កម្មករ​រោងចក្រ​ក្បាលកោះ​តវ៉ា​បិទ​ផ្លូវ​​ជាតិ​លេខ​១​ទាមទារ​ប្រាក់​ឈ្នួល​ខែ​ធ្នូ

ដោយ ឡេង ម៉ាលី
2017-01-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​រោងចក្រ​ក្បាលកោះ ស្ថិត​នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​១ ទាមទារ​ប្រាក់​ឈ្នួល​ខែ​ធ្នូ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៧។ RFA/Leng Maly
កម្មករ​រោងចក្រ​ក្បាលកោះ ស្ថិត​នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​១ ទាមទារ​ប្រាក់​ឈ្នួល​ខែ​ធ្នូ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៧។ RFA/Leng Maly
RFA/Leng Maly

កម្មករ​រោងចក្រ​ក្បាលកោះ ស្ថិត​នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ប្រមាណ ៣០០​នាក់ នាំ​គ្នា​តវ៉ា​លើ​ផ្លូវ​ជាតិ​លេខ​១ នៅ​ថ្ងៃ​ទី​៣០ មករា។ ការ​លើក​គ្នា​ចេញ​ពី​រោងចក្រ​មក​តវ៉ា​លើ​ផ្លូវ​ជាតិ​លេខ​១ នេះ ដោយសារ​តែ​ពួក​គាត់​ចង់​បាន​អន្តរាគមន៍​ឲ្យ​ថៅកែ​រោងចក្រ​បើក​ប្រាក់​ឈ្នួល​ដល់​ពួក​គាត់ សម្រាប់​ខែ​ធ្នូ។

ក្រុម​កម្មករ​ឲ្យ​ដឹង​ថា ការ​បិទ​ផ្លូវ​នេះ ដោយសារ​តែ​ពួក​គាត់​មិន​បាន​ទទួល​ព័ត៌មាន​ថា មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មិន​ដោះស្រាយ​ឲ្យ​ពួក​គាត់​ទៀត​ទេ។

កម្មការិនី​រោងចក្រ​ក្បាលកោះ​ម្នាក់ គឺ​កញ្ញា សួន ស្រីម៉ុច ថ្លែង​ថា ពួក​គាត់​នាំ​គ្នា​មក​តវ៉ា​បិទ​ផ្លូវ​ជាតិ​ដូច្នេះ ក៏​ព្រោះ​តែ​គ្មាន​ដំណោះស្រាយ​បញ្ហា​ប្រាក់​ឈ្នួល​ជូន​ពួក​គាត់ បន្ទាប់​ពី​រក​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​អាជ្ញាធរ​មួយ​ចំនួន​កាល​ពី​សប្ដាហ៍​មុន៖ «ទៅ​ក្រសួង​ការងារ ក៏​ទៅ ទៅ​ការិយាល័យ ហ៊ុន សែន ក៏​ទៅ ទៅ​ទាំងអស់ តែ​អត់​មាន​ដំណោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ទាំងអស់។ បាន​ពួក​ខ្ញុំ​សម្រេច​ឡើង​មក​លើ​ថ្នល់​បិទ​ផ្លូវ​ហ្នឹង។ អត់​បាន​លទ្ធផល​អី​ផង! គេ​មក​ពី​ថ្ងៃ​សៅរ៍ ប្រាប់​ឲ្យ​ឡាយឡុង​ម៉ាស៊ីន តែ​ពួក​ខ្ញុំ​អត់​ព្រម»

រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់​ក្បាលកោះ នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ចាប់​ផ្ដើម​តវ៉ា​នៅ​ថ្ងៃ​ទី​១១ មករា ពេល​ដែល​ថៅកែ​រោងចក្រ​មិន​បាន​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួក​គាត់​នៅ​ថ្ងៃ​ទី​១០ មករា។ កាល​ពី​ថ្ងៃ​ទី​២៤ មករា ក្រុម​កម្មករ​រោងចក្រ​នេះ​លើក​គ្នា​មក​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​រក​អន្តរាគមន៍ ប៉ុន្តែ​មន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​បញ្ជូន​ករណី​នេះ​ទៅ​ដោះស្រាយ​នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ វិញ។

កម្មការិនី​ផ្នែក​បង្ហើយ​ការ​ម្នាក់ ដែល​ធ្វើ​ការ​ក្នុង​រោងចក្រ​ក្បាលកោះ រយៈពេល ១២​ឆ្នាំ កញ្ញា អូន សំអាង ថ្លែង​ថា ពេល​ប្រជុំ​ដោះស្រាយ​នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ដដែល​នោះ មិន​មាន​ដំណោះស្រាយ​ទេ ព្រោះ​ភាគី​តំណាង​កម្មករ និង​សហជីព មិន​ចរចា​ជាមួយ​មេធាវី​ដែល​អះអាង​ថា​ជា​អ្នក​ទទួល​សិទ្ធិ​ដោះស្រាយ​ពី​ថៅកែ​រោងចក្រ។ ការ​មិន​ទទួល​ស្គាល់​មេធាវី​នោះ ព្រោះ​មេធាវី​មិន​បង្ហាញ​លិខិត​ផ្ទេរ​សិទ្ធិ​ពី​ថៅកែ តាម​ការ​ទាមទារ​របស់​កម្មករ ហើយ​កម្មករ​មិន​ទុក​ចិត្ត៖ «ពួក​ខ្ញុំ​ចង់​ថា ឲ្យ​ក្រសួង​ចុះ​មក​មើល​មែន ប៉ុន្តែ​យើង​សុំ​លិខិត​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ពី​ថៅកែ​មែន កុំ​ឲ្យ​ពួក​យើង​ចេះ​តែ​ផ្ដិត​មេដៃ ហើយ​គាត់​អត់​ឲ្យ​មើល​លិខិត​ផ្ទេរ​សិទ្ធិ​របស់​ថៅកែ។ គាត់​ចេះ​តែ​និយាយ​អ៊ីចឹង ហើយ​ពួក​ខ្ញុំ​ផ្ទេរ​សិទ្ធិ​ឲ្យ​គាត់​ទៅ គាត់​បើក​លក់ ពួក​យើង​អត់​មាន​សិទ្ធិ​អី​ទៅ​ទេ ព្រោះ​យើង​ផ្ដិត​មេដៃ​ឲ្យ​គេ​ហើយ។ ដល់​អ៊ីចឹង ពួក​ខ្ញុំ​សុំ​ទាមទារ​អត់​ផ្ដិត តែ​ឲ្យ​គាត់​ចុះ​មក​មើល​លីស្ត (list) កម្មករ និង​ទ្រព្យ​សម្បត្តិ​រោងចក្រ​ហ្នឹង​មាន​ប៉ុន្មាន ទូទាត់​ទៅ​សមរម្យ​នឹង​កម្មករ​ទទួល​យក​បាន ពួក​ខ្ញុំ​នឹង​យក តែ​បើ​ថា មិន​សមរម្យ​ទេ ពួក​ខ្ញុំ​នឹង​ធ្វើ​បន្ត​ទៅ​ទៀត ទៅ​ជួប​ឯកឧត្ដម​នាយករដ្ឋមន្ត្រី»

ប្រមាណ​មួយ​ម៉ោង​ក្រោយ​មក ក្រុម​កម្មករ​សម្រេច​ចិត្ត​រំសាយ​គ្នា​ពី​ការ​តវ៉ា​នៅ​លើ​ផ្លូវ ហើយ​ចូល​ប្រជុំ​ដោះស្រាយ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ អាជ្ញាធរ​ឃុំ​ក្បាលកោះ និង​តំណាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

ក្រោយ​កិច្ច​ប្រជុំ​សម្របសម្រួល​ដោះស្រាយ​ក្នុង​រោងចក្រ​ជាមួយ​អាជ្ញាធរ​ចម្រុះ​នេះ កម្មករ​សុខ​ចិត្ត​ផ្អាក​ការ​តវ៉ា រក្សា​ភាព​ស្ងៀមស្ងាត់​មួយ​រយៈ ហើយ​រង់ចាំ​ដំណោះស្រាយ​ពី​អាជ្ញាធរ​ខណ្ឌ និង​ក្រសួង​ការងារ ដែល​សន្យា​ថា​នឹង​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ឆាប់ៗ។

ទន្ទឹម​គ្នា​នេះ តំណាង​សហជីព​ជាតិ​កម្មករ​កម្ពុជា លោក ប៊ិន សុខរម្យ បញ្ជាក់​បន្ថែម​ថា ទោះ​ជា​កម្មករ​សុខ​ចិត្ត​រង់ចាំ​ជំហរ​ដោះស្រាយ​បែប​នេះ​ក្ដី ក៏​កម្មករ​មិន​អាច​រង់ចាំ​យូរ​ពេក​ដែរ៖ «អា​ហ្នឹង​ពួក​ខ្ញុំ​អត់​ទាន់​និយាយ​ទេ សំខាន់​ខាង​អាជ្ញាធរ និង​ក្រសួង​ហ្នឹង ល្បឿន​គាត់​កម្រិត​ណា បើ​យូរ​ក៏​ពួក​ខ្ញុំ​មិន​អាច​ឈរ​ចាំ​បាន​ដែរ ដោយសារ​ពួក​យើង​ត្រូវ​ការ​បាយ ត្រូវ​ការ​លុយ​ផ្ទះ​ជួល សោហ៊ុយ​ធ្វើ​ដំណើរ​ផ្សេងៗ គឺ​អត់​មាន​ទាំង​អស់។ ឥឡូវ​ខែ​១២ វា​ផុត​ហើយ ឥឡូវ​វា​ផុត​ខែ​១ ទៀត​ហើយ។ អ៊ីចឹង​ពីរ​ខែ​ជាប់​គ្នា​ហើយ... ហើយ​ម្ចាស់​ផ្ទះ​ជួល​អី​គាត់​ប្រាប់​ហើយ បង​ប្អូន​កម្មករ​យើង គេ​នឹង​លែង​ឲ្យ​នៅ គឺ​គេ​ឲ្យ​ចេញ ហើយ​សោហ៊ុយ​ឡាន​ផ្សេងៗ ដែល​បងប្អូន​យើង​ជិះ​ឡាន​ហ្នឹង គឺ​លែង​ដឹក​មក​ហើយ ហើយ​អាហារ​ហូប​ចុក គឺ​អត់​មាន​ទេ។ រៃ​គ្នា​យាម​ក៏​លែង​បាន​ដែរ អស់​លទ្ធភាព។ ខ្វះខាត​មែន​ទែន​កម្មករ​យើង»

លទ្ធផល​ពី​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​៣០ មករា តំណាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថ្លែង​ប្រាប់​កម្មករ​អំពី​នីតិវិធី​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ គឺ​ត្រូវ​បង្កើត​ក្រុម​ការងារ​ចម្រុះ​ពិនិត្យ​សម្ភារ ជួប​រដ្ឋបាល​រោងចក្រ រៀបចំ​តារាង​កម្មករ និង​ប្រាក់​ខែ អតីតភាព​ការងារ ហើយ​ចំណុច​ចុង​ក្រោយ គឺ​ឲ្យ​កម្មករ​មាន​ជំហរ​ច្បាស់លាស់ ចៀសវាង​ការ​ទាមទារ​តាម​ការ​នឹក​ឃើញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល