ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ៦អា (6A) ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ភ្ញាក់ផ្អើលនៅពេលឃើញក្បួនរថយន្តទាហានយ៉ាងច្រើននៅព្រឹកថ្ងៃទី២៧ កក្កដា។ បញ្ហានេះ ធ្វើឡើងចំពេលស្ថានការណ៍នយោបាយតានតឹង ហើយស្ថានភាពសន្តិសុខមិនសូវល្អ ដែលធ្វើឲ្យប្រជាពលរដ្ឋបារម្ភ។ អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា វាជាសកម្មភាពផ្លាស់ប្ដូរកងកម្លាំងរវាងសមរភូមិជួរមុខ និងជួរក្រោយ ដែលតែងធ្វើឡើងរៀងរាល់បីខែម្តង។
ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ៦អា (6A) ក្នុងខេត្តកំពង់ចាម យល់ថាមិនគួរមានសកម្មភាពចល័តរថយន្តទាហាននៅក្នុងស្ថានភាពបច្ចុប្បន្នទេ។ ជាងនេះទៀត ប្រសិនបើមានការចល័តរថយន្តដឹកទ័ព ឬគ្រឿងសព្វាវុធណាមួយ រាជរដ្ឋាភិបាលត្រូវជូនដំណឹងដល់ពលរដ្ឋជាមុន មិនមែនធ្វើឡើងស្ងាត់ៗស្របពេលស្ថានភាពនយោបាយ និងបញ្ហាអសន្តិសុខសង្គមកំពុងកើតមានឡើង។
ប្រជាពលរដ្ឋរស់នៅឃុំសំបូរ ស្រុកបាធាយ លោក សុវណ្ណរិទ្ធិ ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ កក្កដា លោកឃើញរថយន្តទាហានជាង ២០គ្រឿង អមដោយឡានសារ៉ែនផងនោះ ឆ្លងកាត់តាមបណ្ដោយផ្លូវជាតិលេខ៦អា ពីត្បូងទៅជើង។ លោកបន្តថា ការចល័តក្បួនឡានទាហានពេលនេះ កើតឡើងក្រោយពេលមានសកម្មភាពចល័តរថពាសដែក និងអាវុធធន់ធ្ងន់ជាច្រើនគ្រឿងចូលទៅរាជធានីភ្នំពេញ នៅមុនថ្ងៃដង្ហែសពលោកបណ្ឌិត កែម ឡី ទៅស្រុកកំណើត។ ហេតុការណ៍កើតឡើងផ្ទួនៗគ្នាបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋមានក្តីបារម្ភ៖ « ព្រួយបារម្ភថារដ្ឋាភិបាលបច្ចុប្បន្នកំពុងធ្វើឲ្យប្រជាពលរដ្ឋភិតភ័យ មានការបារម្ភចំពោះការចល័តទ័ព ចល័តកាំភ្លើងអ៊ីចឹងបង »។
ស្រដៀងគ្នានេះ ពលរដ្ឋមួយរូបទៀតនៅឃុំតាំងក្រាំង លោក សុខ ហ៊ាង ឲ្យដឹងថា ប្រសិនបើមានការផ្លាស់ប្ដូរទាហាននៅតាមព្រំដែន ឬទាហានជួរមុខដើម្បីឲ្យកម្លាំងជួរក្រោយទៅជំនួសវិញ គឺជារឿងល្អ ប៉ុន្តែពួកគាត់បារម្ភខ្លាចតែទៅដឹកទាហានពីព្រំដែន យកមករក្សាទុកនៅភ្នំពេញ៖ « រយៈពេលប៉ុន្មានឆ្នាំតាំងពីបោះឆ្នោតឆ្នាំ២០១៣ មានចល័តរថក្រោះ ចល័តទាហានចូលក្រុងភ្នំពេញ ប៉ុន្តែមកដល់ឥឡូវពីរបីឆ្នាំហើយ មិនដែលឃើញចល័តឡានទាហានដើម្បីឲ្យមកជួបជុំគ្រួសារ គឺអត់មានឃើញផងបង »។
ប្រភពដដែលនិយាយថា ប្រសិនបើត្រូវចល័តរថក្រោះ ឬទាហានចូលក្រុង ឬចេញពីក្រុង គប្បីជូនដំណឹងឲ្យប្រជាពលរដ្ឋបានដឹងជាមុន ជៀសវាងធ្វើឲ្យប្រជាជនភ្ញាក់ផ្អើល និងព្រួយបារម្ភ។
ឆ្លើយតបក្តីបារម្ភរបស់ពលរដ្ឋ អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ មានប្រសាសន៍នៅថ្ងៃទី២៧ កក្កដា ថា មិនមានអ្វីគួរឲ្យបារម្ភឡើយ ពីព្រោះជាការផ្លាស់ប្ដូរកម្លាំងដែលដាក់ត្រៀមនៅសមរភូមិមុខ និងសមរភូមិក្រោយប៉ុណ្ណោះ។ លោកបញ្ជាក់ថា ការផ្លាស់ប្ដូរកម្លាំងគ្នានេះ គឺដើម្បីថែរក្សាសុខភាពទាហាននៅសមរភូមិមុខឲ្យបានល្អ ហើយសកម្មភាពនេះតែងធ្វើឡើងរៀងរាល់បីខែម្តង៖ « បាទ ! ដល់រដូវវស្សាអ៊ីចឹង ទាហានរបស់យើងដែលនៅតាមសមរភូមិមុខហ្នឹង តែងជួបបញ្ហាជំងឺតម្កាត់ផ្សេងៗ។ អ៊ីចឹងយើងមិនអាចទុកយូរបានទេ។ យើងដឹងហើយនៅរដូវវស្សាវាលំបាក អ៊ីចឹងហើយយើងមានការផ្លាស់ប្ដូរកម្លាំងដើម្បីឲ្យមានសុខភាពល្អ »។
អ្នកនាំពាក្យដដែលបញ្ជាក់ទៀតថា ការចល័តរថក្រោះ ឬអាវុធធន់ធ្ងន់កាលពីពេលថ្មីៗនេះ គឺដោយសារស្ថានភាពនៅតាមបណ្តោយព្រំដែនមានលក្ខណៈធូរស្រាល ទើបត្រូវយកអាវុធទាំងនោះមកជួសជុល ឬថែទាំឲ្យបានល្អ ដើម្បីត្រៀមលក្ខណៈប្រយុទ្ធនៅពេលមានការចាំបាច់។ លោកបន្ថែមថា អាជ្ញាធរនឹងព្យាយាមផ្តល់ដំណឹងអំពីសកម្មភាពទាំងនេះដល់ប្រជាពលរដ្ឋនៅពេលក្រោយៗទៀត។
ក្រោយពេលបោះឆ្នោតតំណាងរាស្ត្រកាលពីឆ្នាំ២០១៣ សកម្មភាពចល័តទ័ព និងគ្រឿងសព្វាវុធបានកើតឡើងម្តងរួចមកហើយ។ ពេលនោះ ទាហាននៅតាមបន្ទាយជាច្រើនក្នុងខេត្តមួយចំនួន បានប្រមូលផ្តុំគ្នានៅក្បែរទីក្រុងភ្នំពេញ ដែលធ្វើឲ្យពលរដ្ឋបារម្ភអំពីស្ថានភាពស្រុកទេស។
ទោះបីយ៉ាងនេះក្តី អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ឃើញថា ក្នុងស្ថានភាពបច្ចុប្បន្ន ការចល័តកងកម្លាំងទាំងនេះ ចង់ឬមិនចង់ គឺជារូបភាពគំរាមកំហែងដល់ស្មារតីប្រជាពលរដ្ឋ៖ « ចល័តបីខែម្តង ប៉ុន្តែប្រជាពលរដ្ឋមិនដែលឃើញបីខែម្តងទេ វាគាប់ជួននឹងមានព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេស ឬស្ថានភាពនយោបាយតានតឹង គឺមានការចល័តហើយ »។
លោកទទួលស្គាល់ថា ការផ្លាស់ប្ដូរកងទ័ពរវាងសមរភូមិមុខ និងសមរភូមិក្រោយ គឺតែងតែកើតមាន ប៉ុន្តែរាជរដ្ឋាភិបាលត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យបានដឹងជាមុន។ មិនតែប៉ុណ្ណោះ អាជ្ញាធរមិនត្រូវចល័តទ័ព និងគ្រឿងសព្វាវុធនៅចំពេលស្ថានភាពនយោបាយតានតឹង ឬចំពេលពលរដ្ឋកំពុងព្រួយបារម្ភចំពោះបញ្ហាសន្តិសុខសុវត្ថិភាពនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។