ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​នៅ​តាម​ដងទន្លេ​​ក្នុង​​ខេត្ត​ស្ទឹងត្រែង និង​​រតនគិរី​ ​ជួប​គ្រោះ​មហន្តរាយ​ ស្រប​ពេល​អាជ្ញាធរ​វៀតណាម​បើក​បង្ហូរ​ទឹក​ទំនប់វារីអគ្គិសនី

ដោយ ថន ថារ៉ូ
2018-08-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​លំនៅឋាន​នៅ​ឃុំ​តាឡាត ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ ២០១៨។
ទិដ្ឋភាព​លំនៅឋាន​នៅ​ឃុំ​តាឡាត ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ ២០១៨។
រូបភាព៖ រដ្ឋបាល​សាលាខេត្ត​ស្ទឹងត្រែង

ទឹក​ទន្លេ​សេសាន​ហក់​ឡើង​ខ្លាំង​ជា​លើក​ទី​៣​ បណ្ដាល​ឲ្យ​ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​សេសាន ​ក្នុង​ខេត្ត​ស្ទឹងត្រែង ​និង ​ខេត្ត​រតនគិរី ​រាប់ពាន់​គ្រួសារ ​ជូប​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ ស្រប​ពេល​ដែល​ប្រទេស​វៀតណាម​​ បាន​ផ្តល់​ដំណឹង​ពី​ការ​បើក​បង្ហូរ​ទឹក​រាប់​លាន​ម៉ែត្រ​គូប​ ​​​ពី​ទំនប់​វា​រី​អគ្គិសនី យ៉ាលី និង​ទំនប់​សេសាន ​៤ ​អេ ​ចូល​អាង​ទន្លេ​សេសាន។ ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​ស្ទឹងត្រែង ​ឲ្យ​ដឹង​ថា​ ពលរដ្ឋ​រស់​នៅ​ឃុំ​តាឡាត​ ដែល​មាន​ភូមិ​សាស្ត្រ​ជាប់​ឃុំ​ស្រែគរ​ ជាង ១ពាន់​គ្រួសារ ​កំពុង​រងគ្រោះ​ដោយ​ទឹក​ជំនន់ ​ក្នុង​នោះ ​មានជិត​ ១០០​គ្រួសារ​ត្រូវ​ជម្លៀស​ទៅ​កាន់​ទី​ទូល​សុវត្ថិភាព។

ពលរដ្ឋ​រងគ្រោះ​ទឹក​ជំនន់​រស់​នៅ​ឃុំ​តាឡាត ​ស្រុក​សេសាន ​ខេត្ត​ស្ទឹងត្រែង ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ សីហា​ថា  ជំនន់​ទឹក​ទន្លេ​សេសាន​ឆ្នាំ​នេះ ​ហក់​ឡើង​ខ្លាំង​ប្លែក​ពី​ឆ្នាំ​មុនៗ ​ធ្វើ​ឲ្យ​ពលរដ្ឋ​ជាង​ ១ពាន់​គ្រួសារ​រស់​នៅ​ឃុំ​តាឡាត​ជួប​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ចំនួន​ ៣​លើក​មក​ហើយ​ ចាប់​ពី​តាំង​ចុង​ខែ​កក្កដា ​រហូត​មក​ទល់​ពេល​នេះ​។ លោកថា​ ពលរដ្ឋ​ ៧៩ ​គ្រួសារ​ រស់​នៅ​ក្នុង​ភូមិ​ចំនួន ​៥ ​នៃ​ឃុំ​តាឡាត ​បាន​ជម្លៀស​មក​កាន់​ទី​ទួល​ខ្ពស់​ស្នាក់​អាស្រ័យ ​កំពុង​ប្រឈម​ការ​ខ្វះ​ខាត​ស្បៀង​អាហារ​ បញ្ហា​សុខភាព ​និង​ទឹក​ស្អាត។

ពលរដ្ឋ​រស់​នៅ​ឃុំ​តាឡាត ​លោក ប៉ី មី កត់​សម្គាល់​ថា ​ចាប់​តាំង​ពី ​ទំនប់​វា​រី​អគ្គិសនី​សេសាន​ក្រោម ២ បិទ​ទ្វារ​ទឹក​ជា​ស្ថាពរ​ជិត ១​ឆ្នាំ​មក​ហើយ​នោះ ​បណ្ដាល​ឲ្យ​ពលរដ្ឋ​រស់​នៅ​ឃុំ​តាឡាត​ ជួប​គ្រោះ​មហន្តរាយ​ទឹក​ជំនន់ ​៣​លើក​ជាប់ៗ ​គ្នា ​ដែល​ពួកគេ​មិន​ធ្លាប់​ជួប​ប្រទះ។ លោក​ថា គ្រោះ​ទឹក​ជំនន់​នេះ​ បង្ក​ឲ្យ​ពួកគេ​ប្រឈម​បញ្ហា​សព្វ​បែប​យ៉ាង ​ជា​ពិសេស​កុមារ​ និង​ពលរដ្ឋ​ក្រីក្រ​ ដែល​កំពុង​ស្នាក់​នៅ​ទី​ទួល​ខ្ពស់​​ក្នុង​ព្រៃ​។ រី​ឯ​អាជ្ញាធរ​នៅ​មិនទាន់​ផ្ដល់​ជំនួស​មនុស្ស​ធម៌ ​ជា​ថ្មី​ទៀត​នៅ​ឡើយ​ទេ៖ «»

មេឃុំ​តាឡាត លោក សឿង ខង បញ្ជាក់​យ៉ាង​ខ្លី​ថា ជំនន់​ទឹក​ទន្លេ​សេសាន​នៅ​មិន​ទាន់​ស្រក​ចុះ​នៅ​ឡើយ​ទេ​ រី​ឯ​ស្រូវ​កសិកម្ម​របស់​ពលរដ្ឋ​ត្រូវ​លិចលង់​ខូចខាត​អស់​ទាំង​ស្រុង៖ «»

រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​បាន​ផ្ដល់​ដំណឹង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​​ទី២០ ​សីហា​ថា​ ស្ថានភាព​ទឹក​ជំនន់​ទន្លេ​សេសាន ​កំពុង​ហក់​ឡើង​ ធ្វើ​ឲ្យ​ប៉ះពាល់​លំ​នៅ​ឋាន​ពលរដ្ឋ​រស់​នៅ​ឃុំ​តា​ឡាត​របស់​ស្រុក​សេសាន​ជាង ​១​ពាន់​ ១​រយ​គ្រួសារ​ (១១០៨) ​និង​​ប៉ះពាល់​ដំណាំ ​ស្រែ​ចម្ការ ​សត្វ​ចិញ្ចឹម ​ផ្ទះ​សម្បែង ​ខូចខាត​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ និង​អគារ​សាធារណៈ​ជាដើម។

ថ្មីៗ​ នេះ ​អាជ្ញាធរ​វៀតណាម ​បាន​ផ្តល់​ដំណឹង​មក​អាជ្ញាធរ​កម្ពុជា ​ពី​ការ​បើក​បង្ហូរ​ទឹក​ ទំនប់​វា​រី​អគ្គិសនី​យាលី​ ឋិត​នៅ​ខ្សែ​ទឹក​ខាង​លើ​នៃ​ទន្លេ​សេសាន​ក្នុង​ប្រទេស​វៀតណាម​។ សេចក្តី​ជូន​ដំណឹង​នោះ​បញ្ជាក់​ថា ​ចាប់​ពី​ថ្ងៃ​ទី​១៧ ​ខែ​សីហា​ទៅ ​អាជ្ញាធរ​វៀតណាម​នឹង​បើក​បង្ហូរ​ទឹក​ទំនប់​យាលី​ ក្នុង​បរិមាណ​ទឹក​លក្ខណៈ​ធម្មជាតិ​ហូរ​ឆ្ពោះ​មក​កាន់​ទន្លេ​សេសាន ​ក្នុង​ខេត្ត​រតនគិរី​ និង​​ខេត្ត​ស្ទឹងត្រែង​ ក៏​ប៉ុន្តែ​មិន​បាន​បញ្ជាក់​លម្អិត​ពី​បរិមាណ​ទឹក​ក្នុង​កម្រិត​ណា​មួយ​នោះទេ​។ ​

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​​គណៈកម្មការ​គ្រប់គ្រង​ទន្លេ​មេគង្គ​ជាតិ ​លោក ​តែ ​ណាវុធ​ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង ​គ្មាន​អ្នក​ទទួល​។ ​រី​ឯ​​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​​គ្រោះ​មហន្តរាយ ​លោក ​កែវ​ វី ​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​ នៅ​ថ្ងៃ​ទី​២១ ​សីហា ​ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ​។ ​តែ​យ៉ាងណា​ លោក ​កែវ​ វី ​បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា ​គ្រោះ​ទឹក​ជំនន់​ បានបង្ក​ប៉ះពាល់​ពលរដ្ឋ​ជាង ​៤​ម៉ឺន​គ្រួសារ ​នៅ​ទូទាំង​ប្រទេស ​ចាប់​ពី​ចុង​ខែ​កក្កដា​ហូត​មក ​ក្នុង​នោះ​មាន​ពលរដ្ឋ ​១៨​នាក់​ស្លាប់ ​ដោយ​សារ​លង់​ទឹក​។

ចំណែក​ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​សេសាន​ក្នុង​ខេត្ត​រតនគិរី ​មាន​ស្រុក​ចំនួន​៤ ​គឺ​ស្រុក ​វ៉ើន​សៃ ​ស្រុក​តាវែង ​ស្រុក​អណ្តួង​មាស ​និង​ស្រុក​អួរ​យ៉ាដាវ​ ​កំពុង​ប្រឈម​ការ​លិច​ផ្ទះ​សម្បែង​ ខូចខាត​ទ្រព្យ​សម្បត្តិ ​និង​លិច​ដី​ស្រែ​ចម្ការ​អស់​ច្រើន​ហិកតារ​ ដោយសារ​តែ​ជំនន់​ទឹក​ទន្ល​សេសាន​ហក់​ឡើង ​៣​លើក​មក​ហើយ គិត​ចាប់​ពី​ចុង​ខែ​កក្កដា​រហូត​មក​។

ប្រធាន​មន្ទីរ​ធនធាន​ទឹក​ខេត្ត​រតនគិរី​ លោក ​ចាន់​ ប៊ុនធឿន ​បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា ​ ពលដ្ឋ​រស់​នៅ​ជាប់​ដង​ទន្លេ​សេសាន​ក្នុង​ស្រុក​ចំនួន ​៤ ​នៃ​ខេត្ត​រតនគិរី ​នឹង​ប្រឈម​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ ដោយសារ​កម្ពស់​ទឹក​ទន្លេ​សេសាន​ហក់​ឡើង ​ជិត ​១០​ម៉ែត្រ​ (,៧ ម)​ ខណៈ​កម្រិត​ទឹក​ប្រកាស​អាសន្ន ​ត្រឹម ​៩,៥០ ​ម៉ែត្រ ​បូក​ផ្សំ​ទឹក​ភ្លៀង​ផង​។ ​លោកថា​ អាជ្ញាធរ​វៀតណាម​បាន​បើក​ទ្វារ​ទឹក​ ដើម្បី​រំដោះ​ទឹក​ចេញ​ពី​ផ្ទៃ​អាង ​នៃ​ទំនប់​វា​រី​អគ្គិសនី ​សេ​សាន​៤ ​និង​ ទំនប់​វា​រី​អគ្គិសនី​សេ​សាន​៤ A​ មក​កាន់​អាង​ទន្លេ​សេសាន​ផ្នែក​ខាង​ក្រោម​ក្នុង​ខេត្ត​រតនគិរី ​និង​ខេត្ត​ស្ទឹងត្រែង ​ចាប់​ពី​ថ្ងៃ​ទី​១៥ ​ខែ​សីហា ​រហូត​មក ​ក្នុង​បរិមាណ​ទឹក ​ជាង ​៣ពាន់ ​ម៉ែត្រ​គូប ​ក្នុង​មួយ​វិនាទី ​(៣.៤៧៨ m3/s​)

នាយក​ប្រតិបត្តិ​អង្គការ​បណ្តាញ​ការពារ​ទន្លេ​​បី ​លោក ​លាង ​ប៊ុនលាភ ​ពន្យល់​ថា​​  បើ​ទឹក​ភ្លៀង​នៅបន្ត​ធ្លាក់​ខ្លាំង ​អាច​ធ្វើ​ឲ្យ​ទំនប់​វា​រី​អគ្គិសនី​តាម​ដង​ទន្លេ​សេសាន​នៅ​ប្រទេស​វៀតណាម ​ចៀមិន​ផុត​ បើក​បង្ហូរ​ទឹក ​ដើម្បី​រំដោះ​ទឹក​ពី​ផ្ទៃ​អាង ​ក្នុង​កម្រិត​ណា​មួយ ​ធ្វើ​ឲ្យ​ទឹក​ទន្លេ​សេសាន​ ហក់​ឡើង​លឿនរូម​ផ្សំ​និង​ទឹក​ភ្លៀង​ផង​។ ​លោក​ថា ​កម្រិត​ទឹក​ដែល​ហូរ​ចេញ​ពី​ទំនប់ ​នឹង​អាច​ស្រក​ចុះ​នៅ​ពេល​ដែល​ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី​បិទ​ទ្វារ​ទឹក​វិញ៖ «»

តាម​បណ្តោយ​ទន្លេ​សេសាន ​និង​ដៃ​ទន្លេ​សេសាន​ក្នុង​ប្រទេស​វៀតណាម ​មាន​ទំនប់​វា​រី​អគ្គិសនី ​៦ ​ទំនប់ ​ដែល​កំពុង​ផលិត​ថាមពល​អគ្គិសនី ​គឺ​ទំនប់​វា​រី​អគ្គិសនី ​យាលី​ ទំនប់​សេសាន ​៣ ​សេសាន ​៣ ​អា ​ សេសាន​ ៤ ​សេសាន ​៤ ​អា ​និង​ ទំនប់​វា​រី​អគ្គិសនី ​ផ្លេក្រុង​។

ក្រសួង​ធនធាន​ទឹក​ព្យាករ​ថា ទឹក​ទន្លេ​សេសាន​ក្នុង​ខេត្ត​រតនគិរី ​ហក់​ឡើយ​ខ្លាំង​ រហូត​លើស​កម្រិត​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ ​ដោយ​សារ​បរិមាណ​ទឹក​ភ្លៀង ​ដែល​បាន​ធ្លាក់​ច្រើន​ជាប់ៗ ​គ្នា​។

មន្ទីរ​ធនធាន​ទឹក​ខេត្ត​ស្ទឹងត្រែង ​បាន​ផ្តល់​ដំណឹង​ឲ្យ​ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ ​ទន្លេ​សេសាន​ និង ​ទន្លេ​សេកុង ​ទាំង​ ៨១​ភូមិ ​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​នៅ​គ្រា​ទឹក​ជំនន់​ហក់​ឡើង​ខ្លាំង។

ក្រសួង​ព្យាករ​ថា ​គិត​ត្រឹម​ថ្ងៃ​ទី​២១ ​សីហា ​ទឹក​ទន្លេ​មេគង្គ​ នៅ​ខេត្ត​ស្ទឹងត្រែង​កើន​ឡើង ​មាន​កម្ពស់​ ១០,៩៤​ម៉ែត្រ ​ធៀប​កម្ពស់​ប្រុង​ប្រយ័ត្ន ១០,៧០ ​ម៉ែត្រ​។ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ទន្លេ​មេគង្គ​កម្ពុជា ​លោក ​តែ ​ណាវុធ ​ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី​១៥​ សីហា​ថា ​ កិច្ច​ព្រម​ព្រៀង​គណៈកម្មាធិការ​ទន្លេ​មេគង្គ ​មាត្រា​៨ ​បាន​ចែង​ពី​ការ​ទទួល​ខុស​ត្រូវ​ប្រទេស​ជា​សមាជិក ​រាល់​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ បន្ទាប់​ពី​មាន​ភស្តុតាង​បញ្ជាក់​​ជាក់​ស្តែង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល