អតីត​ចំណាប់ខ្មាំង​ខ្មែរ​ម្នាក់​ដែល​បាន​រួច​ខ្លួន​ពី​ក្រុម​ចោរសមុទ្រ​នៅ​សុម៉ាលី បាន​ការងារ​ជា​ជាង​ជួសជុល​ម៉ូតូ

ដោយ ហេង រស្មី
2020.02.26

អតីត​ចំណាប់ខ្មាំង​ខ្មែរ​ម្នាក់​ត្រូវ​បាន​គេ​ជួយសង្គ្រោះ​ឱ្យ​រួច​ផុត​ពី​ការ​ឃុំ​ឃាំង​របស់​ក្រុម​ចោរ​សមុទ្រ​នៅ​ប្រទេស​សូម៉ាលី កាលពី​ឆ្នាំ​២០១៦ កន្លងមក​ទើប​រក​ការងារ​បាន​ធ្វើ បន្ទាប់​ពី​បាន​រង់​ចាំ​អស់​រយៈពេល​ជិត ៤​ឆ្នាំ​ដើម្បី​រៀន​ជំនាញ​បច្ចេកទេស​បង្កើត​មុខរបរ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។

អតីត​ចំណាប់ខ្មាំង​ខ្មែរ​លោក ញ៉ែម សុខសាន្ត អាយុ ៤១​ឆ្នាំ រស់នៅ​ក្នុង​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ជា​ពលករ​ខ្មែរ​ម្នាក់​ក្នុងចំណោម ៤​នាក់​ដែល​ត្រូវ​បាន​ក្រុម​ចោរ​សមុទ្រ​សូម៉ាលី ចាប់​បង្ខាំង​ទុក​អស់​រយៈពេល​ជិត​៥​ឆ្នាំ ដើម្បី​ទាមទារ​ប្រាក់​រាប់​លាន​ដុល្លារ​នោះ ទើបតែ​រក​ការងារ​បាន​ធ្វើ​ជា​អ្នកបញ្ជា​ចរាចរណ៍​ឱ្យ​រថយន្ត​ចេញ​-​ចូល​បន្ទាប់ពី​រង់ចាំ​អស់​រយៈពេល​ជិត​៤​ឆ្នាំ​ពី​អង្គការ​ក្រៅ រដ្ឋាភិបាល​ដើម្បី​រៀន​បច្ចេកទេស​ជាជាង​ជួសជុល​ម៉ូតូ។

ដៃ​កាន់​ទង់ជ័យ​ពណ៌​ក្រហម​ដើម្បី​ធ្វើ​សញ្ញា​ឱ្យ​រថយន្ត​ឈប់ រឺក៏​បើក​បន្ត​ទៅមុខ​បាន លោក សុខសាន្ត បាន​ថ្លែងប្រាប់​អាស៊ីសេរី​ថា ចាប់​តាំង​ពី​បាន​វិលត្រឡប់​មកដល់​ស្រុកកំណើត​វិញ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ រូបលោក​ទើបតែ​រក​ការងារ​បាន​ធ្វើ​ជាង ១​ខែ​ប៉ុណ្ណោះ ក្រោយ​ពី​រូបលោក ក៏ដូចជា​អ្នក​ផ្សេងទៀត រង់ចាំ​ខាង​អង្គការ​នាំទៅ​រៀន​បច្ចេកទេស​ដែល​ម្នាក់ៗ​បាន​ជ្រើសរើស គឺ​ជាង​ជួសជុល ម៉ូតូ និង​ឡាន​៖ «ខ្ញុំ​ទើបតែ​ធ្វើការ​ឱ្យ​គេ​បាន ១​ខែ​កន្លះ​ប៉ុណ្ណោះ ខ្ញុំ​ចង់​បន្ត​ទៀត​ដែរ ហើយ​បើ​ចប់​កុងត្រា សន្សំ​លុយ​សន្សំ​កាក់​ទិញ​គ្រឿង​ប៉ះ​កង់​-​ម៉ូតូ អី​អ៊ីចឹង​ទៅ»

លោក សុខសាន្តបាន​ថ្លែង​បន្ត​ទៀត​ថា ការងារ​ដែល​ធ្វើ​នេះ​បាន​លុយ​បាន​កាក់​ដើម្បី​សន្សំ​ហើយ​នឹង​ជួយ​សម្រួល​ដល់​គ្រួ​សាបាន​ខ្លះ​ដែរ។ លោក​ធ្វើ​ការងារ​នេះ​ដើម្បី​ព្យាយាម​បំភ្លេច​រឿងរ៉ាវ​ដែល​បាន​កើតឡើង​កន្លង​មក៖ «ហេ​! ធ្វើការ​ចេះ​ទៅ ចេះតែ​បំភ្លេចៗ​ពី​រឿង​អតីត​ដែល​គេ​ចាប់ជំរិត​យើង​នឹង​ទៅ​រក​ការងារ​ដើម្បី​មក​ចិញ្ចឹម​ប្រពន្ធ​កូន​ដល់​នេះ​ទៅ​វា​ចៃដន្យ​អី​គេ​ចាប់ជំរិត​អ៊ីចឹង»

លោក ញ៉ែម សុខសាន្ត រំលឹក​ឡើងវិញ​ពី​ប្រវត្តិ​របស់​លោក​ថា មុន​ធ្លាក់ខ្លួន​ជា​ចំណាប់ខ្មាំង​នៅ​បរទេស លោក​បាន​ទៅ​រក​ការងារ​ធ្វើ​ក្រៅ​ប្រទេស​តាមរយៈ​ក្រុមហ៊ុន Giant Ocean International Fishery ហើយ​ការសម្រេចចិត្ត​ទៅ​នោះ​ដោយសារតែ​បង​របស់​លោក​ជា​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជា​អ្នក​នាំ​មនុស្ស​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី។

កាល​ពី​ខែ​តុលា ឆ្នាំ​២០១០ លោក សុខសាន្ត បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា ហើយក៏​ជា​ការ​ធ្វើដំណើរ​ក្រៅ​ប្រទេស​ជា​លោក​ដំបូង​របស់​លោក តាម​យន្តហោះ​ដែល​មាន​ពលករ​ខ្មែរ​សរុប ១០​នាក់ ទៅ​ប្រទេស​ម៉ាឡេស៊ី រួច​ក៏​ជិះ​រថភ្លើង​បន្ត​ទៅ​ប្រទេស​សិង្ហបុរី។ ហើយក៏​ធ្វើដំណើរ​បន្ត​ទៅ​ធ្វើការ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ដើម្បី​ធ្វើការ​ជា​អ្នកនេសាទ។

លោក​បាន​ចេញទៅ​នេសាទ ២​លើក ដោយ​ក្នុង​មួយ​លើក​ត្រូវ​ចំណាយ​ពេល​នៅ​លើ​សមុទ្រ ៦​ខែ​។ ហើយ​ក្នុង​មួយ​ខែ​ទទួល​បាន​ប្រាក់ខែ ១៥០​ដុល្លារ​។ ខាង​ក្រុមហ៊ុន គេ​ទុក​ឱ្យ ១០​ដុល្លារ​ចាយ​ក្រៅ​ប្រទេស នឹង​ដាក់​ក្នុង​កុង​ធនាគារ ១០០​ដុល្លារ ហើយ​ផ្ញើ​ឱ្យ​ប្រពន្ធ ៥០​ដុល្លារ​ក្នុង​មួយ​ខែ ប៉ុន្តែ​គិត​ថ្លៃ​សេវា​អស់ ក្នុង​មួយ​ខែ​ប្រពន្ធ​ទទួល​បាន​២៥​ដុល្លារ​តែប៉ុណ្ណោះ៖ «បំភ្លេច​ទាល់តែ​បាន យូរៗ​ទៅ​ធ្វើ​ការ ទៅ​រំសាយ​កំហឹង ទាល់តែ​ធ្វើ​បំភ្លេច​បាន»

លោក​និយាយ​ទាំង​ទឹកភ្នែក​រលីងរលោង នៅ​ពេល​ដែល​រំលឹក​អំពី​ប្រវត្តិ​របស់​ខ្លួន​ដែល​ចង់​បំភ្លេច បុរស​ចំណាប់ខ្មាំង​រូប​នោះ​រំឭក​រឿង​កន្លង​មក​ថា ក្រុម​ចោរ​សមុទ្រ​សូម៉ាលី បាន​ធ្វើបាប​ខ្លាំង ជាង​របប​ខ្មែរក្រហម ទៅ​ទៀត​។ ក្នុងចំណោម​ចំណាប់ខ្មាំង ២៩​នាក់​ក្នុង​នោះ​មាន ៣​នាក់​ស្លាប់​ដោយសារ​ឈឺ ហើយ​ក្នុង​មួយ​ថ្ងៃ​ឱ្យ​ផឹក​ទឹក តែ​មួយ​លីត្រ​តែ​ប៉ុណ្ណោះ។

ក្រុម​ចោរ​សមុទ្រ ឱ្យ​រស់​នៅ​លើ​សមុទ្រ ១​ឆ្នាំ បន្ទាប់​មក​ទៀត​មក​រស់​នៅ​ក្នុង​ព្រៃ​អស់​រយៈពេល ជាង ៤​ឆ្នាំ​។ ហើយ​ការ​នៅ​ក្នុង​ព្រៃ​ដោយ​ក្រាល​តង់ អាកាសធាតុ​ត្រជាក់​នៅ​ពេល​យប់ លោក​បាន​ជីក​រូង​សម្រាប់​ដេក មិន​ខុស​ពី​កណ្ដុរ​នោះ​ទេ​។ ចំណែក​ការ​ហូបចុក​របស់​ក្រុម​ចំណាប់ខ្មាំង​ទាំងនោះ​គឺ​ប៉ះ​អី​ហូប​ហ្នឹង​។ ក្រុម​របស់​ពួក​លោក​បាន​ងូតទឹក​នៅ​ពេល​ដែល​មាន​ភ្លៀង​។ ហើយ​នៅ​ពេល​ខ្លះ​ហូប​ទឹកនោម​ខ្លួនឯង​ដើម្បី​រស់​។ អ្នកខ្លះ​ឈឺ ស្លាប់៖ «ការ​ម្តងៗ​មានតែ​ទឹកភ្នែក​យំ​ទៅ​បាត់ រំសាយ​កំហឹង ស្រក់​ទឹកភ្នែក​ដោយសារ​តូច​ចិត្ត​ថា ទៅ​ធ្វើ​ការ​ដើម្បី​រកលុយ​ម​ក​ចិញ្ចឹម​ជីវភាព​គ្រួសារ​ដល់​នេះ​អត់​បាន​លុយកាក់​អី​អ៊ីចឹង ជីវភាព​គ្រួសារ នឹកឃើញ​តូច​ចិត្ត ដៃ​ពីរ​ជើង​ពីរ​ដែរ ធ្វើការ​នៅ​ស្រុក​ខ្មែរ​យក​លុយ​មិន​អស់​។ ដល់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​គេ​នៅ​មាន​មូលហេតុ​ដែល​គេ​ចាប់ មក​ពី​កាពីទែន បើក​កប៉ាល់​ចូល​ទឹកដី​គេ​អ៊ីចឹង​ទៅ រំលោភ​ទឹកដី​គេ​អ៊ីចឹង​ទៅ​គេ​ចាប់ មាន​កំហឹង​ឈឺ​ចុកចាប់​ពេញ​ហ្នឹង»

នៅ​ពេល​ដែល​ក្រុម​ចោរ​ចាប់ជំរិត​នោះ​គឺ​គេ​អនុញ្ញាត​ឱ្យ​លោក​សុខសាន្ត​ទាក់ទង​មក​គ្រួសារ​ចំនួន​បី​លើក ដោយ​លើក​ទី​១ លោក​បាន​ទូរស័ព្ទ​មក​ប្រាប់​បង​របស់​លោក​ថា លោក​ត្រូវ​បាន​ចោរ​ចាប់ជំរិត និង​បាន​ផ្តាំ​មើល​ប្រពន្ធ​កូន​ផង មិន​ដឹង​មាន​ជីវិត​បាន​ទៅវិញ ឬ​អត់​ទេ​។ លើក​ទី​២ ប្រាប់​ថា ក្រុម​ចោរ​គេ​ទារ ១​លាន​ដុល្លារ ហើយ​លើក​ទី​៣ ប្រាប់​ប្រពន្ធ​ថា ខាង​អង្គការ​កំពុងតែ​ចរចា​ដើម្បី​ជួយ​ឱ្យ​មាន​សេរីភាព​វិញ៖ «ផ្តាំ​ទៅ​ពលរដ្ឋ​ខ្មែរ​បើ​ទៅ​ធ្វើ​ការ​ប្រទេស​គេ​កុំ​ឱ្យ​ដូច​ខ្ញុំ​ទៀត ឱ្យ​មើល​ក្រុមហ៊ុន​ធ្វើ​ឱ្យ​បាន​ល្អ​ក្រុមហ៊ុន​ណា​យើង​ទុកចិត្ត​អី​បាន​យើង​ទៅ​ធ្វើ​ការ ហើយ​ផ្តាំ​ដល់​បងប្អូន​ជា​កូន​ខ្មែរ​ដែល​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​គេ​គ្រប់​ប្រទេស​ហ្នឹង សូម​កុំ​ឱ្យ​យក​រឿង​ដូច​ខ្ញុំ​ទៀត»

អង្គការ​ដៃគូ​ជួយ​ដល់​ចំណាប់ខ្មាំង (The Hostage Support Partners) ជា​អង្គ​ការដែល​បាន​ជួយ​រំដោះ​ចំណាប់ខ្មាំង​ទាំងនេះ បាន​ប្រកាស​នា​ពេល​កន្លងមក​ថា ខ្លួន​បាន​រំដោះ​ចំណាប់ខ្មាំង​ចំនួន​២៦​នាក់​ដែល​នៅ​រស់រាន​មាន​ជីវិត​ដែល​មកពី​ប្រទេស​វៀតណាម​ឥណ្ឌូណេស៊ី ប្រទេស ហ្វីលីពីន ប្រទេស​ចិន ដែន​កោះ​តៃវ៉ាន់ ហើយ​នៅ​ក្នុង​នោះ​មាន​ជនជាតិ​កម្ពុជា ចំនួន ៤​រូប​ផង​ដែរ។

ចំណែក​ជនរងគ្រោះ​បី​នាក់​ក្នុងចំណោម​មនុស្ស​ទាំង​២៩​នាក់​នោះ បាន​ឈឺ​ស្លាប់​ដោយសារ​ថប់ដង្ហើម និង​ត្រូវ​បាន​ក្រុម​ចោរ​សមុទ្រ​បាញ់​សម្លាប់។

ភរិយា​របស់​លោក សុខសាន្ត អ្នកស្រី គង់ សុភាព អាយុ ៥១​ឆ្នាំ បាន​ថ្លែង​ថា រយៈពេល​ប្តី​ទៅ​ធ្វើ​ការ ៩​ខែ នៅ​ក្រៅ​ប្រទេស​គឺ​ខាង​ក្រុមហ៊ុន​គេ​បើក​លុយ​ឱ្យ ៤៥​ដុល្លារ​ប៉ុណ្ណោះ មុន​ចោរ​ចាប់​យក​ធ្វើជា​ចំណាប់ខ្មាំង។ ក៏ប៉ុន្តែ​បច្ចុប្បន្ន​នេះ ប្តី​របស់​អ្នកស្រី​រក​ការងារ​បាន​ធ្វើ អាច​ជួយ​ចែករំលែក​បន្ទុក​របស់​អ្នកស្រី​បាន​ខ្លះ​ដែរ។ បើ​ទោះ​ជា​លំបាក​យ៉ាងណាក៏ដោយ ក៏​អ្នកស្រី​មិន​ឱ្យ​គ្រួសារ​របស់​អ្នកស្រី​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ទៀត​នោះ​ទេ។

ទាក់ទង​ទៅ​នឹង​ការ​ជួញដូរ​កម្លាំង​ពលករ​នេះ​កាលពី​ខែ​មេសា ឆ្នាំ​២០១៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម ផ្ដន្ទាទោស​កំបាំងមុខ ជនជាតិ ចិន​តៃវ៉ាន់ ៥​នាក់ និង​ចំពោះ​មុខ​ម្នាក់​ដែល​ជា​ប្រធាន និង​ជា​ថ្នាក់​ដឹកនាំ នៃ​ក្រុមហ៊ុន Giant Ocean International Fishery ឱ្យ​ជាប់ពន្ធនាគារ​ក្នុង​ម្នាក់ៗ ១០​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ពលករ​ខ្មែរ ចំនួន ១២៨​នាក់ ឱ្យ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស កាលពី​អំឡុង​ឆ្នាំ​២០១០ និង​២០១២។ ពលករ​ខ្មែរ​ទាំង ១២៨​នាក់​នេះ ត្រូវ​ក្រុមហ៊ុន​សន្យា​បញ្ជូន​ឱ្យ​ទៅ​ធ្វើ​ជា​ពលករ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ជប៉ុន តែ​ក្រោយមក​ត្រូវ​បាន​គេ​បញ្ជូន​ឱ្យ​ទៅធ្វើ​ជា​ទាសករ​នៅ​លើ​ទូក​នេសាទ​នៅ​ក្នុង​លំហ​សមុទ្រ​នៅ ប្រទេស​ហ្វីលីពីន ចិន ហុងកុង ឥណ្ឌា អាហ្វ្រិក​ខាងត្បូង និង​អូស្ត្រាលី។

មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ និង​សិទ្ធិមនុស្ស លោក ឌី ថេហូយ៉ា បាន​ថ្លែង​ថា កត្តា​ដែល​បណ្ដាល​ឱ្យ​ពលរដ្ឋ​កម្ពុជា នៅតែ​បន្ត​ចំណាកស្រុក គឺ​ដោយសារតែ​ភាព​ក្រីក្រ គាត់​ជំពាក់​គេ​ត្រូវ​បង់​បំណុល​សង​គេ ភាព​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក និង​នៅ​ស្រុក​ខ្មែរ​ប្រាក់​ឈ្នួល​ទាប​ជា​នៅ​បរទេស៖ «អ៊ីចឹង​អា​បង្ការ​ការពារ​កាត់បន្ថយ​ការ​ធ្វើ​សំណាក​ស្រុក​ហ្នឹង វាទី​១ ទាល់តែ​ក្នុង​ហ្នឹង​មាន​ការងារ​ធ្វើ​សម្រាប់​ប្រជាពលរដ្ឋ​មានន័យថា​ម៉េច មានន័យថា​ស្រុកទេស​ហ្នឹង​មាន​ស្ថិរភាព​នយោបាយ​មាន​កំណើន​សេដ្ឋកិច្ច​រីក​ចំរើន​មាន​ទីផ្សារ​ការងារ​ធ្វើ​ច្រើន​សម្រាប់​ពួកគាត់។ អាហ្នឹង​វា​ជា​ផ្នែក​មួយ​ជួយ​កាត់បន្ថយ ក្នុង​ការ​ធ្វើ​ចំណាកស្រុក​ហើយ។ ទី​២​ដើម្បី​កាត់​បន្ថយ​មួយ​ទៀត មាន​ន័យ​ថា​ម៉េច មាន​ន័យ​ថា នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​គេ​ហៅថា​ជា​ប្រទេស​កសិកម្ម អ៊ីចឹង​វា​ទាល់តែ​ទីផ្សារ ទី​១​គុណភាព​នៃ​ការ​ធ្វើ​កសិកម្ម​ហ្នឹង​ទំនើបកម្ម​។ ទី​២​ទីផ្សារ​ការងារ ទី​៣ គឺ​ការធានា​នូវ​តម្លៃ​ដំណាំ​កសិផល ដល់​ប្រជាពលរដ្ឋ»

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​អគ្គលេខាធិការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស លោកស្រី ជូ ប៊ុនអេង ពុំ​អាច​ទំនាក់ទំនង​ដើម្បី​ធ្វើ​អត្ថាធិប្បាយ​បានទេ។

របាយការណ៍​របស់​ក្រសួង​ការបរទេស​ផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា បាន​ឱ្យ​ដឹង​ថា ក្រសួង​បាន​ជួយ​អន្តរាគមន៍​សង្គ្រោះ និង​ធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​ខ្មែរ​ជាពិសេស​ពលករ​-​ពល​ការិនី​ខ្មែរ​ដែល​រងគ្រោះ​ដោយសារ​ការ​ជួញដូរ​និង​ការ​រំលោភបំពាន​នៅ​បរទេស​សរុប​ជិត​៤​ម៉ឺន​នាក់​(៣៦,២៦២​នាក់​)​ពី​ប្រទេស​ថៃ​ម៉ាឡេស៊ី​សិង្ហ​បុរី​វៀតណាម ឥណ្ឌូណេស៊ី​និង​ចិន​ជាដើម​។ បច្ចុប្បន្ន​ប្រទេស​កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ចំនួន​៦ ដែល​មាន​ពលករ​សរុប​ចំនួន​ប្រមាណ ១​លាន​២​សែន​នាក់​។

អតីតជន​គ្រោះ​នៃ​ការ​ជួញដូរ​មនុស្សលោក ញ៉ែម សុខសាន្ត បាន​ថ្លែង​ថា ទៅ​ថ្ងៃ​អនាគត​លោក​សុខចិត្ត​ធ្វើ​ជាង​ប៉ះ​កង់ ជាជាង​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ដើម្បី​សុវត្ថិភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។