាម​នេះ ដោយមាន​ការ​ជំរុញ និង​សហការ​ជាមួយ​អ្នក​ជំនាញ​ផ្នែក​សុខភាព​ផ្លូវចិត្ត និង​ក្រុម​អង្គការ អ្នក​សិក្សា​ស្រាវជ្រាវ ដែល​បាន​ផ្តល់​ជា​យោបល់​នៅ​ក្នុង​សហគមន៍​។ ក្រុមហ៊ុន​ហ្វេសប៊ុក​មានបំណង​ចង់​អោយ ពេលវេលា​របស់​អ្នកប្រើប្រាស់​ដែល​បាន​ចំណាយ​​ទៅលើ​កម្មវិធី​ហ្វេសប៊ុក និង​អ៊ីនស្តាក្រាម​ត្រូវតែ​មាន​គោលបំណង ភាព​វិជ្ជមាន និង​មាន​ការ​ជំរុញ​លើកទឹកចិត្ត។

របាយការណ៍​ត្រីមាស​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក បង្ហាញ​ថា រៀងរាល់ថ្ងៃ​មាន​អ្នក​បើក​ប្រើប្រាស់​ហ្វេសប៊ុក ជា​មធ្យម​ជាង មួយ​ពាន់​លាន។ ចំណែក​នៅ​កម្ពុជា​មាន​អ្នក​បើក​ប្រើប្រាស់​សកម្ម​ជាង​ប្រាំ​ពីរ​លាន​គណនី។

កំណើន​នៃ​អ្នកប្រើប្រាស់​កម្មវិធី​ហ្វេសប៊ុក និង​អ៊ីនស្តាក្រាម​យ៉ាង​ច្រើន ជា​រៀងរាល់​ឆ្នាំនេះ បាន​ធ្វើ​អោយ​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ដែល​នាំមុខ​គេ​​ខាង​ផ្នែក​​កម្មវិធី​​បណ្ដាញ​​សង្គម​នៅ​លើ​ពិភពលោក។

ស្រប​ពេល​ដែល​ក្រុមហ៊ុន​មួយ​នេះ​ទទួល​បាន​ប្រជាប្រិយភាព និង​មាន​អ្នកប្រើប្រាស់​នាំ​មុខ​គេ​នេះ ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​យល់ថា ​ខ្លួន​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការ​ជួយ​ដល់​អ្នកប្រើប្រាស់ ឱ្យ​បាន​យល់ដឹង​ថា​តើ ពេលវេលា​ច្រើន​ប៉ុណ្ណា​ដែល​អ្នក​ប្រើប្រាស់​​បាន​ចំណាយ​នៅ​លើ​កម្មវិធី​ដែល​ពួកគេ​បាន​បង្កើត។

ចំណែក​ទំព័រ​បណ្ណាល័យ​ចំណេះដឹង​ផ្នែក​ប្រព័ន្ធ​ឌីជីថល ដែល​បាន​ប្រកាស​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី២ ខែ​សីហា នេះ​គឺជា​បណ្ដុំ​នៃ​មេរៀន​ដែល​ជួយ​ដល់​យុវជន​ក្នុង​ការ​គិត​ឱ្យ​បាន​ស៊ីជម្រៅ និង​ចែកចាយ​អ្វីមួយ​នៅ​លើ​អ៊ីនធឺណិត​ដោយមាន​ការពិចារណា។

ទំព័រ​ថ្មី​នេះ មាន​មេរៀន​ចំនួន​១៨ ដែល​ផ្តោត​ទៅ​លើ ឯកជន​ភាព និង​កេរ្តិ៍ឈ្មោះ ការរុករក​អត្តសញ្ញាណ ឥរិយាបថ​ជា​វិជ្ជមាន សុវត្ថិភាព និង​ការចូលរួម​ក្នុង​សហគមន៍។

មេរៀន​ទាំង ១៨ ដែល​មាន​នៅ​លើ​ទំព័រ​បណ្ណាល័យ​ចំណេះដឹង​ផ្នែក​ប្រព័ន្ធ​ឌីជីថល​នេះ បច្ចុប្បន្ន​កំពុង​ដំណើរ​ជា​ភាសា​អង់គ្លេស និង​គ្រោង​ដំណើរការ​ជា​ភាសា​ផ្សេងទៀត​ចំនួន ៤៥​ភាសា​ក្នុង​ពេល​ឆាប់ៗ។

ការ​ចុះផ្សាយ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ឱ្យ​ដឹង​ថា ទំព័រ​បណ្ណាល័យ​ចំណេះដឹង​ផ្នែក​ប្រព័ន្ធ​ឌីជីថល​នេះ​គឺជា ទំព័រ​ចុងក្រោយ​បំផុត ដែល​បាន​បន្ថែម ទៅ​ក្នុង​ទំព័រ មជ្ឈមណ្ឌល​ចំណេះដឹង​ផ្នែក​សុវត្ថិភាព។ ទំព័រ​ថ្មី​នេះ​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​មជ្ឈមណ្ឌល​ចំណេះដឹង​ផ្នែក​សុវត្ថិភាព ទំព័រ​ព័ត៌មាន និង​ចំណេះដឹង​ផ្នែក​សម្រាប់​យុវជន ឬ​ហៅថា Youth Portal

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល